អានតួអត្ថបទ

រញ្ជួយដីខ្លាំង​នៅ​កាលីហ្វ័រញ៉ា តែ​គ្មាន​ការខូចខាត​ធំ​ដុំ

រដ្ឋកាលីហ្វ័រញ៉ា បាន​ជួប​ហេតុ​រញ្ជួយ​ដី​ កំរិត ៦,៤ រ៉ិចទ័រ នៅ​ថ្ងៃព្រហស្បតិ៍​ទី ៤ កក្កដា​ម្សិលមិញ។ ជា​ការ​រញ្ជួយ​ដី​ ដ៏​ខ្លាំង ដែល​ពុំ​ធ្លាប់​កើត​មាន​នៅ​ក្នុង​រដ្ឋ​នេះ​ទេ គិត​ចាប់​តាំង​ពី ឆ្នាំ​១៩៩៩​មក។ ប៉ុន្តែ​ជា​សំណាង​ល្អ​គ្រោះធម្មជាតិ​នេះ​មិន​បាន​បង្ក​ឱ្យ​ការ​បាត់​បង់​ជីវិត​​មនុស្ស​ទេ មាន​តែ​អ្នក​រង​របួស​ស្រាល​ពីរ​បីនាក់ និង​ការ​ខូច​ខាត​សម្ភារៈ​តិច​តួច។ នេះ​បើ​តាម​តុល្យការ​​ដំបូងផ្តល់​ដោយ​​ក្រុម​អ្នក​សង្គ្រោះ។

ចំណុច​រញ្ជួយ​ស្តិត​នៅ​ក្រុង​ Ridgecrest ចម្ងាយ​២៤០​គីឡូម៉ែត្រ​ពី Los Angeles
ចំណុច​រញ្ជួយ​ស្តិត​នៅ​ក្រុង​ Ridgecrest ចម្ងាយ​២៤០​គីឡូម៉ែត្រ​ពី Los Angeles www.usgs.gov
ផ្សាយពាណិជ្ជកម្ម

រញ្ជួយដី​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​១០​និង៣៣​នាទី​ព្រឹក ​ក្នុង​កំរិត ៦,៤រ៉ិចទ័រ។ ហើយ​​ដី​បាន​បន្ត​​រញ្ជួយ​ ប្រមាណ​​១០០ដង​បន្តបន្ទាប់ទៀត ក្នុង​កំរិត​ក្រោម​៤រ៉ិចទ័រ។ អាគារ​ស្នាក់​នៅ​ជា​ច្រើន បាន​ឆេះ បំពង់​បង្ហូរ​ទឹកស្អាត​​ដាច់​ធ្លាយ បង្គោល​ភ្លើង​ដាច់​ដួល ផ្លូវ​ថ្នល់​ជា​ច្រើន​ត្រូវ​ខូច​ខាត​ លែង​ប្រើបាន។ តែ​សំណាង​ល្អ​ គ្រោះ​រញ្ជួយ​ដី​នេះ មិន​បាន​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​ជីវិត​​មនុស្ស​ទេ។

ជា​ការ​ខូច​ខាត​ជា​សម្ភារៈ​មិន​ធំ​ដុំ​ទេ បើ​យោល​ទៅលើ​កម្លាំង​នៃ​ការ​រញ្ជួយ​ដី ប៉ុន្តែ​រញ្ជួយ​ដីនេះ​​​​បំផុស​ឱ្យ​មានការ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង​ ខ្លាច​ថា​ជា​គ្រោះ​ Big One ​ដ៏​ធ្ងន់ធ្ងរ​ខ្លាំង។

ចំណុចកណ្តាល​នៃ​ការរញ្ជួយ​ដី ស្ថិត​នៅ​ជម្រៅ​ ១០​គីឡូម៉ែត្រ​ក្រោម​ដី ក្នុង​តំបន់​ដាច់​ស្រយាល ក្បែរ​ក្រុងRidgecret ដ៏​​តូច​មួយ (ដែល​​មាន​ប្រជាជន​រស់​នៅ​ ២៨០០០​នាក់) នៃ​រដ្ឋ​កាលីហ្វរញ៉ា។ កម្លាំង​រញ្ជួយ​បាន​អង្រួន​រង្គើ​ដល់​ក្រុង​Los Angeles ដែល​ស្ថិត​​​ចម្ងាយ​ប្រមាណ​ ២៤០​គីឡូម៉ែត្រ​ពីគ្នា។ ចំណុ​ច​រញ្ជួយ​នៅ​ឆ្ងាយ​ពី​តំបន់​ប្រជុំ​ជន​មែន តែ​ក្នុង​តំបន់​វាលរហោស្ថាន​នេះ មាន​មូលដ្ឋាន​យោធា​អាមេរិក US Navy Naval Air Weapons Station China Lake កន្លែង​ដែល​ទ័ព​អាមេរិក​តែង​​មក​សាកល្បង​គ្រាប់​បែក​និង​មីស៊ីល។ អ្នក​ទទួល​ខុស​ត្រូវ​មូលដ្ឋាន​ បាន​គូស​បញ្ជាក់​​ថា​មាន​ផ្ទុះ​អគ្គីភ័យ​ ការ​ធ្លាយ​ទឹក និងការបែក​ធ្លាយ​​សារធាតុ​គ្រោះ​ថ្នាក់​មួយ​ចំនួន។ មេបញ្ជាការដ្ឋាន​កំពុង​ធ្វើ​ការ​វាយតម្លៃ​អំពី​ការ​ខូច​ខាត​នេះ និង​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​ច្រើន​ទេ។

​កាលីហ្វ័រញ៉ា ជារដ្ឋដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ច្រើន​ជាងគេ​នៅ​សហរដ្ឋ​អាមេរិក​ និង​​​រស់​ក្នុង​ស្ថានភាព​ប្រឈម​នឹង​គ្រោះ​រញ្ជួយ​ដីធ្ងន់ធ្ងរ​​ជា​ប្រចាំ។ ដី​អាច​នឹង​រក​ការ​​​រញ្ជួយជា​ថ្មី​ទៀត ហើយ​ខ្លះ​អាច​ជា​ការ​រញ្ជួយ​ខ្លាំង។ នេះ​​បើ​​តាម​ការ​ព្យាករ​របស់​អ្នក​វិទ្យាសាស្ត្រ។ គ្រប់​អ្នក​ជំនាញ​ព្រួយ​បារម្ភ​ខ្លាច​តែ​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​តំបន់​ San Andreas តំបន់​ប្រជុំ​ជន​របស់​Los Angeles និង​តាម​បណ្តោយ​ឆ្នេរ ដែល​មាន​មនុស្ស​រស់​នៅ​ច្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ