អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គីម ជុងអ៊ុន ពី​មេដឹកនាំ​ផ្តាច់ការ ក្លាយ​ជា​ប្រមុខរដ្ឋ ស្មើមុខ​​នឹង​ប្រធានាធិបតី​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

គ្មាននរណាម្នាក់នឹកស្មានដល់ទេ ថាប្រមុខដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន និងប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ អាចឈានមកជួបគ្នា ចរចាក្នុងបរិយាកាសដ៏ស្រស់ស្រាយ​បែបនេះទេ។ កាលពីប៉ុន្មានខែមុន មេដឹកនាំទាំង២នាក់នេះ តែងតែបាន ប្រើភាសាជេរប្រមាថ គំរាម សំឡុតគ្នាទៅវិញទៅមក ធ្វើគ្រប់គ្នាហួសចិត្តសោះ តែបែរជាពេលនេះ បែរជាមកជួបនិយាយគ្នា ញញឹមញញែម​ ចាប់ដៃអង្អែលស្មារនឹងគ្នាទៅវិញ។ ប្រការនេះ បានធ្វើឲ្យគេមើលឃើញ​ អំពីភាពប៉ិនប្រសព្វ ឆ្លាតវៃ របស់គីម ជុងអ៊ុន ដែលអាចប្រែក្រឡាប់គោលជំហរមួយរំពេច នៅពេលណាកាលៈទេសៈហុចមកឲ្យ។ គីម ជុងអ៊ុន ពីមេដឹកនាំផ្តាច់ការ គ្រប់គ្រងកូរ៉េខាងជើងក្នុងកណ្តាប់ដៃដែក តែពេលនេះ បានបំពេញបំណងជីតារបស់ខ្លួន ដោយបានលើកមុខកូរ៉េខាងជើង ឲ្យស្មើនឹងមហាយក្សអាមេរិក។

គីម ជុងអ៊ុន យក​ដៃ​អង្អែល​ខ្នង​លោក​ ដូណាល់ត្រាំ អ្នក​ដែល​ខ្លួន​ធ្លាប់​ជេរ ថាជា "តាចាស់ឆ្គួតលីលាដ៍"
គីម ជុងអ៊ុន យក​ដៃ​អង្អែល​ខ្នង​លោក​ ដូណាល់ត្រាំ អ្នក​ដែល​ខ្លួន​ធ្លាប់​ជេរ ថាជា "តាចាស់ឆ្គួតលីលាដ៍" REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីបានសាកល្បងម៊ីស៊ីលបាលីស្ទីក នឹងគ្រាប់បែកអ៊ីដ្រូហ្សែន ជាច្រើនលើកច្រើនសារ ក្នុងឆ្នាំ២០១៦ និង២០១៧ ស្រាប់តែនៅថ្ងៃទី ១ មករា​ឆ្នាំ២០១៨ គីម ជុងអ៊ុន បានប្រកាសតាមទូរទស្សន៍ថា ខ្លួននឹងបញ្ជូនគណៈប្រតិភូកីឡា ឲ្យទៅចូលរួមប្រកួតកីឡាអូឡាំពិក រដូវរងារ នៅ​​ឯកូរ៉េខាងត្បូង។ ការផ្លាស់ប្តូរ កាច់ចង្កូតទាំងស្រុងនេះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ទាំងសង្ឃឹម​ ទាំងមិនទុកចិត្ត។ ចាប់ពីពេលនោះមក គីម ជុងអ៊ុន បានប្រើប្រាស់ផ្លូវការទូត ឈប់គំរាម ឈប់សំឡុត ងាកមករកច្រកចរចាវិញម្តង។ គីម ជុងអ៊ុន ដើរដល់ដំណាក់ការ ចង់ចរចា ក៏ដោយសារតែ ខ្លួនគិតថា សមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង អាចធ្វើឲ្យអាមេរិកញញើតបានហើយ។

ឈប់គំរាម មកញញឹមវិញ

ជំហានដំបូង និងដ៏សំខាន់បំផុត ដើម្បីសម្រេចគោលដៅនៃគោលនយោបាយនេះ គីម ជុងអ៊ុន ត្រូវការកូរ៉េខាងត្បូង។ ការប្រកួតកីឡាអូឡាំពិករដូវរងារ នៅកូរ៉េខាងខាងត្បូង កាលពីខែកុម្ភៈ គឺជាឱកាសដ៏វិសេស សម្រាប់ឲ្យគីម ជុងអ៊ុន ខ្ចីវេទិកានេះ បង្ហាញប្រាប់អន្តរជាតិ ពីឆន្ទៈ និងឥរិយាបទទន់ភ្លន់ ចង់បានសន្តិភាពរបស់ខ្លួន។ ជាងនេះទៅទៀត គីម ជុងអ៊ុន ដឹងយ៉ាងច្បាស់ ថាប្រធានាធិបតីថ្មី របស់កូរ៉េខាងត្បូង លោក មូន  ជែអ៊ីន គឺជាមនុស្សស្លូត មានបំណងផ្សះផ្សាសន្តិភាពកំរិតណា។ គីម ជុងអ៊ុន បោះដៃ ទៅ ប្រាកដជាលោកមូន ជាអ៊ីន លូកស្រវារចាប់មិនខាន។

ដូចការគ្រោងទុក លោកមូន ជែអ៊ីន ដែលផ្តល់អាទិភាពចំបង ដល់ការផ្សះផ្សាគ្នានោះ បានស្នើសុំឲ្យគីម ជុងអ៊ុន មកជួបគ្នានៅតំបន់ចន្លោះព្រំដែនកូរ៉េទាំង២។ វាដូចការគ្រោងទុក ព្រោះថាធាតុពិត គីម ជុងអ៊ុន បានគូសវាសទុកយ៉ាងច្បាស់ ថាដំណាក់កាលនេះនឹងកើតមានឡើង។ ថ្ងៃទី២៧ មេសា បានមកដល់ គីម ជុងអ៊ុន ក្នុងទឹកមុខញញឹមញញែម រួសរាយរាក់ទាក់ បានចាប់ដៃរលាក់ ឱបប្រកៀកស្មារនឹងលោកមូន ជែអ៊ីន។ គេធ្លាប់តែឃើញ គីម ជុងអ៊ុន ក្នុងទឹកមុខរឹងមាំ ក្នុងពិធីដង្ហែរក្បួនយោធា បង្ហាញសព្វាវុធ ឬក្នុងឱកាសបាញ់សាកល្បង អាវុធមីស៊ីល និងនុយក្លេអ៊ែរជាដើម។ រូបភាព កាយវិការ ការសម្តែងរបស់ គីម ជុងអ៊ុន បានប្រែប្រួលទាំងស្រុង ពីមេដឹកនាំផ្តាច់ការ មកជាមេដឹកនាំវ័យក្មេងរួសរាយរាក់ទាក់ យ៉ាងទន់ភ្លន់។

ទន្ទឹមគ្នានេះ គីម ជុងអ៊ុន ក៏បានរៀបចំឲ្យស្ថានការណ៍ កាន់តែធូរស្រាល តាមរយៈការយល់ព្រមដោះលែង អ្នកទោសអាមេរិកជាច្រើននាក់ ផ្អាកការសាកល្បងនុយក្លេអ៊ែរ រុះរើទីតាំងសាកល្បងមួយកន្លែងចោល ហើយនឹងបានបញ្ជូនអ្នកនាំសារ ដ៏​មានឥទ្ធិពលម្នាក់របស់ខ្លួន ឲ្យទៅដល់ក្រុងវ៉ាស៊ីនតោន ដើម្បីជួបនឹងដូណាល់ ត្រាំទៀតផង។

ត្រូវការចិន និងកូរ៉េខាងត្បូង ជួយទប់អាមេរិក

គីម ជុងអ៊ុន ក៏មិនបានភ្លេចមិត្ត ដ៏សំខាន់ម្នាក់ទៀតនោះទេ។​​ គឺលោកប្រធានាធិបតីចិន ស៊ី ជីនពីង។  បន្ទាប់ពីជួប ជាមួយលោក មូន ជែអ៊ីន គីម ជុងអ៊ុន បានជិះរថភ្លើងទៅជួបនឹងលោកស៊ី ជីនពីង ដល់ក្រុងប៉េកាំង។​ ដូចគ្នាដែរ ក្នុងឱកាសនោះ គឺឃើញ គីម ជុងអ៊ុន មានកាយវិការ គួរឲ្យចង់រាប់អាន់រួសរាយ ក្នុងស្នាមញញឹម យ៉ាងកក់ក្តៅ ជាមួយនឹងលោកប្រធានាធិបតីចិន។ ធាតុពិត គីម ជុងអ៊ុន ដឹងយ៉ាងច្បាស់ ថាចិន មានសារៈសំខាន់យ៉ាងណា។ សម្រាប់កូរ៉េខាងជើង ចិនគឺខែលមួយយ៉ាងរឹងមាំ ដើម្បីទប់មិនឲ្យអាមេរិក ហ៊ានធ្វើអ្វីផ្តេសផ្តាស់ មកលើរបបដឹកនាំផ្តាច់ការរបស់ខ្លួន។

ជួបប្រធានាធិបតីកូរ៉េខាងត្បូងផង ជួបប្រធានាធិបតីចិនផង គីម  ជុងអ៊ុន ចង់អូសប្រទេសទាំង២នេះ ឲ្យ​មកនៅខាងខ្លួន ក្នុងដំណើរការចរចាជាមួយអាមេរិក។ ក្នុងករណី ដែលជំនួបជាមួយលោកដូណាល់ ត្រាំ នៅសិង្ហបុរី មិនអាចប្រព្រឹត្តិធ្វើទៅបានដូចការគ្រោងទុក ឬក៏និយាយមិនត្រូវគ្នា គ្មានការចុះហត្ថលេខាណាមួយ នោះអាមេរិកក៏គ្មានលទ្ធភាពអ្វី មកគំរាមកូរ៉េខាងជើង ទៀតដែរព្រោះថា កូរ៉េខាងត្បូង កំពុងឈរលើផ្លូវផ្សះផ្សារួចទៅហើយ រីឯចិនវិញសោត ក៏មិនបោះបង់កូរ៉េខាងជើងដែរ។

ឈប់ជេរ បញ្ជោរម្តង

ថ្ងៃមុនគំរាមកំទេចកូរ៉េខាងត្បូង និងអាមេរិក ឲ្យក្លាយជាផេះ ថ្ងៃនេះ គីម ជុងអ៊ុន បានប្រើស្នាមញញឹម និងភាពរួសរាយ ទាក់ចិត្តលោក ដូណាល់ ត្រាំ នៅ​ឯសិង្ហបុរី។ លោក ដូណាល់ ត្រាំ វិញ ដែលធ្លាប់តែជេរគីម ជុងអ៊ុន ថាជាក្មេងពាល ប្រៀបបាននឹងមមៀចមិនស្គាល់ភ្លើងនោះ ក៏បានភ្លេចអស់ហើយដែរ នូវពាក្យប្រមាថមើលងាយ ទាំងអម្បាលម៉ាណ។ ការពិតទៅ ជោគជ័យនៃយុទ្ធសាស្ត្រការទូតរបស់ គីម ជុងអ៊ុន ក្នុងពេលនេះ គឺបានមកមួយផ្នែក មកពីលោក ដូណាល់ ត្រាំនេះតែម្តង។

លោក មូន ជែអ៊ីន ដឹងយ៉ាងច្បាស់ ថាលោក ដូណាល់ ត្រាំ ជាមនុស្សក្តៅឆេវឆាវកំរិតណា តែលោក ក៏ដឹងថា លោកត្រាំ ជាមនុស្សស៊ីជោរដែរ។ គឺត្រង់ចំណុចនេះហើយ ដែលលោកប្រធានាធិបតីកូរ៉េខាងត្បូង បានអូសទាញលោកដូណាល់ ត្រាំ ឲ្យមកជួបនឹងគីម ជុងអ៊ុនបាន ដោយលើកឡើងថា កុំឲ្យ​ឱកាសជាប្រវត្តិសាស្ត្រនេះ រំលងផុតឲ្យសោះ ព្រោះប្រធានាធិបតីអាមេរិកមុនៗ គ្មាននរណាអាចធ្វើបាននៅឡើយទេ។ ឮតែថា មិនទាន់មាននរណាធ្វើបាន លោកដូណាល់ ត្រាំ បានយល់ព្រមភ្លាម ដោយបានប្រកាស តាម Twitter ទាំងដោយគ្មានបានពិភាក្សា ជាមួយទីប្រឹក្សា ឬអ្នកជំនាញរបស់ខ្លួន សូម្បីតែមួយម៉ាត់។

អរគុណលោកដូណាល់ ត្រាំ

លោកដូណាល់ ត្រាំ បានគិតថា​ជំនួបនៅថ្ងៃទី១២ មិថុននៅសិង្ហបុរី គឺជាជោគជ័យដ៏ធំ នៃគោលនយោបាយ​ការទូតរបស់​លោក ខណៈដែរប្រធានាធិបតីអាមេរិកមុនៗ សុទ្ធតែបរាជ័យទាំងអស់។ តែធាតុពិត អ្នកដែលបានជោគធំនោះគឺ កូរ៉េខាងជើង និងគីម ជុងអ៊ុន ឯណោះទេ។ ដោយសារតែលោកដូណាល់ ត្រាំ គីម ជុងអ៊ុន បានខ្ពស់មុខមាត់។ ជាមេដឹកនាំផ្តាច់ការ នៃកូនប្រទេសតូចមួយ គីម ជុងអ៊ុន បានបង្ខំឲ្យ​ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ជិះយន្តហោះមកដល់សិង្ហបុរី ដើម្បីជួបចរចា ចាប់រលាក់ដៃ យ៉ាងស្មើភាព ក្រោមក្រសែរភ្នែកមនុស្សទូទាំងសកលលោក។

មិនមានមេដឹកនាំនៃប្រទេសមហាអំណាចណា ផ្តល់កិត្តិយស់ ដល់មេដឹកនាំផ្តាច់ការ ដូចជាគីម ជុងអ៊ុននេះ ដូចលោកដូណាល់ ត្រាំទេ។ ជាមួយនឹងរូបភាពស្នាមញញឹម ចាប់រលាក់ដៃ អង្អែលស្មារ ទៅវិញទៅមក រវាងលោកដូណាល់ ត្រាំ និង គីម ជុងអ៊ុន គេស្ទើរតែភ្លេចទៅហើយថា គឺ គីម ជុងអ៊ុននេះហើយ គឺជាទាយាទ នៃមេដឹកនាំផ្តាច់ការ ត្រកូលគីម ដែលបានសម្លាប់អ្នកប្រឆាំង បង្អត់បាយ បំបិទសិទ្ធិសេរីភាពប្រជាជនមួយប្រទេស ឲ្យរស់នៅក្នុងគុកឥតជញ្ជាំងជិត ៧០ឆ្នាំមកនេះ។

ដោយសារតែលោក ដូណាល់ ត្រាំ គីម ជុងអ៊ុន បានសម្រេចបំណង របស់ជីតាខ្លួន គឺលោក គីម អ៊ីលស៊ុង។ បំណងនោះ គឺមហិច្ឆិតា ធ្វើយ៉ាងណា ឲ្យកូរ៉េខាងជើង មានកម្លាំងអាចអង្គុយស្មើជាមួយនឹងអាមេរិកបាន។ កិត្តិយស ដែលលោកដូណាល់ ត្រាំ បានផ្តល់ឲ្យគីម ជុងអ៊ុន នៅសិង្ហបុរី បានធ្វើឲ្យឲ្យរបបផ្តាច់ការកូរ៉េខាងជើងនេះ កាន់តែបានចិត្ត កាន់តែមានមុខមាត់។ ជាការពិត គេអាចចាត់ទុកថា ប្រធានាធិបតីអាមេរិក មុនៗ អាចពុំមានសមត្ថភាពធ្វើដូចលោកដូណាល់ ត្រាំ មែន ដែលហ៊ានបោះបង់ចោលលទ្ធិប្រជាធិបតេយ្យ ​និងសិទ្ធិសេរីភាព ដើម្បីបំពេញមុខ ឲ្យរបបផ្តាច់ការដ៏ឃោរឃៅ ដឹកនាំដោយគីម ជុងអ៊ុននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ