rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ដោយចង់​ចំណេញ​ច្រើន នាយក​Facebook ​កាន់តែ​ផ្តាច់ការ ?

ដោយ ម៉ម ពិសី

ស្ថាបនិកទាំង២នាក់ របស់Instagram បានសម្រេចចិត្តដើរចេញពីការគ្រប់គ្រង បន្ទាប់ពីមានទំនាស់ កាន់តែខ្លាំង ជាមួយនឹងនាយកក្រុមហ៊ុនFacebook ដែលបាន​ទិញ​យក​Instagram កាលពី​ឆ្នាំ២០១២។ នេះបើយោងការចុះផ្សាយ របស់សារព័ត៌មានជាច្រើន។ បើគិតមកត្រឹមពេលនេះ ក្នុងចំណោមក្រុមហ៊ុនធំៗបី ដែលFacebook បានទិញយក គឺមាន Instagram WhatsApp និង Oculus គឺស្ថាបនិកនៃក្រុមហ៊ុនទាំងនេះ សុទ្ធតែបាននាំគ្នាដើរចេញទាំងអស់ ដោយសារការមិនចុះសម្រុង ជាមួយនឹងលោក Mark Zuckerberg។ តើមានរឿងអ្វីខ្លះ នៅពីក្រោយភាពមិនចុះសម្រុងគ្នានេះ?

តើគំរូសេដ្ឋកិច្ច របស់ក្រុមហ៊ុនFacebook កំពុងតែដើរដល់ចំណុចទ័លច្រកហើយមែនទេ? ចាប់ពីឆ្នាំ២០១២មក Facebook បានទិញប្រមូលយកក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន មានដូចជាក្រុមហ៊ុន Instagram WhatsApp Oculus ជាដើម។ Mark Zuckerberg បានសន្យាថានឹងផ្តល់ស្វ័យតភាព ដល់ក្រុមហ៊ុនតូចៗទាំងនោះ មិនថាក្នុងការគ្រប់គ្រង ឬសំរេចនានា។ ប៉ុន្តែបន្តិចម្តងៗ ស្ថាបនិក​នៃក្រុមហ៊ុនទាំង៣នេះ បាននាំគ្នាដើរចេញ ទាំងអស់ ធ្វើឲ្យកើតជាពាក្យចចាមអារ៉ាមជាច្រើន​ ស្តីពីភាពអត្តនោម័តរបស់នាយកFacebook និងភាពមិនចុះសម្រុងគ្នាជាច្រើន ​រវាងនាយក​Facebook និងស្ថាប​និកក្រុមហ៊ុនតូចៗទាំងនោះ។

ស្ថាបនិកIstagramនាំគ្នាដើរចេញ

ថ្ងៃទី២៤ កញ្ញា ថ្មីៗនេះ លោក Kevin Systrom និងលោក Mike Krieger អ្នកទាំងពីរជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់Istagram បានសម្រេចចិត្តដើរចេញព្រមគ្នា ពីក្រុមហ៊ុននេះ បន្ទាប់ពី​បាននៅរួមរស់ជាមួយFacebook រយៈពេលជិត៦ឆ្នាំមកនេះ។ ដោយមិនបានបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់ អ្នកទាំង២ គ្រាន់តែបានលើកឡើងថា ពួកគេត្រូវការពេលវេលាផ្ទាល់ខ្លួន ដើម្បីស្រាវជ្រាវ និងបង្កើតអ្វីដែលថ្មីផ្សេងទៀត។

បើតាមការចុះផ្សាយរបស់បណ្តាញព័ត៌មានអាមេរិក ដូចជាកាសែត The New Yorker និងគេហទំព័រ ​Recode បានឲ្យដឹងថា ការដើរចេញរបស់ស្ថាបនិកInstagram ទាំង២នាក់ គឺធ្វើឡើងក្រោយពេលកើតមាន នូវការមិនចុះសម្រុងគ្នា យ៉ាងធ្ងន់ធ្ងរ ជាមួយនឹងលោក Mark Zuckerberg នាយករបស់Facebook ដែលជាក្រុមហ៊ុនមេ។

យ៉ាងណាមិញ វាក៏មិនមែនជាលើកទីមួយទេ ដែលស្ថាបនិក ឬនាយកប្រតិបត្តិរបស់ក្រុមហ៊ុនផ្សេងៗ ដែលFacebook បានប្រមូលទិញយកនោះ បានសម្រេចចិត្តងើបចេញពីកៅអី លាឈប់ពីការងារ។ ជាក់ស្តែង លោកBrian Acton និង Jan Koum ស្ថាបនិកកម្មវិធី WhatsApp បាននាំគ្នាដើរចេញ កាលពីតុលាឆ្នាំ២០១៧ និងខែឧសភា​ឆ្នាំ២០១៨។ ការចាកចេញរបស់ ស្ថាបនិក​WhatsApp គឺដោយសារតែអ្នកទាំង២ មិនពេញចិត្តនឹងការសម្រេច​ដាក់សំពាធ ពីសំណាក់​Facebook។ Facebook បានចាប់បង្ខំឲ្យ WhatsApp ត្រូវប្រគល់ទិន្ន័យរបស់អ្នកប្រើប្រាស់ ​និងប្រភេទ​ទូរស័ព្ទ ទៅឲ្យFacebook។ ជាងនេះទៀត Facebook មានគំរោងចាក់បញ្ជូលការផ្សាយពាណិជ្ជកម្ម​ លើWhatsApp ព្រមទាំងតម្រូវឲ្យអ្នកប្រើ ត្រូវបង់ប្រាក់ លើសេវាកម្មមួយចំនួនទៀតផង។

Facebook លែងពេញនិយម

ជាការពិត បច្ចុប្បន្ននេះ គ្រប់គ្នាកំពុងសង្កេតឃើញថា Facebook កំពុងធ្លាក់ដៃកាន់តែខ្លាំង ដោយអ្នកប្រើប្រាស់កាន់តែថយចុះ ខណៈដែរក្រុមហ៊ុនបណ្តាញសង្គមផ្សេងទៀត កំពុងឡើងកូដកាន់តែខ្លាំង។ ដោយយោងលើបញ្ហានេះ នាយកFacebook មានបំណងរុះរើការគ្រប់គ្រង និងប្តូរយុទ្ធសាស្ត្រ ដើម្បីទាក់ទាញអ្នកប្រើឲ្យបានច្រើន ដែលការនេះ នឹងនាំមកនូវការផ្សាយពាណិជ្ជកម្ម និងប្រាក់ចំណូលបន្ថែមឲ្យFacebook។

នៅរវាងត្រីមាសទី២ឆ្នាំ២០១៨នេះ ចំនួនអ្នកប្រើប្រាស់Facebook បានកើនឡើង ត្រឹមតែ​១,៥%​ប៉ុណ្ណោះ ដែលនេះគឺជាកំណើនទាបបំផុត ចាប់តាំងពីFacebookមានជីវិតមក។ ក្នុងខែកក្កដា កន្លងទៅនេះ Facebook បានបាត់បង់តម្លៃហ៊ុនលើផ្សារអន្តរជាតិចំនួន១៩% ដែលគិតជាទឹកប្រាក់ ប្រហែលជិង១២០ពាន់លានដុល្លារ។ បញ្ហានេះ​​ គឺពិតជាធ្វើឲ្យFacebook ត្រូវតែរកប្រភពចំណូលបន្ថែម ដើម្បីធានាស្ថិរភាពតម្លៃហ៊ុននៅលើទីផ្សារ។

Facebook បានទិញយកInstagram តម្លៃ៧១៥លានដុល្លារ កាលពីឆ្នាំ២០១២ ហើយបន្ទាប់មកបានទិញWhatsApp នៅឆ្នាំ២០១៤ ក្នុងតម្លៃ២២ពាន់លានដុល្លារ។ Facebook បានសន្យា ថានឹងផ្តល់ស្វ័យតភាព ដល់ការគ្រប់គ្រងក្រុមហ៊ុនទាំងនោះ។ តែមកដល់ដំណាក់កាលនេះ គេសង្កេត​​ឃើញ​​ថា Facebook បានបំភ្លេចចោលការសន្យារបស់ខ្លួន​ ហើយបានដាក់សំពាធចាប់បង្ខំ ឲ្យ​ក្រុមហ៊ុន​តូចទាំងៗនេះ ទទួលយកការចង់បានរបស់ខ្លួន ព្រោះតែហេតុផលហិរញ្ញវត្ថុ។ យ៉ាងណាមិញ លោក Dick Costolo អតីតអគ្គនាយក Twitter ធ្លាប់បាននិយាយថា លោកMark Zuckerberg មិនខុសពីម៉ាស៊ីន ដែលគិតតែប្រមូលធ្វើយ៉ាងណា​ ឲ្យបានប្រាក់ចំណូលច្រើន ទៅតាមការកំណត់ ដោយមិនខ្វល់ពីអ្វីទាំងអស់។

ដាក់សំពាធឲ្យគេយកគំរូសេដ្ឋកិច្ចខ្លួន

គួរកត់សំគាល់ថា ខណៈដែលអ្នកប្រើ លែងពេញនិយមFacebook ចំនួនអ្នកប្រើInstagram ឯណេះ បានកើនឡើងដល់១ពាន់លាននាក់។ បើយោងតាម eMarketer បានសន្និដ្ឋានថា នៅរវាងឆ្នាំ២០១៩ Instagram ​​អាចរកចំណូលបានពីការផ្សាយពាណិជ្ជកម្ម មិនក្រោម១០ពាន់លានដុល្លារនោះទេ។ Facebook កំពុងចង់ក្រេបសន្ទុះដ៏ល្អរបស់Instagram ដើម្បីប្រមូលប្រាក់ចំណេញដែរ។

ហេតុដូច្នេះហើយ បានជាលោក Mark Zuckerberg នាយកFacebook បានចាប់បង្ខំ ឲ្យ​Instagram ទទួលយកយុទ្ធសាស្ត្ររបស់ខ្លួន។ យុទ្ធសាស្ត្រទាំងនោះមាន ដូចជាការជំរុញឲ្យអ្នកប្រើ​Instagram ត្រូវតែទាក់ទងមិត្តភ័ក្តខ្លួនលើFacebook ឬក៏ការបង្ខំឲ្យអ្នកប្រើInstagram ត្រូវដាក់ផ្សាយ Stories ដូចនៅក្នុងFacebook ជាដើម។ គឺសំពាធទាំងនេះហើយ ដែលស្ថាបនិក Instagram ចាត់ទុកថា Facebook កំពុងប្រើអំណាចកៀបសង្កត់ ធ្វើឲ្យប៉ះពាល់ ដល់គំរូសេដ្ឋកិច្ចដើម ដែលជាលក្ខណៈសម្បត្តិ របស់បណ្តាញសង្គមនីមួយៗ។

គេចេញអស់ ដាក់តែគ្នាឯង

វិបត្តិផ្ទៃក្នុងរបស់Facebook មិនមែនមានត្រឹមតែជាមួយក្រុមហ៊ុនតូចៗ ដែលFacebook បានទិញយកនោះទេ តែសូម្បីតែក្នុងក្របខណ្ឌដឹកនាំរបស់Facebook ផ្ទាល់ ក៏មានការរង្គោះរង្គើដែរ។ ក្រោយការផ្ទុះរឿងអាស្រូវ ដែលថាFacebook បានលក់ទិនន្ន័យរបស់អ្នកប្រើប្រាស់ ទៅឲ្យក្រុមហ៊ុនឯកជនផ្សេងទៀត មានថ្នាក់ដឹកនាំFacebookច្រើននាក់ បានលាឈប់។ ក្នុងនោះមាន ដូចជាលោក Eliott Schrage អ្នកទទួលបន្ទុកផ្នែកទំនាក់ទំនង និងលោក Alex Stamos  ទទួលបន្ទុកសន្តិសុខបច្ចេកវិទ្យា បាននាំគ្នាដើរចេញពីFacebook ដោយសារពួកគេមិនយល់ស្រប ទៅនឹងរបៀបចាត់ចែងការងារ ដោះស្រាយបញ្ហារបស់លោក Mark Zuckerberg។

ខណៈដែលស្ថាបនិកបច្ចេកវិទ្យាបណ្តាញសង្គម ដូចជា ​Instagram និង WhatsApp បាននាំគ្នាដើរចេញអស់ លោក Mark Zuckerberg បានឆ្លៀតឱកាស ដាកបញ្ចូលមនុស្សថ្មី ដែលតាមការឲ្យដឹង គឺសុទ្ធតែជាមនុស្សស្និទ នឹងក្រុមលោកនាយកFacebook។ តួយ៉ាងលោក​ Chris Cox បានឡើង​ជា​អគ្គនាយក គ្រប់គ្រង​​បណ្តាញ​សង្គមទាំងអស់ គឺរាប់ទាំង Facebook Instagram WhatsApp និង​Messenger។ ចំណែក Adam Mosseri ក្លាយជាអគ្គនាយករងរបស់ Instagram។ ទស្សនា​វត្តី TechCrunch បានសរសេរថា ការបញ្ចូលលោក Adam Mosseri  និង លោក​ Chris Cox ឲ្យមកគ្រប់គ្រងInstagram គឺមិនខុសពីការដែល Facebook បាន​ហែក​ចោល​កិច្ចសន្យា បំភ្លេចចោលអ្វីដែលខ្លួនបានសន្យាជាមួយ Instagram នោះទេ។ អាណាចក្រ​Facebook គ្រប់គ្រងដោយលោក​ Mark Zuckerberg កំពុងក្លាយជាអាណាចក្រផ្តាច់ការហើយ៕

បណ្តាញ​ភេរវជន​ហើយ​និង​ស្មាតហ្វូន

លីប៊ី ៖ ដំណើរ​ការ​ចរចា​សន្តិភាព រាំងស្ទះ​ដោយ​ភាព​មិន​ស្របគ្នា រវាង​ប្រទេស​ពាក់ព័ន្ធ

ក្រោយ​ដណ្តើម​កាន់កាប់​រដ្ឋសភា ​តើ​គណបក្ស​ប្រជាធិបតេយ្យ​អាច​ធ្វើអ្វី​លោកដូណាល់ ត្រាំ​បាន?

ខ្យល់ពុលបរិយាកាស​កំពុង​ក្លាយ​ជា​ជម្ងឺដ៏រ៉ាំរ៉ៃ​របស់​រដ្ឋធានី​ញូវដេលី

អ្វី​ទៅ​ជា​គោលដៅ​ពិត​នៃ​ទណ្ឌកម្ម​អាមេរិក​លើ​អ៊ីរ៉ង់ និង​ថាតើ​អ្នក​ណា​ដែល​កំពុង​​រងគ្រោះ​ខ្លាំង​ជាង​គេ​ពី​ទណ្ឌកម្ម​នេះ?

នៅ​ប្រទេស​ក្រីក្រ ​អត្រាអ្នក​អត់​ការងារ​ទាប​ ព្រោះ​មនុស្ស​មិន​អាច​មិន​ធ្វើការ​

គ្រិស្តសាសនា​អ័រថូដុក្​សពិភពលោក​ត្រូវ​បែកបាក់​ជាពីរ​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន

សង្គ្រាម​ពាណិជ្ជកម្មអាមេរិក​-ចិន​ វា​លើសពី​បញ្ហា​ឱនភាព​ពាណិជ្ជកម្ម

ស្រីលង្កា ឈាន​​ចូល​​ជ្រៅ ​ក្នុង​​វិបត្តិ​​នយោបាយ​ដណ្តើម​អំណាច​

​ផ្កាយ​រណបសិក្សាពី​​​អាកាសធាតុរបស់​ចិន​និ​ងបារាំង​​ បង្ហោះ​ទៅ​អវកាស​ដោយ​ជោគជ័យ

តើ​ជម្លោះ​នៅ​តំបន់​ប៉ែកខាងត្បូង​ប្រទេស​ថៃ​រវាង​រដ្ឋាភិបាល​ថៃ និង​ពួក​ឧទ្ទាម​ចាប់​កំណើត​យ៉ាង​ម៉េច?

លោក​ខាស្ហូហ្ស៊ី អ្នក​កាសែត​អារ៉ាប៊ីសាអូឌីត ដែល​ហ៊ាន​រិះគន់​ព្រះអង្គម្ចាស់​រាជទាយាទ!

តើ​កិច្ចព្រមព្រៀងសន្តិភាព​រវាង​ប្រទេស​ហ្សកដានី និង​ប្រទេស​អ៊ីស្រាអែល​ផ្តើម​រង្គោះរង្គើ​ឬ?

ស្មាតហ្វូន ជា​ច្រក​ចេញចូល​នៃ​អសន្តិសុខ ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា

សកលវិទ្យាល័យ​ហាវ៉ាដ​ជាប់ចោទ​ពី​បទ​រើសអើង​ចំពោះ​សិស្ស​អាមេរិកាំង​ដើម​កំណើតអាស៊ី

រវាង​អារ៉ាប៊ីសាអូឌីត និង​​អាមេរិក តើ​អ្នក​ណា​ចំណេញ និង​អ្នក​ណា​ខាត​នៅក្នុង​រឿង​បាត់​ខ្លួន​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី?

ណូបែលសេដ្ឋកិច្ច២០១៨៖ របកគំហើញ​នៃ​ការ​បញ្ចូល​កត្តា​ធម្មជាតិ ​និង​ចំណេះដឹង​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច

តើ​យុទ្ធសាស្រ្ត​របស់​លោក​ដូណាល់ត្រាំ​ពិតជា​មាន​ប្រសិទ្ធភាព​​ក្នុងការ​ចរចា​ពាណិជ្ជកម្មមែនឬ?

តើ​លោក​ហ្សាម៉ាល់ ខាស្ហូហ្ស៊ី​នៅ​ឯណា ហើយ​ចុះ​បើ​អារ៉ាប៊ីសាអូឌីត​ជា​អ្នកសម្លាប់​នៅក្នុង​ទឹក​ដី​តួកគី?

តើ​ការ​ដក​ឬ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះពន្ធ​របស់​សហភាពអឺរ៉ុប​មាន​នីតិវិធី​យ៉ាងដូចម្តេច?