អានតួអត្ថបទ
រុស្ស៊ី

បាតុកម្ម​ប្រឆាំងក្រុង​ម៉ូស្គូ មនុស្ស​ជាង​៨០០នាក់ ត្រូវ​ប៉ូលីសចាប់ខ្លួន​

នៅរុស្ស៊ី មនុស្សយ៉ាងហោចណាស់ ៨២៨ នាក់ ត្រូវឃាត់ខ្លួន ចំពោះបទល្មើសប្លែកៗ  នៅតាមទីលាន ៥ កន្លែង កណ្តាលក្រុងម៉ូស្គូ នាថ្ងៃសៅរ៍ ទី​៣សីហា។​  ពួកប្រឆាំង ដែលទៅជួបជុំគ្នា គឺ​ដើម្បីបរិហារការ ប្រកែករបស់ គ.ជ.ប.ម៉ូស្គូ  មិនព្រមចុះឈ្មោះបណ្តាបេក្ខជនរបស់គេ សម្រាប់​ចូល​ប្រឡូក​ដណ្តើមយក អាសនៈ ជាតំណាងរាស្ត្រ ក្នុងសភាខេត្តក្រុងម៉ូស្គូ។ ការបោះឆ្នោតផ្ទាល់នេះ នឹង​ត្រូវប្រព្រឹត្តទៅ នៅ ខែកញ្ញា ខាងមុខ។ ចលនាតវ៉ារបស់ពួកគេ ក្លាយជាទីដៅ នៃការ​បង្ក្រាប​គ្មានប្រណី និង ការគំរាមពីខាងអាជ្ញាធរ។

ការ​ចាប់​ខ្លួន​នៅ​រដ្ឋធានីរុស្ស៊ី
ការ​ចាប់​ខ្លួន​នៅ​រដ្ឋធានីរុស្ស៊ី @Reuters
ផ្សាយពាណិជ្ជកម្ម

កម្លាំងរក្សាសណ្តាប់ធ្នាប់ បានពង្រាយជាស្រេច នៅតាមទីលានទាំងនោះ ស្របនឹង បទបញ្ជាសាលាក្រុង ដែលថា មិនត្រូវបណ្តោយឱ្យ​បាតុកម្មខុសច្បាប់នោះ ប្រព្រឹត្តទៅឡើយ ពីព្រោះវាគ្មានសេចក្តីអនុញ្ញាត ឯណា ពីខាងអាជ្ញាធរ។ គួរនិយាយថា ហាងនិងភោជនីយដ្ឋាន ដែលស្ថិតនៅក្បែរៗកន្លែងបាតុកម្មនោះ នាំគ្នាបិទមិនដំណើរការទេ ក្នុងថ្ងៃសៅរ៍នោះ ទៅតាមសារាចរទូន្មាន របស់សាលាក្រុង។

បាតុកម្មលើកនេះ ប្រព្រឹត្តទៅ ដោយគ្មានមេដឹកនាំពួកប្រឆាំងវត្តមានទេ ក្រោយ​ពីការ​ចាប់ឃាត់​ខ្លួនរង្គាល ដល់ទៅ ជិត ១.៤០០ នាក់ ក្នុងបាតុកម្មមួយសប្តាហ៍មុន។ ការចាប់បែបនេះ កើត​មានឡើង ជាថ្មី បន្ទាប់ពី ការវិលត្រឡប់នៃលោក វ៉្លាឌីមៀរ ពូទីន ចូលវិមានក្រេមឡាំងវិញ កាល​ក្នុងឆ្នាំ ២០១២។

ចំណែក មេធាវីលោកស្រី Lioubov Sobol ដែលក្លាយជាអ្នកប្រឆាំងនឹងអំណាចលោកពូទីន គឺ ត្រូវបានឃាត់ខ្លួន កាលដែលនៅសល់តែប៉ុន្មាននាទីសោះ ដល់ពេលដែលគ្នីគ្នាគាត់ ណាត់ជួបជុំគ្នា នៅកណ្តាលក្រុងម៉ូស្គូ ដើម្បីធ្វើបាតុកម្មតវ៉ានោះ។  គាត់ជាអ្នក​ច្បាប់​ អាយុ ៣១ ឆ្នាំ និងជា យុទ្ធមិត្តរបស់ មេប្រឆាំងឈ្មោះ  Alexei Navalny  ដែលដោយមក ពីគាត់អំពាវនាវឱ្យ​ធ្វើបាតុកម្មគ្មានសេចក្តីអនុញ្ញាត ថ្ងៃសៅរ៍មុន គឺត្រូវបានកាត់ទោស ឱ្យជាប់ក្នុងការឃុំឃាំង រយៈពេល ៣០ ថ្ងៃ។

អាជ្ញាធរ កំពុងប្រើគ្រប់មធ្យោបាយ ដើម្បីសាកល្បង សម្លុតពួកប្រឆាំង ដើម្បីបញ្ជាក់ថា ពួកបាតុករ ដែល ចុះថ្នល់នោះ មិនមែនក្នុងបំណងតវ៉ា ដោយអហិង្សាឡើយ -  សេចក្តីនេះ ថ្លែង ដោយ​លោកស្រី Lioubov ​Sobol មុនរូបគាត់ត្រូវបានឃាត់ខ្លួន។ គាត់បានធ្វើកូដកម្ម បង្អត់​អាហារខ្លួនឯង ៣​ សប្តាហ៍​មក​ហើយ។ គាត់តែងបានចៀសផុតពីការឃាត់ខ្លួន ដោយ​សារគាត់មានកូនតូច ក្នុង​បន្ទុក។

ស្ថាប័នរដ្ឋរុស្ស៊ីខាងអង្កេត SKR ថ្ងៃ៣សីហា បានកសាងសំណុំរឿងព្រហ្មទណ្ឌ ទល់នឹង អង្គការ​ឈ្មោះ “មូលនិធិខាងប្រយុទ្ធអំពើពុករលួយ” បង្កើតឡើង ដោយ លោក Alexei Navalny ជាមេប្រឆាំងនឹងវិមាន ក្រេមឡាំង គឺនៅចំពេលដែល បក្សពួកគាត់ រួមប្រជុំជាថ្មី ក្នុងក្រុងម៉ូស្គូ ទាមទារឱ្យមានការបោះឆ្នោតសេរី ។

ក្រុមអង្កេត ចោទ មូលនិធិនេះ ថាបានទទួលដោយខុសច្បាប់ លុយក្នុងទឹកប្រាក់ ១.០០០ លាន រូប្ល ស្មើ នឹង ១៣ លាន ៨ សែន អឺរ៉ូ ហើយ”លាង”លុយនេះ ដោយលាក់បំបាំងនៅពីក្រោយ យីហោ មូលនិធិ​ខ្លួន ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ