អានតួអត្ថបទ

ONUរន្ធត់ចិត្ត ដោយ​ស្ថាន​ភាព​​នៃ​​ការ​ឃុំខ្លួន​​ជន​អន្តោប្រវេសន៍ របស់​​អាជ្ញាធរ​​អាមេរិក

លោកស្រីប្រធានឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានលើកឡើងថា លោកស្រី មានការរន្ធត់ចិត្តណាស់ បន្ទាប់ពីបានដឹង នូវស្ថានភាព​ ក៏ដូចជាលក្ខខណ្ឌ នៃការឃុំខ្លួន​ជនអន្តោប្រវេសន៍ ដែលធ្វើឡើងដោយអាជ្ញាធរអាមេរិក។ លោកស្រីលើកឡើងថា ក្រៅពីជនអន្តោប្រវេសន៍ ត្រូវ​ឃុំខ្លួន​យ៉ាងកកកុញប្រជ្រៀតគ្នា ចំណែកកុមារវិញ​ ត្រូវ​គេបំបែកចេញ ​ពីក្រុមគ្រួសារឪពុកម្តាយទៀតផង។

ភ្នាក់ងារ​វិទ្យាស្ថានអន្តោប្រវេសន៍​អាមេរិក​(INM) សួរព័ត៌មាន​ជនអន្តោប្រវេសន៍ ដែល​បាន​​ព្យាយាម​​លួច​ឆ្លង​​ព្រំ​ដែន​ ​ពី​មិកស៊ិក ទៅ​អាមេរិក។​
ភ្នាក់ងារ​វិទ្យាស្ថានអន្តោប្រវេសន៍​អាមេរិក​(INM) សួរព័ត៌មាន​ជនអន្តោប្រវេសន៍ ដែល​បាន​​ព្យាយាម​​លួច​ឆ្លង​​ព្រំ​ដែន​ ​ពី​មិកស៊ិក ទៅ​អាមេរិក។​ REUTERS/Jose Luis Gonzalez
ផ្សាយពាណិជ្ជកម្ម

លោកស្រី Michelle Bachelet ប្រធានឧត្តមស្នងការសិទ្ធិមនុស្ស ដែលមានទីតាំង នៅក្រុងហ្សឺណែវ បាន​មានប្រសាសន៍ នៅក្នុងលិខិតជូនដំណឹងមួយ ដោយបានលើកឡើង អំពីលក្ខខណ្ឌនៃការឃុំខ្លួន ជនអន្តោប្រវេសន៍ ដែលមាន​លក្ខណៈអមនុស្សធម៌ របស់អាជ្ញាធរ​អាមេរិក។

លោកស្រីលើកឡើងថា ក្នុងនាមលោកស្រីជាម្តាយ និងជាវិជ្ជបណ្ឌិតជំងឺកុមារ មួយរូបផងដែរនោះ លោកស្រី មានការតក់ស្លុតចិត្តណាស់ នៅពេលដែលឃើញកុមារ ត្រូវគេបំបែក ឲ្យនៅក្នុងកន្លែងឃុំឃាំង ដាច់ពីឪពុកម្តាយនិងក្រុមគ្រួសារ។ លោកស្រីបន្តថា ការឃុំខ្លួនកុមារ បើទោះបីជាតែមួយថ្ងៃ ហើយក្នុងលក្ខខណ្ឌល្អប្រសើរយ៉ាងណាក៏ដោយ ក៏វាប៉ះពាល់ធ្ងន់ធ្ងរ ទៅដល់សតីស្មារតី និងការលូតធំធាតុរបស់ក្មេងរួចទៅហើយ។ ដូច្នេះ ការឃុំខ្លួនកុមារ រយៈពេលវែង ជាមួយនឹងលក្ខខណ្ឌដ៏លំបាកទៀតនោះ គឺរិតតែគ្រោះថ្នាក់បំផុតដល់កុមារ។

នៅក្នុងសេចក្តីប្រកាសនេះ លោកស្រីប្រធានឧត្តមស្នងការសិទ្ធិមនុស្ស បានរៀបរាប់ថា អាជ្ញាធរព្រំដែនអាមេរិក បានបំបែកជនអន្តោប្រវេសន៍ជាក្រុម នៅតាមទីឃុំឃាំងតូចចង្អៀត។ អ្នកជាប់ឃុំ​ ស្ថិតនៅកកកុញ​ប្រជ្រៀតគ្នា ដេកផ្ទាល់នឹងដី ដោយពុំមានអាហារបរិភោគគ្រប់គ្រាន់ ពុំមានគោរពលក្ខខណ្ឌអនាម័យ និងគ្មានការព្យាបាលដោយបានដឹតដល់សមរម្យនោះទេ។

សូមបញ្ជាក់ថា លិខិតរបស់លោកស្រី Michelle Bachelet នេះ គឺធ្វើឡើង មួយថ្ងៃ បន្ទាប់ពីលោកដូណាល់ ត្រាំ បានប្រកាសថា បើកមន្ទីរឃុំឃាំងជនអន្តោរប្រវេសន៍ ឲ្យអ្នកកាសែតចូលទៅមើល។ អង្គភាព និងស្ថាប័នរបស់អង្គការសហប្រជាជាតិ ធ្លាប់បានលើកឡើងផងដែរ ថាការឃុំខ្លួនកុមារ ជាជនអន្តោប្រវេសន៍  អាច​ត្រូវបានចាត់ទុក ថាជាចំនាត់ការគ្មាមេត្តាធម៌ អមនុស្សធម៌ ដែលត្រូវបានច្បាប់អន្តរជាតិ​ហាមឃាត់។

គួរកត់សំគាល់ថា នៅខែឧសភាកន្លងទៅនេះ មានជនអន្តោប្រវេសន៍យ៉ាងហោច ១៤៤០០០ នាក់ ដែលត្រូវបានអាជ្ញាធរអាមេរិកចាប់បាន  និងបញ្ជូនទៅដាក់ឃុំនៅតាមព្រំដែន។ ក៏ប៉ុន្តែ ទីតាំងឃុំខ្លួន កាន់តែរួមតូចចង្អៀត ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ របាយការណ៍មួយ របស់ក្រសួងសន្តិសុខផ្ទៃក្នុងអាមេរិក បានទទួលស្គាល់ថា ពិតជាបញ្ហាលើសចំណុះ គួរឲ្យគ្រោះថ្នាក់បំផុត នៅតាមទីតាំងឃុំខ្លួនជនអន្តោប្រវេសន៍ ដែលភាគច្រើនលើសលប់ គឺមកតាមប្រទេសអាមេរិកកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ