អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

G20 ​ប្រជុំទាំង​​គ្មាន​​សង្ឃឹម ​ថា​​នឹង​​មា​ន​​សេចក្តី​​ប្រកាស​​រួម​​ចុង​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជំនួបកំពូលប្រទេសសេដ្ឋកិច្ចនាំមុខ G20 កំពុងតែបើកទ្វារនៅឯទីក្រុងប៊ុយណូហ្ស៊ែរ​ ប្រទេសអាហ្សង់ទីន។ ថា្នក់ដឹកនាំ ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំង២០ រួមទាំងសហភាពអឺរ៉ុប និងតំណាងអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយបណ្ណអន្តរជាតិ អង្គការពាណិជ្ជកម្មពិភពលោកជាដើម សុទ្ធតែមានវត្តមាន ដូចសព្វ​មួយដង។ ក៏ប៉ុន្តែ ជំនួបកំពូលលើកនេះ ហាក់បើកទ្វារជាមួយនឹងភាពស្រពេចស្រពិល និងបរិយាកាស​អាប់អួរ ដែលបង្កឡើងដោយច្រើនកក្តា។ ក្នុងនោះគឺ លោកដូណាល់ ត្រាំ បានបង្កឲ្យមានភាពតានតឹង តាមរយៈគោលជំហររឹងទទឹង មិនចូលរូមជាមួយគេឯង ក្នុងការការពារទ្រឹស្តីពហុភាគីនិយម ដែលជាមូលដ្ឋានគ្រិះនៃការដោះដូរពាណិជ្ជកម្មដោយសេរី។ គេសង្ឃឹមតិចណាស់​ ថា ជំនួបកំពូលG20នេះ អាចនឹងចេញជាសេចក្តីប្រកាសរួម ចុងក្រោយណាមួយ។

រូបប៉េតប៉ោង "Baby Trump" ត្រូវក្រុមបាតុករ បង្ហោះនៅខាងមុខវិមានខុនក្រេស ក្រុង​​ប៊ុយណូួហ្សែរ ជាទី​ដែល​មាន​រៀបចំ​ជំនួប​កំពូល​ G20។ ថ្ងៃទី​២៩ វិច្ឆិកា ២០១៨​
រូបប៉េតប៉ោង "Baby Trump" ត្រូវក្រុមបាតុករ បង្ហោះនៅខាងមុខវិមានខុនក្រេស ក្រុង​​ប៊ុយណូួហ្សែរ ជាទី​ដែល​មាន​រៀបចំ​ជំនួប​កំពូល​ G20។ ថ្ងៃទី​២៩ វិច្ឆិកា ២០១៨​ REUTERS/Pilar Olivares
ផ្សាយពាណិជ្ជកម្ម

បាតុកម្មតវ៉ានៅខាងក្រៅ

មិនទាន់បើកទ្វារផង ជំនួបកំពូលG20 បាន​រអាក់រអួលទៅហើយ។ យន្តហោះលោកស្រីអង់ហ្គេឡា មែរគែលមានបញ្ហា ហោះបានបនិ្តចក៏ចុះចតបន្ទាន់។ លោកស្រីមែរគែលនឹងទៅដល់យឺត មិនបានចូលរួមបើកកម្មវិធីទេ។ បរិយាកាស​វាអាប់អួរ ទីមួយ គឺដោយកត្តាសន្តិសុខ។ នៅខាងមុខទីតាំងប្រជុំ ក្នុងរដ្ឋធានីប៊ុយណូហ្សែរ របស់អាហ្សង់ទីន គឺមានអង្គការ និងសមាគមន៍ជាច្រើន ដែលមានគំរោងធ្វើបាតុកម្មតវ៉ា ទាក់ទិននឹង​វិបត្តិ​សេដ្ឋកិច្ច ទំនិញឡើងថ្លៃ អតិផរណា និងការចុះអន់ថយនូវសេវាសាធារណៈជាដើម។ អាហ្សង់ទីន ដែលជាម្ចាស់ផ្ទះរៀបចំកម្ម​វិធីនេះ បានជួបនឹងវិបត្តិសេដ្ឋកិច្ច រដ្ឋគ្មានប្រាក់ចំណាយ សឹងតែក្ស័យធន់ទៅហើយ។ បំណុលសាធារណៈបានកើនឡើង ដែលបញ្ហានេះ គឺប្រជាជាអាហ្សង់ទីន ដែលជាអ្នកទទួលថ្មបាក់។

ជាងនេះទៅទៀត កាលពីពេលប្រកួតកីឡាបាល់ទាត់​ កាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ មានផ្ទុះអំពើហិង្សា វាយដំគ្នា ហើយគេបានបន្ទោសអាជ្ញាធរអាហ្សង់ទីន ថាមិនចេះធ្វើការ មិនអាចការពារសន្តិសុខបាន។ ដូច្នេះគេខ្លាចក្រែងថា នៅក្នុងពេលជំនួបកំពូល G20 នេះ អាចនឹងមានអំពើហិង្សាការប៉ះទង្វិចគ្នា រវាងអាជ្ញាធរសន្តិសុខ និងក្រុមបាតុករ។ កាលពី G20 នៅទីក្រុងហំបួរ ប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំមុន ក៏មានអំពើហិង្សានៅខាងក្រៅកន្លែងប្រជុំដែរ។ អាជ្ញាធរអាហ្សង់ទីន បានប្រកាសឲ្យដឹងថា អាជ្ញាធរ នឹងមិនអត់ឱនឲ្យ​អំពើហិង្សាណាមួយជាដាច់ខាត។

បរិយាកាសអាប់អួរនៅខាងក្នុង

ភាពអាប់អួរមួយទៀតនោះ គឺទាក់ទិននឹងបរិយាកាសទូទៅ នៅខាងក្នុងកន្លែងប្រជុំតែម្តង រវាងគណៈប្រតិភូ តំណាងប្រទេសទាំងអស់។ គេសង្កេតឃើញថា ម្នាក់ៗ សុទ្ធតែមានមន្ទិលក្នុងចិត្ត ទាក់ទិននឹងបញ្ហាផ្សេងៗ ដែលកំពុងចោទ នៅក្នុងសេដ្ឋកិច្ច និងការដោះដូរពាណិជ្ជកម្ម។ លោកដូណាល់​ ត្រាំ បានបង្កសង្រ្គាមពាណិជ្ជកម្ម ជាមួយគេឯងសឹងតែគ្រប់គ្នា តាមរយៈការប្រកាសដំឡើងពន្ធនាំចូលកប់ពពក។ រដ្ឋាភិបាលអាមេរិក បានកាច់ចង្កូត គេចចេញពីគោលការណ៍គ្រិះនៃទ្រឹស្តីពហុភាគីនិយម ហើយផ្តល់អាទិភាព តែទៅលើកិច្ចព្រមព្រៀងទ្វេភាគីទៅវិញ ដើម្បីងាយចរចារកចំណេញឲ្យបានច្រើន។

លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បាននិយាយដោយផ្ទាល់មាត់តែម្តង ថា៖ “បរិយាកាសនៅជុំវិញតុចរចា ក្នុងជំនួបកំពូលG20 លើកនេះ គឺពោរពេញដោយមន្ទិលល្អក់កករ”។ លោកបន្ថែមថា៖ “ជាបរិយាកាសមួយ​ដែល ម្នាក់ៗ​ចាំតែមើលចំណុចខ្សោយគ្នា នឹងអាលឆក់ឱកាសយកចំណេញ។​ ភាពបែកបាក់ប្រេះឆាគ្នា បានលេចចេញ ជារូបរាង្គហើយ”។ ដោយមិននិយាយឲ្យចំឈ្មោះទេ តែលោកម៉ាក្រុង បានលើកឡើងថា៖ “អ្នកខ្លះ កំពុងតែបោកបញ្ឆោតគេឯងគ្រប់គ្នា​ ឲ្យដើរតាមខ្លួន ដោយជ្រើសយកចរន្តគំនិតបិទទ្វារ ការពារតែប្រយោជន៍សួនតួ”។ ទោះមិនបញ្ចេញឈ្មោះ ក៏យើងអាចស្មានបានដែរ ថាគាត់ចង់សំដៅ ដល់ លោកដូណាល់ ត្រាំ។

លោកដូណាល់ ត្រាំ ប្តូរចិត្តចុះឡើង ដូចកូនក្មេង

អាមេរិក ជាមហាអំណាចសេដ្ឋកិច្ចធំជាងគេ។​ បើអាមេរិករករឿង ទទឹងទទែង ក្នុងពេលប្រជុំ គឺមានន័យថា បរិយាកាសទាំងស្រុងនឹងអាប់អួរ។ សង្រ្គាមពាណិជ្ជកម្ម ដែលផ្ទុយនឹង​គោលការណ៍គ្រិះ នៃការដោះដូរពាណិជ្ជកម្មដោយសេរី គឺជារឿងមួយហើយ។ តែរឿងមួយទៀតនោះ គឺលោកដូណាល់ ត្រាំ ធ្វើចរិកដូចកូនក្មេង ប្តូរផ្លាស់តាមចិត្ត ដែលធ្វើឲ្យគ្រប់គ្នាត្រូវប្រុងប្រយត្ន័ជាប់ជានិច្ច។

ជាក់ស្តែង មុននឹង ឡើងយន្តហោះចេញដំណើរមកក្រុងប៊ុយណូហ្សែរ លោកដូណាល់ ត្រាំ បានអះអាងថា លោកនឹង ជួបជាមួយលោកពូទីន មួយទល់នឹងមួយ នៅក្នុងជំនួបកំពូលនេះ។ លោកត្រាំនិយាយថា វាគឺជាឱកាសដ៏ល្អ ដើម្បីជួបនិយាយគ្នា ជាមួយនឹងប្រធានាធិបតីរុស្ស៊ី ដើម្បីលើកឡើងពីភាពតានតឹង ដែលកំពុងកើតមាន រវាងរុស្ស៊ី និងអ៊ុយក្រែន។ ក៏ប៉ុន្តែ យន្តហោះមិនទាន់ចុះដល់ដីផង លោកដូណាល់ ត្រាំ បានសរសេរលើTwitter ថា លោកបានប្តូរចិត្ត លប់ចោលជំនួបទ្វេភាគីជាមួយលោកពូទីន។

ប្តូរចិត្តចុះឡើងដូចកូនក្មេងវាជាបញ្ហាមួយហើយ តែមួយទៀតនោះ គឺការប្រកាសតាមTwitter​ ដែលធ្វើឲ្យថ្នាក់ដឹកនាំទាំងអស់ មានការភ្ញាក់ផ្អើល។ ពោលគឺពុំមានការជូនដំណឹងជាផ្លូវការណាមួយ ពីរដ្ឋបាលអាមេរិក ទៅខាងគណប្រតិភូរុស្ស៊ីទេ។ ត្រង់នេះ វាជារឿងមួយ មិនសមរម្យទេ។ នៅក្នុងសារTwitter លោកត្រាំសរសេរប្រាប់ហេតុផលថា គាត់មិនជួបលោកពូទីន ព្រោះថា ខាងភាគីរុស្ស៊ី មិនបានដោះលែងទាហាន និងនាវាកងទ័ពជើងទឹកអ៊ុយក្រែនទាំង៣គ្រឿងនោះ នៅឡើយទេ។

អ្នកវិភាគខ្លះ បានរិះគន់ថា តើការលប់ចោលជំនួបទ្វេភាគីជាមួយលោកពូទីន នៅប៉ុន្មានម៉ោងមុនរបៀបនេះ វានឹងបង្ខំឲ្យរុស្ស៊ី ដោះលែងនាវានឹងកងទ័ពអ៊ុយក្រែនឬ? អត់ទាល់តែសោះ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ បានបោះបង់ចោលឱកាស ដែលត្រូវនិយាយមួយទល់នឹងមួយ ដោយចំពោះមុខ ជាមួយនឹងលោកពូទីន ទាក់ទិន បញ្ហាអ៊ុយក្រែន។ នេះសបញ្ហាញថា តាមពិតទៅ លោកដូណាល់ ត្រាំ គ្មានចេទនាពិតប្រាកដ ក្នុងការជួយជ្រោមជ្រែងអ៊ុយក្រែន ទល់នឹងរុស្ស៊ីទេ។ ពោលគឺហាក់ដូចជាលោកដូណាល់ ត្រាំ លប់ចោលជំនួបនេះ ព្រោះមិនចង់ប្រឈមមុខ ជាមួយរុស្ស៊ី។

ក្រៅពីលប់ចោលជំនួបជាមួយលោកពូទីន លោកដូណាល់ ត្រាំ ក៏បានលប់ចោលជំនួបជាមួយលោក មូន ជាអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង និង លោកអ៊ែរដូហ្កាន់ ប្រធានាធិបតី​តួកគីដែរ។ ហើយលប់ចោល ទាំងមិនបានប្រាប់ហេតុផលទៀតផង។ យ៉ាងណាក៏ដោយ លោកដូណាល់ ត្រាំ បានអះអាង ថានឹងជួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើម្បីនិយាយគ្នា​ពីបញ្ហាវិវាទពាណិជ្ជកម្ម រវាងមហាអំណាចទាំង២។

មិនសង្ឃឹមថានឹងមានសេចក្តីប្រកាសរួមចុងក្រោយ

បើយើងក្រឡេកទៅមើលជំនួបកំពូលមុនៗ មិនថា ក្នុងក្របខណ្ឌ G20 ឬ G7 គឺគេសង្ឃឹមតិចណាស់ ព្រោះថា រាល់លើក គឺលោកដូណាល់ ត្រាំ ដែលរឹងទទឹង មិនព្រមចុះហត្ថលេខា ឬមួយក៏ទាមទារ ឲ្យគេដូរខ្លឹមសារ នៅក្នុងសេចក្តីប្រកាសរួមជាដើម។ ជាក់ស្តែង កាលពីជំនួបកំពូលG7 នៅកាណាដា លោកដូណាល់ ត្រាំ មិនត្រឹមតែបានទាមទារឲ្យគេលប់ខ្លឹមសារខ្លះនោះទេ ថែមទាំងបានធ្វើដំណើរចាកចេញពីកន្លែងប្រជុំ មុននឹងចប់កម្មវិធីទៀតផង។ លើកនេះ គេមិនដឹងថានឹងមានរឿងអ្វីកើតឡើងខ្លះទេ ជាមួយនឹងលោកដូណាល់ ត្រាំ។

លោក Thomas Bernes អ្នកជំ​នាញម្នាក់ នៅ Center for International Governance Innovation បានលើកឡើងថា លទ្ធភាពនៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួមចុងក្រោយ កំពុងតែចោទជាបញ្ហាពិតមែន។ ធម្មតា ជំនួបកំពូលអន្តរជាតិ របៀបនេះ គឺជាឱកាស ដែលថ្នាក់ដឹកនាំប្រទេសធំៗទាំងអស់ ប្រកាសគោលជំហរ ក្នុងការកាច់ចង្កូតសេដ្ឋកិច្ច សង្គមកិច្ច ដើម្បីកសាងសន្តិភាព និងការរីកចំរើនសម្រាប់ពិភពលោកទាំងអស់គ្នា។ តែតាំងតែពីលោកដូណាល់ ត្រាំចូលកាន់តំណែងមក គោលការណ៍គ្រិះ ភាពសាមគ្គីគ្នាទាំងអស់នេះ បានរលាយបន្តិចម្តងៗ ដោយសារតែលោកត្រាំ មិនឯកភាពជាមួយគេជាច់ខាត បើសិនជាអាមេរិកមិនចំណេញ។

បញ្ហាវិវាទពាណិជ្ជកម្ម ការដោះដូរដោយសេរី បញ្ហាអាកាសធាតុ ដែលកំពុងចោទឡើងកាន់តែខ្លាំង ទាំងអស់នេះ គឺពិតជាមិនអាចមានសរសេរនៅក្នុងសេចក្តីប្រកាសរួមចុងក្រោយទេ។ បើមានសរសេរ គឺអាមេរិក អាចនឹងជំទាស់ មិនចុះហត្ថលេខា។ ជារួមទៅ លទ្ធផលនៃជំនួបកំពូលG20 នេះ គឺគ្មានអ្វីក្រៅពីលទ្ធផលដាច់ដោយឡែក នៃជំនួបទ្វេភាគី រវាងចិន និងអាមេរិក និង រូបថតជួបជុំមហាគ្រួសារ៤ - ១០សន្លឹក ដែលគ្រប់គ្នាខំ​ព្យាយាមញញឹម ទាំងទើសទ័ល ក្នុងចិត្ត ដែលការពិត គឺធ្វើឲ្យតែបង្រ្គប់កិច្ចតែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ