rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អាមេរិក នយោបាយ ច្បាប់

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ប្រធានាធិបតី​អាមេរិក​ អំពាវនាវ​ឲ្យ​មាន​សាមគ្គីភាព នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ​ជា​លើក​ទី​១​ក្រោយ​កាន់​អំណាច

media
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ @REUTERS/Leah Millis

នៅ​ក្នុង​សុន្ទរកថា​លើក​ទី​១​ទៅ​កាន់​ប្រជាជាតិ​ក្រោយ​ពី​លើក​ឡើង​កាន់​អំណាច នាយប់​​ថ្ងៃ​អង្គារ​ទី​៣០​មករា លោក ដូណាល់ ត្រាំ បាន​អំពាវនាវ ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ និង​សាមគ្គីភាព ក្នុង​ចំណោម​ប្រជាជាតិ​ដ៏​ប្រេះស្រាំ មួយ​ឆ្នាំ​ក្រោយ​លោក​ឡើង​កាន់​តំណែង​។ ក្រៅ​ពី​នោះ ប្រធានាធិបតី​អាមេរិក​ក៏​បានលើក​ឡើងដែរ ​អំពី​សមិទ្ធផល​សេដ្ឋកិច្ច​ដែល​លោក​សម្រេច​បាន​ក្នុង​ឆ្នាំ​ទី​១ និង​បញ្ហា​អនុម័ត​ច្បាប់​ទាក់ទង​នឹង​អន្តោប្រវេសន៍​។


«រាត្រី​នេះ ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​យើង​រាល់​គ្នា ទម្លាក់​ចោល​នូវ​ការ​ខ្វែង​គំនិត ស្វែង​រក​ជំហរ​រួម​គ្នា ក៏​ដូច​ជា​បង្ហាញសាមគ្គីភាព​ដែល​យើង​ត្រូវ​ការ ដើម្បី​បម្រើ​ប្រជាជន​ដែល​បោះ​ឆ្នោត​ឲ្យ​យើង​។» នេះ​គឺ​ជា​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ចំពោះ​មុខ​សភា​សហព័ន្ធ​អាមេរិក ដែល​ក្នុង​នោះ​ក៏​មាន​ផង​ដែរ សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​។

សម្រាប់​លោក ដូណាល់ ត្រាំ, លោក​ចង់​ឃើញ​អាមេរិក​រួបរួម​គ្នា​នៅ​ក្នុង​ក្រុម​តែ​មួយ ​ប្រជាជាតិ​តែ​មួយ និង​ស្ថិត​ក្រោម​ដំបូល​គ្រួសារ​អាមេរិកាំង​តែ​មួយ​។ សូម​ជម្រាប​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​ជាតិ និង​សាមគ្គីភាព​របស់​លោក ដូណាល់ ត្រាំ យ៉ាង​ដូច្នេះ ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​កាន់​តំណែង​ជា​ប្រធានាធិបតី​បាន​មួយ​ឆ្នាំ​។ មួយ​ឆ្នាំ​ដែល​​ប្រជាជាតិ​អាមេរិក​បាន​ជួប​ប្រទះ​ភាព​​ប្រេះស្រាំ និង​បែក​ខ្ញែក​មិន​ធ្លាប់​មាន​។

សម្រាប់​អ្នក​វិភាគ​នយោបាយ​មួយ​ចំនួន សុន្ទរកថា​របស់​ប្រធានាធិបតី​អាមេរិក ស្ដាប់​ទៅ​ហាក់​បាន​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ស្វែង​រក​ការ​រួប​រួម ប៉ុន្តែ​ខ្លឹមសារ​ដោយ​រួម បែរ​ជា​ឆ្លុះ​បញ្ចាំង​ពី​ការ​បែក​បាក់​ទៅ​វិញ​។

នៅ​ក្នុង​សុន្ទរកថា​នោះ លោក​ត្រាំ បាន​លើក​ឡើង​អំពី​តម្រូវ​ការ​នៃ​កំណែ​ទម្រង់​អន្តោប្រវេសន៍ ដោយភ្ជាប់​ជន​អន្តោប្រវេសន៍ទៅ​នឹង​ឧក្រិដ្ឋជន និង​ភាព​តានតឹង​ផ្នែក​សេដ្ឋកិច្ច​។ លោក​មាន​ប្រសាសន៍​ថា ព្រំដែន​ចំហរ បាន​អនុញ្ញាត​ឲ្យ​គ្រឿង​ញៀន​និង​ពួក​ឧក្រិដ្ឋជន​ហូរ​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​។ ហើយ​ជា​ថ្មី​ម្ដង​ទៀត លោក​ត្រាំ បាន​ជំរុញ​ឲ្យ​សាងសង់​ជញ្ជាំង​ខណ្ឌ​ចែក​ព្រំដែន ដែល​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ទទួល​បាន​ការ​អនុម័ត​ថវិកា​ពី​សភា​នៅ​ឡើយ​។

ទាក់ទង​នឹង​បញ្ហា​ថវិកា លោក ដូណាល់ ត្រាំ បាន​អំពាវនាវ​ឲ្យ​សភា​អនុម័ត​ច្បាប់​មួយ ដែល​នឹង​ជំរុញ​ឲ្យ​មាន​ការវិនិយោគ​ដល់​ទៅ​១,៥​ទ្រីលាន​ដុល្លារ ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​នៅ​ទូទាំង​ប្រទេស​។ ហើយ​ក្នុង​បញ្ហា​សេដ្ឋកិច្ច ប្រធានាធិបតី​អាមេរិក បាន​អះអាង​ពី​ការ​បង្កើត​ការងារ​ថ្មី​ជាង​២​លាន​៤​សែន​ការងារ ដល់​ប្រជាជន​អាមេរិកាំង និង​ការ​ងើប​ឡើង​វិញ​នៃ​ប្រាក់​ឈ្នួល​ជា​ដើម​។

កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង ក៏​ជា​ប្រធានបទ​សំខាន់​មួយ​នៅ​ក្នុង​សុន្ទរកថា​នេះ​ដែរ​។ ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ប្រាប់​ទៅ​ពលរដ្ឋ​អាមេរិកាំង​ថា មីស៊ីល​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង អាច​គម្រាម​ដល់​សហរដ្ឋ​អាមេរិក។ ហើយ​លោក​បាន​សន្យា​ថា នឹង​បន្ត​យុទ្ធនាការ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ឲ្យ​បោះ​បង់​កម្មវិធី​នុយក្លែអ៊ែរ​នេះ​ឲ្យ​ទាល់​តែ​បាន​៕