rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បច្ចេកវិទ្យា សិទ្ធិសេរីភាព សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Facebook​​ថា​​ ​Cambridge Analytica ​លួចទិន្ន័យ​​បាន​​ជាង​​៨០​លាន​​គណនី​ មិនមែន​៥០លាន​ទេ

media
Mark Zuckerberg ស្ថាបនិក Facebook REUTERS/Stephen Lam

រឿងអាស្រូវនៃការរបូតទិន្ន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់Facebook នៅមិនទាន់ចប់នៅឡើយទេ។ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនFacebook បានអះអាងថា ទិន្ន័យដែលបានរបូតទៅដល់ដៃក្រុមហ៊ុន Cambridge Analytica នោះ មិនមែន​៥០​លាន​គណនី​ទេ គឺ​មាន​ដល់​ទៅ​ជាង​​៨០លាន​គណនី។ ទាក់ទិន នឹងរឿងរ៉ាវនេះ លោក Mark Zuckerberg នាយកក្រុមហ៊ុនFacebook នឹងត្រូវចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខសមាជិកសភា និងព្រឹទ្ធសភាអាមេរិក នៅសប្តាហ៍ក្រោយនេះហើយ។


មិនមែន៥០លានទេ គឺ៨៧លានគណនីFacebook ដែលទិន្ន័យឯកជននៃគណនីទាំងនោះ ត្រូវបានក្រុមហ៊ុន Cambridge Analytica ប្រមូល​យកទៅបាន​ ដោយគ្មានការដឹងឮពីម្ចាស់គណនី និងគ្មានការ​អនុញ្ញាតិ ពីFacebook។ នេះគឺជាអ្វី ដែលលោក Mark Zuckerberg នាយក​Facebook បានសរសេរនៅលើទំព័រ​Facebook របស់ខ្លួន នៅថ្ងៃព្រហស្បតិ៍​នេះ អមដោយពាក្យសោកស្តាយ​ ទទួលស្គាល់កំហុសឆ្គងរបស់ក្រុមហ៊ុនលោក។ លោកលើកឡើងថា គ្មានអ្វីមួយដែលល្អឥតខ្ចោះនោះទេ ហើយជីវិតតែងតែជួបនឹងកំហុសឆ្គងខ្លះ តែអ្វីដែលសំខាន់ គឺត្រូវយកមេរៀននេះ ធ្វើជាបទពិសោធន៍។

ដោយឡែក ក្រុមហ៊ុន​Cambridge Analytica បានចេញប្រកាសមួយថា​ ទិន្ន័យដែលខ្លួនប្រមូលបាន គឺមានតែប្រមាណ៣០លានគណនីប៉ុណ្ណោះ។ ជាងនេះទៅទៀត ក្រុមហ៊ុន Cambridge Analytica បានអះអាង​ថា ខ្លួនមិនបានយកទិន្ន័យទាំងនោះ ទៅប្រើក្នុងក្របខណ្ឌការងារ នៃការឃោសនាបោះឆ្នោត របស់​លោកដូណាល់ ត្រាំទេ។ ហើយថា ខ្លួន បានលុបចោលទិន្ន័យទាំងនោះ នៅរវាងឆ្នាំ២០១៥ បន្ទាប់ពីក្រុមហ៊ុនFacebook បានប្រាប់ឲ្យលុប ព្រោះជាទិន័្នយបានមក ដោយគ្មានការអនុញ្ញាតិពីFacebook។

សូមរំលឹកថា ទិន្ន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់Facebook ត្រូវបាន​ជន​ទី៣ លួចប្រមូលយកបាន តាម​រយៈ​កម្មវិធីទស្សន៍ទាយចិត្តសាស្ត្រមួយ​ ដែលលោតចេញមកលើFacebook។ ទិន្ន័យដែល​Cambridge Analytica​ ប្រមូលបាន ត្រូវគេសង្ស័យថា ត្រូវក្រុមហ៊ុននេះ​យក​ទៅធ្វើវិភាគ និងលក់បន្តឲ្យដល់ក្រុមការងារ​ឃោសនាបោះឆ្នោតរបស់លោក​ដូណាល់ ត្រាំ ដើម្បីងាយស្រួលរៀបយុទ្ធសាស្ត្រឃោសនា ឲ្យចំចំណង់ចំណូលចិត្ត និងទំនោរយល់ឃើញរបស់មនុស្សម្នាក់ៗ។

ក្រោយផ្ទុះរឿងអាស្រូវនេះ នាយកFacebook បានចេញមុខសុំទោស ទទួលកំហុស ហើយសន្យាថាក្រុមហ៊ុន នឹងរៀបចំវិធានការគ្រប់គ្រង និងការពារ​ទិន័្នយរបស់អ្នកប្រើប្រាស់ ឲ្យបានរឹងមាំ។ យ៉ាងណាមិញ កាលពីថ្ងៃអង្គារកន្លងទៅ Facebook បានប្រកាសថាបានបិទគណនី​Facebook និង Instagram ចំនួន២៧០គណនី ដែលសុទ្ធជាគណនីគ្រប់គ្រងដោយក្រុមហ៊ុនរុស្ស៊ីមួយឈ្មោះ Internet Research Agency (IRA)។ ក្រុមហ៊ុនរុស្ស៊ីនេះ ត្រូវគេសង្ស័យថា បានដើរបង្កើតគណនីក្លែងក្លាយ ដើម្បីបំផុសបំផុល ចែកចាយព័ត៌មានមិនពិត ក្នុងគោលដៅ​បំពុលមតិមហាជន។

នៅថ្ងៃ​ទី១០ មេសា សប្តាហ៍ក្រោយ លោកMark Zuckerberg រួមជាមួយ​និងតំណាងក្រុមហ៊ុន Google និង Twitter ផងនោះ នឹងត្រូវចូលទៅឆ្លើយបំភ្លឺនៅចំពោះមុខគណកម្មការយុត្តិធម៌នៃព្រឹទ្ធសភាអាមេរិក។ បន្ទាប់មកទៀត នៅថ្ងៃទី ១១ មេសា នាយកFacebook ក៏ត្រូវតែទៅឆ្លើយបំភ្លឺ នៅចំពោះមុខគណកម្មការពាណិជ្ជកម្មនៃសភាតំណាង របស់​សហរដ្ឋអាមេរិកដែរ។ ដោយឡែក នាយកFacebook នៅមិនទាន់ឆ្លើយយល់ព្រម ទៅតាមការកោះហៅ របស់សភាអង់គ្លេស និង​សភា​អឺរ៉ុប ទេ៕