rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក ប៊ូអ៊ីង

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

នុយក្លេអ៊ែរអ៊ីរ៉ង់៖លោករ៉ូហានីស្នើលោកត្រាំឲ្យចាត់វិធានការមុនគេដើម្បីបញ្ចប់វិបត្តិ

media
ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ និង​សមភាគី​អ៊ីរ៉ង់​លោក​ហាសាន រ៉ូហានី AFP

នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ លោក​ប្រធានាធិបតី​ហាសាន រ៉ូហានី​បាន​ប្រកាស​នា​ថ្ងៃ​អង្គារ ទី២៧ សីហា​ដល់​រដ្ឋបាល​អាមេរិកាំង​ឲ្យ​ចាត់​វិធានការ​មុន​គេ​ដោយ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់។ ការ​អំពាវនាវ​ដូច​នេះ​របស់​លោក​រ៉ូហានី​ជា​ចម្លើយ​តប​នឹង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​ដែល​បាន​ថ្លែង​នា​ថ្ងៃ​ជំនួបកំពូល G៧ ចុង​ក្រោយ​ក្នុង​ប្រទេស​បារាំង​ថា បើ​កាលៈទេសៈ​ហុច​ឲ្យ ហើយ​បើ​លក្ខខណ្ឌ​គ្រប់​យ៉ាង​ត្រូវ​បាន​បំពេញ លោក​អាច​ជួប​ជាមួយ​មេដឹកនាំ​អ៊ីរ៉ង់។


ចម្លើយ​របស់​ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​ចំពោះ​សមភាគី​អាមេរិកាំង​លោក​ត្រាំ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សុន្ទរកថា​មួយ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​អ៊ីរ៉ង់។ នៅ​ក្នុង​សុន្ទរកថា​នោះ លោក​រ៉ូហានី​បាន​បញ្ជាក់​ច្បាស់ៗ​ដោយ​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា គំនិត​នៃ​ការ​ជួប​ជាមួយ​លោក​ត្រាំ​នៅ​ក្នុង​ស្ថានភាព​បច្ចុប្បន្ន និង​ក្នុង​កាលៈទេសៈ​សព្វថ្ងៃ គឺ​មិន​អាច​ទៅ​រួច​ទេ។ តែ​លោក​រ៉ូហានី​បាន​ដាក់​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​អាច​ឈាន​ទៅ​មាន​ជំនួប​ជាមួយ​លោក​ត្រាំ​បាន ពិសេស​រដ្ឋបាល​អាមេរិកាំង​ត្រូវ​ដក​គ្រប់​ទណ្ឌកម្ម​អយុត្តិធម៌ និង​មិន​ស្របច្បាប់​ទាំង​អស់​ចេញ​ពី​អ៊ីរ៉ង់។ លោក​រ៉ូហានី​យល់​ថា កូនសោ​នៃ​ការ​ផ្លាស់ប្តូរ​វិជ្ជមាន​កំពុង​ស្ថិត​ក្នុង​ដៃ​សហរដ្ឋអាមេរិក​ដោយ​បន្ថែម​ថា អ៊ីរ៉ង់​បាន​បញ្ឈប់​ទង្វើ​ដែល​រដ្ឋបាលអាមេរិកាំង​បារម្ភ​ខ្លាំង​ជាង​គេ​ហើយ នោះ​គឺ​ការ​ផលិតគ្រាប់បែក​បរិមាណូ។

« យើង​ស្វែង​រក​ដំណោះស្រាយ​លើ​វិបត្តិ​ដែល​បង្ក​ចេញ​នូវ​បញ្ហា។ តែ​យើង​មិន​បាន​ស្វែង​រក​ការ​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​ទេ។ បើ​មាន​នរណា​ម្នាក់​ចង់​ថតរូប​ជាមួយ​ហាសាន រ៉ូហានី គឺ​មិន​អាច​ទៅ​រួច​ទេ។ វា​លើកលែង​តែ​មាន​ការ​ដក​គ្រប់​ទណ្ឌកម្ម​អយុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​អ៊ីរ៉ង់ » នេះ​ជា​ការ​ថ្លែង​របស់​លោក​រ៉ូហានី​ដែល​មាន​បង្កប់​ដោយ​សម្តី​លែបខាយ​ដាក់​លោក​ត្រាំ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​រូប​លោក​រ៉ូហានី​ដដែល​នេះ​ហើយ​ដែល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ ទី២៦ សីហា​ថា លោក​ត្រៀម​ខ្លួន​ជួប​ជាមួយ​មនុស្ស​គ្រប់​រូប បើ​ជំនួប​នោះ​ហុច​ប្រយោជន៍​ដល់​ប្រទេសជាតិ។ តើ​ជំនួប​រវាង​លោក​រ៉ូហានី និង​លោក​ត្រាំ​អាច​នឹង​មាន​ឬ​ទេ?។ ចម្លើយ គឺ​អាស្រ័យ​ទាំង​ស្រុង​លើ​ភាគី​ទាំង​ពីរ។

អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ ស្ថានការណ៍​ហាក់​បាន​ធ្លាក់​ចុះ​បន្តិច​រវាង​សហរដ្ឋអាមេរិក និង​អ៊ីរ៉ង់ បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ​បាន​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​តានតឹង​នា​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​កន្លង​ទៅ។ តែ​គេ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា បរិយាកាស​ធូរស្រាល​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉ារីស​ពេល​នេះ​ក៏​ដោយសារ​តែ​មាន​ការ​ខ្នះខ្នែង​ពី​ប្រមុខរដ្ឋ​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្នុង​ឱកាស​ជំនួបកំពូល G៧ រយៈពេល ៣ថ្ងៃ​ដែល​បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ៕