rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកត្រាំ​បញ្ចេញ​កំហឹង​ជា​សាធារណៈ ប្រឆាំង​នឹង​ការអង្កេត​ដើម្បី​បើក​នីតិវិធី​ទម្លាក់​ប្រធានាធិបតី

media
លោក ដូណាល់ ត្រាំ បញ្ចេញ​កំហឹង​ ក្នុង​សន្និសីទ​កាសែត នៅ​សេតវិមាន​ ថ្ងៃ២តុលា ២០១៩ REUTERS/Kevin Lamarque

នៅសហរដ្ឋ​អាមេរិក ការ​អង្កេត​ក្នុង​ក្របខ័ណ្ឌឈាន​ទៅ​បើក​នីតិវិធី​​ទម្លាក់​ប្រធានាធិបតី​កំពុង​ដំណើរការ ... ក្រោម​សម្ពាធ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ទំនង​ជា​អស់​អំណត់​ ទប់​ចិត្ត​ខឹង​លែង​បាន ក៏​បញ្ចេញ​កំហឹង​ជា​សាធារណៈ។ ល្ងាច​មិញ ក្នុងពេល​ទទួល​ស្វាគមន៍​ប្រធានាធិបតី ហ្វាំងឡង់ នៅ​សេតវិមាន និង​នៅ​ក្នុង​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា លោក ត្រាំ បាន​ព្រលែង​សំដី​សាប់​អ្នក​ប្រជាធិបតេយ្យ អ្នក​ទម្លាយការណ៍​ និងបណ្តាញ​ឃោសនា​ព័ត៌មាន​​ ដោយ​ពាក្យ​ធ្ងន់ៗ​បំផុត ៖ សារ​ព័ត៌មាន​​ពុក​រលួយ អ្នក​តំណាង​រាស្ត្រ​ក្បត់ ...


ក្នុង​រយៈ​ពេល​១៧​នាទី លោក ដូណាល់ ត្រាំ បាន​ជះ​​កំហឹង​ ដោយ​ប្រើ​សំដី​ថ្លោសៗ ចោទ​ប្រកាន់ប្រធាន​គណៈកម្មការសភា​ទទួល​បន្ទុក​អង្កេត​មុន​ឈាន​ដល់​ការ​បើក​​នីតិវិធី​ទម្លាក់​ប្រធានាធិបតី លោក Adam Schiff ថា​ជា​ជនក្បត់​ និង​ហៅ​ឈ្មោះ​ថា Shifty Schiff មនុស្ស​មាន​ល្បិច។ អ្នក​ទម្លាយ​ព័ត៌មាន​ដែលដើម​ចម​​នាំ​មាន​សភាបើក​អង្កេត​ បាន​បំពុល​ហេតុការណ៍ អ្នក​ខ្សឹប​ព័ត៌មានសុទ្ធ​តែជា​​ក្រុម​ឈ្លប ​បណ្តាញ​​ព័ត៌មានពុករលួយ និង​ជា​សត្រូវ​របស់​ប្រជា​ជន ... នេះ​ជា​សុទ្ធ​សឹង​ជា​ពាក្យ​របស់​លោក​ ដូណាល់ ត្រាំ ​ពេល​កំពុង​ទទួល​​ប្រធានាធិបតី​ហ្វាំងឡង់ជា​ភ្ញៀវ នៅ​ក្នុង​​ការិយាល័យប្រមុខ​រដ្ឋ​​នៅ​សេតវិមាន។

មិន​អស់​ចិត្ត នៅ​ពេល​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នា​ជា​មួយ​សមភាគី​ហ្វាំងឡង់​ ដែល​ហាក់​រឹងខ្លួន​ខ្លាំង លោក​ត្រាំ ជះ​កំហឹង​ជា​សាធារណៈ​បន្ទោស​លោក​ Schiff ជា​ថ្មី​ទៀត​ថា​ជា​អ្នក​ប្រឌិត​រឿង ប្រឌិត​ពាក្យ​ពេជន៍​នៅ​ចំពោះ​មុខសភា​ ជា​ជន​ឧក្រិដ្ឋ ជា​ទង្វើ​ក្បត់​ ត្រូវ​តែ​លាលែង​ចេញ​ពី​តំណែង ! លោក​ប្រធានាធិបតី​បាន​រាល​ដាល ជេរ​​ដល់​លោក ចូ បៃឌិន Jo Biden បេក្ខជន​អ្នក​ប្រជាធិបតេយ្យ​ដែល​អាច​ជា​គូប្រជែង​របស់​លោក​នៅក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០​ផង ថា​ជន​បោកប្រាស់ ប្រធាន​សភា​លោកស្រី Nancy Pelosi ដែល​ជា​អ្នក​ប្រធានាធិបតី​ដែរ​ ថា​ចែកចាយ​កិច្ចការ​ដូច​ចែក​នំ ...

ប៉ុន្តែ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ មិន​ចាញ់​សម្លុត​លោក​ត្រាំ​នេះ​ទេ ! ប្រធានគណៈកម្មការ​អង្កេត​សភា បាន​ព្រមាន​តប​វិញ ថា រាល់​គ្រប់ការ​ប៉ុនប៉ង​ពី​សំណាក់​ប្រធានាធិបតី​ ឬ​រដ្ឋមន្ត្រីការបរទេស ឬ​ជន​ណា​ក៏​ដោយ អ្នក​អវត្តមានមិន​ចូល​ឆ្លើយ តាម​ការ​កោះ​ហៅ និង​ក្នុង​នាម​ជា​សាក្សី​ ​នឹង​ត្រូវ​ចាត់​ទុក​ថា​មាន​ទោស​ពី​បទ​រារាំង​ដំណើរការ​តុលាការ។ ប្រធាន​គណៈកម្មការ​អង្កេត​បាន​ថែម​ទាំង​​​ដាក់​ឱសានវាទ ឱ្យ​ សេតវិមាន និង​ក្រសួង​​ការបរទេស​ ផ្តល់​គ្រប់​ឯកសារ​ដែល​​ចង់​បាន យ៉ាង​យូរ​ត្រឹម​​ថ្ងៃ សុក្រ៕