rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

អង់គ្លេស៖ អតីតភ្នាក់ងារចារកិច្ច ត្រូវ​ថ្នាំពុលម្យ៉ាង​ ជា​សារធាតុដ៏កម្រ គឺ​មានតែ​រដ្ឋ​ទេ ទើប​អាចមាន​លទ្ធភាព​​ផលិត​បាន

media
មានអាយុ៦៦ឆ្នាំ លោក សែកហ្គីយ ស្គ្រីប៉ាល់ ជាអតីតភ្នាក់ងារចារកិច្ចរុស្ស៊ី ពាក់សក្តិវរសេនីយ៍ឯក តែបានលួចធ្វើការឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។ នៅឆ្នាំ២០០៦ រុស្ស៊ីចាប់រូបលោក និងកាត់ទោសឲ្យជាប់គុក ចំនួន១៣ឆ្នាំ ពីបទក្បត់ជាតិ ។ REUTERS

ជុំវិញ​សំណុំ​រឿង​បំពុល​អតីតភ្នាក់ងារចារកិច្ចនិង​កូន​ស្រី​ រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេស បញ្ជាក់ថា ​អតីតភ្នាក់ងារចារកិច្ចរូប​នោះ ត្រូវ​ថ្នាំពុល​ មួយ​ប្រភេទ​ ដ៏​កម្រ​ ហើយដែល​ត្រូវ​ហាម​ឃាត់​។ សារធាតុ​ពុល​ប្រភេទ​នេះ គឺមាន​តែ​រដ្ឋ​តែប៉ុណ្ណោះ​ដែល​អាច​មាន​លទ្ធភាព និង​សមត្ថភាព​ផលិត​។ 


លោក សែកហ្គីយ ស្គ្រីប៉ាល់ និង​កូន​ស្រី បាន​ទទួល​រង​សារធាតុ​គីមី​ពុល​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ប្រព័ន្ធ​ខួរ​ក្បាល ហើយ​សារធាតុបែបនេះអាច​ឲ្យ​មនុស្ស​ស្លាប់​យ៉ាង​មាន​ប្រសិទ្ធភាព។ ថ្នាំពុល​​នេះ គឺត្រូវ​គេ​ចាត់​បញ្ចូល​ជា​ប្រភេទ​សារធាតុ​ពុល​កម្រ​ ដែល​គេ​​​​ប្រើ​នៅ​ក្នុង​សង្គ្រាម​ស៊ីរី កាល​ពី​ឆ្នាំមុន។ វា​ជា​សារធាតុ​ពុល​ត្រូវ​ហាមឃាត់ ដូចជា​​ថ្នាំពុល​VX ដែល​គេ​បាន​ប្រើ​យកទៅ​សម្លាប់​លោក គីម ជុងណាម បងប្រុស​ប្រមុខ​រដ្ឋ​កូរ៉េ​ខាង​ជើង នៅប្រទេសម៉ាឡេស៊ី។ គេ​ជឿជាក់ថា​គឺ​មានតែរដ្ឋតែប៉ុណ្ណោះ ដែលអាចមានលទ្ធភាព និងសមត្ថភាពផលិតថ្នាំពុល​នេះ​​បាន​។ ព័ត៌មាន​ទាំង​នេះ គឺ​ជាការ​បញ្ជាក់​របស់មេប៉ូលីស​ប្រឆាំង​ភេរវកម្ម​អង់គ្លេស និង​លោកស្រី Amber Rudd រដ្ឋមន្ត្រី​មហាផ្ទៃ​អង់គ្លេ​ស​។​

នៅ​មុខ​សភាអង់គ្លេស ពីថ្ងៃព្រហស្បតិ៍​ លោកស្រីរដ្ឋមន្ត្រី​មហាផ្ទៃ​ សុំ​មិន​សន្និដ្ឋាន​ ឬ​មិន​ចោទប្រកាន់​ទៅ​ខាង​ណា​ទេ ដោយ​ទុកឲ្យ​ក្រុម​ប៉ូលីស​ជំនាញ ​ស្រាវជ្រាវ​ឲ្យ​បាន​ហ្មត់​ចត់​ជាមុន​សិន។ កាលពីថ្ងៃអង្គារ  ​រដ្ឋាភិបាល​អង់គ្លេស  បាន​បញ្ជាក់​ថា បើ​ការ​ស៊ើប​អង្គេត រកឃើញថា រដ្ឋ​ឬ​បុគ្គលណា​នៅ​ពីក្រោយអំពើនេះ គឺនឹងត្រូវ​ទទួល​​ការ​ឆ្លើយតប​វិញ យ៉ាង​តឹង​រឹង និង​ដ៏​សក្តិសម​បំផុត​។ ចំណែក​រដ្ឋមន្ត្រី​ការ​ទូត​អង់គ្លេស លោក Boris Johnson មិន​សំចៃ​មាត់​ឡើង លោក​បាន​ចង្អុល​មុខ​ចំ​ៗ​ទៅលើ​រុស្ស៊ី ដែល​ជា​នៅ​ពីក្រោយ​ទង្វើ​នេះ គឺ​វា​ដូច​ជា​ការ​បំពុល​​សម្លាប់​អតីតភ្នាក់​ចារកិច្ចម្នាក់​ដែរ កាលពី​ឆ្នាំ​២០០៦ដែរ​។

រីឯរដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស ពី​ថ្ងៃ​ព្រហស្បតិ៍​ បានលើកឡើងថា​ប្រាប់​ទូរទស្សន៍​ក្នុង​ស្រុក​ថា រុស្ស៊ីបាន​បង្កការ​គំរាម​កំហែង​កាន់តែ​ខ្លាំងឡើងៗ។ ចំណែក​តំណាង​រាស្ត្រ​ម្នាក់ លោក Nick Boles សរសេរ​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់​ខ្លួន ឲ្យ​រដ្ឋាភិបាល​ទីក្រុង​ឡុង​ដក​ខ្លួន​ឲ្យ​ឆ្ងាយពី​រុស្ស៊ី​។ តំណាង​រាស្ត្រ​រូប​នេះ យល់ថា គាត់​គ្មាន​ឃើញ​ការ​ចំណេញ​អ្វី​សោះ ដែល​ទាក់​ទង​ជាមួយ​ប្រទេស​ដែល​ហ៊ាន​មក​សម្លាប់​មនុស្ស​នៅ​លើទឹកដី​អង់គ្លេស​យ៉ាងដូច្នេះ។

ក៏ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី និង​ អ្នកនាំពាក្យវិមានក្រឹមឡាំង បានបដិសេធ​​​​ច្រាលចោល​ការ​ចោទប្រកាន់​យ៉ាង​«ននលគក»​នេះ។ រុស្ស៊ី ​ថែម​ទាំង​បាន​ប្រកាស​ចង់​សហការ​ជាមួយ​អង់គ្លេស​ ដើម្បី​ស៊ើប​អង្កេត​រក​ការពិត​ជុំវិញ​រឿង​នេះ​ទៀត​ផង។​

សាក្សីនៅ​កន្លែង​កើត​ហេតុ​បាន​ប្រាប់​កាសែត​អង់គ្លេសថា លោក សែកហ្គីយ ស្គ្រីប៉ាល់  កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ បាន​ដើរ​លេង​ជាមួយ​កូន​ស្រី ហើយ​បាន​ទទួល​ទាន​អាហារ និង​ផឹក​ស្រា​មួយ​កែវពីរ។ ​ក្រោយ​មក គេ​ក៏​ស្រាប់​តែ​ឃើញ​ពួក​គេ​ទាំង​ពីរនាក់ សន្លប់​បាត់​ស្មារតី​ នៅ​នឹង​បង់​កន្លែង​អង្គុយ​សាធារណៈតែម្តង។ គឺ​ក្បែរ​ផ្សារទំនើប​មួយ ភាគ​ខាង​ត្បូង​អង់គ្លេស​។

មាន​អាយុ៦៦ឆ្នាំ លោក សែកហ្គីយ ស្គ្រីប៉ាល់ ជា​អតីតភ្នាក់ងារចារកិច្ច​រុស្ស៊ី  ពាក់​សក្តិ​​វរសេនីយ៍ឯក តែ​​បាន​លួច​ធ្វើ​​ការ​ឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អង់គ្លេស។ នៅ​ឆ្នាំ​២០០៦ ​រុស្ស៊ីចាប់រូប​លោក​ និងកាត់ទោស​ឲ្យ​ជាប់​គុក ចំនួន​​១៣ឆ្នាំ ពីបទ​ក្បត់​ជាតិ ។ ក៏ប៉ុន្តែ ជាប់ពន្ធនាគារ​បា​ន៤ឆ្នាំ លោក សែកហ្គីយ ស្គ្រីប៉ាល់  ក៏​បាន​ត្រូវ​រុស្ស៊ី​បញ្ជូន​ទៅ​ឲ្យ​អង់គ្លេស​ នៅក្នុង​ក្រប​ខណ្ឌ​ចុះ​កិច្ចព្រម​ព្រៀង​ដោះដូរផ្នែក​ចារកិច្ច​៕​