កូរ៉េខាងជើងកំពុងសាងសង់ឡើងវិញ នូវស្ថានីយ៍បាញ់រ៉ុកែត Sohae
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០២
មួយសប្តាហ៍ ក្រោយជំនួបកំពូល រវាងលោកដូណាល់ ត្រាំ និងមេដឹកនាំផ្តាច់ការកូរ៉េខាងជើង គីម ជុងអ៊ុន ដែលបានបិទបញ្ចប់ទៅ ដោយការដើរចេញរៀងៗខ្លួននោះ ស្រាប់តែអ្នកជំនាញ បានសង្កេតឃើញថា កូរ៉េខាងជើង ទំនងជាកំពុងតែសាងសង់ឡើងវិញ នូវស្ថានីយ៍ឈ្មោះ Sohae ដែលជាស្ថានីយ៍បាញ់បង្ហោះយានអវកាស។ កន្លងមក អ្នកជំនាញបានសន្និដ្ឋានថា ស្ថានីយ៍នេះ ក៏អាចជាស្ថានីយ៍ ដែលកូរ៉េខាងជើងប្រើប្រាស់ ដើម្បីបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ផងដែរ។ តើការចាប់ផ្តើមសាងសង់ស្ថានីយ៍នេះឡើងវិញ គឺជាយុទ្ធសាស្ត្រថ្មីរបស់កូរ៉េខាងជើង ក្នុងការដាក់សំពាធទៅលើអាមេរិក ដែលមិនព្រមលប់ចោលខ្លះ នូវទណ្ឌកម្មសេដ្ឋកិច្ច ឬយ៉ាងណា?
ការសន្និដ្ឋានទាក់ទិននឹងដំណឹងនេះ គឺបានមកពីការវិភាគ លើទិន្នន័យជារូបភាព ដែលគេស្រង់បាន ពីរូបភាពថតដោយផ្កាយរណប របស់សហរដ្ឋអាមេរិក។ គឺក្រុមអ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌល ដើម្បីការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ ហៅកាត់ថា CSIS ដែលជាអ្នកធ្វើរបាយការណ៍វិភាគនេះ។ យោងតាមការសន្និដ្ឋាន គឺស្ថានីយ៍ Sohae ដែលស្ថិតនៅជាប់មាត់សមុទ្រ ខាងជើង ឈាងខាងលិច កូរ៉េខាងជើង កំពុងតែមានសកម្មភាព “ជាក់ស្តែង” ដែលអាចជាសកម្មភាពសាងសង់ឡើងវិញ។
បើតាមរបាយការណ៍ខាងលើ គឺសកម្មភាពចាប់ផ្តើមសាងសង់ឡើងវិញ នៅស្ថានីយ៍ Sohae នេះ គឺកូរ៉េខាងជើង បានចាប់ផ្តើម ក្រោយពីជំនួបកំពូលនៅហាណូយ បានបិទបញ្ចប់ទៅ បាន២ថ្ងៃម្លេះ។ យ៉ាងណាមិញ កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំមួយរវាងសមាជិកសភាកូរ៉េខាងត្បូង ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង ក៏បានលើកឡើង ដោយផ្អែកលើរូបភាពផ្កាយរណបដែរ នៅស្ថានីយ៍ Sohae កំពុងតែមានសកម្មភាពអ្វីម្យ៉ាង ដែលអាចជាការសាងសង់ឡើងវិញ។
បង្ហោះយានអវកាស ឬបន្លំសាកប្រព័ន្ធមីស៊ីលបាលីស្ទីក?
ជាផ្លូវការ ស្ថានីយ៍ Sohaeនេះ គឺជាស្ថានីយ៍បាញ់បង្ហោះយានអវកាស ដើម្បីដឹកផ្កាយរណបរបស់កូរ៉េខាងជើង យកទៅដាក់នៅលើខ្សែអកប៊ីដ របស់ផែនដី។ កន្លងមក រាល់ការបាញ់បង្ហោះផ្កាយរណប របស់កូរ៉េខាងជើង តាំងតែពីឆ្នាំ២០១២មក គឺធ្វើនៅស្ថានីយ៍នេះទាំងអស់។
ក៏ប៉ុន្តែ អ្វីដែលជាការសង្ស័យ របស់សហគមអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក បានសង្ស័យថា កូរ៉េខាងជើង យកកម្មវិធីស្រាវជ្រាវអវកាសនេះ ធ្វើជាលេស ដើម្បីបិទបាំងការបាញ់សាកល្បង ប្រព័ន្ធមីស៊ីលបាលីស្ទីកតែប៉ុណ្ណោះ។ អ្នកវិភាគអន្តរជាតិ លើកឡើងថា ស្ថានីយ៍ Sohae នេះប្រើប្រាស់បច្ចេកវិទ្យា ICBM ដើម្បីបាញ់បង្ហោះយានអវកាសដឹកផ្កាយរណប។ បច្ចេកវិទ្យា ICBM នេះជាបច្ចេកវិទ្យាតែមួយ ដែលកូរ៉េខាងជើងប្រើ ដើម្បីបាញ់បង្ហោះកាំជ្រួចមីស៊ីលអន្តរទ្វីបកន្លងមក។
ដូច្នេះ បើសិនត្រូវការ ស្ថានីយ៍នេះអាចត្រូវកូរ៉េខាងជើង យកមីស៊ីលបាលីស្ទីកអន្តរទ្វីប ទៅបាញ់បង្ហោះក៏បានដែរ។ ហេតុដូចនេះហើយ បានជាកាលពីខែកញ្ញា ឆ្នាំ២០១៨ ក្នុងពេលដែលលោកមូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង បានទៅជួបជាមួយ គីម ជុងអ៊ុន នោះ លោកមូន ជាអ៊ីន បានស្នើទៅកាន់កូរ៉េខាងជើង ថាត្រូវតែបិទស្ថានីយ៍Sohae នេះ ជារៀងដរាប។ ដូចតាមសន្យា បើផ្អែកតាមរូបភាពផ្កាយរណប គឺគេសង្កេតឃើញ កូរ៉េខាងជើង បានរុះរើស្ថានីយ៍នេះមែន កាលពីក្នុងអំឡុងពេលនោះ។
ដាក់សំពាធឲ្យអាមេរិក វិលចូលតុចរចាឲ្យឆាប់
វាប្រាកដណាស់ហើយ ដែលថា ការរៀបចំសាងសង់ឡើងវិញ នូវស្ថានីយ៍បាញ់បង្ហោះយានចម្ងាយឆ្ងាយ ដែលបានបិទទៅហើយនេះ វាជាផលវិបាក កើតចេញពីជំនួបកំពូលបរាជ័យនៅហាណូយ។ របាយការណ៍របស់ CSIS លើកឡើងថា ស្ថានីយ៍ Sohae ដែលបានបិទទ្វារចោល ប្រមាណ៧ខែទៅហើយ ស្រាប់តែចាប់ផ្តើមរៀបចំសាងសង់ឡើងវិញភ្លាមៗបែបនេះ គឺពិតជាមានគោលបំណងយុទ្ធសាស្ត្រអ្វីម្យ៉ាង ពីសំណាក់កូរ៉េខាងជើង។
វាអាចជាការសងសឹក ចំពោះការដែលលោកដូណាល់ ត្រាំ ដើរចេញពីតុចរចា នៅហាណូយ និងបានបដិសេធចោល នូវការសុំលប់ចោលនូវទណ្ឌកម្មសេដ្ឋកិច្ចខ្លះ ដែលគីម ជុងអ៊ុនបានស្នើ។ វាក៏អាចជាការដាក់សំពាធបន្ថែមទៅលើកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ឲ្យត្រលប់មកតុចរចាវិញ ឲ្យបានឆាប់ដែរ ព្រោះជាក់ស្តែង កូរ៉េខាងជើងចង់ចរចា ចង់ដោះខ្លួនចេញពីទណ្ឌកម្មដែរ។
តែយ៉ាងណា នេះជាមេរៀនមួយដែរ ដែលសហគមអន្តរជាតិ ត្រូវចងចាំ ថា របបផ្តាច់ការកូរ៉េខាងជើងនេះ មិនអាចឲ្យយើងទុកចិត្តបានទេ។ សន្យាថាបិទស្ថានីយ៍Sohaeនេះ ជាស្ថាពរ ជារៀងដរាបរួចទៅហើយ ស្រាប់តែមកចាប់ផ្តើមសាងសង់ឡើងវិញ។ សួរថា តើទៅថ្ងៃអនាគត គេគួរទុកចិត្តរបបក្រឡេចក្រឡុចនេះ បានទៀត ដែរឬទេ?
ទិន្នផលកសិកម្មថយចុះ ប្រជាជនកូរ៉េខាងជើងជិត១១លាននាក់ខ្វះស្បៀង
របបផ្តាច់ការកូរ៉េខាងជើង បានប្រើប្រាស់ថវិកា ធនធានរបស់ខ្លួន ចំណាយសឹងតែទាំងស្រុងទៅលើវិស័យការពារជាតិ ការស្រាវជ្រាវបាលីស្ទីក និងនុយក្លេអ៊ែរ។ បន្ថែមពីនេះទៀត ដោយសារតែកម្មវិធីនុយក្លេអ៊ែរនេះ បានធ្វើឲ្យរបបនេះ ត្រូវជាប់ទណ្ឌកម្មសេដ្ឋកិច្ច មិនអាចមានប្រភពចំណូលបាន។ ជីវភាពរបស់ប្រជាជនកូរ៉េខាងជើង ក៏កាន់តែលំបាក មួយកំរិតទៀត។
ប្រភពចំបងនៃចំណីអាហារ គឺបានមកពីកសិកម្មក្នុងស្រុក។ តែដូចយើងដឹងហើយ ថាកូរ៉េខាងជើងមានស្ថានភាពភូមិសាស្ត្រសំបូរទៅដោយភ្នំ។ ផ្ទៃដីដែលធ្វើកសិកម្ម ដំណាំដាំដុះបាន គឺមានប្រមាណតែ២០%ទេ។ បើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ដែលចេញផ្សាយ នៅថ្ងៃទី៦មីនានេះ គឺទិន្នផលកសិកម្មកូរ៉េខាងជើង ក្នុងឆ្នាំ២០១៨ មានចំនួន៤,៩៥លានតោន ពោលគឺវាបានថយចុះ ចំនួន៥សែនតោន។
ទិន្នផលស្រូវអង្ករ និងស្រូវសាឡី បានថយចុះ ប្រមាណជា១៤%។ ដំឡូងវិញ បានថយចុះដល់ទៅ៣៤%។ មូលហេតុចំបង គឺបញ្ហាអាកាសធាតុ និងគ្រោះធម្មជាតិ។ កសិកម្មកូរ៉េខាងជើង ជាកសិកម្មបែបបូរាណ ដែលរំពឹងទាំងស្រុងទៅលើអាកាសធាតុ។ ឆ្នាំ២០១៨ សីតុណ្ហភាពក្តៅខ្លាំង ហើយបូកផ្សំជាមួយទឹកជំនន់ ព្រមទាំងខ្យល់ព្យុះ បានបំផ្លាញទិន្នផលរបស់កូរ៉េខាងជើង។
យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ ប្រជាជនកូរ៉េខាងជើង៤៣% ដែលស្មើនឹង១១លាននាក់ គឺពួកគេត្រូវការជំនួបស្បៀងអាហារ។ ចំនួននេះគឺកើនឡើងដល់ទៅ៦សែននាក់ បើប្រៀបធៀបទៅឆ្នាំមុន។ បញ្ហាកង្វះស្បៀងអាហារ កង្វះអាហារូបត្ថម្ភ និងកាន់តែធ្ងន់ធ្ងរ។ កូរ៉េខាងជើងខ្លួនឯង ក៏បានប្រាប់ទៅអង្គការសហប្រជាជាតិដែរ កាលពីខែមុន ថាខ្លួនត្រូវការជំនួយស្បៀងប្រមាណ១,៤លានតោន សម្រាប់ឆ្នាំនេះ។
ថវិការៃអង្គាសជួយកូរ៉េខាងជើង បានកាន់តែតិច
ថវិការៃអង្គាសដើម្បីយកទៅទិញស្បៀង ជួយកូរ៉េខាងជើងនេះ គឺបានកាន់តែតិចទៅៗ។ ឆ្នាំមុន ថវិការៃអង្គាស បានតែ២៤%ប៉ុណ្ណោះ។ គម្រោងជំនួយជួយកូរ៉េខាងជើង ជាជំនួយដែលប្រមូលលុយ បានតិចជាងគេបង្អស់។ លោក Tapan Mishra មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកកូរ៉េខាងជើង បានលើកឡើងថា ប្រទេសភាគច្រើនគេលែងចង់ជួយកូរ៉េខាងជើងហើយ។ អង្គការមនុស្សធម៌ខ្លះ ត្រូវបង្ខំចិត្តបិទគម្រោងចោល ដោយសារតែគ្មានថវិកាចំណាយ។
មានមតិរិះគន់កន្លងមក ថារបបផ្តាច់ការកូរ៉េខាងជើង យកប្រជាជនជាចំណាប់ខ្មាំង អាងតែបានទទួលជំនួយមនុស្សធម៌ពីបរទេស និងអង្គការនានា។ ចំណែកចំណូលរដ្ឋទាំងប៉ុន្មាន គឺគេយកទៅចំណាយលើមីស៊ីល លើនុយក្លេអ៊ែរ។ អ្នកខ្លះ លើកឡើងថា ជំនួយមនុស្សធម៌កន្លងមក គឺមិនខុសពីចិញ្ចឹមរបបនេះ ឲ្យបន្ត ធ្វើបាបប្រជាជនតទៅមុខទៀត។ តែយ៉ាងណា វាជារឿងលំបាកណាស់ ដែលម្ចាស់ជំនួយ ត្រូវធ្វើការបែងចែកឲ្យដាច់ រវាងបញ្ហាមនុស្សធម៌ និងបញ្ហានយោបាយការបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ