អានតួអត្ថបទ
សហរដ្ឋអាមេរិក

នៅ​អាមេរិក ក្រុមមហាសេដ្ឋី ធ្វើ​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​យកពន្ធ​លើ​អ្នកមានបំផុត

“យកពន្ធ​ពីយើង​ទៅ” នេះ​ជា​ការអំពាវនាវ​របស់​មហាសេដ្ឋី​អាមេរិកាំង នៅក្នុង​សារ​មួយ​ផ្ញើ ទៅ​កាន់​បណ្តា​បេក្ខជន​ប្រធានាធិបតី កាលពី​ថ្ងៃ​ចន្ទ ទី ២៤ មិថុនា ២០១៩។ នៅក្នុង​សារ មហាសេដ្ឋី គ្រាក់ៗ​របស់​អាមេរិក ១៩​រូប បាន​ទាមទារ​ឲ្យ​អនាគត​មេដឹកនាំ​អាមេរិក ដាក់ពន្ធ​ធ្ងន់បំផុត លើ​ក្រុម​អ្នកមាន​បំផុត នៅ​អាមេរិក ដើម្បី យក​លុយ​ទៅ​ជួយ​កាត់បន្ថយ​គម្លាត​អ្នកមាន និងអ្នកក្រ ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ហើយ​និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម។ 

មហាសេដ្ឋី​អាមេរិកាំង លោក George Soros នៅទីក្រុង​វីយ៉ែន ថ្ងៃទី ២១​មិថុនា ២០១៩
មហាសេដ្ឋី​អាមេរិកាំង លោក George Soros នៅទីក្រុង​វីយ៉ែន ថ្ងៃទី ២១​មិថុនា ២០១៩ ©REUTERS/Lisi Niesner
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំបុត្រ​ចុះផ្សាយ នៅថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមមហាសេដ្ឋី​អាមេរិកាំង ទាំង​១៩រូប ដែលនៅក្នុង​នោះ មាន​លោក George Soros មហាសេដ្ឋី​អាមេរិកាំង ចំណាត់ថ្នាក់​ទី​៤ ក្នុង​លោក ហើយ​និង​សហស្ថាបនិក​ក្រុមហ៊ុន​ហ្វេសប៊ុក​ជាដើម បាន​ធ្វើ​ញត្តិ ទាមទារ​ឲ្យ​បេក្ខជន​ប្រធានាធិបតី អាមេរិក មក​ពី​គ្រប់​គណបក្ស គាំទ្រ​នយោបាយ យកពន្ធ​ច្រើនជាងមុន ពី​ក្រុមអ្នកមាន បំផុត នៅ អាមេរិក។

នៅក្នុង​ញត្តិ​របស់​ខ្លួន​ផ្ញើ​ទៅ​កាន់​បណ្តា បេក្ខជន​ទាំង​ពីរ​គណបក្ស ក្រុមមហាសេដ្ឋី​អាមេរិកាំង មួយ​ក្រុម​តូចនេះ បាន​ទាមទារ​ថា អនាគត​ប្រាក់ចំណូល​រដ្ឋ ដែល​បាន​មក​ពី​ការប្រមូលពន្ធ ត្រូវ​មាន​ប្រភព​ចេញមក​ពី​ហោប៉ៅ​របស់​ក្រុម​អ្នកមាន អ្នក​ដែល​មាន​ទ្រព្យសម្បត្តិ​ធូរធា ប៉ុន្តែ មិនមែន​មក​ពី​ប្រជាជន​អាមេរិកាំង ដែល​មានជីវភាព​មធ្យម ឬ​ប្រជាជន​សាមញ្ញ​នោះទេ។ នៅក្នុង​សំបុត្រ ក្រុម​មហាសេដ្ឋី ទាំង​១៩រូប ដែល​មក​ពី​គ្រួសារ​ចំនួន ១១ គ្រួសារ បាន​ស្រង់​ជាពិសេស សំដី របស់​មហាសេដ្ឋី អាមេរិកាំង លោក George Soros ដែល​រអ៊ូរទាំ​ថា តាម​ច្បាប់ពន្ធ​បច្ចុប្បន្ន គាត់​បង់ពន្ធ​តិច ជាង លេខា​របស់​គាត់​ទៅទៀត។

នៅក្នុង​ញត្តិ ក្រុមមហាសេដ្ឋី​បាន​និយាយ​យោង​ដល់​ផងដែរ សំណើ​ច្បាប់​របស់​សមាជិក​ព្រឹទ្ធសភា អាមេរិក លោកស្រី Elisabeth Warren ដែល​ចង់​ដាក់ពន្ធ​ធ្ងន់ លើ​ប្រជាជន​អាមេរិកាំង​ដែល​មាន​ទ្រព្យសម្បត្តិ​ចាប់ពី​៥០​លាន​ដុល្លារ​ឡើងទៅ។

សេចក្តីព្រាងច្បាប់​ពន្ធ​ថ្មី នេះ នឹង​គ្របដណ្តប់​ទៅលើ​គ្រួសារ​អាមេរិកាំង​ប្រមាណ ៧៥ ០០០ គ្រួសារ ដែលនៅក្នុង​នោះ មានផងដែរ លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ដែល​ទីភ្នាក់ងារ Forbes វាយតម្លៃថា មាន​ទ្រព្យសម្បត្តិ ដល់​ទៅ ១៣០០​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៩។ គេ​ប៉ាន់ស្មានថា ច្បាប់​ពន្ធ​ថ្មី​លើ​មហាសេដ្ឋី​អាមេរិកាំង នឹង​ធ្វើ​ឲ្យ​រដ្ឋប្រមូល​​ប្រាក់ចំណូល បាន ប្រមាណ ២៧៥ម៉ឺន លាន​ដុល្លារ ក្នុង​រយៈពេល ១០។

សម្រាប់​ក្រុម​មហាសេដ្ឋី​អាមេរិកាំង ដែល​មាន​គំនិត ជឿនលឿន​ចង់​លុបបំបាត់​គម្លាត រវាង​អ្នកមាន និងអ្នកក្រ អាមេរិក មាន​ការទទួល​ខុសត្រូវ​ខាងផ្នែក​សីលធម៌ វិជ្ជាជីវៈ ហើយ​និង​សេដ្ឋកិច្ច ក្នុង​ការដាក់ពន្ធ​ធ្ងន់ធ្ងរ​លើ​ក្រុមមហាសេដ្ឋី។ ប្រាក់ចំណូល បាន​មក​ពី​ការប្រមូល​ពន្ធ​ច្រើនជាងមុន ពី​ក្រុម​អ្នកមានខ្លាំង គួរ​ត្រូវ​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​អាកាសធាតុ សេដ្ឋកិច្ច កែលម្អ​ប្រព័ន្ធ​សុខភាព ហើយ​និង​ធានា​សេរីភាព តាមរយៈ ការកាត់បន្ថយ​អសមភាព​រវាង​អ្នកមាន និង​អ្នកក្រ នៅក្នុង​សង្គមអាមេរិកាំង។ នៅក្នុង​ក្រសែភ្នែក​របស់​មហាសេដ្ឋី ដែល​ធ្វើ​ញត្តិ កាលពី​ថ្ងៃ ចន្ទម្សិលមិញ ការបង់ពន្ធ​លើ​ទ្រព្យសម្បត្តិ គឺ​ជា​កាយវិការ​”ស្នេហាជាតិ” ព្រោះថា គ្រប់​ជនជាតិ​អាមេរិកាំង​ទាំងអស់​មាន​កាតព្វកិច្ច​ចូលរួម​វិភាគទាន ជួយ​ប្រទេស​ជាតិ​ឲ្យ​រីកចម្រើន តាម​កំរិត មធ្យោបាយ របស់ពួកគេ ដោយ​មិនលើកលែង អ្នកណាម្នាក់ទេ ជាពិសេស ក្រុមអ្នកដែល​មានទ្រព្យសម្បត្តិ​ច្រើនបំផុត។

នៅក្នុង​ចំណោម​ប្រទេស​ជាង ៤០ អាមេរិក​ជាប់ចំណាត់ថ្នាក់​ទី​៦ ក្នុង​នាម​ប្រទេស​ដែល​ទ្រព្យសម្បត្តិ ប្រមូលផ្តុំ​ខ្លាំង តែ​នៅក្នុង​ចំណោម​មនុស្ស​មួយ​ក្រុមតូច។ នៅក្នុង​ញត្តិ ក្រុមមហាសេដ្ឋី​អាមេរិកាំង​ជឿថា “ការយកពន្ធ​ទៅលើ​អ្នកមាន​បំផុត នឹង​ជួយ​ទប់​បន្ថយល្បឿន កុំ​ឲ្យ​ទ្រព្យសម្បត្តិ​ប្រមូលផ្តុំ តែ​ទៅ​លើ​មនុស្ស​មួយក្រុម តូច ដែល​ជាប្រភព គំរាមកំហែង​ស្ថិរភាព ហើយ​និង​សុចរិតភាព​របស់​សហរដ្ឋអាមេរិក”៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ