អានតួអត្ថបទ
អាមេរិក-ម៉ិចស៊ិក

លោក ដូណាល់ ត្រាំ ប្ដេជ្ញាចំណាយ​ថវិកា​ឲ្យ​អស់​តិច​បំផុត ដើម្បី​​សង់​ជញ្ជាំង​​នៅ​ព្រំដែន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ​នេះ​បាន​ប្ដេជ្ញា​ថា រដ្ឋាភិបាល​របស់​លោក នឹង​ចំណាយ​ថវិកា​ឲ្យ​អស់​តិច​បំផុត ​សម្រាប់​សង់​ជញ្ជាំង​ព្រំដែន​ខណ្ឌ​ចែក​អាមេរិក​និង​ម៉ិចស៊ិក​។ លោក​ត្រាំ នៅមិន​ទាន់​ឲ្យ​ដឹង​​​ទេ​ថា​តើ​ការ​សង់​ជញ្ជាំង​នេះ ​នឹង​ចំណាយ​អស់​ថវិកា​ប៉ុន្មាន​។ លោក​គ្រាន់​តែ​បញ្ជាក់​ថា ជញ្ជាំងតាម​ព្រំដែន​​ខណ្ឌ​ចែក​អាមេរិក​និង​ម៉ិចស៊ិក​នេះ កំពុង​តែ​ស្ថិត​ក្នុង​​ដំណាក់​កាល​គូស​វាស​ប្លង់ ហើយ​នៅ​ពេល​សាងសង់​រួច វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​អាមេរិក​។

លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក
លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក REUTERS/Joshua Roberts/File Photo
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សំណេរ​លើ​បណ្ដាញ​សង្គម Twitter ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សរសេរ​ថា គម្រោង​សាងសង់​ «ជញ្ជាំងដ៏អស្ចារ្យ» ​​ខណ្ឌចែក​អាមេរិក​និង​ម៉ិចស៊ិក មាន​តម្លៃ​ថ្លៃ​ជាង​ការ​រំពឹង​ទុក​ពី​ដំបូង​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​លោក​ថា លោក​នៅ​មិន​ទាន់​បាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការងារ​នេះ​នៅ​ឡើយ​ទេ​។ បើ​តាម​លោក ដូណាល់ ត្រាំ នៅ​ពេល​លោក​ចូល​ប្រឡូក​នៅ​ក្នុង​ការងារ​សង់​ជញ្ជាំង​នេះ ការ​ចំណាយ​នឹង​ត្រូវ​ធ្លាក់ចុះ​​​យ៉ាង​គំហុក​។

រដ្ឋបាល​របស់​លោក​ដូណាល់ ត្រាំ នៅ​មិន​ទាន់​បញ្ចេញ​ផែនការ​និង​គម្រោង​​ចំណាយ​​​ជាក់​ស្ដែង​សម្រាប់​ការ​សាងសង់​ជញ្ជាំង​ទេ ខណៈក្នុង​ពេល​ឃោសនា​បោះ​ឆ្នោត លោក​ត្រាំ បាន​ប៉ាន់ស្មាន​ថា ការ​ចំណាយ​អាច​ស្ថិត​ក្នុង​កម្រិត​១០​ពាន់​លាន​ដុល្លារ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​ស្រាវ​ជ្រាវ​ដទៃ​ទៀត​អះអាង​ថា រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចំណាយ​ថវិកា​ពី​១៥​ពាន់​លាន ដល់​២៥​ពាន់​លាន​ដុល្លារ ដើម្បី​សង់​ជញ្ជាំង​ប្រវែង​ជាង​២ពាន់​គីឡូម៉ែត្រ តាម​បណ្ដោយ​ព្រំដែន​អាមេរិក​និង​ម៉ិចស៊ិក​។

 

នៅ​ក្នុង​សំណេរ​តាម Twitter ប្រធានាធិបតី​អាមេរិកបាន​​បញ្ជាក់​អំពី​ជញ្ជាំង​នេះ​បន្ថែម​ថា គម្រោង​សង់​ជញ្ជាំង កំពុង​តែ​ស្ថិត​ក្នុង​​ដំណាក់​កាល​គូស​វាស​ប្លង់ ហើយ​នៅ​ពេល​សាងសង់​រួច វា​នឹង​ផ្ដល់​ប្រយោជន៍​ច្រើនណាស់​​ដល់​អាមេរិក​។ ជញ្ជាំងដែល​លោក​ត្រាំ​ចង់បាន គឺ ជញ្ជាំង​ដែល​ធ្វើ​ឡើង​ពី​ថ្មបេតុង កំពស់​ជាង​១០ម៉ែត្រ និង​ដាក់​កប់ជ្រៅ ទៅក្នុង​ដី ដើម្បីទប់ស្កាត់​កុំ​ឲ្យ​ជនអន្តោរប្រវេសន៍ អាច​ជីក​រូងក្រោម​ដី ឆ្លង​ចូល​ក្នុង​ទឹកដី​អាមេរិក​បាន។

 

សូម​រំឭក​ជូន​ថា ការសង់ជញ្ជាំង​នៅ​ព្រំដែន​ម៉ិចស៊ិក និងអាមេរិក គឺ​ជា​នយោបាយ​ចំបង​របស់​លោក​ដូណាល់ ត្រាំ ដែល ធ្លាប់​បាន​សន្យា​ដែរ​ថា នឹង​ធ្វើ​ឲ្យ​ម៉ិចស៊ិក​ចេញ​លុយ​សង់ជញ្ជាំង។ រដ្ឋាភិបាល​ម៉ិចស៊ិក​ដែល​ថ្កោល​ទោស ក្រឹត្យ​បញ្ជា​ឲ្យ​សង់ជញ្ជាំង បាន​ថ្កោលទោស​ជាថ្មី នៅ​ពេល​អាមេរិក​បង្ហើប​​ពី​គម្រោង​តម្លើង​ពន្ធ​២០​ភាគរយ​លើ​ផលិតផល​នាំ​ចូល​ពី​ម៉ិចស៊ិក ដើម្បី​យក​លុយ​ទៅ​សង់​ជញ្ជាំង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ