អានតួអត្ថបទ
អាមេរិក

ភាពចម្រូងចម្រាស​នៅ​អាមេរិក​ជុំវិញ​ការ​ដោត​ទង់​សម័យ​សង្រ្គាម​ស៊ីវិល

នៅក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​ទៅលើ​ជនជាតិ​ស្បែក​ខ្មៅ នៅ​ក្នុង​វិហារ​គ្រិស្តសាសនា នៅ Charleston បញ្ហា​ដ៏ចម្រូងចម្រាស​មួយ​កំពុងតែ​ផ្ទុះឡើង​យ៉ាងខ្លាំង នៅ​សហរដ្ឋ​អាមេរិក គឺ​ទាក់ទង​នឹង​ការ​ដោតទង់​សម័យ​សង្រ្គាមស៊ីវិល នៅ​មុខ​វិមាន​សភារដ្ឋ South Carolina។ អ្នក​នយោបាយ​អាមេរិក​ជាច្រើន​បាន​នាំគ្នា​អំពាវនាវ​ឲ្យ​ដកទង់នេះ​ចេញ​ពី​ទីសាធារណៈ។ តើ​ហេតុអ្វី​បាន​ជា​ទង់នេះ​បង្ក​ឲ្យ​មាន​បញ្ហា​ចម្រូងចម្រាស​ខ្លាំង​បែបនេះ?

ទង់​តំណាង​កងទ័ព​រដ្ឋ​សហព័ន្ធ​ខាង​ត្បូង (រូបធំ) បងក់រវិច​នៅ​កំពូលដង ខណៈពេល​ដែល​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​តំណាង​រដ្ឋត្រូវ​គេ​បង្ហោះ​ត្រឹម​ពាក់កណ្តាល​ដង នៅ​លើ​កំពូលវិមាន​សភា​រដ្ឋ South Carolina
ទង់​តំណាង​កងទ័ព​រដ្ឋ​សហព័ន្ធ​ខាង​ត្បូង (រូបធំ) បងក់រវិច​នៅ​កំពូលដង ខណៈពេល​ដែល​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​តំណាង​រដ្ឋត្រូវ​គេ​បង្ហោះ​ត្រឹម​ពាក់កណ្តាល​ដង នៅ​លើ​កំពូលវិមាន​សភា​រដ្ឋ South Carolina REUTERS/Jason Miczek
ផ្សាយពាណិជ្ជកម្ម

ទង់ដ៏ចម្រូងចម្រាស​នេះ គឺ​ជា​ទង់​តំណាង​កងទ័ព​​នៃ​រដ្ឋ​ប៉ែក​ខាង​ត្បូង នៅ​ក្នុង​អំឡុង​សម័យ​សង្រ្គាម​ស៊ីវិល​អាមេរិក (១៨៦១-១៨៦៥)។

គួររំឭកឡើងវិញ​​ថា សង្រ្គាម​ស៊ីវិល​នេះ បាន​កើតឡើង​ រវាង​រដ្ឋ​នៅ​ប៉ែក​ខាងជើង និង​រដ្ឋ​ប៉ែក​ខាង​ត្បូង។ កាលណោះ​រដ្ឋ​ប៉ែក​ខាង​ត្បូង​បាន​ប្រកាស​ផ្តាច់ខ្លួន​ចេញ​ពី​សហរដ្ឋ​អាមេរិក ទៅបង្កើត​ជា​រដ្ឋ​សហព័ន្ធ​ថ្មី​មួយ ដាក់ឈ្មោះថា « The Confederate States of America » ហើយ ​រដ្ឋ South Carolina ក៏​ស្ថិត​នៅ​​នៅ​ក្នុង​ចំណោម​រដ្ឋ​​ប៉ែក​ខាងត្បូង​នេះ​ដែរ។ ជម្លោះ​រវាង​រដ្ឋ​ប៉ែក​ខាងជើង និង​រដ្ឋ​ប៉ែក​ខាង​ត្បូង​នៅ​ពេលនោះ បង្កឡើង​ដោយ​បញ្ហា​ច្រើន ក៏ប៉ុន្តែ ហេតុផល​ដែល​គេ​ធ្វើការ​កត់សម្គាល់ និង​ចងចាំ​ជាងគេ គឺ​ទាក់ទង​នឹង​ទាសភាព។ រដ្ឋ​ប៉ែក​ខាង​ជើង​ទាមទារ​ឲ្យ​បង្កើត​ច្បាប់​លុបបំបាត់​ទាសភាព ចំណែក​រដ្ឋ​ប៉ែក​ខាង​ត្បូង​វិញ​ប្រឆាំង​នឹង​ការលុបបំបាត់​ទាសភាព​នេះ ដោយ​ពួកគេ​ទាមទារ​រក្សា​​សិទ្ធិ​ក្នុងការ​យក​ជនជាតិ​ស្បែក​ខ្មៅ​ធ្វើ​ជា​ទាសករ។
 

១៥០ឆ្នាំ​ក្រោយ​សង្រ្គាម​ស៊ីវិល​នេះ​ត្រូវ​​បញ្ចប់ ទង់​តំណាង​កងទ័ព​នៃ​រដ្ឋ​ប៉ែក​ខាង​ត្បូង នៅតែបន្ត​ត្រូវ​បាន​គេ​យក​មក​បង្ហូត​នៅ​ទីសាធារណៈ នៅតាម​បណ្តា​រដ្ឋ​មួយ​ចំនួន ដែល​ជា​អតីត​សមាជិក​​រដ្ឋ​សហព័ន្ធ​ខាង​ត្បូង (​The Confederate States of America)។

ក្រុម​អ្នក​អភិរក្ស​និយម​​នៅ​រដ្ឋ​ប៉ែក​ខាង​ត្បូង​យល់ថា ទង់នេះ​​ជា​និមិត្តរូប​ ដើម្បី​រំឭក​អំពី​វីរភាព​របស់​ដូនតា​របស់​ពួកគេ ដែល​បាន​ពលីជីវិត​នៅ​ក្នុង​សម័យ​សង្រ្គាម​ស៊ីវិល ដើម្បី​ការពារ​ផលប្រយោជន៍​រដ្ឋ​របស់​ពួកគេ។

ក្រុម​អ្នក​ប្រឆាំង​វិញ​យល់ថា ទង់នេះ​គឺ​ជា​និមិត្តរូប​តំណាង​​ឲ្យ​ការ​រើសអើង​ប្រកាន់​ពូជសាសន៍ ពីព្រោះ​ថា ទង់នេះ​​ជា​ទង់​តំណាង​ឲ្យ​រដ្ឋ​ដែល​​ធ្វើ​សង្រ្គាម ដើម្បី​ការពារ​សិទ្ធិ​​យក​ជនស្បែកខ្មៅ​ធ្វើ​ជា​ទាសករ។ ម្យ៉ាងទៀត គេសង្កេត​ឃើញ​ថា នៅ​ក្រោយ​សង្រ្គាម​ស៊ីវិល ទង់​តំណាង​កងទ័ព​រដ្ឋ​ប៉ែក​ខាង​ត្បូង​នេះ តែងតែ​ត្រូវ​បាន​ចលនា​ស្បែក ស ជ្រុលនិយម​អាមេរិក​យក​មក​ប្រើ​ ដែល​ធ្វើ​ឲ្យ​ទង់នេះ​ ​ជាប់ឈ្មោះ​កាន់តែ​អាក្រក់​ថែម​ទៀត​ថា​ជា​ទង់​តំណាង​ឲ្យ​ចលនា​ជ្រុលនិយម ដែល​ប្រកាន់គំនិត​ថា ពួកស្បែក ស ជា​ជាតិសាសន៍​ដ៏​ខ្ពង់ខ្ពស់​លើសគេ ហើយ​មើល​ងាយ​ពួកស្បែក​ខ្មៅ​ថា​ជា​ជាតិសាសន៍​ថោកទាប។
 
ហេតុការណ៍​បាញ់​ប្រហារ​សម្លាប់​ជនជាតិ​ស្បែក​ខ្មៅ ៩នាក់ នៅ​ក្នុង​វិហារ​គ្រិស្ត​សាសនា នៅ Charleston បាន​ដុតបញ្ឆេះ​បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ទង់​សម័យ​សង្រ្គាមស៊ីវិល​នេះ​ឲ្យ​ផ្ទុះឡើង​កាន់តែ​ខ្លាំង ដោយសារ​តែ​គេ​មើលឃើញ​ថា អំពើ​បាញ់​ប្រហារ​នេះ គឺ​ជា​ឧក្រិដ្ឋកម្ម​ដែល​មាន​លក្ខណៈ​រើសអើង​ស្អប់​ជាតិសាសន៍។ នៅ​តាម​ប្រព័ន្ធ​អ៊ីនធ័រនែត គេ​បាន​រកឃើញ​រូបថត​របស់​​ខ្មាន់កាំភ្លើង​ គឺ​យុវជន​ស្បែក​ ស វ័យ ២១ឆ្នាំ ឈ្មោះ Dylann Roof កាន់ទង់​តំណាង​រដ្ឋ​ប៉ែក​ខាង​ត្បូង ព្រមទាំង​មាន​ការ​សរសេរ​សារ​ជាច្រើន​បង្ហាញ​ពី​គំនិត​ជ្រុលនិយម ដែល​គេ​ឲ្យឈ្មោះ​ថា “White Supremacy”។

​ក្រោយ​ហេតុការណ៍​បាញ់​ប្រហារ​នៅ Charleston ​ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​នៃ​រដ្ឋ South Carolina ទង់ជាតិ​នៅ​​តាម​អគារ​រដ្ឋ នៅ South Carolina ទាំង​ទង់ជាតិ​សហព័ន្ធ​អាមេរិក និង​ ទង់ជាតិ​តំណាង​រដ្ឋ South Carolina ត្រូវ​បាន​គេ​បង្ហោះ​ត្រឹមពាក់​កណ្តាល​ដង ជា​សញ្ញា​កាន់ទុក្ខ។ ផ្ទុយទៅវិញ ទង់តំណាង​កងទ័ព​រដ្ឋ​ខាង​ត្បូង​សម័យ​សង្រ្គាម​ស៊ីវិល ​នៅតែ​បន្ត​បក់រវិច​នៅលើ​កំពូលដង​ដដែល មិនត្រូវ​បាន​គេ​ទម្លាក់​មក​នៅ​ពាក់កណ្តាល​ដង​ ដូចជា​ទង់ផ្សេងទៀត​នោះទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​គ្រប់ទិសទី។
 

Reuters

នៅក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ សំឡេង​ទាមទារ​​បាន​កើតមាន​កាន់តែ​ខ្លាំង​ឲ្យ​បញ្ឈប់​ការ​បង្ហូត​ទង់​តំណាង​រដ្ឋប៉ែក​ខាង​ត្បូង​នៅ​ទី​សាធារណៈ។ កាល​ពីថ្ងៃ​ចន្ទ លោកស្រី Hikki Haley ដែល​ជា​អភិបាលរដ្ឋ South Carolina ក៏​បាន​អំពាវនាវ​ឲ្យ​ដក​ទង់នេះ​ចេញ​ពី​មុខ​វិមាន​សភា​របស់​រដ្ឋ​ផងដែរ។

តាមការពិត ក្នុងឋានៈ​ជា​អភិបាល​រដ្ឋ លោកស្រី Hikki Haley មាន​សិទ្ធិ​ដកទង់​ទាំងអស់​ចេញ​ពី​អគារ​របស់​រដ្ឋ ក៏ប៉ុន្តែ ទង់​តំណាង​កងទ័ព​រដ្ឋ​ប៉ែក​ខាង​ត្បូង​មិនមាន​អ្នក​ណា​អាច​ប៉ះពាល់​បាន​នោះទេ ដោយសារ​តែ​មាន​ច្បាប់​ហាមឃាត់។

គួររំឭកឡើងវិញ​ថា កាល​ពី​មុន​ឆ្នាំ​២០០០ ទង់នេះ​ត្រូវ​បាន​គេ​បង្ហោះ​នៅ​ពីលើ​ដំបូល​វិមាន​សភា​រដ្ឋ South Carolina អម​ជាមួយ​ទង់ជាតិ​សហរដ្ឋ​អាមេរិក និង​ទង់​តំណាង​រដ្ឋ South Carolina។ ដោយសារ​តែ​មាន​ការ​ប្រទាញប្រទង់គ្នា​ខ្លាំង រវាង​អ្នកទាមទារ​ឲ្យ​ដកទង់​នេះ​ចេញ​ និង​អ្នក​ទាមទារ​​ឲ្យ​រក្សា​ទង់​ឲ្យ​នៅ​ដដែល សភា​រដ្ឋ South Carolina ក៏​បាន​ធ្វើការ​សម្រុះសម្រួល ដោយ​​អនុម័ត​ច្បាប់​មួយ​ឲ្យ​ដក​ទង់​នេះ​ចេញ​ពី​កំពូល​វិមាន​សភា យក​ទៅ​ដោត​នៅ​ពីមុខ​វិមាន​សភា​វិញ ហើយ​ដើម្បី​តម្រូវ​ចិត្ត​ក្រុម​អ្នក​គាំទ្រ​ទង់នេះ ច្បាប់​នេះ​បាន​កំណត់​យ៉ាងច្បាស់ ទំហំទង់ កម្ពស់​ដង និង​ទីតាំង​ដែល​ត្រូវ​ដោត ព្រមទាំង​បាន​ចែង​ថា រាល់​ការ​ផ្លាស់ប្តូរណាមួយ ទាក់ទង​នឹង​ទីតាំង​ទង់នេះ ចាំបាច់​ត្រូវ​តែ​ឆ្លងកាត់​ការ​បោះឆ្នោត​អនុម័ត ដោយ​សំឡេង ២ភាគ៣ នៅ​ក្នុង​សភា​ទាំងពីរ​របស់​រដ្ឋ។
 
ជាទូទៅ គេ​សង្កេតឃើញ​ថា រឿង​ដក​ទង់​តំណាង​កងទ័ព​រដ្ឋ​ប៉ែក​ខាង​ត្បូង​​ចេញ​ពី​ទីសាធារណៈ​តែងតែ​ជា​បញ្ហា​រសើប សម្រាប់​អ្នក​នយោបាយ​​មក​ពី​គណបក្ស​សាធារណរដ្ឋ ពីព្រោះ​ថា អ្នក​គាំទ្រ​ទង់នេះ ភាគច្រើន គឺ​​ជា​ពួក​អភិរក្ស​និយម ដែល​តែងតែ​បោះឆ្នោត​គាំទ្រ​គណបក្ស​សាធារណរដ្ឋ។ ដូច្នេះហើយ​បាន​ជា​អ្នក​នយោបាយ​​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ ទាំង​​អ្នក​នយោបាយ​នៅ​ក្នុង​រដ្ឋ South Carolina ទាំង​​អ្នក​នយោបាយ​ថ្នាក់​ជាតិ មិន​ចង់​ប៉ះពាល់​ទង់​នេះ ដោយសារ​តែ​ខ្លាច​បាត់​សំឡេង​ឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ