rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក សង្គម

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

មនុស្ស ១៧​នាក់​ស្លាប់ ដោយ​សារ​ការ​បាញ់​សង​សឹក​របស់​អតីត​សិស្ស​ម្នាក់​ ចំ​ថ្ងៃ Valentine’s Day

media
ទិដ្ឋភាព​នៅ Parkland បន្ទាប់​ពីការបាញ់​ប្រហារ Instagram/@Dann_Edu/via REUTERS

អតីត​សិស្ស​វិទ្យាល័យ​វ័យ ១៩​ឆ្នាំ​ម្នាក់ បាន​កាន់​កាំភ្លើង​វែង​ប្រភេទ AR-15 ចូល​ទៅ​បើក​ការ​បាញ់​ប្រហារ​ក្នុង​វិទ្យាល័យ​ដែល​គេ​ធ្លាប់​រៀន ឈ្មោះ Marjory Stoneman Douglas ស្ថិត​ក្នុង​ទីក្រុង Parkland រដ្ឋ Florida សហរដ្ឋ​អាមេរិក នៅ​រសៀល​ថ្ងៃ​ពុធ​ម្សិល​មិញ។ មន្ត្រី​ប៉ូលីស​ជាន់​ខ្ពស់​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​ថា ក្រោយ​ហេតុការណ៍​នោះ សិស្ស​សាលា រួម​ទាំង​គ្រូ​យ៉ាង​ហោច​ណាស់ ១៧​នាក់ បាន​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត ត្រូវ​រង​របួស និង​បញ្ជូន​ទៅ​មន្ទីរពេទ្យ។ ព្រឹត្តិការណ៍​បាញ់​ប្រហារ​នេះ បាន​និង​កំពុង​បង្កើន​ឲ្យ​មាន​ការ​​​ពិភាក្សា​ ជុំវិញ​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​អាវុធ នៅ​សហរដ្ឋ​អាមេរិក ព្រោះ​ថា​សោកនាដកម្ម​របៀប​នេះ វា​បាន​កើត​ឡើង​ស្ទើរ​តែ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។


វា​ស្ទើរ​តែ​ជា​រឿង​ដដែលៗ​ទៅ​ហើយ ដែល​សហរដ្ឋ​អាមេរិក មាន​មនុស្ស​កាន់​កាំភ្លើង ចូល​ទៅ​បាញ់​ប្រហារ​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់ នៅ​តាម​សាលារៀន ឬ តាម​កន្លែង​កម្សាន្ត​នានា។ នេះ​ក៏​ព្រោះ​តែ​រដ្ឋ​ខ្លះ ក្នុង​ប្រទេស​មហា​អំណាច​នេះ បាន​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​កាំភ្លើង​ដោយ​ស្រប​ច្បាប់ ដើម្បី​ការពារ​ខ្លួន។ តួ​យ៉ាង​ករណី​នៅ​រដ្ឋ Florida នៅ​ពេល​នេះ គឺ​យុវជន​ម្នាក់ ដែល​ប៉ូលីស​បាន​កំណត់​អត្តសញ្ញាណ​ថា​ឈ្មោះ Nikolas Cruz ជា​អតីត​សិស្ស ដែល​ត្រូវ​បាន​សាលា​បណ្តេញ​ចេញ ព្រោះ​តែ​មិន​គោរព​វិន័យ​សាលា​នោះ​ បាន​កើត​ចិត្ត​គុំ​ខឹង ហើយ​បាន​កាន់​កាំភ្លើង ​សម្រុក​ចូល​ទៅ​បាញ់​ប្រហារ​សម្លាប់​មនុស្ស ក្នុង​សាលា​ដែល​គេ​ធ្លាប់​រៀន​សូត្រ នៅ​ចំ​ថ្ងៃ​នៃ​ក្តី​ស្រលាញ់ ១៤​កុម្ភៈ។

បាញ់​សម្លាប់​មនុស្ស​ហើយ យុវជន​ម្នាក់​នេះ​ បាន​រត់​គេច​ខ្លួន ប៉ុន្តែ​ត្រូវ​ប៉ូលីស​ចាប់​បាន រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ ព្រោះ​ខ្លួន​ប្រាណ​របស់​គេ​ក៏​មាន​សភាព​របួស​ផង​ដែរ។ ដំបូង​ឡើយ យុវជន​នេះ បាន​បន្លំ​ខ្លួន​ចូល​ក្នុង​សាលា រួច​ហើយ​ចុច​កណ្តឹង​ប្រកាស​អាសន្ន ហើយ​ក៏​ចាប់​ផ្តើម​សកម្មភាព​បាញ់​សម្លាប់​មនុស្ស​មិន​ញញើត​ដៃ​តែ​ម្តង។ សិស្ស​សាលា គ្រូ​បង្រៀន​ជា​ច្រើន​នាក់ បាន​រត់​ពួន និង​រត់​គេច​ខ្លួន រហូត​ទាល់​តែ​ក្រុម​កង​កម្លាំង​សមត្ថកិច្ច​ពិសេស ចូល​ទៅ​សង្គ្រោះ​ស្ថានការណ៍​នោះ​បាន។

រដ្ឋ Florida ដែល​មាន​ប្រជាជន​រស់​នៅ​ប្រមាណ ២១​លាន​នាក់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រដ្ឋ​ដែល​មាន​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​ប្រើ​កាំភ្លើង​ច្រើន​ជាង​គេ​ ព្រោះ​វា​ជា​រដ្ឋ ដែល​មាន​ការ​យុទ្ធនាការ​ទាម​ទារ​ឲ្យ​មាន​សិទ្ធិ​ប្រើ​កាំភ្លើង​ស្រប​ច្បាប់​មុន​គេ តាំង​ពី​ឆ្នាំ ២០០៥​មក។ បើ​តាម​ទិន្នន័យ​ផ្លូវ​ការ​កាល​ពី​ខែ​មករា បាន​បង្ហាញ​ថា មាន​ពលរដ្ឋ​ជិត ២​លាន​នាក់ កំពុង​មាន​កាំភ្លើង​ក្នុង​ដៃ។

ភ្លាមៗ​ក្រោយ​ដំណឹង​នេះ លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​សម្តែង​ការ​សោក​ស្តាយ និង​ចូល​រួម​មរណទុក​ជាមួយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ដោយ​និយាយ​ថា «មិន​គួរ​មាន​កុមារ គ្រូ​បង្រៀន ឬ នរណា​ម្នាក់ ត្រូវ​ប្រឈម​នឹង​អារម្មណ៍​អសុវត្ថិភាព ក្នុង​សាលារៀន​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ»។

​បើ​និយាយ​ពី​ព្រឹត្តិការណ៍​បាញ់​ប្រហារ​ក្នុង​សាលា​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ច្រើន​បែប​នេះ វា​មាន​មិន​តិច​នោះ​ទេ នៅ​សហរដ្ឋ​អាមេរិក តាំង​ពី​ឆ្នាំ​ ២០១២​មក។ ក្នុង​របាយការណ៍​របស់​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​បង្ហាញ​ថា តាំង​ពី​ខែ​មករា​ឆ្នាំ ២០១៣​មក ករណី​បាញ់​ប្រហារ​ក្នុង​សាលារៀន​ បាន​កើត​ឡើង​យ៉ាង​ហោច​ណាស់ ២៩១​លើក ទូទាំង​ប្រទេស។

គួររម្លឹកជូនដែរថា កាលពីខែមិថុនា ឆ្នាំ ២០១៦កន្លងទៅ Florida ក៏​បានប្រឈម​នឹង​ការ​បាញ់ប្រហារដោយ​បុរស​ខ្មាន់កាំភ្លើង​ម្នាក់ ទៅលើ​ក្លឹបកម្សាន្ត​មនុស្សភេទទី៣ ក្នុងទីក្រុង Orlando ដែល​បានសម្លាប់មនុស្ស ៤៩នាក់៕