អានតួអត្ថបទ
កម្ពុជា-អាមេរិក

អាមេរិក​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ

សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​អង្គារ​បាន​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ។ បន្ទាប់​ពី​ការ​ចាក​ចេញ សហរដ្ឋ​អាមេរិក បាន​ថ្កោល​ទោស​ចំពោះ​សមាជិក​នៃ​ក្រុម​ប្រឹក្សា​នេះ ហើយ​ចោទ​ប្រកាន់​ថា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ មាន​ភាព​លំអៀង​ប្រឆាំង​នឹង​ប្រទេស​អ៊ីស្រាអែល ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

​លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ
​លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ @សហការី
ផ្សាយពាណិជ្ជកម្ម

សេចក្តី​សម្រេច​របស់​វ៉ាស៊ីនតោន​នា​ពេល​នេះ ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ដោយ​លោក​ស្រី Nikki Haley ឯក​អគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ។ យ៉ាង​ណា​ក៏​ដោយ លោក​ស្រី នៅ​តែ​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​ជា​ប្រទេស​ឈាន​មុខ​គេ ក្នុង​កិច្ច​ការពារ​សិទ្ធិ​មនុស្ស​ដដែល។​

ជា​ការ​កត់​សម្គាល់​សេចក្តី​ប្រកាស​នេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ រិះគន់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​អំពើ​ពង្រាត់​កុមារ​ពី​ឪពុក​ម្តាយ​របស់​ពួក​គេ ខណៈ​ដែល​ពួក​គេ​កំពុង​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​ចាក​ចេញ​ពី​ម៉ិកស៊ិក។

លោក​ស្រី Haley និង​លោក Pompeo រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​ចាក​ចេញ​នា​ពេល​នេះ គឺ​បន្ទាប់​ពី​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ដែល​សហរដ្ឋ​អាមេរិក​តែង​តែ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់ និង​ដក​សមាជិក​នៃ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដែល​កំពុង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ចេញ។

លោក​ស្រី Haley បញ្ជាក់​ថា ការ​ធ្វើ​កំណែ​ទម្រង់​គឺ​ជា​រឿង​ចាំ​បាច់​មួយ​ដែល​ត្រូវ​តែ​ធ្វើ​សម្រាប់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ឲ្យ​ស្ថាប័ន​មួយ​នេះ ក្លាយ​ជា​អ្នក​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។ លោក​ស្រី​បន្ត​ថា ជា​ច្រើន​ឆ្នាំ​មក​នេះ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ការពារ​ប្រទេស ដែល​កំពុង​រំលោភ​បំពាន​សិទ្ធិ​មនុស្ស និង​មាន​ភាព​លំអៀង​ផ្នែក​នយោបាយ។ លោក​ស្រី​បញ្ជាក់​ថា ពេល​នេះ​ គ្រប់​គ្នា​ឃើញ​ច្បាស់​ហើយ ថា​ស្ថាប័ន​កំពូល​ផ្នែក​សិទ្ធិ​មនុស្ស​មួយ​នេះ មិន​បាន​ទទួល​យក​ការ​ធ្វើ​កំណែ​ទម្រង់​នោះ​ទេ។

សូម​ជម្រាប​ជូន​ថា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៦ ក្នុង​គោល​ដៅ​ការពារ​សិទ្ធិ​មនុស្ស​នៅ​ទូទាំង​ពិភព​លោក។ ប៉ុន្តែ​ការ​ចេញ​របាយការណ៍​នីមួយៗ​របស់​ស្ថាប័ន​មួយ​នេះ​តែង​តែ​ប៉ះ​ទៅ​លើ​សហរដ្ឋ​អាមេរិក។ បញ្ហា​ថ្មីៗ​នេះ ​គឺ​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ បាន​ចេញ​របាយការណ៍ ផ្តោត​សំខាន់​លើ​សកម្មភាព​របស់​អ៊ីស្រាអែល មក​លើ​ប៉ាឡេស្ទីន ដែល​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​មិន​សប្បាយ​ចិត្ត។​

ភ្លាមៗ​នៅ​ក្រោយ​ការ​ប្រកាស​របស់​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ស្វាគមន៍​សហរដ្ឋ​អាមេរិក។ ក្រៅ​ពី​នេះ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បញ្ជាក់​ថា នេះ​បង្ហាញ​កាន់​តែ​ច្បាប់​ពី​ភាព​លំអៀង និង​ប្រឆាំង​អ៊ីស្រាអែល ដែល​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​តែង​តែ​ធ្វើ​កន្លង​មក ដែល​ផ្ទុយ​ពី​បេសកកម្ម​របស់​ខ្លួន​ក្នុង​ការ​ការពារ​សិទ្ធិ​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ