អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ស៊ូណាមិនៅ​ឥណ្ឌូណេ​ស៊ី៖ ​អាជ្ញាធរ​បារម្ភពីរ​លក​យក្សថ្មី​ទៀត ដែល​កើត​ឡើង​ពីភ្នំភ្លើង​កំពុង​បន្តផ្ទុះ

រលកយក្ស​ស៊ូណាមិ នៅ​ឥណ្ឌូណេស៊ី! តុល្យការបណ្តោះអាសន្នពេល​នេះ ចំនួន​មនុស្ស​ស្លាប់​បាន​កើនឡើង​ដល់​៣៧៣នាក់ ហើយ​អ្នក​រងរបួស​ មាន​ជាង​១ពាន់៤រយនាក់។ អាជ្ញាធរ​ឥណ្ឌូណេស៊ី​ បាន​សុំ​ទោស​ជាថ្មី ចំពោះ​ការដែល​ពុំ​បាន​ប្រកាស​អាសន្ន​ប្រាប់​ដំណឹង​ជាមុន​ពីគ្រោះ​មហន្តរាយ។ ការ​ធ្វេសប្រហែស​នេះ គឺពីព្រោះតែ​ ប្រព័ន្ធ​ចាប់​សញ្ញាអាសន្ន មិន​ដំណើរ​ជា​ច្រើ​ន​ឆ្នាំមកហើយ​។

ភ្នំភ្លើង Anak Krakatoa ជា​ភ្នំមួយ​ ក្នុង​ចំណោមភ្នំភ្លើង១២៧ នៅ​ឥណ្ឌូនេស៊ី
ភ្នំភ្លើង Anak Krakatoa ជា​ភ្នំមួយ​ ក្នុង​ចំណោមភ្នំភ្លើង១២៧ នៅ​ឥណ្ឌូនេស៊ី AFP
ផ្សាយពាណិជ្ជកម្ម

មុន​នឹង​មាន​ហេតុការ​ណ៍​រលកយក្ស​ស៊ូណាមិ កាល​ពី​យប់​ថ្ងៃសៅរ៍​ ទី​២២ធ្នូ អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​គ្រប់​គ្រង​គ្រោះមហន្តរាយ បា​នបញ្ជាក់ថា អាជ្ញាធរ​គ្មា​ន​ទទួល​សញ្ញា​អាសន្ន​អ្វី​ធំដុំ​នោះទេ​ ជាហេតុ​ពុំ​បាន​ជូន​ដំណឹង​ដល់​សាធារណ​ជន​ឲ្យ​ប្រុង​ប្រយ័ត្ន ទុក​​ជាមុន។ ការ​គ្មាន​សញ្ញា​អាសន្ន​នេះហើយ ទើប​នៅពេល​ដែល​រលកយក្ស​ស៊ូណាមិមកដល់ ពលរដ្ឋ​និងភ្ញៀវ​ទេស​​ចរនៅ​លើ​កោះស៊ូម៉ាត្រា​និងកោះជ្វា គ្មាន​ពេល​សម្រាប់​រត់​គេច​រក​ទីទួល​សុវត្ថិភាព​។

នៅ​ថ្ងៃចន្ទ ទី​២៤ធ្នូនេះ អាជ្ញាធរ​បាន​បញ្ជាក់​ជាថ្មីថា ប្រព័ន្ធ​ចាប់​សញ្ញា​អាសន្ន ដែល​គេ​បាន​រៀបចំ​ដាក់​ តាំងតែ​ពីក្រោយ​គ្រោះថ្នាក់​រលកយក្ស​ស៊ូណមិឆ្នាំ២០០៤មក​នោះ វា​ចាស់​យូរ​ឆ្នាំហើយ និង​គ្មាន​ដំណើរ​។ ហើយ​បើ​តាមសារព័ត៌មាន channel news asia របស់​សិង្ហបុរី ប្រព័ន្ធ​ចាប់​សញ្ញា​អាសន្ននេះ ខូច​តាំងពី​ឆ្នាំ​២០១២ មកម្ល៉េះ។ គឺ​លែង​ដំណើរការ​៦​ឆ្នាំ​មកហើយ។​

តែ​យ៉ាងណា​ក៏ដោយ អ្នក​ជំនាញ​ម្នាក់​នៅ​ទីក្រុង​ឡុងដ៍ យល់ថា នៅក្នុង​ករណី​មួយ​នេះ បើ​ទោះបី​ជា​​មាន​ប្រព័ន្ធ​ចាប់​សញ្ញា​អាសន្នក្តី ក៏​ទំនង​ជា​ពុំ​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ជម្លៀស​​ជន​រងគ្រោះដែរ ពីព្រោះថា រលកយក្ស​ស៊ូណាមិនេះ វា​បោកបក់មកដល់​ច្រាំង ​លឿន​ឆាប់​រហ័ស​ពេក។

សូមជ្រាបថា រលកយក្ស​ស៊ូណាមិនេះ មាន​កម្ពស់​​ទឹកសមុទ្រ​៦ម៉ែត្រ​ បង្កឡើង​ពី​ការរអិល​បាក់​ដី នៃ​បន្ទុះ​​ភ្នំភ្លើងឈ្មោះថា Anak Krakatoa។ ភ្នំភ្លើង​នេះ កើត​នៅ​ឆ្នាំ​១៩២៨ ដែល​ដុះ​ចេញពី​បំណែក​ផ្ទុះ​ភ្នំភ្លើង​ដ៏​ធំ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក គឺភ្នំ​ Krakatoa នៅឆ្នាំ​១៨៨៣។ កាល​នោះ មាន​ស្លាប់​មនុស្ស​ប្រមាណ​៣ម៉ឺន​៦ពាន់នាក់។

គួរ​ជ្រាប​ដែរថា ឥណ្ឌូណេស៊ី ជា​ប្រទេស​បណ្តុំដោយ​កោះនិងកូន​កោះ​ជា​ង​១ពាន់ ដែល​បង្កើតបាន​ជា​ខ្សែក្រវ៉ាត​ រាយប៉ាយនៅព័ទ្ធជុំវិញ​​ភ្នំភ្លើង។ បច្ចុប្បន្ន​នេះ ភ្នំភ្លើង​ចំនួន​១២៧ កំពុង​តែ​ឆេះ​ ហើយ​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ កំពុងតែ​​ព្រួយ​បារម្ភ​ពី​រលកយក្ស​ថ្មីទៀត ដែល​បង្ក​ពីភ្នំភ្លើង​ដែល​ចេះ​យ៉ាង​សកម្ម​បែបនេះ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ