rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

ហេតុអ្វី​ពួកឧទ្ទាម​កូឡុំប៊ី ត្រលប់​ទៅ​កាន់អាវុធ ប្រឆាំង រដ្ឋាភិបាល?

ដោយ ឈាង បុប្ផា

អតីតមេបញ្ជាការទ័ពឧទ្ទាម កូឡុំប៊ី​ហៅកាត់ថា FARC​បាន​បង្កើត​ភាពភ្ញាក់ផ្អើល មួយ ដោយ​បាន​ប្រកាស​វិលត្រលប់​ទៅ​កាន់អាវុធ ឡើងវិញ ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋាភិបាល ដែល​ពួកគេ​បាន​ចោទប្រកាន់​ថា បានក្បត់ មិនគោរព​តាម​កិច្ចព្រមព្រៀង​សន្តិភាព ឆ្នាំ ២០១៦។ កិច្ចព្រមព្រៀង ដែល​បាន​ជួយ​បិទបញ្ចប់​សង្រ្គាម ជាង​កន្លះសតវត្សរ៍ រវាង​រដ្ឋាភិបាល និង​ទ័ពព្រៃ FARC។

នៅក្រោយ​ការប្រកាស​របស់​អតីត​មេទ័ពព្រៃ FARC ប្រធានាធិបតី​កូឡុំប៊ី លោក​អ៊ីវ៉ាន់ ឌុកេ បាន​ប្រកាស​ចាត់វិធានការ​ក្តៅ និង​ផ្តល់​ប្រាក់រង្វាន់​ជិត១លាន​ដុល្លារ សម្រាប់​អ្នកដែល​ផ្តល់ព័ត៌មាន ជួយ​ឲ្យ​គេ​ចាប់​ខ្លួន ក្រុមប្រដាប់អាវុធ ដែលមាន​មុខ នៅក្នុង​វីដេអូ​របស់​អតីត មេក្រុមឧទ្ទាម​FARC។ រ៉ាំរ៉ៃ ដោយសារ​សង្រ្គាម​ជាមួយ ពួកឧទ្ទាមទ័ពព្រៃ ជាង​៥០ឆ្នាំ កូឡុំប៊ី​ទើប​បាន​ស្ងប់សុខ​សន្តិភាព នៅ​៣ឆ្នាំ​នេះ តែប៉ុណ្ណោះ បន្ទាប់​ពី រដ្ឋាភិបាល​បាន​សម្រេច​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ក្រុមFARC នៅ​ឆ្នាំ ២០១៦។ ប៉ុន្តែ ហេតុអ្វី​បាន​ជា​អតីត​មេបញ្ជាការ​ទ័ពព្រៃ​FARC បែរជា​រត់ចូលព្រៃ និង​អំពាវនាវ​ឲ្យ​ទាហាន​របស់ខ្លួន ត្រលប់​ទៅកាន់​អាវុធ ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល សាជាថ្មី​ទៅវិញ?

 

នៅ​កូឡុំប៊ី ចលនា​ឧទ្ទាម​ទ័ពព្រៃ FARC ដែល​បាន​ទម្លាក់អាវុធ និង​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ជាមួយ​រដ្ឋាភិបាល កាលពី​ឆ្នាំ ២០១៦ បាន​អំពាវនាវ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ឲ្យ​សមាជិក​របស់ខ្លួន ត្រលប់​ទៅ​កាន់អាវុធ​ឡើងវិញ ដើម្បី ប្រយុទ្ធប្រឆាំង​រដ្ឋាភិបាល។ មេចលនា​ឧទ្ទាម FARC ដែល​បាន​ប្រកាស​ត្រលប់ទៅកាន់អាវុធ​ឡើងវិញ សុទ្ធតែ​ជា​បុគ្គល​ដែល​បាន​ចូលរួម យ៉ាងសកម្ម ក្នុង​ការចរចា ឲ្យ​មាន​កិច្ចព្រមព្រៀង​សន្តិភាព ឆ្នាំ ២០១៦ដែល​ឈាន​ទៅបិទបញ្ចប់​សង្រ្គាមទ័ពព្រៃ​ដ៏​យូរលង់ និង​រ៉ាំរ៉ៃ នៅ​កូឡុំប៊ី។

នៅក្នុង​វីដេអូ ៣២​នាទី ដែល​ក្រុមនេះ នេះ​បាន​បង្ហោះ នៅ​តាម​Youtube កាលពី​ថ្ងៃ​ព្រហស្បតិ៍​ គេឃើញ លោក អ៊ីវ៉ាន់ ម៉ាកគេអតីត​មេដឹកនាំ​ទី២ របស់​​ចលនា​ឧទ្ទាម​FARC ដែល​អម​ដោយ​អតីត​មេទាហាន​សំខាន់ៗ និង​ទាហាន​FARC សរុប ១៧នាក់ ថ្លែង អំពាវនាវ​ឲ្យ​អតីតសមាជិក​របស់​FARC ផ្សេងទៀត ត្រលប់​ចូលព្រៃ ចូលរួម​កាន់អាវុធ​ជាមួយ​លោក ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​របស់​រដ្ឋាភិបាល ដែល​បាន​ក្បត់​កិច្ចព្រមព្រៀង សន្តិភាព ឆ្នាំ ២០១៦។

លោក អ៊ីវ៉ាន់ ម៉ាកគេ ជាអតីត​មេបញ្ជាការ​ចលនាឧទ្ទាម​ FARC និង​ជា​បុគ្គល​សំខាន់​ម្នាក់ ដែល​បាន​ចូលរួម​ចរចា រហូត សម្រេច​បាន​ចុះកិច្ចព្រមព្រៀង​សន្តិភាព ជាមួយ​រដ្ឋាភិបាលកូឡុំប៊ី​អាណត្តិ​មុន។ ទៅតាម កិច្ចព្រមព្រៀង​សន្តិភាព ដែល​បាន​ជួយ​បិទបញ្ចប់​សង្រ្គាម​ដ៏រ៉ាំរ៉ៃ​ជាមួយ​ចលនា​ឧទ្ទាម​ទ័ពព្រៃ FARC ក្រុមទាហាន​FARC ប្រមាណ ៧ពាន់លាន​ត្រូវ​ទម្លាក់អាវុធ ចុះ ជាថ្នូរ​នឹង​ប្រាក់ឧបត្តម្ភ​របស់រដ្ឋាភិបាល ដើម្បី ធ្វើ​សមាហរណកម្ម ត្រលប់​ចូលមករស់នៅក្នុង​សង្គមកូឡុំប៊ីឡើងវិញ។ មេទាហាន​សំខាន់ៗ​របស់​ចលនា​« កម្លាំង​ប្រដាប់អាវុធ​បដិវត្តន៍​កូឡុំប៊ី FARC ជាច្រើន​បាន​បង្កើត​គណបក្ស​ស៊ីវិល​មួយ និង​បាន​ឈ្នះសំឡេងឆ្នោត គ្រប់គ្រង​អាសនៈ ជាង ១០​នៅ​សភា។ ប៉ុន្តែ លោក​អ៊ីវ៉ាន់ មាកគេ ដែល​មាន​តួនាទី​ជា​សមាជិក​សភាកូឡុំប៊ី មកពី​គណបក្ស​FARC បាន​ចាប់ផ្តើម​ដកខ្លួន ឃ្លាតឆ្ងាយ​ពី​រដ្ឋាភិបាល ជាង ១ឆ្នាំមកហើយ បន្ទាប់​ពី​បាន​រិះគន់ បន្ទោស​រដ្ឋាភិបាល ថា មិនគោរព​កិច្ចព្រមព្រៀង ជាពិសេស នៅពេល មិត្ត​រួមអាវុធ​របស់​លោក ពីរនាក់ ត្រូវតុលាការ​កូឡុំប៊ី ស្វែងរក តាមចាប់ខ្លួន ក្នុង​បទ នៅបន្ត ជួញដូរ គ្រឿងញៀន នៅ​ក្រោយ​មាន​កិច្ចព្រមព្រៀង​សន្តិភាព។

នៅក្នុង​វីដេអូ កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​អ៊ីវ៉ាន់ ម៉ាកគេ​បាន​អះអាងថា ក្នុងរយៈពេល ២ឆ្នាំ ដែល​លោក​អ៊ីវ៉ាន់ ឌុកេ ចូល​ធ្វើ​ជា​ប្រធានាធិបតី រដ្ឋាភិបាល​កូឡុំប៊ី អតីត​សមាជិក​ចលនា​FARC ជាង ៥០០​នាក់​ត្រូវ​បាន​គេ​សម្លាប់ ចំណែក​អតីត​ទ័ពព្រៃ FARC បាន​ស្លាប់ខ្លួន ដោយសារ​តែ​ការមិន​រវល់អើពើ ពី​រដ្ឋាភិបាល​លោក​អ៊ីវ៉ាន់ ឌុកេ។

រដ្ឋាភិបាល​របស់លោក​អ៊ីវ៉ាន់ ឌុកេ ប្រកាស​ផ្តល់ ៨សែន​ដុល្លារ សម្រាប់​ការជួយ​ឲ្យ​ចាប់ខ្លួនបាន សមាជិក​របស់​ក្រុមឧទ្ទាមFARC ថ្មី

នៅក្នុង​បទអន្តរាគមន៍​តាមទូរទស្សន៍​នៅថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​មក​ពីក្រុមស្តាំនិយម កូឡុំប៊ី លោក អ៊ីវ៉ាន់ ឌុកេ​បាន​និយាយ​ថា រដ្ឋាភិបាល​របស់លោក​នឹង​បើក​ការវាយប្រហារ​ទៅលើ​ក្រុមប្រដាប់អាវុធ ដែល​លោក​ចាត់ទុក​ជា​ក្រុមភេរវនិយម គ្រឿងញៀន។

ប្រធានាធិបតី កូឡុំប៊ី​បាន​ប្រកាស​បង្កើត​អង្គភាព​ទ័ពពិសេស ដោយ​មានជំនួយការពីក្រុមចារកិច្ច​កូឡុំប៊ី ដើម្បី ប្រមាញ់ តាមចាប់​ឧក្រិដ្ឋជន ពេញទឹកដីកូឡុំប៊ី។ ក្រៅតែ ពីស្វែងរក​ជំនួយ​ពី​អន្តរជាតិ លោក​អ៊ីវ៉ាន់ ឌុកេ​បាន​ប្រកាស​ផងដែរ ផ្តល់​រង្វាន់ លើកចិត្ត ប្រមាណ ៨សែន​ដុល្លារ សម្រាប់​អ្នកណា​ដែល​ជួយ​ឲ្យ​គេ​ចាប់បាន រាល់​មនុស្ស​ម្នាក់ៗ ដែល​មាន​លេច​មុខ​នៅក្នុង​ខ្សែវីដេអូ​របស់​អតីតមេបញ្ជាការទ័ពព្រៃ FARC កាលពី​ថ្ងៃ​ព្រហស្បតិ៍។

នៅក្នុង​សេចក្តីថ្លែងការណ៍​តាមទូរទស្សន៍ លោក​ប្រធានាធិបតី​កូឡុំប៊ី នៅ​បាន​ចោទប្រកាន់ ប្រធានាធិបតី វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ ថា ជាអ្នកនៅពីក្រោយ និងផ្តល់ជំនួយ ជំរក​ដល់​ក្រុមអតីត​ក្រុមឧទ្ទាម​របស់​លោក អ៊ីវ៉ាន់ ម៉ាកគេ។ កន្លងមក លោកនីកូឡា ម៉ាឌូរ៉ូ ដែល​ជា​គូសត្រូវ​ចេញមុខ​របស់​លោកប្រធានាធិបតី​កូឡុំប៊ី ធ្លាប់បាន​ថ្លែង​ស្វាគម បើកទ្វារ​ទទួល​ឲ្យ​ជ្រកកោន រាល់​អតីត​មេដឹកនាំ​FARC ដែល​រដ្ឋាភិបាល​កូឡុំប៊ី តាមចាប់ខ្លួន នៅក្រោយ រដ្ឋាភិបាល លោក​អ៊ីវ៉ាន់ ឌុកេ ចាប់​សើរើ ឡើងវិញ កិច្ចព្រមព្រៀង​សន្តិភាព ឆ្នាំ​២០១៦នោះ។

លោក​អ៊ីវ៉ាន់ ឌុកេ៖ ប្រធានាធិបតី ដើម្បី​ភាពយុត្តិធម៌​សម្រាប់ជនរងគ្រោះ​ដោយសារ​FARC

លោកប្រធានាធិបតី អ៊ីវ៉ាន់ ឌុកេ​មានគំនិត​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​សន្តិភាពជាមួយ​ក្រុមFARC តាំង​ពីលោក​នៅ​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា​ម្ល៉េះ។ លោក​បាន​សន្យា​សើរើ​ឡើងវិញ កិច្ចព្រមព្រៀង​សន្តិភាព ដែល​លោករិះគន់ថា មាន​លក្ខណៈ ធូររលុង បើកឱកាស​ឲ្យ​ពួកឧទ្ទាម FARC ដែល​មួយភាគ ជា​ឧក្រិដ្ឋជន ក្រុមជនចាប់ជំរិត ក្នុង​សម័យ​សង្រ្គាមស៊ីវិល​ប្រឆាំង​រដ្ឋាភិបាល បាន​រស់នៅ​រួចខ្លួន និង​អាច​ចូល​កាន់តំណែង​ធំៗ ដូចជា​សមាជិក​សភា​កូឡុំប៊ី​ជាដើម។

អតីត​មេដឹកនាំ​ចលនាឧទ្ទាម​FARC បាន​ព្រមាន​ប្រធានាធិបតី​ស្តាំនិយម កូឡុំប៊ី កុំ​ឲ្យ​បន្ត​សើរើ កិច្ចព្រមព្រៀង ដើម្បី បុព្វហេតុ សុខសន្តិភាព​របស់​ប្រទេស។ ប៉ុន្តែ សម្រាប់ លោកប្រធានាធិបតី ឌុកេ សុខសន្តិភាព ពិតប្រាកដ​កើតមាន បាន​លុះណា​មានការបង្រួបបង្រួម ដោយ​ឈរលើ​ការផ្សះផ្សារ ផ្លូវចិត្ត ហើយ​និង​សំណង​ជម្ងឺចិត្ត​ដល់​ជនរងគ្រោះ ដោយសារ​ស្នាដៃ វាយប្រហារ​របស់​ចលនា​ឧទ្ទាម​FARC​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុងក្រោយនេះ។

លោក​ប្រធានាធិបតី អ៊ីវ៉ាន់ ឌុកេ ដែល​ចង់​សើរើ​កិច្ចព្រមព្រៀង ក៏ព្រោះតែ​ចង់ទាមទារ​យុត្តិធម៌​ឲ្យ​ប្រជាជន​កូឡុំប៊ី​ដោយសារ​ក្រុមឧទ្ទាម​FARC នេះដែរ។

កំពុង​ជាប់ប្រយុទ្ធ​ជាមួយ ក្រុមឧទ្ទាម​ចុងក្រោយ​របស់​កូឡុំប៊ី គឺ កងទ័ព​រំដោះជាតិ ហៅ​កាត់​ថា ELN ឥលូវ ថែមក្រុមFARC មួយទៀត

តាម​អតីត​មេដឹកនាំ ចលនា​ឧទ្ទាម FARC តែម្តង ដែល​កំពុង​មាន​តួនាទី​ជា​សមាជិក​សភា​កូឡុំប៊ី អតីត​ទាហាន​FARC ភាគច្រើន​សុខចិត្ត​ដើរតាម​កិច្ចព្រមព្រៀង​សន្តិភាព និង​មិនចូលរួម​ក្នុងចលនា​តស៊ូទ័ពព្រៃទៅតាមការអំពាវនាវ​របស់មេញ្ជាការ​អ៊ីវ៉ាន់ ម៉ាកគេ​នោះទេ។

ទោះបី​ជា​ចលនា​តស៊ូ​ប្រដាប់​អាវុធ​FARC របស់​លោក អ៊ីវ៉ាន់ ម៉ាកគេ គ្មាន​ទ័ព​ច្រើន ដូចមុន ក៏​ការវិលត្រលប់​របស់​អតីត​មេទ័ព​FARC ទៅកាន់​អាវុធ ប្រឆាំង​រដ្ឋាភិបាល គឺ​ជារឿង​គួរ​ឲ្យ​បារម្ភ។ នៅក្នុង​សារវីដែអូ លោក អ៊ីវ៉ាន់ ម៉ាកគេ បាន​ថ្លែង​ថា ក្រុមលោក​នឹង​ធ្វើការ​សហការ ចាប់ដៃ ជាមួយ ចលនា​ឧទ្ទាម មួយទៀត ឈ្មោះ “កងទ័ព​រំដោះជាតិ » ហៅ​កាត់​ថា ELN ដែល​រដ្ឋាភិបាល​ចាត់ទុក​ជា​ក្រុមភេរវនិយម និងបិទផ្លូវ​ចរចា សន្តិភាព នៅក្រោយ​ក្រុមនេះ បើកការវាយប្រហារ​បំផ្ទុះគ្រាប់​សម្លាប់​សិស្ស​ប៉ូលិស​កូឡុំប៊ី កាលពី​ដើម​ឆ្នាំនេះ។

ក្រុមឧទ្ទាម ELN មាន​កម្លាំងទ័ពព្រៃ ជាង ២ពាន់នាក់។ ដើម្បី បន្ត​បុព្វហេតុ​តស៊ូ​របស់ខ្លួន ក្រុមFARC ថ្មី​របស់​លោក​អ៊ីវ៉ាន់ ម៉ាកគេ បាន​អះអាងថា គេ​លែង​ចាប់ជំរិត មនុស្ស​យក​លុយ​ដូចមុនទៀតហើយ ប៉ុន្តែ ក្រុមគេ​នឹង​ចរចា​ជាមួយ​ម្ចាស់ដី ឬអ្នកជំនួញ ដើម្បី​បាន​ប្រាក់ថ្នូរ នឹង​ការធានា​សន្តិសុខ៕

 

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ

Ticad៖ ជប៉ុនសង្ឃឹមវិនិយោគនៅអាហ្វ្រិក ប្រកប​ដោយ“គុណភាព” ខុសពីចិន

ហេតុអ្វីបានជាប្រាក់យ័នចិនបន្តធ្លាក់ថ្លៃប្រឈមនឹងប្រាក់ដុល្លារអាមេរិក?

ហេតុអ្វី​បាន​ជា​ប្រេស៊ីល មិនទទួលជំនួយ​បន្ទាន់ពី​ប្រទេស​G ៧ ?

G៧៖ បញ្ហានុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​សង្គ្រាម​ពាណិជ្ជកម្ម នៅតែជា​សំណុំ​រឿង​ក្តៅ សម្រាប់​ថ្ងៃចុងក្រោយ

វេទិកាកំពូលG7 បើកទ្វារ​ជាមួយ​នឹង​ភ្លើង​ឆេះព្រៃ​នៅ​អាម៉ាហ្សូន និង​ភ្លើង​ជម្លោះ​ពាណិជ្ជកម្ម

ប្រេស៊ីល៖លោកបុលសូណារ៉ូកំពុងរងការរិះគន់ពីគ្រប់មជ្ឈដ្ឋានក្នុងរឿងឆេះព្រៃអាម៉ាហ្សូន