អានតួអត្ថបទ

លោកត្រាំ ធ្វើ​សង្គ្រាម​នឹង​កាលីហ្វ័រញ៉ា រឿង​ផ្សែងឡាន

បី​ថ្ងៃ​មុន ការ​បើក​ជំនួប​កំពូល​ស្តី​ពី​​អាកាសធាតុ នៅ​អង្គការ​សហប្រជាជាតិ ប្រធានាធិបតី​អាមេរិក​ បាន​ប្រកាស​ដក​សិទ្ធិ​ លែង​ឱ្យ​កាលីហ្វ័រញ៉ាចាត់​ចែង​សម្រេច​លើ​​​បទ​ដ្ឋាននៃការ​​បញ្ចេញផ្សែង​ពុល​របស់យានយន្ត​ (​ឧស្ម័ន​ផ្ទះ​កញ្ចក់) ដែល​រដ្ឋកាលីហ្វ័រនីញ៉ា​ធ្លាប់​មាន​ពី​មុន​ទៀត​ហើយ។ សម្រាប់​រដ្ឋបាល​អាមេរិក មាន​តែ​អាជ្ញាធរ​ ​​សហព័ន្ធ​ទេ​ដែល​មានអំណាច​សម្រេច​​លើ​បទប្បញ្ញត្តិ​​ផ្សេងៗទាក់ទង​នឹង​ការ​បំពុល​បរិយាកាស​បញ្ចេញ​ដោយ​យានយន្ត។

កាលីហ្វ័រញ៉ា ប្រឆាំង​ស្ទើរ​ជា​ស្វ័យប្រវត្តិ នឹង​ប្រធានាធិបតី​ត្រាំ ក្នុង​វិធានការ​ដើម្បី​អាកាសធាតុ
កាលីហ្វ័រញ៉ា ប្រឆាំង​ស្ទើរ​ជា​ស្វ័យប្រវត្តិ នឹង​ប្រធានាធិបតី​ត្រាំ ក្នុង​វិធានការ​ដើម្បី​អាកាសធាតុ Getty Images/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

“រដ្ឋាបាល​ដូណាល់ ត្រាំ សម្រេច​លុប​ចោល​ច្បាប់​ពិសេស​ស្តី​ពី​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិក​របស់​យានយន្ត ដើម្បី​អាច​ផលិត​រថយន្ត​ក្នុង​តម្លៃ​ថោក និង​មាន​សុវត្ថិភាព​ខ្ពស់ ​សម្រាប់​អតិថិជន”។ នេះ​បើ​តាម​សារ​ទ្វីត​របស់​លោក​ប្រធានាធិបតី​ពី​ ​Los Angeles ក្រុង​ដឹកនាំ​ដោយ​អ្នក​ប្រជាធិបតេយ្យ​ជា​បក្ស​ប្រឆាំង។

ពិត​ជា​សេចក្តី​សម្រេច​ដ៏​អាក្រក់ ! អាក្រក់​សម្រាប់​បរិយាកាស សម្រាប់​សុខភាព និង​សេដ្ឋកិច្ច​អាមេរិក នេះ​ជា​ពាក្យ​​បរិហារ​​របស់​អភិបាល​រដ្ឋ​កាលីហ្វ័រនីញ៉ា ដែល​​មាន​សុទិដ្ឋនិយម​ថា​នឹង​អាច​យក​ឈ្នះ​សេចក្តី​សម្រេច​របស់​ប្រធានាធិបតី​ត្រាំ​បាន​។ នេះ​មិនមែន​ជា​លើក​ទី​មួយទេ ដែលកាលីហ្វ័រនីញ៉ា ​ប្រឈម​មុខ​ដាក់ប្រធានាធិបតី​។

កាលីហ្វ័រនីញ៉ា ​ជើងឯក​ផ្នែក​ការពារ​បរិស្ថាន​និងអាកាសធាតុ ជា​រដ្ឋ​មួយ​ដែល​ប្រឆាំងស្ទើរ​គ្រប់​​វិធានការ​របស់​លោក​ត្រាំ​ ក្នុង​​វិស័យអាកាសធាតុ​​ ! បុព្វហេតុ​ការពារ​បរិស្ថាន​របស់​កាលីហ្វ័រញ៉ា បាន​ដុះ​ឡើង​តាំង​ពី​ឆ្នាំ​១៩៧០។ ​​ច្បាប់​ពិសេស​ កំណត់​បទដ្ឋាន​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដើម្បី​រក្សា​គុណភាព​ខ្យល់​បរិយាកាស នៅកាលីហ្វ័រញ៉ា ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយអ្នក​សាធារណរដ្ឋនិយមពីររូប គឺ​​​លោក​ប្រធានាធិបតី​ ​ Richard Nixon និង​លោក Ronald Reagan ដែលកាលណោះ​ជា​អភិបាល​រដ្ឋ​កាលីហ្វ័រញ៉ា។ ​​មូលហេតុ​ដែល​ជំរុញ​ឱ្យ​មាន​ច្បាប់​ Clean Air Act នៅ​កាលីហ្វ័រញ៉ានេះ ក៏​ព្រោះ​តែ​ក្រុង​ Los Angeles រង​ផ្សែង​ពុល​អាប់អួរ​ថប់​ដង្ហើម​ពេក​​ក្នុង​អំឡុង​ពេល​នោះ។

កាលពីមួយ​ខែ​ពីរ​មុន រដ្ឋាបាល​លោក​ត្រាំ​ បាន​សម្រេច​បន្ធូរ​បន្ថយ ច្បាប់​របស់​លោក​អូបាម៉ា​ដែល​បាន​ការ​ដាក់​កំហិតលើ​ឧស្សាហកម្ម​រថយន្ត​ឱ្យ​​កំរិតការ​បញ្ចេញ​​ឧស្ម័ន​កាបូនិក​។ ប៉ុន្តែកាលីហ្វ័រញ៉ា ក៏​ដូច​ជា​រដ្ឋ​ចំនួន​១៣​ផ្សេង បាន​បដិសេធ​មិន​គោរព​តាម​ ដោយ​សំអាង​លើ​ច្បាប់​ពិសេស​Clean Air Act នេះឯង ទើប​លោកប្រធានាធិបតី​ ប្រកាស​លុប​ចោល​ច្បាប់​ពិសេស​កាលីហ្វ័រញ៉ា​តែម្តង។

សេចក្តី​សម្រេច​របស់​លោក​ត្រាំ ​តម្រូវ​ឱ្យ​កាលីហ្វ័រញ៉ា សម្រប​ខ្លួន​តាម​​បទដ្ឋានថ្មី​​តែ​មួយ​​សម្រាប់​គ្រប់​រដ្ឋ​សហព័ន្ធ​អាមេរិក នឹង​ត្រូវ​បញ្ចប់​នៅ​មុខ​តុលាការកំពូល​អាមេរិក។ រដ្ឋអាជ្ញា​កាលីហ្វ័រញ៉ា បាន​ព្រមាន​ជា​ស្រេច​ហើយ​ថា​គេ​មិន​អាច​ដើរ​បក​ក្រោយ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ