អានតួអត្ថបទ
អង់គ្លេស-ប៉ារ៉ែន

អង់គ្លេស​សាងសង់​មូលដ្ឋានយោធា​ថ្មី​នៅក្នុង​ប្រទេស​បារ៉ែន

ក្រសួង​ការបរទេស​នៃ​ប្រទេស​អង់គ្លេស​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​អង់គ្លេស​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​រដ្ឋាភិបាល​នៃ​ប្រទេស​បារ៉ែន​ដើម្បី​សាងសង់​មូលដ្ឋាន​យោធា​ថ្មី​មួយ​របស់​អង់គ្លេស​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ បើ​គិត​តំាង​ពី​ឆ្នំា ១៩៧១ មក គម្រោង​សាងសង់​មូលដ្ឋាន​យោធា​អង់គ្លេស​នៅ​ក្នុង​ប្រទេស​បារ៉ែន​ពេល​នេះ​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​អង់គ្លេស​មាន​មូលដ្ឋានទ័ព​របស់​ខ្លួន​ផ្លូវការ​លើកទី១ នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោក​ Philip Hammond រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស
លោក​ Philip Hammond រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

គួរ​ជម្រាប​ជូន​ថា ប្រទេស​បារ៉ែន ជា​សមាជិក​នៃ​សម្ព័ន្ធមិត្ត​រៀបចំ​ដោយ​សហរដ្ឋអាមេរិក​ក្នុង​ការ​វាយប្រហារ​លើ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ដូច្នេះ​កិច្ច​កិច្ចព្រមព្រៀង​រវាង​អង់គ្លេស និង​បារ៉ែន​ក្នុង​ការ​ស្ថាបនា​មូលដ្ឋានទ័ព​អង់គ្លេស​នៅ​ក្នុង​ប្រទេស​បារ៉ែន​ពេល​នេះ​នឹង​សំដៅ​ពង្រឹង​បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ការ​គំរាមកំហែង​សន្តិសុខ​នៅ​មជ្ឈិមបូព៌ា។ តាម​ការ​បញ្ជាក់​រួម​គ្នា​របស់​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អង់គ្លេស និង​បារ៉ែន​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​បាន​ចុះ​ហត្ថលេខា​នៅ​ក្នុង​ទីក្រុង​ម៉ាណាម៉ា​នៃ​ប្រទេស​បារ៉ែន​នាឱកាស​វេទិកា​កិច្ចសន្ទនា​ម៉ាណាម៉ា​លើកទី១០ ដែល​បាន​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សិក្សា​យុទ្ធសាស្រ្ត​អន្តរជាតិ។ រដ្ឋាភិបាល​អង់គ្លេស​បាន​ចំណាយ​ប្រាក់​ចំនួន ១៩លានអឺរ៉ូ​ដើម្បី​សាងសង់​មូលដ្ឋាន​ទ័ព​របស់​ខ្លួន​ក្នុង​ប្រទេស​បារ៉ែន។

ក្រសួង​ការបរទេស​អង់គ្លេស​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កិច្ចព្រមព្រៀង​នោះ​នឹង​អនុញ្ញាត​ឲ្យ​មាន​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​លើ​រចនាសម្ព័ន្ធ​កំពុងផែ​មីណា សាល់ម៉ង់​ដែល​អង់គ្លេស​មាន​ស្រាប់​នៅ​ក្នុង​ប្រទេស​បារ៉ែន។ គឺ​នៅ​កំពុងផែ​នោះ​ហើយ​ដែល​អង់គ្លេស​បាន​រក្សា​ទុក​ជា​ប្រចំា​នូវ​នាវា​សម្រាប់​ដោះមីន​ចំនួន ៤គ្រឿង។ ដូច្នេះ​ជាមួយ​នឹង​ការ​ពង្រឹងពង្រីក​បន្ថែម​កំពុងផែ​នោះ​នឹង​អនុញ្ញាត​ឲ្យ​នាវាចម្បំាង​អង់គ្លេស​ប្រើ​ជា​មូលដ្ឋានទ័ព​ជា​អចិន្ត្រែយ៍​របស់​ខ្លួន ក៏​ដូច​ជា​កន្លែងស្នាក់នៅ ឬ​ក៏​ជា​កន្លែងស្តុក​គ្រឿងសព្វាវុធ​របស់​ទ័ពជើងទឹក​អង់គ្លេស។ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​អង់គ្លេស Michael Fallon បាន​ថ្លែង​ថា មូលដ្ឋាន​ទ័ពអង់គ្លេស​ថ្មី​នេះ​នឹង​ចូលរួម​ជួយ​បង្កើន​វត្តមាន​ទ័ពជើងទឹក​អង់គ្លេស និង​ក៏​ដូច​ជា​អនុញ្ញត​ឲ្យ​អង់គ្លេស​អាច​បញ្ជូនបន្ថែម​នូវ​នាវាចម្បំាង​ខ្នាតធំ ខ្នាតតូច​ក្នុង​គោលដៅ​ជួយ​ពង្រឹង​ស្ថិរភាព​នៅ​តំបន់​មជ្ឈិមបូព៌ា។

គួរ​រម្លឹក​ជូន​ថា គឺ​ទើប​តែ​នៅ​ក្នុង​ឆ្នំា ១៩៦៨ ទេ​ដែល​អង់គ្លេស​បាន​សម្រេច​ដកទ័ព​របស់​ខ្លួន​ទំាង​អស់​ចេញ​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ឈូងសមុទ្រ​ពែស៍។ ការ​ដក​ដែល​កាលណោះ​បាន​អនុញ្ញាត​ឲ្យ​មាន​កំណើត​ប្រទេស​ អេមីរ៉ាតអារ៉ាប់រួម និង​ឯករាជ្យភាព​របស់​ប្រទេស​កាតា និង​បារ៉ែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ