rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

តើការបង្កកទ្រព្យសម្បតិ្តរដ្ឋាភិបាលវ៉េណេស៊ុយអេឡាពីសំណាក់រដ្ឋបាលអាមេរិកាំងអាចនឹងទម្លាក់លោកម៉ាឌូរ៉ូឆាប់ៗឬទេ?

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​អង្គារ ទី៦ សីហា ប្រទេស​វ៉េណេស៊ុយអេឡា​តាម​រយៈ​សេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​ចោទ​សហរដ្ឋអាមេរិក​ថា​ជា​ភេរវនិយម​សេដ្ឋកិច្ច និង​ព្យាយាម​បំផ្លាញ​កិច្ចសន្ទនា​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស និង​គណបក្សប្រឆាំង។ ប្រតិកម្ម​ខ្លាំងៗ​របស់​វ៉េណេស៊ុយអេឡា​ពេល​នេះ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​រដ្ឋបាល​អាមេរិកាំង​បាន​សម្រេច​បង្កក​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​ដែល​មាន​នៅ​សហរដ្ឋអាមេរិក។

ដោយឡែក​នៅ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ សន្និសីទ​អន្តរជាតិ​មួយ​ដើម្បី​ប្រជាធិបតេយ្យ​វ៉េណេស៊ុយអេឡា​បាន​រៀបចំ​ឡើង​ដោយ​មាន​ប្រទេស​ប្រមាណ ៦០ ចូលរួម។ តែ​គ្មាន​វត្តមាន​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​គាំទ្រ​លោក​ម៉ាឌូរ៉ូ។

អ្វី​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូណាល់ ត្រាំ​ចង់​បាន​តាម​រយៈ​ទណ្ឌកម្ម​បង្កក​សម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នៅ​សហរដ្ឋអាមេរិក គឺ​ទម្លាក់​លោក​នីកូឡា ម៉ាឌូរ៉ូ​ចេញ​ពី​អំណាច។ គួរ​រម្លឹក​ថា តាំង​ពី​មេបក្ស​ប្រឆាំង​នៅ​វ៉េណេស៊ុយអេឡា​លោក​ហ័ន ហ្កាយដូ​ដែល​ជា​ប្រធាន​សភា​បាន​ប្រកាស​ខ្លួន​ឯង​ជា​ប្រធានាធិបតី​ស្តីទី​កាល​ពី​ថ្ងៃទី២៣ មករា​មក រដ្ឋបាល​អាមេរិកាំង​បាន​ចេញ​មុខ​ទទួល​ស្គាល់​លោក​ហ្កាយដូ​ជា​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ស្របច្បាប់ និង​មាន​ប្រមាណ​ជា ៦០ប្រទេស​ផ្សេង​ទៀត​ក៏​បាន​ប្រកាន់​ជំហរ​ដូច​សហរដ្ឋអាមេរិក​ដែរ។ តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា លោក​ម៉ាឌូរ៉ូ​ក៏​មាន​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​លោក​ដែរ ពិសេស​មហាអំណាច​រុស្ស៊ី និង​ចិន។

នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​ក្រុង​ការ៉ាកាស គ្រាន់​តែ​ថា​ទណ្ឌកម្ម​មុនៗ​ជា​ការ​ដាក់​លើ​ស្ថានប័ន​រដ្ឋាភិបាល និង​មន្រ្តីជាន់ខ្ពស់។ ចំណែក​ទណ្ឌកម្ម​លើក​នេះ គឺ​បាន​ដាក់​សំដៅ​លើ​រដ្ឋាភិបាល​របស់​លោក​ម៉ាឌូរ៉ូ​ទាំង​មូល។ ជាមួយ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​មួយ​នេះ ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេ​ដែល​មាន​នៅ​លើ​ទឹកដី​អាមេរិកាំង​នឹង​ត្រូវ​បង្កក​ទុក​មិន​ឲ្យ​ផ្ទេរ​ចេញ ឬ​ដោះដូរ​អ្វី​ទាំង​អស់។ តាម​ទីប្រឹក្សាសន្តិសុខជាតិអាមេរិក​លោក​ចន បុលតុន នេះ​ជា​លើកទី១ ក្នុង​រយៈពេល ៣០ឆ្នាំ​ចុង​ក្រោយ​ដែល​សហរដ្ឋអាមេរិក​បាន​ប្រើ​ទណ្ឌកម្ម​ប្រភេទ​នេះ ហើយ​ជាមួយ​នឹង​ទណ្ឌកម្ម​មួយ​នេះ វ៉េណេស៊ុយអេឡា​ធ្លាក់​ចូល​ក្នុង​ចង្កោម​ប្រទេស​កូរ៉េខាងជើង អ៊ីរ៉ង់ ស៊ីរី និង​ប្រទេស​គុយបា។

ដោយឡែក​នៅ​ថ្ងៃ​អង្គារ ទី៦ សីហា ពោល​មួយ​ថ្ងៃ​ក្រោយ​ការ​ប្រកាស​បង្កកទ្រព្យសម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នៅ​សហរដ្ឋអាមេរិក សេតវិមាន​បាន​ប្រាប់​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​នឹង​បន្ត​ប្រើ​យន្តការណ៍​ផ្សេង​ទៀត​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​អំណាច​ឲ្យ​បាន។

សន្និសីទអន្តរជាតិ​ដែល​សំដៅ​គាំទ្រ​មេបក្សប្រឆាំង​នៅ​វ៉េណេស៊ុយអេឡា

ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នៅ​សហរដ្ឋអាមេរិក​បាន​ធ្លាក់​មក ខណៈ​ពេល​ដែល​សន្និសីទអន្តរជាតិ​មួយ​ដើម្បី​ប្រជាធិបតេយ្យ​នៅ​វ៉េណេស៊ុយអេឡា​បាន​រៀបចំ​ក្នុង​ទីក្រុង​លីម៉ា ប្រទេស​ប៉េរូ។ គឺ​ជា​សន្និសីទ​ដែល​បាន​ផ្តួចផ្តើម​រៀបចំ​ឡើង​ដោយ​ក្រុម​លីម៉ា​ដែល​មាន​សមាជិក​ប្រមាណ​ជា ១០ប្រទេស​នៅ​អាមេរិកឡាទីន​បូក​នឹង​ប្រទេស​កាណាដា។ បន្ទាប់​មក ក៏​មាន​ការ​ចូលរួម​ពី​ប្រមាណ​ជា ៥០ប្រទេស​ផ្សេង​ទៀត ក្នុង​នោះ​ក៏​មាន​សហរដ្ឋអាមេរិក​មួយ​ដែរ។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ក្រុម​លីម៉ា និង​ក្រុម​ប្រទេស​ផ្សេង​ដែល​ចូលរួម​នៅ​ក្នុង​សន្និសីទអន្តរជាតិ​នោះ​សុទ្ធសឹង​ជា​អ្នក​គាំទ្រ​មេបក្សប្រឆាំង​វ៉េណេស៊ុយអេឡា​លោក​ហ័ន ហ្កាដូ និង​ចង់​ឃើញ​ការ​ធ្លាក់​ពី​អំណាច​របស់​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​លោក​នីកូឡា ម៉ាឌូរ៉ូ​ដូច​សហរដ្ឋអាមេរិក។

លោក​ម៉ាឌូរ៉ូ​គ្មាន​វត្តមាន​នៅ​ក្នុង​សន្និសីទ ហើយ​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​របស់​លោក​ម៉ាឌូរ៉ូ មាន​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​គុយបា​ក៏​បាន​បដិសេធ​មិន​ចូលរួម​នៅ​ក្នុង​សន្និសីទ​នោះ​ដែរ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា សន្និសីទ​អន្តរជាតិ​មួយ​នេះ​ជា​សន្និសីទ​មួយ​ដែល​សំដៅ​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដល់​លោក​ហ្កាយដូ​ជាជាង​បិទបញ្ចប់​វិបត្តិនយោបាយ​វ៉េណេស៊ុយអេឡា។ ថ្លែង​នៅ​ក្នុង​ពេល​បើក​សន្និសីទ ប្រមុខ​ការទូត​ប៉េរូ​បាន​អំពាវនាវ​ដល់​អ្នក​ចូលរួម​ទាំង​អស់​ឲ្យ​បន្ត​ការ​គាំទ្រ​លោក​ហ្កាយដូ និង​សង្ឃឹម​ថា ទណ្ឌកម្ម​ចុង​ក្រោយ​របស់​សហរដ្ឋអាមេរិក​នឹង​អាច​ទម្លាក់​លោក​ម៉ាឌូរ៉ូ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក្រៅ​ពី​កិច្ចប្រជុំ​រវាង​ក្រុម​ប្រទេស​ដែល​គាំទ្រ​មេបក្សប្រឆាំង​វ៉េណេស៊ុយអេឡា​លោក​ហ្កាយដូ ក៏​មាន​កិច្ចសន្ទនា​ផ្ទៃក្នុង​រវាង​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល និង​ក្រុម​ប្រឆាំង​វ៉េណេស៊ុយឡា​ដែរ។

កិច្ចសសន្ទនាផ្ទៃក្នុង​មួយ​នេះ​រៀបចំ​នៅ​ក្នុង​ប្រទេស​បាបាដុស​ដោយ​មាន​ប្រទេស​ន័វែស​ធ្វើ​ជា​អន្តរការី។ គឺ​កិច្ចសន្ទនាផ្ទៃក្នុង​មួយ​នេះ​ឯង​ដែល​រដ្ឋាភិបាល​ក្រុង​ការ៉ាកាស​ចោទ​សហរដ្ឋអាមេរិក​ពី​បទ​ព្យាយាម​បំផ្លាញ​តាម​រយៈ​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​ទាំង​អស់​របស់​រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា​នៅ​ក្នុង​ទឹកដី​អាមេរិកាំង។

តើ​ទណ្ឌកម្ម​អាមេរិក​អាច​ទម្លាក់​លោក​ម៉ាឌូរ៉ូ​បាន​ដែរ​ឬ​ទេ?

ការ​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ពី​អំណាច​បាន​អាស្រ័យ​លើ​កត្តា​ជា​ច្រើន ពោល​មិន​អាស្រ័យ​តែ​លើ​ជំហរ​របស់​សហរដ្ឋអាមេរិក​មួយ​ទេ។ ពិត​ណាស់​ជាមួយ​នឹង​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក វ៉េណេស៊ុយអេឡា​កំពុង​មាន​សេដ្ឋកិច្ច​យ៉ាប់យឺន​ស្រាប់​នឹង​កាន់​តែ​ធ្លាក់​ដុនដាប់​ថែម​ទៀត។ ប្រេងឆៅ​ដែល​ជា​ប្រភព​ចំណូល​ចម្បង​របស់​ប្រទេស​ត្រូវ​បាន​សហរដ្ឋអាមេរិក​បិទខ្ទប់។ ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតកម្ម​ប្រេងឆៅ​វ៉េណេស៊ុយអេឡា​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ពី​ការ​បូម​ក្នុង​បរិមាណ ៣លាន២សែន​បារីល​ក្នុង​មួយ​ថ្ងៃ​មក​នៅ​ត្រឹម​ប្រមាណ​តែ ១លានបារីល​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​នា​ពេល​បច្ចុប្បន្ន។ ទំនិញ​គ្រប់មុខ​មាន​មិន​គ្រប់គ្រាន់ និង​មាន​តម្លៃខ្ពស់​កប់​ពពក ហើយ​បើ​យោង​តាម​អង្គការ​មូលនិធិ​រូបិយវត្តុ​អន្តរជាតិ IMF អត្រា​អតិផរណា​ឡើង​ដល់ ៧ខ្ទង់ គឺ ១ ០០០ ០០០ភាគរយ។

វិស័យ​នាំចូល​របស់​រដ្ឋ​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ៥៧ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៣ បាន​ធ្លាក់​នៅ​ត្រឹម ៨ ០០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩។ តែ​ការ​ដែល​របប​លោក​ម៉ាឌូរ៉ូ​កំពុង​បន្ត​រស់រាន​មាន​ជីវិត​មក​ដល់​សព្វថ្ងៃ គឺ​ដោយ​មាន​បង្អែក​ពី​មហាអំណាច​ចិន និង​រុស្ស៊ី។ លោក​ម៉ាឌូរ៉ូ​កំពុង​បន្ត​លក់​ប្រេងឆៅ​ឲ្យ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ពិសេស​រុស្ស៊ី​ដោយ​ប្រើ​យន្តការណ៍​គេច​ពី​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក។ ទន្ទឹម​គ្នា​នេះ ការ​បន្ត​រស់រាន​មាន​ជីវិត​របស់​លោក​ម៉ាឌូរ៉ូ និង​របប​របស់​គាត់​ក៏​ដោយសារ​មាន​ការ​គាំទ្រ​ពី​កងទ័ព។ ដូច្នេះ​នៅ​ចំពោះ​មុខ ការ​ប្រើ​ទណ្ឌកម្ម​ដើម្បី​ទម្លាក់​លោក​ម៉ាឌូរ៉ូ​ប្រហែល​ជា​ពិបាក​បន្តិច ហើយ​លោក​ត្រាំ​ក៏​បាន​ដឹង​ច្បាស់ណាស់​ចំពោះ​បញ្ហា​នេះ។ តែ​លោក​ត្រាំ​សង្ឃឹម​ប្រើ​ទណ្ឌកម្ម​ដើម្បី​ធ្វើ​ឲ្យ​លោក​ម៉ាឌូរ៉ូ​ចុះ​ខ្សោយ និង​បញ្ឆេះកំហឹង ភាព​ក្តៅក្រហាយ​របស់​ពលរដ្ឋ ពិសេស​កងទ័ព​ឲ្យ​បែរ​កាណុងកាំភ្លើង​ប្រឆាំង​លោក​ម៉ាឌូរ៉ូ​វិញ៕

ប្រធានាធិបតី​អ៊ីរ៉ង់​ព្រមានប្រាប់​ទ័ព​បរទេស​ឲ្យ​​​​នៅ​ឆ្ងាយ​ពី​ឈូងសមុទ្រពែរ្ស៍

យេម៉ែន៖ចលនាឧទ្ទាមហ៊ូទីប្រកាសត្រៀមខ្លួនបញ្ឈប់រាល់ការវាយប្រហារប្រឆាំងអារ៉ាប៊ីសាអូឌីត

​បាតុកម្ម​របស់​សិស្សសាលា នៅ​ទូទាំង​ពិភពលោក ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការប្រែប្រួល​អាកាសធាតុ

ហ្វូគូស្ហ៊ីម៉ា៖តុលាការក្រុងតូក្យូកាត់ទោសឲ្យអតីតមេដឹកនាំក្រុមហ៊ុនTepco ៣នាក់រួចខ្លួន

លោកម៉ាក្រុងទៅអ៊ីតាលី​ដើម្បី​ផ្សះផ្សា​​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឡើងវិញ

បោះឆ្នោតជាតិនៅអ៊ីស្រាអែល ដើម្បីបន្ត​ជីវិត​​នយោបាយ​របស់​នាយករដ្ឋម​ន្ត្រី​ នេតាន់យ៉ាហ៊ូ

បោះឆ្នោតប្រធានាធិបតី ៖ ទុយនីស៊ីច្រាន​ចោល​អ្នក​នយោបាយ​ចាស់ ជ្រើស​យកចរន្ត​ថ្មី

ក្រោយការវាយប្រហារពីពួកឧទ្ទាមហ៊ូទី ផលិកម្មប្រេងអារ៉ាប៊ីសាអូឌីតបានធ្លាក់ចុះពាក់កណ្តាល

អាហ្វ្រិក​ខាង​លិច​បើក​ជំនួប​កំពូល​វិសាមញ្ញ​ដើម្បី​ទប់​ស្កាត់​អំពើ​ភេរវនិយម

អាមេរិក៖ហេតុអ្វីបានជាលោកដូណាល់ ត្រាំបញ្ចប់តំណែងលោកចន បុលតុនពីទីប្រឹក្សាសន្តិសុខជាតិ?

អ្នកវិទ្យាសាស្រ្ត​រកឃើញ​វិធីសាស្រ្ត​ថ្មីដើម្បីទប់ស្កាត់កុំឲ្យ ​មូសខ្លា​អាច​ចម្លង​មេរោគគ្រុនឈាម

បារាំង​ងាក​ទៅ​រឹត​ចំណង​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី

លោកដូណាល់ ត្រាំ ប្រកាសឈប់​ចរចា​សន្តិភាព ជាមួយ​ពួកតាលីបង់

យាន​អវកាស​របស់​ឥណ្ឌា​ បរាជ័យ​ក្នុងការ​ចុះចត​នៅ​ប៉ូល​ខាងត្បូង​នៃ​ឋាន​ព្រះចន្ទ​

លោកមូហ្កាបេ​ មេដឹកនាំ​ផ្តាច់ការរបស់​ស៊ីមបាវ៉េ ទទួល​មរណភាព

ឥណ្ឌា-រុស្ស៊ី៖ លោកពូទីន ទទួលលោកម៉ូឌីនៅក្រុងវ្លាឌីវ៉ូស្តុក​​

នៅអង់គ្លេស នាយករដ្ឋមន្រ្តីលោកបូរីស ចនសុនប្រកាសសង្រ្គាមទល់នឹងសភាក្នុងសំណុំរឿង Brexit

អ៊ីស្រាអែល និងក្រុម​ហេសបូឡាលីបង់ ប្លោង​គ្រាប់​ដាក់គ្នា គួរឲ្យ​ព្រួយបារម្ភ

៨០ឆ្នាំក្រោយការផ្តើមបញ្ឆេះសង្រ្គាមលោកលើកទី២ អាល្លឺម៉ង់បានសុំទោសប៉ូឡូញ តែប៉ូឡូញបន្តទាមទារសំណង

ហុងកុង៖ បាតុករ​ព្យាយាម​​ដើរចូលទៅជិតវិមាន​ថ្នាក់ដឹកនាំ