អានតួអត្ថបទ

អាមេរិក​បើក​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​លើ​អ៊ីរ៉ង់

ភាព​តាន​តឹង​រវាង​អាមេរិក​និង​អ៊ីរ៉ង់មិន​បាន​ចុះ​ថយ​ទេ។ នៅ​ថ្ងៃ​អាទិត្យ​នេះ ទីប្រឹក្សា​សន្តិសុខ​អាមេរិក ចន ប៊ុលតុន ដែល​កំពុង​បំពេញទស្សនកិច្ច​នៅ​ប្រទេស​អ៊ីស្រាអែល បាន​ព្រមាន​អ៊ីរ៉ង់ កុំឱ្យ​ច្រលំ​រវាង​ពាក្យ​ថា « ប្រុងប្រយ័ត្ន” និង​ “ទន់​ខ្សោយ”។ ហើយ​ទន្ទឹម​គ្នា​នោះ អាមេរិក​បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​អ៊ីនធ័រនែត​ប្រឆាំង​នឹង​ប្រព័ន្ធ បង្ហោះ​មីស៊ីល​ព្រម​ទាំង​ប្រព័ន្ធ​ចារកិច្ច​របស់​អ៊ីរ៉ង់​ទៀត។ នេះ​បើតាម​សារព័ត៌មាន​អាមេរិក​ជា​ច្រើន។

អាមេរិក​បានបើក​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ប្រព័ន្ធ​ការពារ​ជាតិ​អ៊ីរ៉ង់
អាមេរិក​បានបើក​ការ​វាយប្រហារ​តាម​អ៊ីនធ័រនែត​លើ​ប្រព័ន្ធ​ការពារ​ជាតិ​អ៊ីរ៉ង់ Oliver Nicolaas Ponder / EyeEm
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​ក៏​ដោយ អ្នក​ណា​ផ្សេង​ទៀត​ក៏​ដោយ មិន​ត្រូវ​ច្រលំ​អត្ថន័យ​នៃភាព​​ “ប្រុង​ប្រយ័ត្ន” និង​“អត់​ធ្មត់” របស់​អាមេរិក ទៅ​នឹង​ពាក្យ​ថា​ទន់​ខ្សោយ​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​ចន ប៊ុលតុន ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក នៅ​ពេល​ជួប​ពិភាក្សា​​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល នេតាន់យ៉ាហ៊ូ ជុំ​វិញ​បញ្ហា​សន្តិសុខ​តំបន់។ លោក​ប៊ុលតុន​​​បាន​បញ្ជាក់​ទៀតថា​ ទណ្ឌកម្ម ​​ជាក់​ស្តែង​ថ្មី​ទៀតប្រឆាំង​នឹង​អ៊ីរ៉ង់ ដែល​អាមេរិក​បាន​ត្រៀម​រៀប​ចំ​តាំង​ពី​ប៉ុន្មាន​សប្តាហ៍​មក​ហើយ និង​ដែល​លោក​ត្រាំ​ទើប​បាន​លើក​ឡើង​កាលពី​ម្សិល នឹង​ត្រូវ​ទម្លាយ​បង្ហាញ​ជា​សាធារណៈ​នៅ​ថ្ងៃ​ចន្ទ​នេះ។

លោក ដូណាល់ ត្រាំ​ ប្រធានាធិបតី​អាមេរិក បានប្តូរ​ចិត្ត​នៅ​នាទី​ចុងក្រោយ​ កាលពី​ថ្ងៃទី​២០មិថុនា មិន​ធ្វើការ​វាយប្រហារ​លើ​ទី​តាំងយោធា​​បី​របស់​អ៊ីរ៉ង់ ជា​កិច្ច​សង​សឹក​ទង្វើ​បាញ់​ទម្លាក់​ដ្រូន​មែន ប៉ុន្តែ​លោក​បាន​ផ្តល់​ការ​អនុញ្ញាត​ដោយ​សម្ងាត់ ឱ្យ​មាន​ការ​វាយប្រហារព័ត៌មាន​វិទ្យា​​ តប​វិញ ដោយ​ដៅ​លើ​ប្រព័ន្ធ​ការពារ​ជាតិ​របស់​អ៊ីរ៉ង់។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​របស់​Washington Post និង​ Yahoo ! News។

ប្រភព​សារព័ត៌មានអាមេរិក​ដដែល​បាន​អះអាង​ទៀត​ថា នៅ​ក្នុង​ចំណោម​ប្រតិបត្តិការ​វាយប្រហារ​អ៊ីនធ័រនែត​នេះ មាន​ជា​មួយ ត្រូវ​បាន​រៀង​គម្រោង​តាំង​ពី​ជា​ច្រើន​សប្តាហ៍​មក​ហើយ តាម​សំណើ​របស់​យោធា​អាមេរិក​ ក្រោយ​ពី​ការ​វាយប្រហារ​លើ​នាវា​ដឹកប្រេង​នៅ​ច្រក​សមុទ្ទ​ Ormuz។

ពុំ​ទាន់​មាន​ប្រតិកម្ម​​ជា​ផ្លូវ​ការ​មក​ពី​ខាង​អ៊ីរ៉ង់ តប​នឹង​ព័ត៌មាន​របស់​កាសែត​អាមេរិក​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ២៣​មិថុនា​នេះ។ ប៉ុន្តែ​ភ្នាក់ងារ​សារព័ត៌មាន​Fars​ស្និទ្ធ​នឹង​ក្រុម​អ្នក​អភិរក្ស​និយម​អ៊ីរ៉ង់ បាន​ព្រលយ​ឱ្យ​ដឹង​ថា ដំណឹង​ចុះ​ផ្សាយ​ក្នុង​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន​អាមេរិក​ អាច​គ្រាន់​ជា​ពាក្យ​បំប៉ោង បំផ្លើស​ បង្អើល​មតិ​សាធារណៈ និង​លើក​កិត្តិយស​សេតវិមាន​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ ក្រោយ​ពី​ដ្រូន​អាមេរិក​ត្រូវ​រងការ​បំផ្លាញ​ពី​អ៊ីរ៉ង់។

ប៉ុន្តែ​សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០១០ ក្នុង​អំឡុង​ពេល​ដែល​វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​ពុះ​កញ្ជ្រោល​ខ្លាំង ក្រុង​តេអេរ៉ង់​ធ្លាប់​ធ្វើ​ការ​ចោទ​ប្រកាន់​អ៊ីស្រាអែល និងអាមេរិក​បាន​វាយប្រហារ​តាម​អ៊ីនធ័រនែត ដោយ​បញ្ជូន​វីរ៉ុស​ព័ត៌មាន​វិទ្យា​ដ៏​កំណាច​ ទៅ​ចម្លង​កុំ​ព្យូទ័រ​អ៊ីរ៉ង់​រាប់​សិប​ពាន់​គ្រឿងគាំង និងទៅ​រាំង​ស្ទះ​ដំណើរការ​​មជ្ឈមណ្ឌល​ចម្រើន​ធាតុ​អ៊ុយរ៉ានីញ៉ូម​អ៊ីរ៉ង់​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ