rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

ដោយ គួច គន្ធារ៉ា

នៅ​ក្នុង​ប្រទេស​អេក្វាទ័រ ប្រធានាធិបតី​លោក​ឡេនីន ម៉ូរ៉េណូ និង​សហគមន៍​ជនជាតិដើមម្ចាស់ស្រុក​បាន​យល់ព្រម​ចូល​តុចរចា​ជា​លើកទី១ នា​ថ្ងៃ​អាទិត្យ ទី១៣ តុលា។ ការ​ព្រមព្រៀង​ផ្តើម​កិច្ចសន្ទនា​រវាង​គ្នា​ពេល​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រជាជន​ម្ចាស់ស្រុក​បាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​កំណែទម្រង់​របស់​លោក​ឡេនីន ម៉ូរ៉េណូ​តាំង​ពី ១១ថ្ងៃ​កន្លង​មក។ ក្បួនបាតុកម្ម​ដែល​បង្កប់​ដោយ​អំពើហិង្សា​ខ្លាំងក្លា​រវាង​ក្រុមបាតុករ និង​កម្លាំង​ប៉ូលិស​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៦នាក់ របួស​ជាង ១ ០០០នាក់ និង​ចាប់​ខ្លួន​ជាង ១ ០០០នាក់​ផ្សេង​ទៀត។

កំណើន​អំពើហិង្សា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​បង្ខំ​ប្រធានាធិបតី​ឲ្យ​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​រយៈពេល ៦០ថ្ងៃ​ចាប់​ពី​ថ្ងៃ​ច័ន្ទ ទី៧ តុលា និង​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​ចំនួន ៧៤ ០០០នាក់។

អ្វីៗ​បាន​ផ្តើម​ចេញ​ពី​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​របស់​ប្រធានាធិបតី​លោក​ឡេនីន ម៉ូរ៉េណូ​ដែល​តម្រូវ​តាម​លក្ខខណ្ឌ​ទាមទារ​ពី​អន្តរជាតិ ពិសេស​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF។ លក្ខខណ្ឌ​នោះ គឺ​ប្រាក់កម្ចី​ដូរ​នឹង​កំណែទម្រង់ មាន​ន័យ​ថា ដើម្បី​អាច​ទទួល​បាន​ប្រាក់កម្ចី​ពី​អន្តរជាតិ​ចំនួន ១០៣ ០០០លានដុលារ ក្នុង​នោះ​មាន ៤ ២០០លានដុល្លារ​ពី IMF បាន លោក​ម៉ូរ៉េណូ​ត្រូវ​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច​ប្រទេស​ដោយ​ចៀស​មិន​រួច។ ត្រង់​ចំណុច​នេះ លោក​ម៉ូរ៉េណូ​បាន​ចាត់​វិធានការ​ធ្វើ​កំណែទម្រង់​នៅ​ក្នុង​វិស័យ​សំខាន់​ចំនួន ៣ គឺ​សេដ្ឋកិច្ច ការងារ និង​ពន្ធដារ។

វិធានការ​កំណែទម្រង់​សេដ្ឋកិច្ច​បាន​ចាប់​ផ្តើម​ពី​ការ​លុបចោល​ប្រាក់​ឧបត្ថម្ភធន​លើ​ប្រេងសាំង ដំឡើង​ប្រាក់​ជំនួយសង្គម​ចំពោះ​អ្នក​មាន​ចំណូល​តិច ឬ​មួយ​ក៏​កាត់បន្ថយ​ពន្ធ​ចំនួន​ពាក់​កណ្តាល​សម្រាប់​វិស័យ​កសិកម្ម និង​ឧស្សាហកម្ម។ វិធានការ​កំណែទម្រង់​ការងារ​បាន​ចាប់​ផ្តើម​ពី​ការ​កាត់​បន្ថយ​ប្រាក់ខែ​ចំនួន ២០% ពី​មន្រ្តីរដ្ឋការ​ដែល​មាន​កិច្ចសន្យា កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​របស់​មន្រ្តីរដ្ឋការ​ពី ៣០ថ្ងៃ​មក​នៅ ១៥ថ្ងៃ មន្រ្តីរដ្ឋការ​ត្រូវ​ផ្តល់​ប្រាក់ខែ​ខ្លួន​ចំនួន ១ថ្ងៃ​ក្នុង​១ខែ​ឲ្យ​រដ្ឋ ឬ​មួយ​ក៏​បង្កើត​នីតិវិធី​សម្រួល​ដល់​ការ​ជ្រើសរើស​បុគ្គលិក​ថ្មី និង​ការ​បញ្ឈប់​បុគ្គលិក​ចាស់។ ចំណែក​វិធានការ​កំណែទម្រង់​ក្នុង​វិស័យ​ពន្ធដារ​បាន​ចាប់​ផ្តើម​ពី​ការ​កាត់​បន្ថយ​ពន្ធ​សម្រាប់​អ្នក​ដាំ​ដើមចេក ឬ​ការ​លុបចោល​ពន្ធ​លើ​ការ​នាំ​ចូល​ទូរស័ព្ទដៃ និង​កុំព្យូទ័រ។

តែ​អ្វី​ដែល​បាន​បញ្ឆេះ​កំហឹង​ពលរដ្ឋ​ទូទៅ ពិសេស​ក្រុម​ជនជាតិដើមម្ចាស់ស្រុក​ខ្លាំង​ជាង​គេ គឺ​ការ​លុបចោល​ប្រាក់ឧបត្ថម្ភធន​លើ​ប្រេងសាំង។ វិធានការ​មួយ​នេះ​បាន​អនុញ្ញាត​ឲ្យ​រដ្ឋ​ឈប់​ចំណាយ​លុយ​ចំនួន ១ ៣០០លានដុល្លារ​ក្នុង​មួយ​ឆ្នាំ។ តែ​វិធានការ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​ឡើង​ថ្លៃ​ទ្វេដង ពោល​ឡើង ១២៣% និង​តម្លៃ​ធ្វើ​ដំណើរ​តាម​មធ្យោបាយដឹកជញ្ជូន​សាធារណៈ​ស្ទុះ​ឡើង​ដល់​ទៅ ៤០%។

ចលនា​របស់​ជនជាតិដើម​ម្ចាស់ស្រុក​ធា្លប់​បាន​ទម្លាក់​ប្រធានាធិបតី ៣នាក់

ក្រុម​ជនជាតិដើមម្ចាស់ស្រុក​ដែល​ភាសា​បារាំង​ហៅ​ថា Indigènes ឬ Indigenous ជា​ភាសា​អង់គ្លេស​មាន​ចំនួន ២៥% ក្នុង​ចំណោម​ប្រជាជន​អេក្វាទ័រ​សរុប ១៧ ៣០០ ០០០នាក់។ ប្រជាជន​ម្ចាស់ស្រុក​ភាគច្រើន​ប្រកប​មុខ​របរ​នៅ​ក្នុង​វិស័យ​កសិកម្ម និង​មាន​ចំនួន ៦៨% ជា​អ្នកក្រីក្រ។ បាតុករ​ម្ចាស់ស្រុក​មិន​បាន​ប្រឆាំង​នឹង​គ្រប់​វិធានការ​កំណែទម្រង់​របស់​ប្រធានាធិបតី​លោក​ឡេនីន ម៉ូរ៉េណូ​ទេ ពោល​គឺ​ប្រឆាំង​តែ​លើ​វិធានការ​លុបចោល​ប្រាក់​ឧបត្ថម្ភធន​លើ​ប្រេងសាំង។ ក្រុម​ជនជាតិដើមម្ចាស់ស្រុក​ភាគ​ច្រើន​ធ្វើ​ការងារ​នៅ​ក្នុង​វិស័យ​កសិកម្ម​បាន​មើល​ឃើញ​ថា តម្លៃ​ប្រេងសាំង និង​តម្លៃ​ដឹកជញ្ជូន​ឡើង​ថ្លៃ​ខ្លាំង​ធ្វើ​ឲ្យ​ការ​ចំណាយ​ដឹកជញ្ជូន​ផលិតផល​កសិកម្ម​របស់​ពួក​គេ​មាន​តម្លៃ​ខ្ពស់។

អ្វី​ដែល​ពួក​គេ​ទាមទារ​ចង់​បាន គឺ​ឲ្យ​លោក​ម៉ូរ៉េណូ​ដក​ចេញ​វិញ​នូវ​វិធានការ​លុបចោល​ប្រាក់​ឧបត្ថម្ភធន​លើ​ប្រេងសាំង។ គួរ​បញ្ជាក់​ថា ប្រជាជន​ម្ចាស់ស្រុក​នៅ​អេក្វាទ័រ​ដែល​មាន​ត្រឹម ២៥% នៃ​ប្រជាជន​អេក្វាទ័រ​សរុប​ទាំង​ជាង ១៧លាននាក់​កំពុង​បន្ត​មាន​ឥទ្ធិពល និង​អំណាច​ខ្លាំង។ នៅ​ក្នុង​អតីតកាល ចលនា​របស់​ពួក​គេ​ធា្លប់​បាន​ទម្លាក់​ប្រធានាធិបតី​អេក្វាទ័រ​ចំនួន ៣រូប។

ឆន្ទៈ​នៃ​ការ​ងាក​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី

បន្ទាប់​ពី​មាន​បាតុកម្ម​ហិង្សា​អស់​រយៈពេល ១១ថ្ងៃ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន ៦នាក់ របួស​ជាង ១ ០០០នាក់ និង​ចាប់​ខ្លួន​ជាង ១ ០០០នាក់​មក ប្រធានាធិបតី​លោក​ឡេនីន ម៉ូរ៉េណូ និង​ក្រុម​ជនជាតិដើមម្ចាស់ស្រុក​បាន​យល់ព្រម​ចូល​តុចរចា​នៅ​ថ្ងៃ​អាទិត្យ ទី១៣ តុលា។ អ្នក​ដែល​បាន​បោះដៃ និង​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​មុន​គេ គឺ​ប្រធានាធិបតី​លោក​ម៉ូរ៉េណូ។ តែ​តាំង​ពី​វិបត្តិសង្គម​ដ៏​ហិង្សា​មួយ​នេះ​បាន​ផ្ទុះ​ក្នុង​ថ្ងៃ​ដំបូង​មក អង្គការសហប្រជាជាតិ និង​វិហារកាតូលិក​អេក្វាទ័រ​បាន​រួម​ដៃ​គ្នា​យ៉ាង​សស្រាក់សស្រាំ​ក្នុង​ការ​អំពាវនាវ និង​បញ្ចុះបញ្ចូល​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ឲ្យ​ជួប​ជជែក​គ្នា។ កត្តា​មួយ​ទៀត​ដែល​គេ​មិន​អាច​មើល​រំលង​បាន គឺ​ការ​ប្តេជ្ញាចិត្ត​របស់​លោក​ម៉ូរ៉េណូ​ដែល​បង្ខំចិត្ត​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ចជាតិ​ដើម្បី​អាច​ទទួល​បាន​ប្រាក់​កម្ចី​ពី​អន្តរជាតិ។

នៅ​ក្នុង​ន័យ​នេះ និង​ដើម្បី​ប្រឈម​នឹង​កំណើន​សន្ទុះ​របស់​បាតុករ លោក​ម៉ូរ៉េណូ​មិន​ញញើត​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន ឬ​មួយ​ក៏​រើ​ទីស្នាក់ការ​រដ្ឋាភិបាល​ចេញ​ពី​ទីក្រុង​ទៅ​ដាក់​កន្លែង​ផ្សេង​ជា​បណ្តោះអាសន្ន។ តាំង​ពី​ដើម​ដំបូង ក្រុម​ជនជាតិដើមម្ចាស់ស្រុក​រឹងទទឹង​មិន​ព្រម​ចរចា និង​ទាមទារ​ឲ្យ​លោក​ម៉ូរ៉េណូ​ដក​វិធានការ​លុបចោល​ប្រាក់ឧបត្ថម្ភធន​លើ​ប្រេងសាំង​ចេញ​វិញ។ កំណែទម្រង់​ចេញ​វិញ​ក៏​បាន​យល់ព្រម​តាម​សំណើ​សុំ​ចរចា​របស់​លោក​ម៉ូរ៉េណូ។ សូម​ជម្រាប​ថា លោក​ម៉ូរ៉េណូ​ដែល​បាន​ស្គាល់​កម្រិត​ប្រជាប្រិយភាព​ធ្លាក់​ចុះ​ខ្លាំង​កំពុង​ប្រឈម​នឹង​វិបត្តិសង្គម​មួយ​ធ្ងន់ធ្ងរ​ដែល​មិន​ធ្លាប់​មាន​តាំង​ពី​លោក​បាន​ជាប់ឆ្នោត​ក្នុង​ឆ្នាំ ២០១៧។

តើ​វិបត្តិសង្គម​មួយ​នេះ​នឹង​ត្រូវ​ចប់​តាម​រយៈ​ការ​ចរចា​ពេល​នេះ ឬ​យ៉ាង​ណា?។ គេ​នៅ​មិន​ទាន់​អាច​ឆ្លើយ​បាន​ទេ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ភាគី​ពាក់ព័ន្ធ​មាន​ឆន្ទៈ​ចង់​ងាក​ទៅ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ជាជាង​បន្ត​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា៕

លោកដូណាល់ ត្រាំ ទទួល​ជួប​លោក អ៊ែរដូហ្កាន់ បើ​ទោះបី​មាន​ការ​រិះគន់​និង​រកាំ​រកូស​ខ្លាំង

វេទិកាសន្តិភាព លើកទីពីរ បើកធ្វើនៅប៉ារីស មានអ្នកចូលរួម៦ពាន់នាក់

ប្រធានាធិបតី បូលីវី ប្រកាស​លាលែង​ពីមុខ​តំណែង នៅក្រោយ កងទ័ព​ដោះដៃចោល

៣០ឆ្នាំក្រោយ​ការរលំជញ្ជាំងប៊ែរឡាំង អត្តសញ្ញាណអាល្លឺម៉ង់នៅ​តែ​ប្រេះស្រាំ

ប្រធានាធិបតីបារាំង​វាយតម្លៃ​ថា បក្សសម្ព័ន្ធ​អូតង់​ដូចជា​ស្លាប់

ការផ្សាយពាណិជ្ជកម្ម​​ឃោសនា​​នយោបាយ ជា​បញ្ហា​​ចម្រូង​ចម្រាស​ចំពោះ​ក្រុម​ហ៊ុន​ប្រព័ន្ធ​​ទាក់ទង​សង្គម​

អាមេរិកផ្តើម​នីតិវិធី​​ដកខ្លួនជាផ្លូវការពី ​កិច្ចព្រមព្រៀងស្តីពីអាកាសធាតុ

ថៃ៖អាមេរិកប្រើវេទិកាអាស៊ានវាយប្រហារចិន និងថា អាមេរិកមិនបោះបង់អាស៊ានទេ

ថៃ៖ចិនប្តេជ្ញាបន្តការងារជាមួយអាស៊ានដើម្បីឈានទៅសម្រេចក្រមប្រតិបត្តិស្តីពីសមុទ្រចិនខាងត្បូង

សភាអាមេរិក​​បោះឆ្នោត​លើ​សេចក្តីសម្រេច​បើក​នីតិវិធី​ទម្លាក់​ដូណាល់ ត្រាំ ជាផ្លូវការ

គ.ជ.ប.ហុងកុង​​ច្រាន​ចោល​បេក្ខភាព​ឈរឈ្មោះ​​របស់​សកម្មជន​ប្រជាធិបតេយ្យ Joshua Wong

តើប្រមុខអង្គការរដ្ឋអ៊ីស្លាមឈ្មោះ អាប៊ូ បា អាល់ បាដាឌីពិតជាបានស្លាប់មែន ឬ?

អាមេរិកមានឱនភាពថវិកាធ្ងន់ធ្ងរខ្លាំង​ ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម ?

បូលីវី៖ ប្រធានាធិបតី​ម៉ូរ៉ាល់​ ហៅការ​ប្រឆាំងតវ៉ា​លើលទ្ធផលបោះឆ្នោត​របស់​ក្រុម​អ្នកប្រឆាំង​ថា​ជាទង្វើ​ធ្វើរដ្ឋប្រហារ​

កាណាដា ៖ លោកទ្រុយដូ ជាប់​អាណត្តិ​ថ្មី តែ​គ្មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា

វិបត្តិ​ស៊ីលី​៖ មនុស្ស​យ៉ាងហោច​៧ នាក់​ស្លាប់​ ទោះបី​មាន​ការ​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​

ឥណ្ឌូណេស៊ី ៖ លោក​ប្រធានាធិបតី ផ្តើម​អាណត្តិទីពីរ ក្នុង​បរិបទ​នៃ​ភាព​មិន​ទុក​ចិត្ត

សភាអង់គ្លេសបោះឆ្នោតជាប្រវត្តិសាស្ត្រ ដើម្បីសម្រេចព្រមឬមិនព្រមលើកិច្ចព្រមព្រៀង Brexit

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​