rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

អ៊ីរ៉ង់ សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

បន្ទាប់ពីព្រមានប្រើធម៌ក្តៅ អាមេរិកចង់បានធម៌ត្រជាក់ជាមួយអ៊ីរ៉ង់

media
ប្រមុខការទូតអាមេរិកលោកម៉ៃ ប៉ុមប៉េអូ Reuters

អាមេរិក​តាម​រយៈ​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​តំបន់​ឈូងសមុទ្រពែក្ស​បាន​ថ្លែង​ធានា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​ថា អាមេរិក​ចង់​បាន​ដំណោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​អ៊ីរ៉ង់។ លោក​ប៉ុមប៉េអូ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​ទីក្រុង​អាប៊ូដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។ ម្យ៉ាង​ទៀត ការ​លើក​ឡើង​របស់​លោក​ប៉ុមប៉េអូ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ចង្អុល​ចំ​មុខ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​ស្ថានីយ៍ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា។ បន្ទាប់​មក ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​ក៏​បាន​ទម្លាយ​ថា លោក​មិន​ទាត់​ចោល​វិធានការ​ណា​មួយ រួម​ទាំង​ផ្លូវ​យោធា​ប្រឆាំង​នឹង​អ៊ីរ៉ង់​ឡើយ។


ម្តង​ព្រមាន​ប្រើ​ធម៌​ក្តៅ និង​ម្តង​ងាក​មក​ប្រើ​ធម៌ត្រជាក់​វិញ នេះ​ហើយ​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​សម្គាល់​ឃើញ​នៅ​ក្នុង​នយោបាយ​ការបរទេស​បត់បែន​ដូច​ផ្លេកបន្ទោរ​របស់​អាមេរិក​ក្នុង​ជំនាន់​លោក​ដូណាល់ ត្រាំ។ ថ្លែង​នៅ​ចំពោះ​មុខ​ហ្វូង​អ្នកកាសែត​ក្រោយ​ពី​បាន​ជួប​សន្ទនា​ជាមួយ​រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម​ម៉ូហាម៉េដ បេន ហ្សាយេដ អាល់ ណាយ៉ាន ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​បាន​លើក​ឡើង​ពី​អត្ថិភាព​នៃ​ការ​មូលមតិគ្នា​មួយ​នៅ​ឈូង​សមុទ្រពែក្ស​ស្តីពី​ទំនួល​ខុស​ត្រូវ​របស់​អ៊ីរ៉ង់​ក្នុង​ការ​វាយប្រហារ។ បន្ទាប់​មក លោក​ប៉ុមប៉េអូ​បាន​បញ្ជាក់​ពី​គម្រោង​បង្កើត​ឲ្យ​មាន​សម្ព័ន្ធភាព​មួយ​ឆ្ពោះ​ទៅ​សម្រេច​ឲ្យ​បាន​នូវ​សន្តិភាព និង​ដំណោះស្រាយ។

លោក​ប៉ុមប៉េអូ​សង្ឃឹម​ថា អ៊ីរ៉ង់​ក៏​សម្លឹង​ឃើញ​ដូច​លោក​ដែរ។ ចម្លើយ​ពី​អ៊ីរ៉ង់​នា​ថ្ងៃ​សុក្រ ទី២០ កញ្ញា ប្រមុខ​ការទូត​លោក​ម៉ូហាម៉ាដ យ៉ាវ៉ា ហ្សារីស្វ​បាន​បញ្ជាក់​ពី​ការ​គ្មាន​ជំនឿ​លើ​គម្រោង​បង្កើត​សម្ព័ន្ធភាព​ដើម្បី​ដោះស្រាយ​ជម្លោះ​ដែល​លើក​ឡើង​ដោយ​លោក​ប៉ុមប៉េអូ។ ចំណែក​ប្រមុខ​ការទូត​អេមីរ៉ាតអារ៉ាប់រួម​លោក​អាដែល អាល់ យូប៊ែរ​បាន​បញ្ចេញ​ប្រតិកម្ម​ក្នុង​បណ្តាញសង្គម Twitter របស់​លោក​ដោយ​ព្រមាន​ថា គ្រប់​ការ​ផ្គាប់​ចិត្ត​អ៊ីរ៉ង់​នឹង​ជួយ​លើក​ទឹកចិត្ត​អ៊ីរ៉ង់​ឲ្យ​ប្រព្រឹត្ត​អំពើ​ភេរវនិយម និង​វិច្ឆេទកម្ម​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់។ គួរ​បញ្ជាក់​ថា​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ពោល​បន្ទាប់​ពីមាន​ការ​វាយប្រហារ​ដោយ​ដ្រូន​របស់​ពួក​ឧទ្ទាម​ហ៊ូទី​លើ​ស្ថានីយ៍​ចម្រាញ់ប្រេង​ចំនួន​ពីរ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍ ទី១៤ កញ្ញា​មក សង្រ្គាម​ពាក្យ​សម្តី​បាន​កើត​មាន​យ៉ាង​ផុសផុល​រវាង​ទីក្រុង​តេហេរ៉ង់​ជាមួយ​ទីក្រុង​វ៉ាស៊ីនតាន និង​ទីក្រុង​រីយ៉ាដ។

អាមេរិក និង​អារ៉ាប៊ីសាអូឌីត​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​នៅ​ពី​ក្រោយ​ការ​វាយប្រហារ តែ​អ៊ីរ៉ង់​បន្ត​បដិសេធ។ ក្នុង​ថ្ងៃ​ពុធ ទី១៨ កញ្ញា ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ព្រមាន​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់ រួម​ទាំង​វិធានការ​ធម៌ក្តៅ​ផ្លូវ​យោធា​ផង។ តែ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ កញ្ញា​ថា អ៊ីរ៉ង់​បាន​ព្រមាន​ពី​សង្គ្រាមទាំងស្រុង​មួយ​បញ្ឆេះ​ឡើង​ដោយ​អាមេរិក ឬ​អារ៉ាប៊ីសាអូឌីត ប្រសិន​បើ​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​រីយ៉ាដ​បើក​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់៕