អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រះចៅ​ម៉ាហា វិជ្ជរ៉ាឡុងកន ឡើង​គ្រង​រាជ្យ​សម្បត្តិ ជា​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃទី​៤ឧសភានេះ គឺជាថ្ងៃឡើងគ្រងរាជសម្បត្តិជាផ្លូវការ នៃព្រះមហាក្សត្រថ្មី របស់ព្រះរាជាណាចក្រថៃ។ ក្នុងព្រះជន្ន៦៦ព្រះវស្សារ ព្រះចៅម៉ាហា វិជ្ជរ៉ាឡុងកន បានឡើងគ្រងរាជ្យសម្បតិ្តនៅថ្ងៃនេះ ស្នងពីព្រះបិតាព្រះអង្គ គឺព្រះចៅភូមិបុន អាឌុនយ៉ាដេត ដែលបានសោយទីវង្គត់ កាលពីឆ្នាំ២០១៦។ ពិធី ឡើងគ្រងរាជសម្បតិ្តនេះ នឹងប្រព្រឹត្តិធ្វើទៅ​រយៈពេល៣ថ្ងៃ ទៅតាមទំនៀមទំលាប់ប្រពៃណី នៃព្រះរាជវង្សចគ្រី របស់ថៃ។

ព្រះមហាក្សត្រថៃ Maha Vajiralongkorn។ រូបភាព​ថត​ពី​កញ្ចក់​ទូរទស្សន៍ ផ្សាយ​បន្តផ្ទាល់​ នៅថ្ងៃទី​៤ ឧសភា ២០១៩
ព្រះមហាក្សត្រថៃ Maha Vajiralongkorn។ រូបភាព​ថត​ពី​កញ្ចក់​ទូរទស្សន៍ ផ្សាយ​បន្តផ្ទាល់​ នៅថ្ងៃទី​៤ ឧសភា ២០១៩ Thai TV/Pool via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្រជាជនថៃ កំពុងតែឆ្លងកាត់ឱកាសដ៏វិសេសវិសាលមួយ នៅថ្ងៃទី៤ឧសភា ដែលជាថ្ងៃពិធីព្រះបរមរាជាភិសេក នៃព្រះមហាក្សត្រថ្មី។ ព្រះចៅរាមាទី៩ ព្រះនាម ភូមិបុន អាឌុនយ៉ាដេត បានគ្រងរាជសម្បតិ្តអស់​រយៈ​ពេល​៦៦ឆ្នាំ។ ពេលវេលា៣ឆ្នាំ នៃការកាន់ទុក្ខ​បានចប់សព្វគ្រប់។ ៦៦ឆ្នាំ ក៏គឺជាព្រះជន្ន នៃព្រះមហាក្សត្រថ្មី ដែលជាបុត្រារបស់ព្រះអង្គ គឺព្រះចៅ ម៉ាហា វិជ្ជរ៉ាឡុងកន។

ព្រះរាជពិធី បរមរាជាភិសេកនេះ នឹងប្រព្រឹត្តិធ្វើទៅរយៈពេល៣ថ្ងៃ។ នៅថ្ងៃទៅមួយនេះ មានពិធីតាមទំនៀបបែបព្រហ្មញ្ញសាសនាផង និងតាមបែបព្រះពុទ្ធសាសនាផង។ ជាដំបូង គឺមានពិធី ស្រង់ព្រះគង្គារ អមដោយវត្តមាននៃគណៈសង្ឃធំៗ របស់ថៃ។ ព្រះមហាក្សត្រថ្មី គ្រងស្បៃផាហ៊ំពណ៌ស​ យាងស្រង់ព្រះគង្គារ មុននឹងទ្រង់គ្រឿងយាងឡើងព្រះរាជបល្ល័ង្គ។

ពិធីគ្រងម្កុដមាស គង់លើរាជបល្ល័ង្គ ក្រោមស្វេត្រឆ័ត្រ

នៅក្នុងព្រះទីន័ងចគ្រីមហាប្រាសាទ ក្រុមគ្រួសារព្រះញាតិវង្ស និងនាម៉ឺនសព្វមុខមន្ត្រី មានវត្តមានរងចាំព្រះមហាក្សត្រថ្មី។ ពិធីឡើងគ្រងរាជនៅថ្ងៃទីមួយនេះ ដូចតាមទំនៀម គឺគេពុំយាងព្រះមហាក្សត្រ នៃប្រទេសផ្សេងៗ ឲ្យចូលរួមជាអធិបតីទេ។ វេលាម៉ោង ១២ និង ៩នាទី ដែលជាពេលា គុណគូរដោយគ្រូហោរក្នុងព្រះបរមរាជវាំងថៃ ព្រះចៅ​វិជ្ជរ៉ាឡុងកន បាងយាង​ឡើង​លើ​ព្រះរាជ​បល្ល័ង្គ ស្ថិតនៅ​ពី​ក្រោយ​ ព្រះមហា​ស្វេត្រឆ័ត្រ ពណ៌ស៩ជាន់។ ព្រះអង្គបានលើកម្កុដមាស មកគ្រងដោយព្រះអង្គឯង។ ម្កុដមាស ដែលដាំដោយគ្រាប់ពេជ្រ និងត្បូងមានតម្លៃ ទំងន់ជាង៧គីឡូក្រាម នេះ មានឈ្មោះថា ព្រះម៉ាហា ភិឆ័យមង្គត់។

ព្រះមហាក្សត្រថ្មី មានព្រះនាមពេញថា “ព្រះចៅម៉ាហាវិជ្ជរ៉ាឡុងកន បូឌីន្រ្ទទេភាយ៉ាវ៉ារ៉ាងគូន”។ បន្ទាប់ពីបានគ្រងម្កុដរាជ ព្រះអង្គបានថ្លែងសារ ដោយសន្យាគ្រងរាជសម្បត្តិ ប្រកបដោយទសពិត្ររាជធម៌ ដើម្បីសុខសុភមង្គលនៃប្រជានុរាស្ត្រថៃ។ បន្ទាប់មកទៀត ព្រះអង្គ ក៏បានតែងតាំងព្រះជាយារបស់ព្រះអង្គ ព្រះនាម ស៊ុធីតា ជាម្ចាស់ក្សត្រី។

ពិធីនេះ ត្រូវបានផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ថៃគ្រប់ប៉ុស្តិ។ ហើយនៅខាងក្រៅរបងព្រះបរមរាជវាំងវិញ គេឃើញមានប្រជាជនពាក់អាវពណ៌លឿង មកអង្គុយជួបជុំគ្នារាប់ពាន់នាក់ រងចាំតាមដានព្រះរាជពិធីរាជាភិសេកនេះ តាមកញ្ចក់ទូរទស្សន៍ ដែលគេផ្សាយផ្ទាល់។

ប្រជាជនថៃអង្គុយរងចាំតាមដាន​ពិធី​រាជាភិសេក នៅខាងក្រៅ​​ព្រះ​បរមរាជ​វាំង។ ថ្ងៃទី​​៤​ឧសភា ២០១៩
ប្រជាជនថៃអង្គុយរងចាំតាមដាន​ពិធី​រាជាភិសេក នៅខាងក្រៅ​​ព្រះ​បរមរាជ​វាំង។ ថ្ងៃទី​​៤​ឧសភា ២០១៩ REUTERS/Navesh Chitrakar

ក្បួនដង្ហែរផ្លូវគោក និងផ្លូវទឹក

នៅថ្ងៃទី២ គឺជាពិធីដង្ហែរ ព្រះមហាក្សត្រថ្មី ដើម្បីឲ្យប្រជារាស្ត្របានឃើញ និងងថ្វាយបង្គំ។ ព្រះមហាក្សត្រ និងយាងឡើងលើគ្រែប៉ាឡាកាំង ដោយមានអាម៉ាត ជាអ្នកសែង អមដោយនាម៉ឺនសព្វមុខមន្ត្រី។ តាមទំលាប់ ក្បួនដង្ហែរ ព្រះមហាក្សត្រនេះ នឹងដើរជុំវិញព្រះបរមរាជវាំង ហើយឈប់នៅតាមទីវត្តមួយចំនួន ដើម្បីឲ្យព្រះមហាក្សត្រ បានចុះចូលទៅក្នុងព្រះវិហារ ថ្វាយបង្គំព្រះពុទ្ធបដិមា។

ក្បួនដង្ហែរផ្លូវគោកចប់ហើយ គឺត្រូវបានដង្ហែរតាមផ្លូវទឹក។ នៅខាងមុខព្រះបរមរាជវាំង មាត់ទន្លេចៅប្រាយ៉ា ព្រះមហាក្សត្រីថ្មី នឹងយាងឡើងលើព្រះទីនាំងទូកហង្សវែង ដើម្បីធ្វើដំណើរតាមទន្លេចៅប្រាយ៉ា ហើយឆ្លងទៅវត្តអារុណ រ៉ាត់ឆាវ៉ារ៉ារាម នៅត្រើយម្ខាងទៀត នៃទន្លេចៅប្រាយ៉ា។

ចំណែកនៅថ្ងៃទី៣ចុងក្រោយ ព្រះមហាក្សត្រថ្មី និងយាងចេញ មកខាងក្រៅមាត់បង្កាន់ដៃ នៃប្រាសាទស៊ូថាយសុវណ្ឌ ដើម្បីថ្លែងសារ ទៅកាន់នាម៉ឺនមន្ត្រី និងប្រជានុរាស្ត្រ។ បន្ទាប់មកទៀត មហាក្សត្រថ្មី នឹងបើកសវនាកា ទទួលជួបអង្គទូតបរទេសនានា ដែលចូលសម្តែងគារវកិច្ចគួរសម នៅឯព្រះទីនាំង ចគ្រីមហាប្រាសាទ។

គ្រឿងកេតនភណ្ឌទាំង៥ នៃមហាក្សត្រថៃ

តាមទំនៀបបុរមបុរាណ គឺមានគ្រឿងកេតនភណ្ឌជាច្រើន ដែលអមនឹងព្រះរាជបល្ល័ង្គ ហើយដែលជានិម្មិតរូប នៃរាជាអំណាច របស់មហាក្សត្រថៃ។ គ្រឿងកេតនភណ្ឌអមព្រះរាជបល្ល័ង្គថៃ គឺមានតាំងតែពីការចាប់បដិសន្ធិ នៃរាជវង្សចគ្រី នៅឆ្នាំ១៧៨២ នៅរាជវាំងក្រុងទេពមហានគរ ដែលកាលនោះ គឺព្រះចៅរាមាទី១ បានឡើងគ្រងរាជ។

គ្រឿងកេតនភណ្ឌទាំង៥ មាន៖

ទី១ ម្កុដរាជ ឈ្មោះថា “ព្រះម៉ាហាភិឆ័យមង្គត់” និម្មិតរូបធំជាងគេបង្អស់នៃអំណាចមហាក្សត្រ។ ម្កុដនេះកំពស់​ ៦៦សង់ទីមែត្រ ទំងន់ ៧,៣ គីឡូក្រាម មានដាំត្បូងនិងពេជ្រជាច្រើនគ្រាប់។ ពេជ្រធំជាងគេស្ថិតនៅលើកំពូល បានមកពីក្រុងកាល់គូតា ប្រទេស​ឥណ្ឌា ដែលពេជ្រនេះក៏មានឈ្មោះដែរ ហៅថា ព្រះម៉ាហាវិឆៀនម៉ានី។

ទី២ គឺព្រះខ័នរាជ មានឈ្មោះថា “ព្រះសែងខ័នឆ័យស៊ី” ។ ព្រះខ័ននេះ តំណាងឲ្យជោគជ័យ​នៃ​ការពារនគរ​និងប្រជានុរាស្ត្រថៃ។

ទី៣ គឺតំបងរាជ មានឈ្មោះថា “ថានព្រះកន” ។ ដំបងនេះ ធ្វើពីឈើ ស្រោបមាស ប្រវែង១១៨សង់ទីម៉ែត្រ ហើយតំណាងឲ្យសត្យានុម័តទៀងត្រង់ នៃព្រះមហាក្សត្រ ចំពោះព្រះរាជនគរ។

ទី៤ គឺផ្លិតរាជ ឈ្មោះថា “វ៉ាឡាវីឆានី”។ ផ្លិតរាជធ្វើពីស្លឹកត្នោត លំអដោយមាស និងគ្រាប់ត្បូងមានតម្លៃ ហើយអមដោយប្រដាប់បក់មួយទៀត ដែលធ្វើពីរោមដំរី និងមានដងស្រោបមាស។ កេតនភណ្ឌទាំង២នេះ គឺជានិម្មិតរូប នៃការបក់ផាត់ក្តីទុក្ខអពមង្គល និង​កលយុគ ឲ្យបរវៀសចៀសឆ្ងាយ ពីព្រះនគរ។

ទី៥ គឺទ្រនាប់ជើង ដែលមានឈ្មោះថា “ឆាឡង ព្រះបាតជើង ង៉ន”។ ទ្រនាប់ជើងនេះ ធ្វើពីសន្លឹកមាសុទ្ធ លំអដោយគ្រាប់ត្បូងនិងគ្រាប់ពេជ្រ។ នៅក្នុងពេលគ្រងរាជ្យ គឺអាចារ្យ​បាគូព្រហ្មញ្ញសាសនា យកទ្រនាប់ជើងនេះ បំពាក់ថ្វាយមហាក្សត្រ ដែលគង់លើរាជបល្ល័ង្គ។

ព្រះខ័នរាជ យកពីខេត្តសៀមរាប?

ក្នុងចំណោមគ្រឿងកេតនភណ្ឌទាំងនេះ គឺមានព្រះខ័នរាជមួយ ដែលយោងតាមការចុះផ្សាយ របស់​បណ្តាញសារព័ត៌មានថៃ គឺព្រះខ័នរាជនេះ ត្រូវបានគេយកពីខេត្តសៀមរាបទៅ នៅចុងសតវត្សទី១៨។ កាសែត Bangkok Post ក៏ដូចជាកាសែត The Nation ដែលផ្អែកលើឯកសារស្រាវជ្រាវ Bencharajakakuthaphan: The Quintet of Royal Regalia បានសរសេរថា​ តួព្រះខ័នដែលមានប្រវែង ៨៩,៨ សង់ទីម៉ែត្រ និងទំងន់ ១,៣ គីឡូក្រាម គឺត្រូវបានរកឃើញ ដោយអ្នកនេសាទខ្មែរម្នាក់ នៅក្នុងបឹងមួយ នៅខេត្តសៀមរាប នៅរវាងឆ្នាំ១៧៨០ ជាង។

កាលនោះ ប្រទេសកម្ពុជា​ មួយចំហៀងខាងលិច ស្ថិតក្រោមចំណុះសៀម មួយចំហៀងខាងកើត ស្ថិតក្រោមចំណុះអាណាម។ ខេត្តសៀមរាប ស្ថិតក្រោមការគ្រប់គ្រងរបស់​សៀម ម្លោះហើយព្រះខ័ននេះ ត្រូវបានគេបញ្ជា ឲ្យយកទៅថ្វាយស្តេចសៀម ព្រះចៅ​រាមាទី១ នៅបាងកក។ ឯកសារស្រាវជ្រាវដដែល លើកឡើងពីពាក្យដំណាលតៗគ្នាថា ព្រះខ័នរាជនេះ ពេលដែលធ្វើដំណើរជិតចូលដល់វាំងបាងកក បានបញ្ចេញពន្លឺរស្មីចំនួន៧ដង ភ្លឺផ្លេកទៅលើផ្ទៃមេឃ ធ្វើឲ្យគ្រប់គ្នាកោតខ្លាចគោរព។ ក្រោយមកទៀត ទើបព្រះចៅរាមាទី១ បានបញ្ជាឲ្យគេធ្វើស្រោម ធ្វើពីមាសដាំត្បូង ដើម្បីស៊ករក្សាព្រះខ័ននេះ តរៀងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ