អានតួអត្ថបទ
សហអាមេរិក

វីដេអូ​បង្ហាញ ប៉ូលិស​ស្បែក​ស បាញ់​សម្លាប់​បុរស​​ស្បែកខ្មៅ​ ពីក្រោយ​ខ្នង

សហគមន៍​ប្រជាជន​អាមេរិកាំង​ស្បែកខ្មៅ ផ្ទុះ​កំហឹង​ជាថ្មី បន្ទាប់ ពី បុរស​ស្បែកខ្មៅ​ម្នាក់ ត្រូវ​បាន​ប៉ូលិស​ស្បែកស បាញ់សម្លាប់ កាលពីថ្ងៃ​សៅរ៍ នៅ​ក្នុងរដ្ឋការ៉ូលីន​ខាងត្បូង។ ក្រោយ​ការបង្ហាញ វីដេអូរ​ដែល​ថត​បាន​សកម្មភាព​របស់​ប៉ូលិស​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​បុរស​ស្បែកខ្មី ប៉ូលិស Michael Slager​ត្រូវ​បាន​ចាប់ខ្លួន កាលពីថ្ងៃ​អង្គារ និង​ប្រឈមនឹង​បទចោទប្រកាន់ សម្លាប់​មនុស្ស​ដោយ​គិតទុក​ជា​មុន។ 

រូបភាព​វីដេអូ​បង្ហាញ ប៉ូលិស​ស្បែកស​ស្ទាប​ជីបចរ​ជនរងគ្រោះ ដែល​ខ្លួន​បាញ់ពីក្រោយ​ខ្នង និង​ដែល​គ្មានកាន់​​អាវុធក្នុង​ដៃ កាលពីថ្ងៃ​ទី ៤​មេសា
រូបភាព​វីដេអូ​បង្ហាញ ប៉ូលិស​ស្បែកស​ស្ទាប​ជីបចរ​ជនរងគ្រោះ ដែល​ខ្លួន​បាញ់ពីក្រោយ​ខ្នង និង​ដែល​គ្មានកាន់​​អាវុធក្នុង​ដៃ កាលពីថ្ងៃ​ទី ៤​មេសា REUTERS/HANDOUT
ផ្សាយពាណិជ្ជកម្ម

រឿង​ដើមហេតុ​ដំបូង​កើត​ចេញ​មក​ពី​ការត្រួតពិនិត្យ​ជា​ទម្លាប់​របស់​ប៉ូលិស​អាមេរិក ទៅលើ​អ្នកបើក​រថយន្ត​ណា​ដែល​ប៉ូលិស​មាន​ការសង្ស័យ។ នៅថ្ងៃ​សៅរ៍ ទី ៤​មេសា ប៉ូលិស​បាន​ឃាត់​រថយន្ត​របស់​បុរស​ស្បែកខ្មៅ​ម្នាក់ ឈ្មោះ Walter Scott ពីបទ​ដែល​ភ្លើង​ម្ខាង​របស់រថយន្ត​របស់គាត់​ខូច មិន​ដំណើរការ។ បុរស​ស្បែកខ្មៅ​បាន​រត់​ចេញ​ពីឡាន ចូល​ទៅក្នុង​សួនច្បារ​សាធារណៈ​ក្បែរនោះ ប៉ុន្តែ ត្រូវ​ប៉ូលិស​ស្បែកស​ម្នាក់ តាម​ពី​ក្រោយ។

 
យោងតាម​កាសែត អាមេរិកាំង The New York times ប៉ូលិស ដៃដល់ Michael Slager បាន​និយាយ​នៅក្នុង​ប្រព័ន្ធទាក់ទង​ប៉ូលិស​ថា គេ​បាន​បាញ់​ទៅលើ​ Walter Scott ក្នុង​មូលហេតុ​ការពារ​ខ្លួន។ តាម​ប៉ូលិស ស្បែស ជីវិត​របស់គេ កំពុង​ប្រឈម​នឹង​គ្រោះថ្នាក់ ព្រោះ Walter Scott​បាន​ដណ្តើម​កាំភ្លើង Taser កាំភ្លើង​បាញ់​ឲ្យ​ឆក់ ​ពី​ដៃ​របស់ខ្លួន។

ប៉ូលិស​ស្បែកស នឹង​រួចខ្លួន នៅ​សុខស្រួល ដូចជា​ប៉ូលិស​មុនៗ ដែល​ធ្លាប់​បាញ់​សម្លាប់​បុរស​ស្បែខ្មៅ។ ប៉ុន្តែ ​ដោយសារ​ខ្សែវីដេអូ ដែល​ថត​បាន​ដោយ​អ្នកដំណើរ​តាមផ្លូវ​ម្នាក់ និងដែល​ត្រូវ​កាសែត The New York times បាន​ចុះផ្សាយ ​ប៉ូលិស​ Michael Slager​ត្រូវ​បាន​គេ​ចាប់ខ្លួន នៅថ្ងៃ​អង្គារ គឺ ៣​ថ្ងៃ​ក្រោយ​ហេតុការណ៍។

តាម​រូបភាព​វីដេអូ Michael Slager ជា​ប៉ូលិស​ស្បែក ស បាន​បាញ់​សំដៅ Walter Scott​ចំនួន ៨គ្រាប់​ពីក្រោយ​ខ្នង។ ៥គ្រាប់​បាន​​រត់​ទៅបុកទម្លាយ​ ខ្លួន​ Walter Scott និង​ដែល​មួយគ្រាប់ រត់​ទៅ​ទម្លុះ​បេះដូង​របស់​ជនរងគ្រោះ។

ប៉ូលិស​ Michael Slager​បាន​និយាយ​ក្នុង​ប្រព័ន្ធ​ទាក់ទង​របស់​ប៉ូលិស គេ​បាញ់​ជនរងគ្រោះ ដើម្បីការពារ​ខ្លួន ប៉ុន្តែ ខ្សែវីដេអូ​បាន​បង្ហាញ​យ៉ាងច្បាស់​ថា ប៉ូលិស​ស្បែកស Michael Slagerបាន​បាញ់​ទៅលើ​បុរស​ស្បែកខ្មៅ ពី​ក្រោយ​ខ្នង ដែល​នេះ មិនមែន​ជា​លក្ខណៈ​ការពារ​ខ្លួន​ទាល់​តែ​សោះ។ រូបភាព​វីដេអូ​នៅ​បង្ហាញថា ប៉ូលិស Michael Slager​បាន​ទម្លាក់​អ្វីម្យ៉ាង នៅក្បែរ​សាកសព ដែល​ធ្វើ​ឲ្យ​គេ​គិតថា ប៉ូលិស​កំពុង​បន្លំ ប្តូរ​ដាន នៅ​កន្លែង​កើតហេតុ ឲ្យ​ទៅ​ជារឿង​ប៉ូលិស​បាញ់​កាពារ​ខ្លួន។ ចំណុចមួយទៀត ដែល​ធ្វើ​ឲ្យ​ក្រុមគ្រួសារ រន្ធត់​ខ្លាំង គឺ បន្ទាប់ពី​បាញ់​សម្លាប់​ជនរងគ្រោះហើយ ប៉ូលិស Michael Slager​បាន​ចាប់វៃ​ដាក់ខ្នោះ​ជនរងគ្រោះ ដែល​បាន​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​រួចទៅហើយនោះ។ រូបភាព​វីដេអូ នៅ​បាន​បង្ហាញថា ប៉ូលិស​បាន​ចាប់​ជីពចរ ដើម្បី​ដឹងថា តើ​ជនរងគ្រោះ នៅរស់​ដែរឬទេ គឺ​មិន​បាន​ធ្វើ​ចលនាបេះដូង ដើម្បី​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដឹងខ្លួន ដូចដែល​ប៉ូលិស​បាន​និយាយ​ការពារ​ខ្លួន​នោះទេ។

តាម​កាសែត​ក្នុង​ស្រុក បុរស​ស្បែកខ្មៅ Walter Scott​អាយុ៥០​ឆ្នាំ ធ្លាប់​ត្រូវ​ប៉ូលិស​ស្គាល់​មុខ ដោយសារ​គាត់​ត្រូវ​បាន​ចាប់ឃាត់ខ្លួន ជាង​១០​ដង ក្នុង​បទល្មើស​ធុនស្រាល មួយចំនួន ដូចជា​បង្ក​របួសស្នាម ឬ​មាន​ប្រើ​ដំបង​ឆក់​ជាដើម។ បងប្រុស​របស់​ជនរងគ្រោះវិញ​បាន​និយាយ​ថា Walter Scott​អាច​រត់គេច​ពី​ប៉ូលិស ព្រោះ​គាត់​ខ្លាច​ថា ប៉ូលិស​ចាប់គាត់​ពីរឿង មិន​បាន​បង់ប្រាក់​ចិញ្ចឹម​ឧបត្ថម្ភ​កូន​៤​នាក់​របស់គាត់​ ។ Walter Scott​មាន​ការងារ​ធ្វើ និង​កំពុង​មាន​សង្សារ។ ដូច្នេះ គាត់​មិនចង់​ជាប់គុក ដោយសារ​មិន​បាន​បង់​លុយចិញ្ចឹម​កូន​នោះ​ទេ។

កាលពីថ្ងៃ​អង្គារ Michael Slager​ត្រូវ​បាន​បណ្តេញ​ចេញ​ពីមុខ​តំណែង​ប៉ូលិស និង​ចាប់ឃុំ​ខ្លួន។ តាំងពី​មុន​ពេល​ដែល​តុលាការ​បើក​ការស៊ើប​អង្កេត​ជាផ្លូវការ​ទៅទៀត ចៅហ្វាយក្រុង North Charleston ផ្ទាល់ កាល​ពីថ្ងៃ​ពុធ ដែល​ចង់​បន្ថយ​ភាពតានតឹង និង​កំហឹង​របស់​ប្រជាជន​ដែល​តវ៉ា​នៅ​មុខ​សាលាក្រុង បាន​ចាត់ទុក​សកម្មភាព​របស់​ប៉ូលិស Michael Slagerថា ជា​ការធ្វើ​មនុស្សឃាត។ តាមចៅហ្វាយក្រុង សាលាក្រុង​នឹង​បំពាក់​កាម៉េរ៉ា ថតរូបភាព នៅលើ​ខ្លួន​ប៉ូលិស នៅក្នុង​ពេល​ឆាប់ៗខាងមុខ ទៅតាម​ការកំណត់​របស់​លោកប្រធានាធិបតី​បារ៉ាក់ អូបាម៉ា។

តាម​សាលដីកា​ចាប់ខ្លួន ​ដែល​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​AFPបាន​ទទួលអាន កាលពីថ្ងៃ​ពុធ ប៉ូលិស Michael Slager​បាន​បាញ់សម្លាប់ ជនរងគ្រោះ ដោយ​ខុសច្បាប់ និង​ដោយ​មានការគិតទុក​ជាមុន។ តាមច្បាប់ អាមេរិក Michael Slager ​អាច​ប្រឈម​នឹង​ទោស​ជាប់​គុក ៣០​ឆ្នាំ ឬ​ទោស​ប្រហារជីវិត។

ប៉ូលិស​ស្បែកស តែងតែ​រួចខ្លួន បើទោះបី ជា​គេ​បាន​សម្លាប់​ជនរងគ្រោះ
នៅក្នុង​ឃាតកម្ម សម្លាប់​ស្មូម​យាចក ស្បែកខ្មៅ ម្នាក់ នៅ ទីក្រុង​ញូវយ៉ក រូបភាព​វីដេអូ​បាន​បង្ហាញថា ប៉ូលិស​ចាប់​សង្កត់​ជនរងគ្រោះ រហូត​ដល់​ដាច់ដង្ហើម ប៉ុន្តែ ប៉ូលិស​បាន​ត្រឹម​ដកចេញ​ពី​តំណែង គឺ​គ្មាន​ត្រូវ​បាន​កាត់ទោស​អ្វីទេ។

មានការតវ៉ា​ជាច្រើន ដែល​លើកឡើងថា ប៉ូលិស​អាមេរិក ដែល​ភាគច្រើន ជា​ជនជាតិ​អាមេរិកាំង​ស្បែកស បាញ់សម្លាប់​ជនជាតិ​ស្បែកខ្មៅ ដោយសារ​តែ​ការរើសអើង ប្រកាន់​ពូជសាសន៍។ តាមការសិក្សា​របស់​សមាគម​ការពារ​ប្រជាជន​ស៊ីវិលមួយ គេឃើញថា ចំនួន ជនជាតិ​ស្បែកខ្មៅ ដែល​ត្រូវ​បាន​ប៉ូលិស​ចាប់ឃាត់ ឬ​ឆេកឆេរ មាន​៤​ដង ច្រើន​ជាង​ប្រជាជន​ស្បែកស។ នៅក្រោយ​ហេតុការណ៍​បាញ់​សម្លាប់​ជនជាតិ​ស្បែកខ្មៅ​ម្តងៗ សំណួរ​តែងចោទ​ឡើង អំពី​អតុល្យភាព​នៃការបែងចែក​អំណាច ព្រោះថា ជាទូទៅ ជនស្បែកស​ច្រើន នៅក្នុង​ជួរ​ប៉ូលិស គឺ​ដល់​ទៅ​៨០ ភាគរយ ក្នុង​រដ្ឋ ឬ​ទីក្រុង ដែល​តាមពិត​សំបូរ​ដោយ​ប្រជាជន​ស្បែកខ្មៅ។

យោងតាម​ច្បាប់​អាមេរិកាំង ប៉ូលិស​អាច​ប្រើ​អាវុធ​បាញ់​មនុស្ស​ដោយ​ស្របច្បាប់ បើសិន​ជា​ប៉ូលិស​ទទួល​ការគំរាមកំហែង​ដល់​អាយុ​ជីវិត ឬ​ក្នុង​ស្ថានភាព​ដែល​ប្រជាជន​កំពុង​ស្ថិតនៅក្នុង​គ្រោះថ្នាក់។ ក្នុង​ករណី ខ្លះ ច្បាប់​បាន​បើក​សិទ្ធិ​ឲ្យ​ប៉ូលិស ​បាញ់ បើសិន​ឧក្រិដ្ឋជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស ឬ​ឃាតកម្ម​កំពុង​រត់គេចខ្លួន។

ហេតុការណ៍​ប៉ូលិស​ស្បែកស បាញ់​សម្លាប់​បុរសស្បែកខ្មៅ កាលពីថ្ងៃ​សៅរ៍ បាន​ស្តែង​ឲ្យឃើញ​ជា​ថ្មី ពីអំពើ​ហិង្សា​របស់​ប៉ូលិស ទៅ​លើ​ប្រជាជន​ស៊ីវិល។ យោងតាម​អង្គការ​ការពារសិទ្ធិមនុស្ស​human rights watch ចាប់តាំង​ពី​ឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១១ ប៉ូលិស​បាន​ប្រើសិទ្ធិ​បាញ់​ការពារខ្លួន ដោយ​បាន​សម្លាប់​មនុស្ស​២៧០០​នាក់។ ប៉ុន្តែ មាន​តែ​៤១​ករណីទេ ដែល​ប៉ូលិស​ត្រូវ​ចោទប្រកាន់​ថា មាន​កំហុស ធ្វើ​មិនត្រឹមត្រូវ។ យ៉ាងណាក៏ដោយ ប៉ូលិស មិនដែល​ត្រូវ​នាំទៅកាត់ទោស នៅតុលាការទេ។

នៅFerguson​ក្នុង​រដ្ឋ​មីស៊ូរី បន្ទាប់ពី​បាញ់​សម្លាប់​យុវជន​ស្បែកខ្មៅ ប៉ូលិស​ត្រូវ​បាន​ដោះលែង ទៅវិញ ដោយ​សារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់។ ការសម្រេច​របស់​តុលាការ​បានបង្ក​ឲ្យ​មាន​បាតុកម្ម​តវ៉ា រហូត​ឈាន​ដល់​ហិង្សា រីករាលដាន ក្នុង​ទឹកដី​អាមេរិក។

តាមអ្នកជំនាញខ្លះ អំពើហិង្សា និង​ការរំលោភអំណាច​របស់​ប៉ូលិស ទៅលើ​ប្រជាជន​កើតមានឡើង ដោយសារ​ប្រពៃណី​ប្រើ​អាវុធ​ក្នុង​ចំណោម​ប្រជាជនអាមេរិកាំង។ ប៉ូលិស​ថ្នាក់​មូលដ្ឋាន នៅ អាមេរិក មាន​អាវុធ​ប្រើ កាន់តែ​ទំនើបៗ ដែល​នៅ​សេសសល់​ពី​ការធ្វើ​សង្រ្គាម​នៅ​អ៊ីរ៉ាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ