សហរដ្ឋអាមេរិកសន្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឲ្យបានពី ២៦%ទៅ ២៨ % នៅឆ្នាំ២០២៥
កាលពីថ្ងៃអង្គារទី ៣១ សហដ្ឋអាមេរិកបានដាក់ជូនជាផ្លូវការទៅអង្គការសហប្រជាជាតិ នូវផែនការរបស់ខ្លួន ក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលក្នុងនោះសហរដ្ឋអាមេរិកសន្យាថា នឹងកាត់បន្ថយ ការបំភាយនោះពី ២៦%ទៅ ២៨ % នៅឆ្នាំ២០២៥។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៥៦
ឈរនៅលំដាប់ទី២បន្ទាប់ពីប្រទេសចិន ដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើនជាងគេលើពិភព លោក សហរដ្ឋអាមេរិចបានបង្ហាញការប្តេជ្ញាថានឹងបង្កើនល្បឿននៃការកាត់បន្ថយការបំភាយឧស្ម័នឲ្យ បានទ្វេរដង នេះបើតាមការអះអាងរបស់លោកBrian Deeseទីប្រឹក្សារបស់លោកប្រធានាធិបតីអូបាម៉ា ។
ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយនេះសហរដ្ឋអាមេរិកនឹងពឹងផ្អែកលើវិធានការដែលបានដាក់ចេញរួចទៅហើយដូចជាស្តង់ដារសេដ្ឋកិច្ចប្រេងសម្រាប់រថយន្ត និងការបង្កើនប្រសិទ្ធភាពនៃគ្រឿងយន្តនានាជាដើម។ ហើយ នៅក្នុងផែនការដែលបានដាក់ជូនទៅអង្គការសហប្រជាជាតិនោះអាមេរិកក៏បាន យោងផងដែរលើបទបញ្ញត្តិនៃទីភ្នាក់ងារការពារបរិស្ថានហៅកាត់ថា EPAរបស់អាមេរិចដែលចែងពី ការកាត់បន្ថយការបំភាយនៃរោងចក្រថាមពលនុយក្លេអែរ និងការបំភាយឧស្ម័នមេតានក្នុងវិស័យអ៊ីដ្រូកាបួរ។
សូមធ្វើកំណត់ចំណាំថាការបង្ហាញពីផែនការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់របស់សហរដ្ឋអមេរិក នៅពេលនេះ ធ្វើឡើងប៉ុន្មានខែប៉ណ្ណោះមុនការបើកសន្និសីទអន្តរជាតិលើកទី២១របស់ភាគីនៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការផ្លាស់ប្តូរអាកាសធាតុដែលនឹងត្រូវប្រារព្ធធ្វើនៅទីក្រុងប៉ារីស ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ។
ដោយឡែកនៅឯកាណាដាឯនេះវិញ យោងតាមប្រភពពត៌មាន Radio-Canada ប្រទេសកាណាដាបានប្រកាសថា ខ្លួននឹងមិនបង្ហាញពីផែនការនៃការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ទេ នៅសប្តាហ៍នេះ។ ព្រោះរដ្ឋាភិបាលលោក Steven Harper កំពុងរង់ចាំដើម្បីទាក់ទងស្វែងយល់ពីចេតនានៃបណ្តាខេត្តនានារបស់កាណាដាស្តីពីឧស្ម័នផ្ទះកញ្ចក់ជាមុនសិន មុននឹងប្រកាសគោលដៅជាតិស្តីពីការកាត់បន្ថយឧស្ម័ននេះ។ តែទោះជាយ៉ាងណា លោកSteven Harper បានសន្យាថា នឹងបង្ហាញពីសេចក្តីលម្អិតនៃផែនការកាត់បន្ថយឧស្ម័នរបស់ខ្លួន មុនពេលសន្និសីទទីក្រុងប៉ារីស។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ