អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មានករណីបាញ់ប្រហារ ក្នុង​កន្លែងតាំង​ពិព័រណ៍​ នៅកាលីហ្វ័រញ៉ា ស្លាប់​យ៉ាងហោច​បីនាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​អាទិត្យ ទី ២៨ កក្កដា ម្សិលមិញ មាន​ការ​បាញ់​រះ​ ដោយ​ខ្មាន់​កាំភ្លើងម្នាក់​ទៅលើ​ហ្វូង​មហាជន​ដែល​កំពុង​ជួប​ជុំ​គ្នា​ប្រារព្ធ​ពិធី​តាំង​ពិព័រណ៍ខ្ទឹម នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​។ មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ៣​នាក់ ក្នុង​នោះ​ម្នាក់​ជា​កុមារ និង​របួសរាប់​សិបនាក់។ ខ្មាន់​កាំភ្លើង​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់​ភ្លាម​នៅនឹង​កន្លែង។

ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ទៅ​ដល់​កន្លែង​តាំង​ពិព័រណ៍​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ Gilroy ថ្ងៃទី ២៨ កក្កដា ២០១៩
ក្រុម​សង្គ្រោះ​បន្ទាន់​បាន​ទៅ​ដល់​កន្លែង​តាំង​ពិព័រណ៍​ក្រោយ​ការ​បាញ់​ប្រហារ​នៅ​ Gilroy ថ្ងៃទី ២៨ កក្កដា ២០១៩ REUTERS/Chris Smead
ផ្សាយពាណិជ្ជកម្ម

បើ​តាម​សេចក្តីថ្លែងការណ៍​របស់ប៉ូលិស​ទៅ​កាន់​អ្នក​សារព័ត៌មាន កងកម្លាំង​សន្តិសុខប្រចាំមូលដ្ឋាន ​​ដែល​កំពុង​​ដើរ​​ត្បាត​ នៅ​ក្នុង​កន្លែង​តាំង​ពិព័រណ៍​ បាន​សម្គាល់​ឃើញ​ក្នុ ង​រយៈ​ពេលតែ​មិន​ដល់​មួយ​នាទីផង រូប​ខ្មាន់​កាំភ្លើង និង​បាន​តម្រង់​កាំភ្លើង​បាញ់​ ជន​សង្ស័យ​នោះ​ភ្លាម។​

មក​ទល់​​ពេល​នេះ ប៉ូលិស​កំពុងបន្ត​ការ​ស្រាវជ្រាវ​​ស្វែង​រក ក្រែង​មាន​​ជន​ផ្សំ​គំនិត ជា​យថាហេតុ​ណាមួយ នៅ​ដើរហើរ​មាន​សេរីភាព និង​ពុំ​ទាន់​បាន​ដឹង​ច្បាស់​អំពី​មូលហេតុ​ដែល​ជំរុញ​ឱ្យ​ខ្មាន់​កាំភ្លើង​ធ្វើ​សកម្មភាព​បាញ់​ប្រហារ​មនុស្ស​នៅ​ឡើយ​ទេ។ អត្តសញ្ញាណ​នៃ​ជន​ដៃ​ដល់​ក៏​ពុំ​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ។

ប៉ុន្តែ​​​​ទូរទស្សន៍​ NBC NEWS ដែល​បង្ហាញ​ឱ្យ​ឃើញ​អំពីភាព​វឹកវរ ជ្រួល​ច្របល់​យ៉ាង​ខ្លាំង ទន្ទឹម​នឹង​​ស្នូរ​កាំភ្លើង​នៅលាន់​រងំ បាន​ស្រង់​សំដី​របស់​សាក្សី​ជា​ស្ត្រី​ម្នាក់ ឈ្មោះ Julissa Contreras ​មក​​​​ផ្សាយថា “ខ្មាន់​កាំភ្លើង​ជា​បុរស​ស្បែក​ស អាយុ​ខ្ទង់​សាម បាញ់​ដោយ​ប្រើ​កាំភ្លើងវែង”។ គ្មាន​តម្រង់​ទិស​លើ​ជនណា​ម្នាក់​ទេ បាញ់​រះ​ពី​ឆ្វេង​ទៅ​ស្តាំ ពី​ស្តាំ​ទៅ​ឆ្វេង​ ហើយ​ទំនង​ជា​បាន​ត្រៀម​លក្ខណៈ​នៃ​ការ​បាញ់​ប្រហារ​​ជា​មុន​ផង។ នេះ​បើ​តាម​ការ​រៀប​រាប់​របស់​សាក្សី​ដដែល។

​រដ្ឋ​កាលីហ្វ័រញ៉ា ទើប​​រឹត​បណ្តឹង​​ច្បាប់​គ្រប់គ្រង​អាវុធ

កាលីហ្វ័រញ៉ា ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ដែល​មាន​ច្បាប់​តឹងតែង​ជាងគេ​បំផុត​នៅ​សហរដ្ឋ​។ ច្បាប់​ថ្មី​មួយ កំណត់ដាច់ខាត​​ឱ្យ​មាន​ការ​ផ្ទៀតផ្ទាត់​​អំពី​អតីតភាព​របស់​អ្នក​ទិញ​អាវុធ ឬ​គ្រាប់ ទើប​នឹង​ចូល​ជា​ធរមាន នៅ​ពេល​ថ្មីៗ​នេះ។ តាម​ធម្មតា និង​តាម​អ្វី​ដែល​មាន​​ចែងក្នុង​ច្បាប់ អ្នក​ទិញ​ត្រូវ​រង់​ចាំ​​រយៈ​ពេល ១០​ថ្ងៃ រវាង​ថ្ងៃ​ទិញ​អាវុធ​ឬ​គ្រាប់​ ឬ​ជាតិផ្ទុះ និង​ថ្ងៃ​ទទួល​របស់ ដោយ​ត្រូវ​ឆ្លង​កាត់​សំណុំ​បែបបទ​រដ្ឋបាល​ជា​ច្រើន​ផ្សេង​ទៀត។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ សិទ្ធិ​កាន់​អាវុធ​ត្រូវ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ជន​អាមេរិក​គ្រប់​រូប​សុទ្ធ​តែ​អាច​មាន​លទ្ធភាព និង​សិទ្ធ​កាន់​អាវុធ​ជាប់​នឹង​ខ្លួន​រហូត ឱ្យតែ​​ដោយ​លាក់ៗ កុំ​សម្ញែង​អាវុធមក​ក្រៅ និង​ឱ្យ​​តែ​មាន​លិខិត​អនុញ្ញាត​កាន់​អាវុធ (តែ​បណ្ណ​នេះ​មិនមែន​ចេះ​ឱ្យ និង​មិន​ផ្តល់​សិទ្ធ​ឱ្យប្រើ​អាវុធ​​គ្រប់​ទិសទី​ ក្នុង​រដ្ឋ​ឡើយ)។ និន្នាការ​ផ្តល់​លិខិត​អនុញ្ញា​ត​កាន់​អាវុធ មាន​ច្រើន​​នៅ​តាម​តំបន់​ជនបទ ជាង​នៅទី​ក្រុង។ ពលរដ្ឋរស់​នៅ​តាម​ខេត្ត​ក្នុង​ភូមិ​ជនបទ ឆ្ងាយ​ពី​ទី​ប្រជុំជន​ក្រុង​ច្រើន​មាន​ទម្លាប់​កាន់​អាវុធ​ជាប់​នឹង​ខ្លួន។ ហើយ​Gilroy កន្លែងកើត​ហេតុ​បាញ់​ប្រហារ​នៅ​ល្ងាច​មិញ ជា​​តំបន់​ជនបទ​ បើ​ទោះ​បី​ជា​តំបន់​នេះ នៅមិន​ឆ្ងាយ​ពី​ ក្រុង​ Silicon Valley និង​ក្នុង​ចម្ងាយ​ប្រមាណ​តែ​៥០​គីឡូម៉ែត្រ​ពី​ក្រុង San Jose ក៏​ដោយ។​

Gilroy មាន​ឈ្មោះ​ថាតំបន់​ជនបទ ​ដែល​មាន​សកម្មភាព​សេដ្ឋកិច្ច​ពឹង​ផ្អែក​ជា​សំខាន់​ទៅ​លើ​វិស័យ​កសិកម្ម និង​ល្បី​ខ្លាំងជា​ពិសេស​ខាង​ដាំ​ខ្ទឹម​។ អ៊ីចឹង​ហើយ​បាន​ក្រុង​នេះ មាន​រៀប​ចំ​ការ​តាំង​ពិព័រណ៍​ខ្ទឹម​ជា​រៀង​រាល់​ឆ្នាំ។ ពិព័រណ៍​ខ្ទឹម Gilroy ជា​ពិព័រណ៍កសិកម្ម​និង​ចំណី​អាហារ​​ដ៏​ធំ​និង​សំខាន់​ជាង​គេ​មួយរបស់​អាមេរិក​ ដែល​រៀប​ចំ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ រយៈ​ពេល​បី​ថ្ងៃ នៅ​ចុង​សប្តាហ៍​នៃ​ខែកក្កដា ​តាំង​ពី៤០​ឆ្នាំ​មក (១៩៧៩)។

តែ​ទោះ​បី​តំបន់​មាន​និន្នាការ និង​តម្រូវការ​ប្រើ​អាវុធ​យ៉ាងណា​ក៏​ក្តី ក៏​កន្លែង​រៀប​ចំ​ពិព័រណ៍ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​តំបន់​គ្មាន​អាវុធ​ទេ ! មានការ​ហាមឃាត់​មិន​ឱ្យ​នាំ​អាវុធ​ចូល​កន្លែង​តាំង​ពិព័រណ៍​ទេ ! ឆ្មាំ​សន្តិសុខ​នៅ​មាត់ច្រក មាន​ភារៈ​ចាំ​ឆែកឆេរ ​កាបូប ដោយ​ប្រើ​​ម៉ាស៊ីន​ចាប់​ជាតិ​ដែក​និង​ជាតិ​ផ្ទុះ​។ នេះ​ជា​ការ​បញ្ជាក់​របស់​​មេ​ប៉ូលិស​តំបន់ ដោយ​អះអាង​ថា​ខ្មាន់​កាំភ្លើងទំនង​ជា​បាន​ជ្រៀត​ចូល​កន្លែង​តាំង​ពិព័រណ៍​តាម​ច្រក​ដែល​មាន​អូរ​និង​ដោយ​កាត់​របង​ចូល។

ប្រតិកម្ម​របស់​លោក​ ដូណាល់ ត្រាំ

លោក​ដូណាល់ ត្រាំ ដែល​ទើប​បាន​បដិសេធ​មិន​ធ្វើ​សច្ចាប័ន​​ច្បាប់​គ្រប់គ្រង់​អាវុធ​ ស្រប​តាម​សន្ធិសញ្ញា​អន្តរជាតិ ក្រោម​ហេតុផល ធានា​រក្សា​សិទ្ធិសេរីភាព​ពលរដ្ឋ​អាមេរិក ស្រប​តាម​រដ្ឋធម្មនុញ្ញនោះ បាន​បញ្ចេញ​ប្រតិកម្ម​ តាំង​ពី​ហេតុការណ៍​បាញ់​រះ​កំពុង​កើត​​ឡើង និង​មិន​ទាន់​កម្ចាត់​ខ្មាន់​កាំភ្លើង​បាន​នៅ​ឡើយ ដោយ​បង្ហោះ​សារ​ទ្វីត​ប្រាប់​ថា ​កម្លាំង​រក្សា​សន្តិសុខ​បាន​ទៅដល់​កន្លែងកើត​ហេតុ។ បន្ទាប់​មក​គេ​ពុំ​ទាន់​ឃើញ​លោកប្រធានាធិបតី​​ ចេញ​សារ​អ្វី បន្ថែម​ទៀត​ទេ ទំនង​ដោយ​ពេល​នេះ ជា​ពេល​យប់​នៅ​ឡើយ​នៅ​សហរដ្ឋ​អាមេរិក​ក៏ មិនដឹង។

គេក៏​​ឃើញ​តែ​មាន​ប្រតិកម្ម​ផ្សេង​ៗ​ទៀត ក្រោយ​ហេតុការណ៍​បន្តិច របស់​លោកស្រី​ ​​សមាជិកព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា របស់​បក្ស​ប្រជាធិបតេយ្យ​ ដែល​ជា​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០២០ បរិហារ​ការ​បាញ់​ប្រហារ​ថា​ជា​អំពើ​ហិង្សា​ដ៏​ល្ងង់ខ្លៅ។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា​ បាន​ចាត់ទុក​ថ្ងៃ​បញ្ចប់​ពិព័រណ៍​ខ្ទឹម​ ជា​ហេតុការណ៍​ដ៏​គួរ​ឱ្យ​រន្ធត់ និង​សន្យា​តាមដាន​ស្ថានការណ៍​ជាប់​រហូត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ