អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្វាតេម៉ាឡា​ជា​ប្រទេស​រងគ្រោះ​ជាងគេ​ដោយសារ​ការប្រែប្រួល​អាកាសធាតុ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ​ ធនាគារ​អភិវឌ្ឍន៍​អន្តរទ្វីប​អាមេរិក​ (BID) បាន​បង្ហាញ​អោយ​ដឹង​ថា​ ប្រទេស​ក្វាតេម៉ាឡា​ជា​ប្រទេស​មួយ​ ដែល​ងាយ​រងគ្រោះ​ជាងគេ​ ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​ ស្ថានការណ៍​បែប​នេះ​បាន​ជំរុញ​អោយ​អាជ្ញាធរ​ប្រទេស​ក្វាតេម៉ាឡា​ចាត់​វិធានការ​ជា​បន្ទាន់​ ដើម្បី​ជួយ​សង្គ្រោះ​ដីស្រែ​ចំការ​ និង​ជីវភាព​កសិករ​ ដែល​កំពុង​រងគ្រោះ​ធ្ងន់ធ្ងរ។ ស្ថិតិ​ផ្លូវការ​បាន​បញ្ជាក់​ថា​ ក្នុង​ចំណោមប្រជាជន​សរុប​ ១៥,៨ លាននាក់​ មាន​ ៥៣​%​ កំពុង​រស់​នៅ​ក្នុង​ភាពក្រីក្រ។​​ យោង​តាមអង្គការ​សហប្រជាជាតិ​​ ប្រទេស​ក្វាតេម៉ាឡា​ស្ថិត​ក្នុង​លំដាប់​ទី ៤ នៃ​ចំណាត់​ថ្នាក់​ពិភពលោក​ដែល​ងាយ​រង​ផល​ប៉ះពាល់ និង​ស្ថិតនៅ​ចំណាត់​ថ្នាក់​ទីមួយ នៅ​តំបន់​អាមេរិក​អាឡេទីន។ 

ការរអិល​បាក់​ដី​បណ្តាល​មក​ពី​ទឹកជំនន់​ជន់ជោរ​ខ្លាំង​នៅ​ប្រទេស​ក្វាតេម៉ាឡា
ការរអិល​បាក់​ដី​បណ្តាល​មក​ពី​ទឹកជំនន់​ជន់ជោរ​ខ្លាំង​នៅ​ប្រទេស​ក្វាតេម៉ាឡា REUTERS/Josue Decavele
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប្រទេស​ក្វាតេម៉ាឡា​បាន​ជួប​មហន្តរាយ​គ្រោះ​រាំងស្ងួត​ ក្នុង​រយៈពេល​វែង​ នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ប្រទេស។​ បើ​យោង​តាម​ស្ថិតិ​ផ្សព្វផ្សាយ​ដោយ​ កម្មវិធី​ស្បៀង​អាហារ​ពិភពលោក​ (PAM) ប្រទេស​នេះ​ក៏​បាន​រង​គ្រោះ​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន​លើស​លប់ ដែល​បាន​បណ្តាល​អោយ​មាន​គ្រោះ​ទឹកជំនន់​ធំៗ​ផង​ដែរ។​ គ្រោះរាំងស្ងួត​ និង​ទឹកជំនន់​នេះ​ជា​ដើមហេតុ​ធ្វើ​អោយ​វិស័យ​កសិកម្ម​ប្រទេស​នេះកំពុង​ជួប​ការ​លំបាក។​

 
ជាក់​ស្តែង​ កាលពី​ឆ្នាំ​២០១៤ តំបន់​ស្ងួត​ក្រហែង​ (Corredor Seco) ដែល​គ្រប​ដណ្តប់​លើ​ប្រទេស​មួយ​ចំនួន​ក្នុង​ទ្វីប​អាមេរិក​កណ្តាល​ បាន​ជួប​គ្រោះ​រាំង​ស្ងួត​អស់​រយៈពេល​បី​ខែ​ ពោល​គឺ ពី​ខែ​កក្កដាដល់​ខែ​កញ្ញា។​ ក្នុង​រយៈកាល​នោះ​ កង្វះខាត​ទឹក​បាន​ក្លាយ​ជា​ឧបសគ្គ​ដល់​ការបង្កបង្កើន​ផល​កសិកម្ម។​ អាជ្ញាធរ​បាន​ប៉ាន់​ប្រមាណ​ថា​ ក្នុង​ចំណោម​ ៣ សែន​គ្រួសារ ដែល​បាន​រង​ផល​ប៉ះពាល់​ដោយសារ​គ្រោះ​មហន្តរាយ​នេះ​ ក្នុង​នោះ​មាន​ ៧០%​ បាន​បាត់បង់​ផល​ដំណាំ​ទាំង​ស្រុង​ ដោយ​មិន​អាច​ប្រមូល​​បានទាន់​ពេលវេលា។​ ហើយ​ ៨០%​ នៃ​គ្រួសារ​ទាំង​នោះពុំ​មាន​ស្បៀងអាហារ​រក្សា​ទុក​គ្រប់​គ្រាន់សំរាប់​បរិភោគ។

ភាពក្រីក្រនិងកង្វះអាហាររូបត្ថម្ភ
សំរាប់​ឆ្នាំ​ ២០១៥ នេះ​ មាន​ផ្ទៃដី​ចំការ​ពោត​ចំនួន​ ៥១​ ពាន់​ហិចតា សំរាប់​ចិញ្ចឹម​មនុស្ស​ក្រីក្រ​ចំនួន​ ៧ ម៉ឺន​គ្រួសារ​ ត្រូវ​បាន​បាត់បង់​នៅ​ភាគ​ខាង​ជើង​ប្រទេស​ក្វាតេម៉ាឡា។ គ្រោះរាំង​ស្ងួត នៅ​តំបន់​នោះ ដែល​កាន់តែ​ខ្លាំងក្លា​ឡើង​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ​ បាន​ក្លាយ​ជា​កត្តា​សំខាន់​មួយ​ ជំរុញ​អោយ​មនុស្ស​រាប់​ម៉ឺន​គ្រួសារ​ធ្លាក់ខ្លួន​ចូល​ទៅ​ក្នុង​ភាព​ក្រីក្រ។

យោង​តាម​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ មាន​ប្រជាជន​ក្វាតេម៉ាឡា​ចំនួន​ប្រមាណ​ ១ លាន​នាក់​កំពុង​រង​គ្រោះ​ដោយសារ​ភាព​អត់​ឃ្លាន។​ ក្នុង​ចំណោម​ជនរង​គ្រោះ​ទាំង​នោះ​ យ៉ាង​ហោច​ក៏មាន​មនុស្ស​ប្រហែល ២ សែន​នាក់​អាច​រក​អាហារ​ទទួល​ បាន​តែ​មួយ​ពេល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។​ អង្គការ​យូនីសេហ្វ​បាន​អោយ​ដឹង​ថា​ ភាព​អត់​ឃ្លាន​នេះ​បាន​បណ្តាល​អោយ​ប្រទេស​ក្វាតេម៉ាឡា​ មាន​អត្រា​កុមារ​ខ្វះ​អាហារ​រូបត្ថម្ភ​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភព​លោក។

ច្បាប់​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ
មហន្តរាយ​ធម្មជាតិ​នេះ​បាន​ធ្វើ​អោយ​ប្រទេស​​ក្វាតេម៉ាឡា​បាត់បង់​ចំណូល​មក​ពី​វិស័យ​កសិកម្ម​ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៣,៤ ពាន់​លាន​ដុល្លារ។​ ការ​បាត់បង់​នេះ​ គឺជា​ផលវិបាក​ផ្ទាល់​​កើត​ចេញ​មកពីការ​ប្រែប្រួល​អាកាសធាតុ។​ ដោយសារ​មូលហេតុ​នេះ​ ​កាលពី​ឆ្នាំ​ ២០១៣ រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ Otto Perez Molina បាន​អនុម័ត​ច្បាប់​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ។​ គោលបំណង​នៃ​ការ​បង្កើត​ច្បាប់​ថ្មី​នេះ​ គឺបង្កា​ រៀបចំ​ផែនការ​ និង​ឆ្លើយតប​អោយ​បាន​ទាន់​ហេតុការណ៍ ទៅ​នឹង​ភាព​អាសន្ន​ណា​មួយ​អោយ​បាន​សមស្រប​ និង​ចិរភាព។

មូលនិធិជាតិសំរាប់ការប្រែប្រួលអាកាសធាតុ
តាមរយៈ​គោលនយោបាយ​ថ្មី​នេះ​ ក្រសួង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ក្វាតេម៉ាឡា​ បាន​បង្កើត​មូលនិធិ​មួយ​គឺ​ មូលនិធិ​ជាតិ​សំរាប់​ការ​ប្រែប្រួល​អាកាសធាតុ។ មូលនិធិ​នេះ​មាន​គោលបំណង​ជួយ​ឧបត្ថម្ភ​ថវិការ ​ដល់​គម្រោង​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ តាម​រយៈ​ការ​បង្កើត​គម្រោង​កសិ​ឧតុនិយមសាស្រ្ត​ នៅ​តាម​សហគមន៍​ជា​ច្រើន​ទូទាំង​ប្រទេស។ តាម​រយៈ​គម្រោង​នេះ​ គេ​អាច​សិក្សា​តាមដាន​ស្ថានភាព​ឧតុនិយម​នៅ​តាម​សហគមន៍​និមួយៗ។​

កសិកម្មតាមបែបប្រពៃណី
ម៉្យាង​ទៀត​ ការ​ប្រែប្រួល​អាកាសធាតុ​ខ្លាំងក្លា​បែប​នេះ​បាន​ធ្វើ​អោយ​ប្រជាជន​ នៅតាម​តំបន់​ខ្លះ​ចាប់​យក​បច្ចេកទេស​កសិកម្ម​តាម​បែប​ប្រពៃណី​ដូនតា​មក​ប្រើ​ប្រាស់ឡើងវិញ។​ ពួក​គេ​ត្រូវ​ធ្វើ​ការ​បង្កបង្កើន​ផល​ដោយ​សំរប​ទៅ​នឹង​រដូវ​កាល​នីមួយៗ​ និង​ទៅ​តាម​អាកាស​ធាតុ​ជាក់ស្តែង។ ដោយសារមូល​ហេតុ​នេះ​ទើប​អង្គការ​អភិរក្ស​ធម្មជាតិ​ (The Nature Conservancy) បាន​ធ្វើ​កម្រង​បញ្ជី​មួយ​ ដើម្បីរាយ​នាម​គ្រាប់​ពូជ​​ដែល​អាច​យក​ទៅ​ដាំ​ដុះ​បាន និង​ដែល​អាច​ទ្រាំទ្រ​ជាមួយ​ទឹក​ជំនន់​បាន។​ កំរង​បញ្ជី​នេះ​ក៏​ពន្យល់ផងដែរ​ ​អំពី​វិធី​សាស្រ្ត​កសិកម្ម​សាមញ្ញៗ​របស់​ជនជាតិ​ដើម​ ដូចជា​ របៀប​ស្តុក​ទឹក​រក្សាទុក​ប្រើប្រាស់។

អង្គការ​នេះ​ក៏​បាន​បោះពុម្ភផ្សាយ​ឯកសារ​មួយទៀត​ផងដែរ​ ដែល​​មាន​ចំណង​ជើង​ថា​ «ចំណេះដឹង​ប្រពៃណី​ក្នុង​ការសម្រប​ខ្លួន​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ប្រទេស​ក្វាតេម៉ាឡា»។​ គោលបំណង​នៃ​ឯកសារអប់រំនេះ​ គឺ​ចែក​រំលែក​ចំណេះដឹង​ដល់​កសិករ​ ​អោយ​ចេះ​ស្វែង​រក​ដំណោះស្រាយ​ ដើម្បី​អាច​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​ កើតចេញ​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ជំនួយ​ពី​ប្រទេស​ប្រេស៊ីល និង​អង្គការ​ស្បៀង​អាហារ​ពិភពលោក (PAM)
ឆ្លើយ​តប​ចំពោះ​គ្រោះ​ធម្មជាតិ​ឆ្នាំ​នេះ​​ ក្រសួង​កសិកម្ម​ក្វាតេម៉ាឡា​គ្រោង​ចែក​គ្រាប់​សណ្តែក​សៀង​ និង​អង្ករ​ចំនួន​ ៤ ពាន់​តោន​ ដល់​ប្រជាជន​រស់​នៅ​តំបន់​រាំង​ស្ងួត​។​ អំណោយ​ទាំង​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ប្រទេស​ប្រេស៊ីល​។​ ហើយ​នាដំណាច់​ឆ្នាំ​នេះ​ ប្រទេស​ប្រេស៊ីល​ក៏​គ្រោង​បញ្ចូន​ស្បៀង​អាហារ​ចំនួន ៥ ពាន់​តោន​បន្ថែម​ទៀត​ ជួយ​ដល់​ប្រជាជន​ក្វាតេម៉ាឡា។

នា​ដើម​ឆ្នាំ​ ២០១៥ នេះ​ អង្គការ​ស្បៀង​អាហារ​ពិភពលោក​បាន​ទទួល​ថវិការ​ចំនួន​ ៥ លាន​ដុល្លារ​ ពី​ទីភ្នាក់ងារ​អាមេរិក​សំរាប់​ការ​អភិវឌ្ឍន៍អន្តរជាតិ​ (USAID) ដើម្បី​ជួយ​គាំទ្រ​ប្រទេស​ហុង​ឌូរាស់ និង​ក្វាតេម៉ាឡា។ ថវិការ​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​ដើម្បី​ជួយ​ផ្គត់​ផ្គង់​ស្បៀង​អាហារ​ ដល់​ប្រជាជន​ដែល​បាន​រង​គ្រោះ​ដោយសារ​ភាពរាំង​ស្ងួត​កាល​ពី​ឆ្នាំ​មុន។​ មួយ​ផែ្នក​ផ្សេង​ទៀត​នៃ​ថវិកា​នេះ​នឹង​យក​ទៅ​ប្រើប្រាស់​សំរាប់​ជួយ​កសិករ​ និង​កម្មករ​ក្រីក្រ​ ដើម្បី​អោយ​ពួក​គេ​អាចស្តារ​លទ្ធភាព​ផលិត​ស្បៀង​អាហារ និង​ពង្រឹង​ការ​បង្កបង្កើន​ផល​ ទប់ស្កាត់​គ្រោះ​ធម្មជាតិ​នាពេល​អនាគត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ