អានតួអត្ថបទ
អាមេរិក-អង្គការរដ្ឋអ៊ីស្លាម

លោកដូណាល់ ត្រាំប្រកាសពីការស្លាប់ប្រមុខអង្គការរដ្ឋអ៊ីស្លាម អាប៊ូ បា អាល់ បាដាឌី

នៅ​ថ្ងៃ​អាទិត្យ ទី២៧ តុលា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​បញ្ជាក់​ជា​ផ្លូវការ​ពី​ការ​ស្លាប់​មេកើយ​អង្គការ​រដ្ឋអ៊ីស្លាម​ឈ្មោះ​អាប៊ូ បា អាល់ បាដាឌី​នៅ​តំបន់​អ៊ីឡិប​ក្នុង​ទឹកដី​ស៊ីរី។ ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សង្កថា​ខ្លី​មួយ​ពី​សេតវិមាន​ដោយ​លោក​ត្រាំ​បាន​លំអិត​ថា ស្ថាបនិក​អង្គការ​រដ្ឋអ៊ីស្លាម​រូប​នេះ​ជា​ផ្ទាំងស៊ីប​នៃ​ការ​តាម​ប្រម៉ាញ់​របស់​កម្លាំង​កងកម្ម៉ង់ដូ​អាមេរិកាំង តែ​អាប៊ូ បា អាល់ បាដាឌី​បាន​សម្លាប់​ខ្លួន​ឯង​ដោយ​ទាញ​បំផ្ទុះ​អាវ​ដែល​ផ្ទុកពេញ​ដោយ​ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន​គេ។ ក្រៅ​ពី​រូប​អាប៊ូ បា អាល់ បាដាឌី ក៏​មាន​ស្លាប់​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​ជា​ច្រើន​នាក់​ទៀត។ តាម​លោក​ត្រាំ គ្មាន​ទាហាន​អាមេរិកាំង​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ទេ។

លោកដូណាល់ ត្រាំប្រកាសពីការស្លាប់ប្រមុខអង្គការរដ្ឋអ៊ីស្លាម អាប៊ូ បា អាល់ បាដាឌី
លោកដូណាល់ ត្រាំប្រកាសពីការស្លាប់ប្រមុខអង្គការរដ្ឋអ៊ីស្លាម អាប៊ូ បា អាល់ បាដាឌី REUTERS/Joshua Roberts
ផ្សាយពាណិជ្ជកម្ម

« អាប៊ូ បា អាល់ បាដាឌី​បាន​ស្លាប់។ គ្មាន​ទាហាន​អាមេរិកាំង​ណា​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ទេ។ តែ​មាន​យុទ្ធជន​អង្គការ​រដ្ឋអ៊ីស្លាម​ជា​ច្រើន​នាក់ និង​ប្រពន្ធ​របស់​អាប៊ូ បា អាល់ បាដាឌី​បាន​ស្លាប់​ជាមួយ​នឹង​រូប​គេ។ អាប៊ូ បា អាល់ បាដាឌី​បាន​ស្លាប់ បន្ទាប់​ពី​រូប​គេ​បាន​ព្យាយាម​រត់​នៅ​ក្នុង​រូងក្រោមដី​មួយ​រហូត​ដល់​ចុង​ដែល​គ្មាន​ច្រក​ចេញ។ ក្នុង​ពេល​រត់​នៅ​ក្នុង​រូងក្រោមដី អាប៊ូ បា អាល់ បាដាឌី​បាន​ទ្រហោយំ​ជាមួយ​នឹង​សម្រែក​ថ្ងូរ។

អាប៊ូ បា អាល់ បាដាឌី​បាន​នាំ​កូនក្មេង​ចំនួន ៣នាក់​ទៅ​ជាមួយ​ខ្លួន​ឆ្ពោះ​ទៅ​រក​សេចក្តី​ស្លាប់​ដែល​មិន​អាច​ចៀស​ផុត។ អាប៊ូ បា អាល់ បាដាឌី​បាន​រត់​ទៅ​ដល់​ចុង​រូងក្រោមដី​គ្មាន​ច្រកចេញ ខណៈ​ដែល​កម្លាំងពិសេស​របស់​យើង​កំពុង​តាម​ប្រម៉ាញ់។ នៅ​ពេល​នោះ អាប៊ូ បា អាល់ បាដាឌី​បាន​ទាញ​បំផ្ទុះ​អាវ​ដែល​ផ្ទុកពេញ​ដោយ​ជាតិផ្ទុះ​ជាប់​នឹង​ខ្លួន​ដែល​បណ្តាល​ឲ្យ​រូប​គេ​ស្លាប់ និង​ស្លាប់​កូនក្មេង​ទាំង ៣នាក់។

ខ្លួន​របស់​អាប៊ូ បា អាល់ បាដាឌី​ត្រូវ​បាន​បំបែក​ជា​បំណែក​ដោយ​ឥទ្ធិពល​នៃ​ការ​ផ្ទុះ ហើយ​រូងក្រោម​ដី​ក៏​បាន​បាក់​សង្កត់​លើ​សព​របស់​គេ​ដែរ។ លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​បាន​ផ្តល់​លទ្ធផល​ជាក់ច្បាស់ ភ្លាមៗ និង​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​រូប​គេ គឺ​ពិត​ជា​អាប៊ូ បា អាល់ បាដាឌី​មែន។ មនុស្សពាល​ដែល​តែងតែ​ចង់​បំភិតបំភ័យ​អ្នកដទៃ​បាន​រស់នៅ​ក្នុង​ការ​ភ័យខ្លាច ស្លន់ស្លោ និង​រន្ធត់​ដោយ​ការ​តាម​ប្រម៉ាញ់​របស់​កម្លាំង​អាមេរិកាំង​នា​រយៈពេល​ចុង​ក្រោយ​នេះ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ