អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ប៉េរូ​ទទួលភារៈ​រៀប​ចំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​​ស្តី​ពីអាកាសធាតុ ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ​នេះ ទីក្រុង​លីម៉ា ​ប្រទេស​ប៉េរូ​ ផ្តើម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​ លើកទី២០ ស្តីពី​បញ្ហា​អាកាសធាតុ។ កិច្ចប្រជុំ​នេះ​ប្រព្រឹត្ត​ទៅ​ រយៈពេល ១២ថ្ងៃ ដោយ​មាន​ ប្រទេសចំនួន​ជាង​ ១៩០​ចូលរួម និង​មនុស្ស​​ប្រមាណ​ជា ១២ ០០០នាក់​មក​ពី​គ្រប់ជ្រុងជ្រោយ​ក្នុង​លោក ពិសេស វត្តមាន ​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល ព្រម​ទំាង​អង្គការអន្តរជាតិ​នានា។ កម្មវត្ថុ​នៃ​កិច្ចប្រជុំ​នៅ​លីម៉ា​ពេល​នេះ ក៏​ជា​ការ​ត្រៀម​រៀបចំ​សន្និសីទអន្តរជាតិ​ស្តីពី​អាកាសធាតុ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ នា​ឆ្នំា ២០១៥ខាងមុខ។

ច្រក​ចូល​មជ្ឈមណ្ឌល​ទទួល​រៀប​ចំ​ជំនួប​​ស្តី​ពី​អាកាស​ធាតុ COP20  នាទីក្រុង​លីម៉ា ប្រទេស​ប៉េរូ
ច្រក​ចូល​មជ្ឈមណ្ឌល​ទទួល​រៀប​ចំ​ជំនួប​​ស្តី​ពី​អាកាស​ធាតុ COP20 នាទីក្រុង​លីម៉ា ប្រទេស​ប៉េរូ AFP PHOTO/CRIS BOURONCLE
ផ្សាយពាណិជ្ជកម្ម

លីម៉ា​បាន​ត្រៀមលក្ខណៈ​ជា​ស្រេច ក្នុង​ការ​ទទួល​បើក​​សន្និសីទ​​ស្តី​អំពី​អាកាស​ធាតុ​លើក​ទី ២០ ឬ​ហៅ​ថា​ជា​ជំនួប​COP២០។ COP ជា​ស្ថាប័ន​ដែល​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ នា​ឱកាស​ដែល​អង្គការ​សហប្រជាជាតិ​​បាន​អនុម័ត​​អនុសញ្ញា​គោល​ ស្តី​ពី​ការ​ប្តូរ​ផ្លាស់​អាកាស​ធាតុ​ និង​ដែល​មាន​ប្រទេស​ចំនួន ១៩៥​បាន​ផ្តល់​សច្ចាប័ន។

 

តំណាង​​ប្រតិភូ​មក​ពី​១៩៥​ប្រទេស ត្រូវ​​​​ជួប​ប្រជុំ​ ធ្វើ​ការ​នៅ​ក្នុង​អគារ​ដ៏ពិសេស​មួយ រៀប​ចំ​​ឡើង​សម្រាប់​ព្រឹត្តិការណ៍​ធំៗ​នៅ​លីម៉ា រដ្ឋធានី​របស់​ប៉េរូ ដោយ​​ចាប់​ផ្តើម​ពិភាក្សា ឬ​បន្ត​ពិគ្រោះ​ពិចារណា​គ្នា​លើ​​ប្រធានបទ​​ប្រចាំ​សតវត្សរ៍ “ការ​ប្តូរ​ផ្លាស់​អាកាសធាតុ​” និង​ជាពិសេស លើ​វិធានការ​ ដែល​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​សន្យា ត្រូវ​ប្រកាន់យក​ដើម្បី​​​កាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

កម្មវត្ថុ​ និង​ កិច្ចព្រមព្រៀង
 
កម្មវត្ថុ​ឬ​បំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឱ្យ​ការ​ចរចា​ស្តី​ពី អាកាសធាតុ មានការ​ជឿន​លឿន​​ទៅ​មុខខ្លាំង និង​អាច​សម្រេច​តាក់តែង​ឱ្យ​បាន​នូវ​អត្ថបទ​​ច្បាប់​មួយ យ៉ាង​សព្វ​ជ្រុង​ជ្រោយ​ ដែល​នឹង​ក្លាយ​ជា​ទៅ​កិច្ចព្រមព្រៀងចុង​ក្រោយ​​​ អាច​ចុះ​ហត្ថលេខា​បាន​ ក្នុង​សន្និសីទ​អង្គកា​រ​សហប្រជាជាតិ​លើក​ទី ២១ នៅ​ទីក្រុង​ប៉ារីស ឆ្នាំ​២០១៥។ ជា​កិច្ចព្រមព្រៀង ដែល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​អាច​អនុវត្ត​តាម​​បាន​ចាប់​ពី​ឆ្នាំ​២០២០ និង​ដែល​មាន​អត្ថន័យ​ខ្លឹម​សារ ឆ្លើយ​តប​បាន​ទៅ​នឹង​កម្មវត្ថុ​​របស់​អង្គការ​សហប្រជាជាតិ ក្នុង​ការ​កំរិត​ការឡើង​កម្តៅ​នៃ​ភព​ផែនដី​ ត្រឹម​តែ​ ២អង្សារ។

លីម៉ាចង់រ​កឱ្យ​ឃើញ​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ លើ​ប្រភេទ​នៃ​កម្មវត្ថុ​ជាតិ​ដែល​ប្រទេស​នីមួួយៗ​​ត្រូវ​​​លើក​មក​បង្ហាញ​ឱ្យ​បាន​មុន​ខែ​មីនា ២០១៥។

ថ្វី​បើ​ជំនួប​ប្រជុំ​ប្រព្រឹត្ត​ទៅ​ដោយ​បិទ​ទ្វារ ​សាធារណជន​អាច​​តាម​ដាន​​ និង​ចូល​រួម​​ចំណែក​ ក្នុង​សន្និសីទ​រណប​តូចៗ​ ឬ​​ការ​ជួបជុំ​ពិភាក្សា​ផ្សេងៗ ​ទន្ទឹម​នឹង​ជំនួប​ប្រជុំ​ផ្លូវការ​ COP​ ដែល​រដ្ឋាភិបាល​ប៉េរូ​បាន​ផ្តួច​ផ្តើម​រៀប​ចំ​ឡើង។ សូម​បញ្ជាក់​ថា​ប៉េរូ​ ជា​ម្ចាស់​ផ្ទះ​ថ្ងៃ​នេះ ក៏​ជា​ប្រទេស​មួយ ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់ និង​ងាយ​រង​គ្រោះ​ជាង​គេ​ពី​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ។

បរិបទ​មាន​សុទិដ្ឋនិយម

គ្រប់គ្នា​នៅ​ចង​ចាំ​មិន​ភ្លេច​ទេ បរាជ័យ​នៃ​ជំនួប​កំពូលស្តី​ពី​អាកាសធាតុ​នៅ​ទីក្រុង​កូផេនហាក ប្រទេស​ដាណឺម៉ាក ឆ្នាំ​២០០៩ ដែល​បាន​បិទ​បញ្ចប់​ទៅ​ដោយ​គ្មាន​រក​ឃើញ​កិច្ចព្រមព្រៀង​ គួរ​ឱ្យ​កត់​សម្គាល់​សោះ។ ប៉ុន្តែ​នៅ​លើក​នេះ បរិបទ​ហាក់​ដូច​ជា​មាន​សុទិដ្ឋនិយម​ជាង​លើក​មុនៗ ៖ រយៈ​ពេល​ចុងក្រោយ​នេះ ដំណឹង​ល្អច្រើន​ធ្លាក់​មកបន្ត​បន្ទាប់​គ្នា​ ​ទាក់ទង​នឹង​សំណុំ​អាកាសធាតុ​។

នា​​ឱកាស​ជំនួប​កំពូល​APEC (វេទិកា​សហប្រតិបត្តិការ​អាស៊ីប៉ាស៊ីហ្វិក) កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា នៅ​ប៉េកាំង សហរដ្ឋ​អាមេរិក​ និង​ចិន​ព្រមព្រៀងរួម​​​គ្នា​កាត់​បន្ថយ​រៀងៗ​ខ្លួន​ការ​បញ្ចេញ​ឧស្ម័ន​​ផ្ទះ​កញ្ចក់ ៖ អាមេរិក​​សន្យា​បញ្ចុះ ពីពេល​នេះ ដល់​ឆ្នាំ​២០២៥​ ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក CO2 ពី ២៦​ទៅ ២៨%​ ចំណែក​ខាង​ចិន​វិញ ក៏​ព្រម​កាត់​បន្ថយ​បន្តិច​ម្តងៗ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ តាមការ​សន្យា​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០។ ជា​លើក​ទី​មួយ​ហើយ ដែល​មហាយក្ស​ខាង​បញ្ចេញ​ឧស្ម័ន​ពុល​ទាំង​ពីរ​ព្រមព្រៀង​គ្នា​យ៉ាង​ដូច្នេះ។

កាលពី​ប៉ុន្មាន​​ថ្ងៃ​មុន​នេះ​ទៀត ដល់​វេន​សហភាព​អឺរ៉ុប​ម្តង​ ! ​សមាជិក​ទាំង​២៨ បាន​ប្រកាស​កាត់​​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ឱ្យ​បាន​៤០%​នៅ​ឆ្នាំ​២០៣០ បើ​ប្រៀប​ទៅ​ឆ្នាំ​១៩៩០ និង​ងាក​ទៅ​ចាប់​យក​ថាមពល​មិន​ចេញ​រីក​ស្ងួត​មក​ប្រើ​លាយ​ជា​មួយ​ថាមពល​ផ្សេងទៀត ឱ្យ​បាន​២៧%។ ការ​សន្សំ​ថាមពល​២៧%​ ក៏​នឹង​ត្រូវ​សម្រេច​នាពេល​ខាង​មុខដ៏​ខ្លី។

ជា​ចុង​ក្រោយ គឺហិប​​មូលនិធិ​បៃតង​ ដែល​ប្រទេសមហាអំណាច​ឧស្សាហកម្ម​​បាន​សន្យាផ្តល់​ ​នា​កាលពី​ ឆ្នាំ​២០០៩ ដើម្បី​ជួយ​ដល់​ប្រទេស​ក្រីក្រ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃ​ភព​ផែន​ដី ចាប់​ផ្តើមបំ​ពេញ​ជា​បណ្តើរៗ។ ២១​ប្រទេស​ឧស្សាហកម្ម​​បាន​សន្យា​​បង់​លុយ​ចូ​ល​ហិប​មូលនិធិ​បៃតង​ឱ្យ​បាន​៧៤​ពាន់​លាន​អឺរ៉ូ៕
  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ