rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

សហរដ្ឋអាមេរិក

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

លោកដូណាល់ ត្រាំ៖ការស្អប់ខ្ពើមគ្មានកន្លែងរបស់វានៅលើទឹកដីអាមេរិកាំងទេ

media
ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ Reuters

នៅ​សហរដ្ឋអាមេរិក មួយ​ថ្ងៃ​ក្រោយ​ព្រឹត្តិការណ៍​បាញ់ប្រហារ​ចំនួន ២ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន ២៩នាក់ និង​របួស​ធ្ងន់ ស្រាល​ជា​ច្រើន​នាក់​មក សហរដ្ឋអាមេរិក និង​ពលរដ្ឋ​អាមេរិកាំង​ទូទៅ​កំពុង​បន្ត​តក់ស្លុត​យ៉ាង​ខ្លាំង។ ចំណែក​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​នា​ថ្ងៃ​អាទិត្យ ទី៤ សីហា​ដោយ​បញ្ជាក់​ថា ការ​ស្អប់ខ្ពើម​គ្មាន​កន្លែង​របស់​វា​នៅ​លើ​ទឹកដី​អាមេរិកាំង​ទេ និង​ប្តេជ្ញា​ចាត់​វិធានការ​មិន​ឲ្យ​ទង្វើ​បាញ់ប្រហារ​របៀប​នេះ​កើត​មាន​ជា​ថ្មី​ឡើយ។ គួរ​រម្លឹក​ថា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី៣ សីហា បុរស​ខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់រះ​នៅ El Paso ក្នុង​ផ្សារទំនើប​មួយ​ស្ថិត​ក្នុង​រដ្ឋ Texas ជាប់​ព្រំដែន​ប្រទេស​ម៉ិចស៊ិក ហើយ​នៅ​រំលង​អធ្រាត្រ​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី៤ សីហា បុរសខ្មាន់​កាំភ្លើង​ម្នាក់​ទៀត​បាន​បាញ់រះ​នៅ​ពី​មុខ​ភោជនីយដ្ឋាន​ក្នុង​ស្រុក Dayton នៃ​រដ្ឋ Ohio។ លោក​ត្រាំ​បាន​ចាត់​ទុក​ការ​បាញ់ប្រហារ​ទាំង​ពីរ​ថា​ជា​ទង្វើ​ស្ពប់ខ្ពើមជាតិសាសន៍ និង​ជា​បញ្ហា​របស់​ក្រុមមនុស្ស​ដែល​មាន​ជំងឺផ្លូវចិត្ត។


« ក្នុង​រយៈពេល​ដ៏​ខ្លី ជនខ្មាន់កាំភ្លើង​បាន​បាញ់​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់។ តែ​មិន​ដល់​មួយ​នាទី​ផង ក្រុម​កម្លាំងសន្តិសុខ​បាន​បាញ់​សម្លាប់​រូប​ជនខ្មាន់កាំភ្លើង​នៅ​នឹង​កន្លែង​កើតហេតុ។ កុំ​តែ​សម្លាប់​ជនខ្មាន់កាំភ្លើង​បាន​ទាន់​ពេល ម្ល៉េះ​នឹង​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​នេះ។ ពិត​ជា​រឿង​គួរ​រន្ធត់ និង​អាក្រក់​ហួសប្រមាណ តែ​វា​នឹង​អាច​អាក្រក់​ខ្លាំង​ថែម​ទៀត ប្រសិន​បើ​គ្មាន​អន្តរាគមន៍​យ៉ាង​ឆាប់​រហ័ស​ពី​កម្លាំង​ប៉ូលិស​ទេ​នោះ។

ខ្ញុំ​គ្រាន់​តែ​ចង់​និយាយ​ថា កន្លែង​កើតហេតុ​ទាំង​ពីរ​សុទ្ធ​ជា​កន្លែង​ដ៏​អស្ចារ្យ។ យើង​ស្រឡាញ់​ពលរដ្ឋ​របស់​យើង ហើយ​ការ​ស្អប់ខ្ពើម​គ្មាន​កន្លែង​របស់​វា​នៅ​ក្នុង​ប្រទេស​របស់​យើង​ទេ។ យើង​ត្រូវ​តែ​បិទបញ្ចប់​ភាព​ស្អប់ខ្ពើម​ជាតិសាសន៍​មួយ​នេះ។ ទង្វើ​មួយ​នេះ​បាន​កើត​មាន និង​បាន​អូសបន្លាយ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ គេ​ត្រូវ​តែ​បញ្ចប់​វា។

យើង​ធ្លាប់​បាន​ធ្វើ​ការងារ​ច្រើន​ណាស់​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​នេះ ហើយ​ប្រហែល​ជា​យើង​ត្រូវ​ធ្វើ​ការងារ​នេះ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត។ តែ​ក្រៅ​ពី​ហេតុផល​ស្អប់ខ្ពើម ទង្វើ​បាញ់ប្រហារ​នេះ​ក៏​កើត​ចេញ​ពី​ក្រុមមនុស្ស​ដែល​មាន​ជំងឺផ្លូវចិត្ត​ដែរ។ បើ​អស់​លោក​សម្លឹង​មើល​ព្រឹត្តិការណ៍​បាញ់រះ​ទាំង​ពីរ គឺ​វា​កើត​ចេញ​ពី​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត។ យើង​ត្រូវ​ដោះស្រាយ​ជាមួយ​ក្រុម​មនុស្ស​ដែល​មាន​បញ្ហា​ផ្លូវចិត្ត​ធ្ងន់ធ្ងរ »៕