អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សហរដ្ឋអាមេរិក​កំពុង​ពិនិត្យ​មើល​របៀប​គ្រប់គ្រង​ធនធាន​រ៉ែធ្យូងថ្ម​របស់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ធនធាន​រ៉ែ​ធ្យូង​ថ្ម គឺ​ជា​ប្រភព​បង្កើត​ថាមពល​អគ្គិសនី​ដ៏​សំខាន់​មួយ​នៅ​សហរដ្ឋ​អាមេរិក។​ ប៉ុន្តែ​ ឧស្សាហកម្ម​ធ្យូង​ថ្ម​អាមេរិក​ហាក់​ពុំ​ទាន់​វិវត្ត​នៅ​ឡើយ​ទេ។ ពោល​គឺ ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៩ មក​ម្ល៉េះ​ ច្បាប់​នៃ​ការ​គ្រប់​គ្រង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ធ្យូង​ថ្ម​​ពុំ​មាន​ការ​កែប្រែ​ឡើយ។​ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ធនធាន​រ៉ែ​ធ្យូង​ថ្ម​កំពុង​តែ​ចុះ​ថយ​ និង​ឈាន​ទៅ​រក​ការ​វិនាស​បាត់​បង់​ទាំង​ស្រុង។​ ​លោក​ប្រធានាធិបតី​ អូបាម៉ា​ ធ្លាប់​បាន​សន្យា​ចំពោះ​ប្រជាជន​អាមេរិកាំង​ថា​ រដ្ឋាភិបាល​របស់​លោក​មាន​បំណង​ចង់​ពិនិត្យ​មើល​ឡើង​វិញ ​ពី​អ្វី​ដែល​សហរដ្ឋ​អាមេរិក​កំពុង​ពឹង​ផ្អែក​លើ​ថាមពល​យក​ចេញមក​ពី​ធនធាន​ហ្វូស៊ីល​ក្រោម​ដី​។​ លោក​ អូបាម៉ា​ ចង់អោយ​សហរដ្ឋ​អាមេរិក​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ធនធាន​នេះ​ ក្នុង​ន័យ​ជួយ​ការពារ​បរិស្ថាន។​

ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា
ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា REUTERS/Evan Vucci/Pool
ផ្សាយពាណិជ្ជកម្ម

វិធានការណ៍​ថ្មី​របស់​រដ្ឋាភិបាល
កាល​ពី​ទី​១៥ មករា​កន្លង​ទៅ​នេះ​ លោក​ប្រធានាធិបតី​ បារ៉ាក់ អូបាម៉ា​ បាន​សំរេច​ផ្អាក​រាល់​គម្រោង​ថ្មីៗ ពាក់​ព័ន្ធ​នឹង​ការ​រុក​រក​ ឬ​ធ្វើ​អាជីវកម្ម​​រ៉ែ​ធ្យូង​ថ្ម​ នៅ​តាម​ការ​ដ្ឋាន​ណា​ដែល​ស្ថិត​លើ​ផ្ទៃដី​របស់​រដ្ឋ។ តាម​រយៈ​ការ​សម្រេច​ចិត្ត​នេះ​ រដ្ឋាភិបាល​អាមេរិក​នឹង​សិក្សា​ឡើង​វិញលើ​​បែបបទ ឬ​និតិ​វិធី​ស្តីពី​ការ​អនុញ្ញាត​ផ្តល់​អាជ្ញាប័ណ្ណ​​ឲ្យ​បើក​ការដ្ឋាន​រុករក​ធនធាន​រ៉ែ​ធ្យូង​ថ្ម។ លោកស្រី​ Sally Jewell រដ្ឋ​មន្រ្តី​ក្រសួង​កិច្ចការ​សន្តិសុខ​ និង​ធនធាន​ធម្មជាតិ​អាមេរិក​បាន​ថ្លែង​ថា​ ក្នុង​រយៈពេល​កំពុង​ពិនិត្យ​នយោបាយ​ថ្មី​របស់​ខ្លួន​ ក្រសួង​នឹង​មិន​ផ្តល់​អាជ្ញាប័ណ្ណ​អនុញ្ញាត​ធ្វើ​អាជីវកម្ម​ធ្យូង​ថ្ម​ឡើយ​។

ការ​ព្យួរ​នេះ​នឹង​មាន​សុពល​ភាព​ចំពោះ​ការ​ដ្ឋាន​រ៉ែ​នៅ​ក្រោម​ដី​ និង​ការ​ដ្ឋាន​ជីក​ចំហ។ តាម​នីតិ​វិធី​ថ្មី​នេះ​ មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​អាជីវកម្ម​ណាមួយ​ ក្រសួង​នឹង​ត្រូវ​សិក្សា​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ផល​ប៉ះពាល់​បរិស្ថាន​ជា​មុន​សិន។ ក្រុមហ៊ុន​ឯកជន​ដែល​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ណ​​ គឺជា​អ្នក​រ៉ាប់​រង​ចំណាយ​លើ​ថ្លៃ​សិក្សា​ផល​ប៉ះពាល់​ទាំង​នោះ។ បើ​តាម​ស្ថិតិ​របស់​ក្រសួង​ ៤០%​ នៃ​ធនធាន​ធ្យូង​ថ្ម​នៅ​សហរដ្ឋ​អាមេរិក​ គឺ​ត្រូវ​បាន​យក​ចេញ​ពី​ការ​ដ្ឋាន​រ៉ែ​ដែល​ស្ថិត​លើ​ដី​របស់​រដ្ឋាភិបាល​សហព័ន្ធអាមេរិក។

ផល​ប៉ះពាល់​បរិស្ថាន
សំរាប់​ក្រុម​អង្គការ​ការពារ​បរិស្ថាន​ នេះ​គឺ​ជា​ដំណឹង​ល្អ​បំផុត​ ដែល​ពួក​គេ​បាន​រង់ចាំ​អស់​ជា​រយៈ​ពេល​ជា​ង​ ៣០​ ឆ្នាំ​មក​ហើយ។​ សូម​រំលឹក​ថា​ សហរដ្ឋ​អាមេរិក​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ប្រទេស​មាន​ធនធាន​រ៉ែ​ធ្យូង​ថ្ម​សន្ធឹក​សន្ធាប់។​ ភាគ​ច្រើន​នៃ​ធនធាន​ធ្យូង​ថ្ម​ក្រោម​ដីនេះ​ គឺ​ស្ថិត​នៅ​តាម​បណ្តា​រដ្ឋ​ភាគ​ខាង​កើត​ប្រទេស​តាម​បណ្តោយ​ជួរ​ភ្នំ​ Appalaches ដែល​មាន​ប្រវែង​សរុប​ជាង​ ២ ពាន់​គីឡូម៉ែត្រ។ ធនធាន​រ៉ែ​ធ្យូង​ថ្ម​យក​ចេញ​ពី​តំបន់​នេះ​បាន​ផ្គត់​ផ្គង់​អគ្គិសនី​ចំនួន​ពាក់​កណ្តាល​នៅ​សហរដ្ឋ​អាមេរិក។​

ថាមពល​អគ្គសនី​ដែល​ផលិត​ចេញ​ពី​ធ្យូង​ថ្ម​នេះ​ ត្រូវ​បាន​គេ​យល់​ឃើញ​ថាមាន​ផល​​ប៉ះពាល់​យ៉ាង​ធំធេង​ដល់​ការ​បញ្ចេញ​ឧស្ម័ន​ផ្សែង​ពុល​​ ជាពិសេស​ គឺ​ការ​កើន​ឡើង​កំដៅ​ផែនដី។បើ​ទោះបី​ជា​ការ​ផ្អាក​អាជីវកម្ម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ក្នុង​ន័យ​ការ​ពារ​បរិស្ថាន​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ អាជ្ញាធរ​អាមេរិក​ពុំ​មាន​តួលេខ​ពិត​ប្រាកដ​ជុំវិញ​ផលប៉ះពាល់​បរិស្ថាន​នៅ​ឡើយ​ទេ។​ ជា​ពិសេស​ពុំ​មាន​តួលេខ​ទាក់​ទង​នឹង​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ទៅ​លើ​បរិយាកាស​ ដែល​កើត​ចេញ​ពី​ការ​ប្រើប្រាស់​ថាមពល​ធ្យូង​ថ្ម​​។​ ក្រសួង​កិច្ចការ​សន្តិសុខ​ និង​ធនធាន​ធម្មជាតិ​អាមេរិក​គ្រាន់​តែ​ប៉ាន់​ប្រមាណថា​ ថាមពល​អគ្គិសនី​ផលិត​ចេញ​ពី​ធនធាន​ធ្យូង​ថ្ម​តំណាង​អោយ​ ២៨% នៃ​បរិមាណ​ផ្សែង​ពុល​សរុប​របស់​សហរដ្ឋ​អាមេរិក។

លោក​ Michael Brune នាយក​អង្គការ​បរិស្ថាន​ Sierra Club បាន​សំដែង​ការ​រីករាយ​ថា​ សហរដ្ឋ​អាមេរិក​កំពុង​ភ្ញាក់​ពី​សុបិន្ត​អាក្រក់​ហើយ។​ សុបិន្ត​អាក្រក់​នោះ​គឺ​ការ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ ដោយ​ពឹង​ផ្អែក​ទាំង​ស្រុងលើ​ធនធាន​ហ្វូស៊ីល​ក្រោមដី។​ លោក​ក៏​បាន​បន្ថែម​ថា​ សេចក្តី​សំរេច​ចិត្ត​របស់​លោក​ប្រធានាធិបតី​ អូបាម៉ា​ គឺ​ជា​ការ​ប​ង្ហាញ​នូវ​ភាពជា​អ្នក​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​លើ​ឆាក​អន្តរជាតិ​ ក្រោយ​ពី​​កិច្ច​ព្រម​ព្រៀង​ជា​ប្រវត្តិសាស្រ្ត​ស្តីពី​អាកាស​ធាតុ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។
 
ឧស្សាហកម្ម​ធ្យូង​ថ្ម​អាមេរិក​ធ្លាក់​ចុះ
បច្ចុប្បន្ន​នេះ​ ការិយាល័យ​សហព័ន្ធ​ភូគព្ភសាស្រ្ត​អាមេរិក​ (BLM) គឺ​ជា​អ្នក​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​ផ្តល់​អាជ្ញាប័ណ្ណ​រុករក​ ឬ​ធ្វើ​អាជីវកម្ម​លើ​ការ​បើក​ការដ្ឋាន​រ៉ែ​ណា​មួយ​ ដែល​ស្ថិត​នៅ​លើ​ដី​របស់​រដ្ឋ។​ ការិយាល័យ​នេះ​មាន​សមត្ថកិច្ច​គ្រប់​គ្រង​គ្រប់​ការដ្ឋាន​រ៉ែ​ទាំង​អស់​នៅ​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក។​ ហើយ​ការិយាល័យ​នេះគ្រប់​គ្រង​តាមដាន​ការដ្ឋាន​រ៉ែ​ ជាមួយ​អាជ្ញាធរ​ប្រចាំ​រដ្ឋ​ពាក់​ព័ន្ធ​ផង​ដែរ​។​ ម៉្យាង​ទៀត​ ប្រាក់​ចំណូល​មួយ​ផែ្នក​ក៏​ត្រូវ​បាន​បែង​ចែក​ទៅ​អោយ​រដ្ឋ​នោះ​ផង​ដែរ។ កាល​ពី​ឆ្នាំ​ ១៩៩០ អាជ្ញាប័ណ្ណ​ចំនួន​ ៤៨៩​ ត្រូវ​បាន​ផ្តល់​អោយ។​ សំរាប់​ឆ្នាំ​ ២០១៤ ចំនួន​អាជ្ញាប័ណ្ណ​បាន​ថយ​ចុះ​មក​ត្រឹម​តែ​ ចំនួន ៣០៨​ ប៉ុណ្ណោះ។

ចាប់​តាំង​ពី​ឆ្នាំ​ ១៩៧៦​ មក​ម្ល៉េះ​ រដ្ឋាភិបាល​អាមេរិក​យក​ពន្ធ​ចំនួន​ ១២,៥%​ លើ​ការ​លក់​ធ្យូង​ថ្ម​ពី​ក្រុមហ៊ុន​រ៉ែ​ ដែល​បាន​ទាញ​ធនធាន​ធម្មជាតិ​នេះ​ចេញ​ពី​ដី​របស់​រដ្ឋ។​ មួយ​​ផ្នែក​នៃ​ប្រាក់​ពន្ធ​នេះ​ត្រូវ​បាន​បែង​ចែក​ទៅ​អោយ​បណ្តា​រដ្ឋ​ពាក់​ព័ន្ធ។ លើស​ពី​នេះ​ រដ្ឋាភិបាល​អាមេរិក​យក​ពន្ធដី​ចំនួន​ ៣ ដុល្លារ​សំរាប់​​ផ្ទៃក្រឡាដី​ ០,៤ ហិកតា។ ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ​ គេ​នៅ​មិន​ទាន់​ដឹង​ពី​ផល​ប៉ះពាល់​ពិត​ប្រាកដ​នៅ​ឡើយ​ចំពោះ​សេដ្ឋកិច្ច​អាមេរិក ​​ជា​ពិសេសគឺ ​ចំនួន​អ្នក​អត់​ការងារ​ធ្វើ​ក្នុង​ឧស្សាហកម្ម​រ៉ែ​ធ្យូង​ថ្ម​ ក្រោយ​ពី​ការ​ផ្អាក​ការ​ផ្តល់​អាជ្ញាប័ណ្ណ​ថ្មី​ដល់​ក្រុមហ៊ុន​រ៉ែ​ធ្យូង​ថ្ម។

ក្រុមហ៊ុន​រ៉ែ​ធ្យូង​ថ្ម​អាមេរិក​ទាំង​អស់​ធ្លាប់​បាន​ព្រមាន​ហើយ​ថា​ ប្រសិន​បើ​រដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​អាជីវកម្ម​ ពួក​គេ​នឹង​ដំឡើង​ថ្លៃ​អគ្គិសនី​ ដែល​វា​អាច​ធ្វើ​ឲ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​អាមេរិក។ សូម​បញ្ជាក់​ថា​ កាលពី​អតីតកាល​ ឧស្សាហកម្ម​ធ្យូង​ថ្ម​អាមេរិក​ធ្លាប់​តែ​រីកលូតលាស់​ឥត​ឈប់​ឈរ។​ បច្ចុប្បន្ន​ ឧស្សាហកម្ម​នេះ​កំពុង​តែ​ដាំក្បាល​ចុះ​ស្រាប់​ទៅ​ហើយ ​ដោយ​សារ​តែការ​ថយ​ចុះ​នៃ​ធនធាន​រ៉ែ​ធ្យូង​ថ្ម​ក្រោម​ដី។ ចាប់​តាំង​ពី​ឆ្នាំ​ ២០១២ មក​ម្ល៉េះ​ មាន​ក្រុមហ៊ុន​រ៉ែ​ធ្យូង​ថ្ម​ចំនួន​ ៥០ បាន​ប្រកាស​ក្ស័យ​ធន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ