អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជប៉ុនបើក​សន្និសីទ​អន្តរជាតិ​ជប៉ុន-អាហ្វ្រិក​លើកទី៧ ទោះ​ដឹង​ថា​ពិបាក​នឹង​ប្រជែង​ជាមួយ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ចាប់ពីថ្ងៃពុធទី២៨សីហាទៅ នៅទីក្រុងយ៉ូកូហាម៉ា រដ្ឋាភិបាលជប៉ុន​នឹងចាប់ផ្តើមបើកទ្វារសន្និសីទអន្តរជាតិ ជប៉ុន-អាហ្វ្រិក លើកទី​៧ ដោយមានការចូលរួម ពីតំណាងរដ្ឋាភិបាលប្រទេសអាហ្វ្រិក ព្រមទាំងតំណាងក្រុមហ៊ុន​អាហ្វ្រិក និងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។ ស​ន្និសីទដែលមានរយៈពេល៣ថ្ងៃនេះ នឹងគឺជាឱកាសជជែកពិភាក្សាគ្នា អំពីគម្រោងអភិវឌ្ឍន៍ និងគម្រោងវិនិយោគជាច្រើន របស់ជប៉ុននៅទ្វីបអាហ្វ្រិក។ ជាការកត់សំគាល់ ទឹកប្រាក់វិនិយោគរបស់ជប៉ុននៅទ្វីបអាហ្រ្វិក មាន​កម្រិតតិចជាងការវិនិយោគ​របស់​ចិនឆ្ងាយណាស់។ តែយ៉ាងណាក៏ដោយ អ្នកជំនាញ​ជប៉ុនខ្លះ​បានចាត់ទុកថា វត្តមានរបស់ជប៉ុន​នៅ​អាហ្វ្រិក គឺ​ពុំមានកម្មវត្ថុ​ក្តោបក្តាប់ឥទ្ធិពលទាំងស្រុង ដូចចិនធ្វើ​នោះទេ។

បដាTokyo International Conference on African Development (TICAD) នៅ​Yokohama ថ្ងៃទទី​២៧ សីហា ២០១៩​
បដាTokyo International Conference on African Development (TICAD) នៅ​Yokohama ថ្ងៃទទី​២៧ សីហា ២០១៩​ KAZUHIRO NOGI / AFP
ផ្សាយពាណិជ្ជកម្ម

តើជប៉ុន​អាចប្រជែងឥទ្ធិពល ជាមួយចិនបានទេ នៅអាហ្វ្រិក? ចាប់ពីឆ្នាំ១៩៩៣មក ដោយមានការសហការជាមួយ​អង្គការសហប្រជាជាតិ សហព័ន្ធអាហ្វ្រិក និងធនាគារ​ពិភពលោក រដ្ឋាភិបាល​ជប៉ុនបានរៀបចំ​សន្និសីទអន្តរជាតិ ជប៉ុន-អាហ្វ្រិក ហៅកាត់ថា Ticad។ កម្មវត្ថុនៃសន្និសីទនេះ គឺដើម្បី​លើកចេញជាគម្រោងនានា ជាគម្រោង​វិនិយោគ និងអភិវឌ្ឍន៍ទ្វីបអាហ្រ្វិក លើគ្រប់វិស័យ ក្រោមការជ្រោមជ្រែង របស់សហគ្រាស និងអ្នកវិនិយោគជប៉ុន។

ក៏ប៉ុន្តែ ប្រមាណ​ជាង១០ឆ្នាំចុងក្រោយនេះ វត្តមានរបស់ជប៉ុននៅទ្វីបអាហ្វ្រិក ហាក់ត្រូវលេបត្របាក់ដោយ ​ឥទ្ធិពលរបស់ចិន ដែលកាន់តែរីកធំទៅៗ។ ចិនក៏បានរៀបចំវេទិកាកំពូល​ ចិន-អាហ្រ្វិកមួយដែរ។ ទឹកប្រាក់វិនិយោគរបស់ចិននៅអាហ្វ្រិក ច្រើន​លើសជប៉ុន​ទ្វេរដង។ ជាក់ស្តែង វេទិកាកំពូលចិន-អាហ្វ្រិក ឆ្នាំ​២០១៨ កន្លងទៅ គឺចិនបានសន្យា​វិនិយោគនៅអាហ្វ្រិក ចំនួន​៦ម៉ឺនលានដុល្លារអាមេរិក ខណៈជប៉ុន​បានសន្យាវិនិយោគត្រឹមតែ​ប្រមាណ​៣ម៉ឺនលានដុល្លារ កាលពី​សន្និសីទឆ្នាំ២០១៦។

ជាការពិត ប្រមាណជាង១០ឆ្នាំចុងក្រោយនេះ ចិនបានជះប្រាក់យ៉ាងគំហុក ទៅលើទ្វីបអាហ្វ្រិក។ ភាគច្រើន​ គឺជាកម្ចីអភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពាន ឬកំពង់ផែជាដើម។ ស្ថិតក្នុងគម្រោងផែនការ ផ្លូវមួយខ្សែក្រវ៉ាត់​មួយរបស់ចិន ដែលតភ្ជាប់ទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុបនោះ គឺចិនបានដឹកនាំគម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធ យ៉ាងច្រើនស្អេកស្កះ។ ផ្ទុយទៅវិញ អ្នកវិភាគសេដ្ឋកិច្ចជាច្រើន បានលើកឡើងថា គម្រោងរបស់ចិនទាំងអស់ មានកម្មវត្ថុបើកផ្លូវឲ្យសហគ្រាសចិនធ្វើជំនួញ និងប្រើប្រាស់វត្ថុធាតុដើម របស់ប្រទេសនីមួយៗ។ គម្រោងទាំងនោះ មិនបានសិក្សាអំពីផលប៉ះពាល់ផ្នែកបរិស្ថាន ហើយក៏មិនបាន​ហុចផលវិជ្ជមាន ដល់ការអភិវឌ្ឍន៍សមត្ថភាព​ធនធានមនុស្ស របស់ប្រជាជនមូលដ្ឋានឡើយ។

លោកMasahiko Kiya អ្នកការទូតជប៉ុន ដែលទទួលបន្ទុករៀបចំ​សន្នីសីតឆ្នាំ២០១៩នេះ បានលើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ ដែលកសាងឡើងដោយ​កម្ចី ឬក៏ប្រាក់វិនិយោគរបស់ចិន ពេលខ្លះ​អាច​បង្កើតឲ្យមានស្ថានភាព​ជំពាក់បំណុលធ្ងន់ធ្ងរ ដល់ប្រទេសខ្លះ។ មន្ត្រីជប៉ុនដដែលអះអាងថា សម្រាប់គម្រោងកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុនវិញ គឺតែងតែភ្ជាប់ជាមួយ​នូវ​គុណភាព​ ដែលគុណភាពនោះគឺមានន័យថា ត្រូវតែ​មានការតាមដានយូរអង្វែង អមដោយ​ផែនការជួសជុលថែររក្សា​ជាប្រចាំ ហើយឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងពិតប្រាកដ របស់​ប្រទេសទទួលគម្រោង។ លោកថា មិនមែនគ្រាន់តែកសាងស្ពានថ្នល់ រួចបើកសម្ភោធប្រគល់ឲ្យប្រទេសមួយ ហើយថាគម្រោងនោះចប់ជាស្ថាពរនោះទេ។

ដោយឡែក លោកSawaka Takazaki អគ្គនាយករងនៃ​ទីភ្នាក់ងារជប៉ុនដើម្បីពាណិជ្ជកម្មអន្តរជាតិ (Jetro) បានលើកឡើងថា សន្និសីទអន្តរជាតិ ជប៉ុន​-អាហ្វ្រិក នេះ គឺជាឱកាស សម្រាប់ជប៉ុនដើម្បីធ្វើ​ការបង្ហាញពីគម្រោងកម្ចីវិនិយោគ ដែល​ឆ្លើយតបទៅតាមតម្រូវការពិតប្រាកដជាក់ស្តែង និងជាកម្ចីដែលមាន​ផែនការច្បាស់លាស់ សម្រាប់ប្រទេសអាហ្វ្រិក​។ តាមការគ្រោងទុក ក្នុងឱកាសនេះ រដ្ឋាភិបាលជប៉ុន​ មានគម្រោងផ្តល់កម្ចី៣៤០០លានដុល្លារអាមេរិក ជួយក្នុងវិស័យអភិវឌ្ឍន៍ថាមពលដោយចីរភាព​ ដូចជា​ការគម្រោងចរន្តអគ្គីសនីដើរដោយកង្ហារécoliens នៅអេហ្ស៊ីប និងកម្រោងវិនិយោគលើកំដៅ​ពីក្នុងដី Géothermie នៅកេនយ៉ាជាដើម។ ហើយបើផ្អែកតាម ទីភ្នាក់ងារ Nikkei គឺរដ្ឋាភិបាលជប៉ុន អាចនឹងសន្យាវិនិយោគទឹកប្រាក់៣០០ពាន់លានយ៉េន នៅក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលមានតម្លាភាព និងគុណភាពខ្ពស់ សហការ​​ជាមួយនឹងធនាគាអភិវឌ្ឍន៍​អាហ្វ្រិក។

លោក Mohamed Diatta អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន សិក្សាសន្តិសុខអេត្បូពី បានលើកឡើងថា ជាទូទៅនៅអាហ្វ្រិក ជប៉ុនត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានគោលនយោបាយការទូត ស្លូតស្ងាត់ស្ងៀម ហើយមិនលូកដៃប្រើឥទ្ធិពលទេ។ លោកម្នាក់នេះបន្ថែមថា ថ្វីបើ​ជប៉ុនក៏មាន​កម្មវត្ថុធ្វើជំនួញ​មែន​ពិត តែខុសពីចិន ឬពីបណ្តាប្រទេសអឺរ៉ុបខ្លះ គឺជប៉ុនមិនប្រើការវិនិយោគរបស់ខ្លួន ជាអាវុធដើម្បី​ឈានទៅគ្របដណ្តប់​ប្រទេសណាមួយឡើយ។ ដូចគ្នាដែរ លោក Christopher Kayumba អ្នកវិភាគនយោបាយនៅប្រទេសរ៉ូវ៉ាន់ដា បានលើកឡើងថា ជាយូរណាស់មកហើយ ដែលជប៉ុនបានចូលរួម​អភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរ៉ូវ៉ាន់ដា តែជប៉ុនមានទស្សនវិស័យខុសឆ្ងាយពីចិន  ខុសពីអាមេរិក ឬប្រទេសអឺរ៉ុបខ្លះ​។

ជាការកត់សម្គាល់ ដោយឥតប្រកែកបាន វត្តមានវិនិយោគ​របស់ជប៉ុននៅអាហ្វ្រិក មាន​តិចណាស់ បើប្រៀបធៀបជាមួយចិន។ ក្នុងឆ្នាំ២០១៧ ចំនួនវិនិយោគដោយផ្ទាល់ពីជប៉ុន មកលើទ្វីបអាហ្វ្រិក មានត្រឹមតែ៧៨០០លានដុល្លារ ខណៈចិនវិញ មានដល់ទៅ​៤៣០០០​លានដុល្លារ។ ហើយការនាំចេញទំនិញរបស់ជប៉ុន ទៅកាន់​​អាហ្វ្រិកវិញ ក៏មានការថយចុះផងដែរ ដល់ទី២៧% បើរាប់ចាប់ពី​ឆ្នាំ២០០៨មក។ ផ្ទុយទៅវិញ ការនាំចូលទំនិញចិន ចូលទៅកាន់អាហ្វ្រិក បានកើនឡើងដល់ទី​៥០% ក្នុងរវាង១០ឆ្នាំចុងក្រោយនេះ។

លោក Nabuhiko Sasaki អគ្គនាយកទីភ្នាក់ងារ​ពាណិជ្ជកម្មអន្តរជាតិជប៉ុន បានទទួលស្គាល់ថា ពិភពជំនួញជប៉ុន ដើរយឺតខ្លាំងណាស់ មិនថានៅអាហ្វ្រិកឬនៅទីណានោះទេ។ សន្និសីទជប៉ុន-អាហ្រ្វិក លើកនេះ គឺជាឱកាសដែលរដ្ឋាភិបាលជប៉ុន និងក្រុមហ៊ុនជប៉ុន​ ត្រូវសាកល្បង រកច្រកចេញ ឈានទៅមានវត្តនៅក្រៅប្រទេសឲ្យបានច្រើន បើទោះបី​ជា​មិនទាន់អាចប្រៀបស្មើនឹងទឹកប្រាក់របស់ចិនក៏ដោយ។

តែយ៉ាងណា តម្លៃពិតប្រាកដនៃគម្រោងអភិវឌ្ឍន៍ គឺវាមិនស្ថិតនៅលើចំនួនទឹកប្រាក់នោះទេ។ សម្រាប់ជប៉ុន គឺគេបានផ្តោតសំខាន់ទៅលើការវិនិយោគអភិវឌ្ឍន៍ ដែលមានគុណភាព យូរអង្វែង ហើយឆ្លើយតប​នឹងតម្រូវការជាក់ស្តែង។ ពោលគឺគម្រោងវិនិយោគរបស់ជប៉ុន ភាគច្រើនជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកសាង​សមត្ថភាព​ ធនធានមនុស្ស​ របស់ប្រទេសទទួលគម្រោង ព្រម​ជាមួយ​នឹងផែនការតាមដានច្បាស់លាស់ ដើម្បីចៀសវៀងការជាប់បំណុលវ័នក។ ខុសពីអ្នកខ្លះដែលហុតទឹកសម្លឹងកាក សមធម៌ គុណធម៌​ មនុស្សធម៌ គឺជាតម្លៃដែលតែងតែនៅជាប់ ជាមួយ​នឹងគម្រោងវិនិយោគ ឬគម្រោងអភិវឌ្ឍន៍របស់ជប៉ុននៅក្រៅប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ