rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អង់គ្លេស

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង់គ្លេស​ស្នើ​ឲ្យ​រុស្ស៊ីពន្យល់​ពីករណី​បំពុលថ្មី​មួយ​​ទៀត

media
នាយករដ្ឋមន្ត្រី Theresa May បានចេញបញ្ជាឲ្យ​ប៉ូលីសបើក​ការស៊ើប​អង្គេត​ឲ្យស៊ីជម្រៅ ​បើទោះបីត្រូវ​ជីក​ខូងរូងដីរុះរើមេឃ​យ៉ាងណាក៏ដោយ ក៏ត្រូវតែរកមូល​ហេតុពិតប្រាកដមកស្រាយបំភ្លឺបញ្ជាក់ឲ្យច្បាស់លាស់ដែរ។ REUTERS/Hannah McKay/File Photo

រដ្ឋាភិបាល​អង់គ្លេស បាន​ទាមទារ​ឲ្យ​រុស្ស៊ី​ពន្យល់​បំភ្លឺ​ពី​ករណី​បំពុល​ថ្មី​មួយ​ ដែល​កើត​ទៅលើ​បុរស​ស្ត្រីពីរ​រូប​នាពេល​ថ្មីៗនេះ​។ អ្នក​​ទាំងពីរ​បាន​រង​សារធាតុគីមី​ពុ​ល​​ម្យ៉ាង ដែល​ស្រដៀង​នឹង​ករណី​បំពុល​ទីភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់ កាល​ពី​បួន​ខែ​មុន។ ថ្នាក់​ដឹកនាំ​​អង់គ្លេស​ខឹង​សម្បារ​ជា​ខ្លាំង ចំពោះ​ការ​បំពុលមនុស្ស​ជា​ញឹក​ញាប់​នៅ​ក្នុង​ទឹក​ដី​របស់​ខ្លួន ហើយនិង​​ចាត់ទុក​ថា ជា​រឿង​ដែល​មិន​អាច​ទទួល​បាន​ជា​ដាច់​ខាត។ ពី​ភាគី​រុស្ស៊ីវិញ​ បាន​បញ្ជាក់ថា ខ្លួន​គ្មាន​បា​នដឹង​ឮអ្វី​ទាល់តែ​សោះ។​


ចំពោះ​ករណី​បំពុល​ថ្មីនេះ ​នាយករដ្ឋមន្ត្រីនិង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃអង់គ្លេស បាន​ទៅ​ប្រជុំ​ជា​បន្ទាន់​ភ្លាម​ៗ​នៅ​សភា​អង់គ្លេស។ ​លោកស្រីនាយករដ្ឋមន្ត្រី​ Theresa May ​បាន​សម្តែង​ក្តី​ព្រួយ​បារម្ភ​ជា​ខ្លាំង​ និង​បាន​ចេញ​បញ្ជា​ឲ្យ​ប៉ូលីស​បើក​ការ​ស៊ើប​អង្គេត​ឲ្យ​ស៊ីជម្រៅ​ បើ​ទោះបី​ត្រូវ​ជីកខូង​រូង​​ដី​រុះរើ​មេឃយ៉ាង​ណាក៏ដោយ​ ក៏​ត្រូវតែ​រក​មូលហេតុ​ពិតប្រាកដ​មក​ស្រាយ​បំភ្លឺ​បញ្ជាក់​ឲ្យ​ច្បាស់​លាស់ដែរ​។

ចំណែក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃវិញ​ បាន​ប្រកាស​ពីក្នុង​សភា​មកដែរ​ថា វា​ល្មម​ដល់​គ្រប់​គ្រាន់ហើយ ដែលរដ្ឋា​ភិបាល​រុស្ស៊ី​ត្រូវ​ពន្យល់​ប្រាប់ឲ្យបានជាក់​​​ច្បាស់ពី​អ្វី​ដែល​បាន​កើត​ឡើង​។​ គឺ​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ទាល់តែ​សោះ ដែល​ពលរដ្ឋ​អង់គ្លេស​ ត្រូវ​ក្លាយ​ជា​ផ្ទាំង​ស៊ីប​នៃ​ថ្នាំពុល​។ ថ្នាំ​ពុល​ដែល​រាយ​ប៉ាយ​ដោយ​ចេតនា ឬ​ដោយ​ចៃ​ដន្យ​ក្តី ដែល​មាន​ដាក់​តាម​ផ្លូវ​ថ្នល់ តាម​សួន​ច្បារ និង​ភូមិ​ឋាន​របស់អង់គ្លេស​។

សម្រាប់​​រដ្ឋាភិបាល​អង់គ្លេស ករណី​បំពុល​ទាំងថ្មី​ទាំងចាស់ គឺ​គេ​ដាក់​កំហុស​ចង្អុរ​មុ​ខចំៗចំពោះ​​រដ្ឋាភិបាល​រុស្ស៊ី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង។ ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ម្តង​ហើយ​ម្តង​ទៀត​ អ្ន​កនាំពាក្យ​ក្រសួង​ការ​បរទេស​រុស្ស៊ី បាន​វាយ​បក​ទៅវិញថា រដ្ឋាភិបាល​របស់​លោកស្រី Theresa May ត្រូវតែ​សុំ​អភ័យ​ទោស​រុស្ស៊ី​និង​សហគមន៍​អន្តរជាតិ ចំពោះ​ការណ៍​ដែល​អង់គ្លេស ចេះតែ​ចោទ​ប្រកាន់​គេឯង​ដោយ​គ្មាន​ហេតុ​ផល។​ អ្នកនាំពាក្យ​ទូត​រុស្ស៊ី​ បញ្ជាក់ទៀត​ថា រដ្ឋាភិបាល​វិមាន​​ក្រឹមឡាំង គ្មាន​បាន​ដឹង​អ្វីទាល់​តែ​​សោះ ពី​សារធាតុ​គីមីពុ​ល​ដែល​គេ​យក​ទៅប្រើ​ប្រាស់នោះ ។ ម្យ៉ាង​ ​ជា​ទម្លាប់​ហើយ ដែល​រុស្ស៊ី ហាក់​ដូច​ជា​ត្រូវ​អឺរ៉ុប​យក​ធ្វើ​ជា​ចំណាប់​ខ្មាំង សម្រាប់តែ​ចោទ​ប្រកាន់​តែ​រហូត​មក។ នេះ​បើតាម​អ្នកនាំពាក្យ​​ទូត​រុស្ស៊ី​ដដែល​។​

គួររម្លឹក​ជម្រាប​ថា មនុស្ស​ពីរ​នាក់​ដែល​ត្រូវ​ថ្នាំ​ពុល​ករណី​ថ្មី​នោះ គឺ​​បុរស​ អាយុ​៤៥ឆ្នាំ ហើយ​​ស្ត្រី ​អាយុ​៤៤ឆ្នាំ។ អាការៈ​សុខភាព​របស់ពួក​គេ​គឺ​ស្ថិត​ក្នុង​​សភាព​ធ្ងន់ធ្ងរ ដែល​ត្រូវ​ការ​ជួយ​សង្គ្រោះ​បន្ទាន់។​ ករណី​ពុល​ថ្មី​នេះ គឺ​កើត​ឡើង​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន។ ​ទីតាំង​កើត​ហេតុ​នៅ​ចម្ងាយ​​តែ​បួន​ដប់​គីឡូមែត្រប៉ុ​ណ្ណោះ ពី​ករណី​បំពុល​សារធាតុ​គីមី​ក្នុង​ខែ​មីនា ទៅ​លើលោក ​សែកហ្គី ស្គ្រីបប៉ាល​ អតីត​ភ្នាក់​ងារ​ស៊ើប​ការ​ណ៍​សម្ងាត់​រុស្ស៊ី​ ដែល​លួច​យកការ​ណ៍​ឲ្យ​អង់គ្លេស​៕