rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

បច្ចេកវិទ្យា សិទ្ធិសេរីភាព ជីវិតឯកជន

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

Apple ចំអក​ឲ្យ​Facebook​ ថាខ្លួន​តែងតែ​ និង​បន្ត​ការពារ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់

media
លោក Craig Federighi អគ្គនាយករង​Apple និយាយ​នៅ​ the Apple Worldwide Developer Conference (WWDC) ​ក្រុង ​San Jose​ រដ្ឋកាលីហ្វ័រញ៉ា​ ថ្ងៃ​ទី​៤​មិថុនា​ ២០១៨ REUTERS/Elijah Nouvelage

ថ្នាក់ដឹកនាំក្រុមហ៊ុន Apple បានប្រកាស​ថា ក្រុមហ៊ុនខ្លួន  ​ជានិច្ច​ជាកាល តែងតែ​ការពារ​ទិន្ន័យ​ផ្ទាល់ខ្លួន​របស់​អ្នក​ប្រើប្រាស់ មិនយក​ទិន្នន័យ​ទាំងនោះ ​ទៅលក់​បន្ត​ដើម្បី​យក​ប្រាក់ ​ដូច​ក្រុមហ៊ុន​ដទៃ​ឡើយ។ មិនត្រឹម​តែ​ប៉ុណ្ណោះ ​ក្រុមហ៊ុន​Apple ​នឹង​ព្យាយាម​បន្ថែមទៀត ​ដើម្បី​ទប់ កុំឲ្យ​មេរោគ ​ឬ​កម្មវិធី​នានា ​ចូល​មក​បន្លំ​លួច​ទិន្នន័យ ​របស់​អ្នកប្រើប្រាស់​ផលិតផល​​Apple ​បាន។ ការ​ប្រកាស​ខាងលើនេះ ​គឺApple​ ចង់​ចំអក​ឲ្យ​ក្រុមហ៊ុន​ Facebook ​ដែល​ថ្មីៗ​នេះ ​កំពុង​រង​ការ​ចោទ​ប្រកាន់ ​ថាបាន​បណ្តោយ​ឲ្យ​បែកធ្លាយ​ ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់ ​និង​យក​ទិន្ន័យ​ទាំងនោះ​ទៅលក់​បន្ត​ជាដើម។


នៅក្នុងឱកាសស​ន្និសីទប្រចាំឆ្នាំ នៃក្រុមអ្នកផលិតកម្មវិធីបច្ចេកវិទ្យាព័ត៌មានវិទ្យា នៅឯតំបន់ Silicon Valley ក្រុមហ៊ុនApple បានយកវេទិកានេះ ផ្សព្វផ្សាយអំពីបច្ចេកវិទ្យាថ្មីរបស់ខ្លួន ហើយព្រមជាមួយគ្នានេះដែរ ក៏បានឆ្លៀត ចំអកផ្លែផ្កា ដាក់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនទៀត ដូចជា Facebook ជាដើម។

លោក Craig Federighi អគ្គនាយករង​ Apple បានលើកឡើង ក្នុងឱកាសនោះ​ថា ទិន្នន័យ​ឯកជន​ផ្ទាល់ខ្លួន របស់​អ្នក​ប្រើប្រាស់​ម្នាក់ៗ គឺត្រូវ​តែ​ស្ថិត​នៅ​ក្នុង​ភាព​ឯកជន។ ដូច្នេះ​យើង​ត្រូវតែ​គ្រប់គ្រង ថា​អ្នក​ណា​អាច​ឃើញ ឬ​អាច​មើលទិន្នន័យ​ទាំង​នោះបាន។ តំណាង ​Apple រូបនេះ​ឆ្លៀត​បន្ថែម​ថា ក្រុមហ៊ុន​យក្ស ដែល​គ្រប់គ្រង​បច្ចេកវិទ្យា​លើ​អ៊ីនធ័រនែត​ខ្លះ បាន​កេង​ចំណេញ​លើ​បញ្ហានេះ ដោយ​គ្មាន​គោរព​អ្នកប្រើប្រាស់​ទាល់តែ​សោះ។

នៅចំពោះមុខអ្នកស្តាប់ ប្រមាណ៦ពាន់នាក់ លោក Craig Federighi បានបញ្ជាក់ថា៖ cookies ប៊ូតុចចុច LikeShare នៅលើបណ្តាញសង្គម ឬគេហទំព័រនានា គឺជាប្រភពនៃការបើកទ្វារចំហ ទិន្នន័យរបស់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Apple នឹងទប់ស្កាត់បញ្ហានេះឲ្យបាន សម្រាប់អ្នកប្រើប្រាស់ផលិតផលរបស់Apple។ លោកពន្យល់ថា cookies ដែលដោយជាមួយនឹងកម្មវិធីទូរស័ព្ទ ឬគេហទំព័រនានា គឺជាមធ្យោបាយ ដែលក្រុមហ៊ុនបច្ចេកវិទ្យា​​ខ្លះ តាមដានការ​​ប្រើប្រាស់អ៊ីនធ័រនែត​ របស់អ្នកមនុស្ស​ម្នាក់ៗ ហើយបន្ទាប់​មក​ទៀត គេប្រមូល​ទិន្នន័យ​ទាំងនោះ យក​ទៅលក់បន្ត ​ដើម្បី​ធ្វើការ​សំរុក​ផ្សាយ​ពាណិជ្ជកម្ម​ សំដៅ​មក​អូសទាញ​​អ្នក​ប្រើប្រាស់​​នោះវិញ។

ក្រោយការប្រកាសរបស់Apple ថាមានគំរោងទប់ស្កាត់ កុំឲ្យ cookies ចូលតាមដានទិន្នន័យ​ប្រើប្រាស់នេះ ​ទស្សនាវត្តី​ Wired បានសរសេរថា Apple កំពុងតែធ្វើ Safari ឲ្យក្លាយ​ជា​អ្នក​ប្រឆាំង​នឹងFacebook។ សម្រាប់អ្នកប្រើ Safari ដើម្បីរុករកអ្វីមួយ​លើ​អ៊ីនធ័រនែត នៅ​ពេលណាដែល cookies ឬកម្មវិធី (Applications) ណាមួយ ចង់ចូលមកច្បាម​​យក​ទិន្នន័យឯកជ​ន នោះSafari នឹង​ផ្តល់​សញ្ញា​ឲ្យ​អ្នកប្រើប្រាស់ ដើម្បីរារាំងកុំឲ្យវាចូលមកលួចទិន្នន័យបាន។

គួរកត់សំគាល់ថា នេះមិនមែនជាលើកទីមួយទេ ដែល Apple ចំអក ផ្លែផ្កាដាក់ Facebook​ ​ឬក៏ ​Google ទាក់ទិន​នឹងការ​មិនការពារ​ទិន្នន័យ​ឯកជន​របស់​អ្នក​ប្រើប្រាស់​នេះ។ ជាក់ស្តែង​ កាលពីខែមីនាកន្លងទៅ ក្រោយផ្ទុះរឿងរ៉ាវ ដែលFacebook បណ្តោយឲ្យក្រុមហ៊ុន Cambridge Analytica ចូលមកប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ លោក Tim Cook អគ្គនាយក Apple បាននិយាយថា គ្មានថ្ងៃ ដែលApple ធ្វើរឿងបែបអញ្ចឹងទេ។ លោកបន្ថែម បើក្រុមហ៊ុនលោក ចង់រកស៊ីលើខ្នងអ្នកប្រើប្រាស់ ចង់កើបលុយតាមរយៈទង្វើនេះ គឺវាជារឿងងាយស្រួលណាស់ ក៏ប៉ុន្តែ Apple មិនអាចក្បត់អតិថិជន ដែលប្រើប្រាស់ផលិតផលApple បានទេ៕