អានតួអត្ថបទ
អ៊ីរ៉ង់-សហរដ្ឋអាមេរិក

អ៊ីរ៉ង់​អះអាងថា បាន​​បាញ់​ទម្លាក់​យន្តហោះដ្រូន​របស់​អាមេរិក

អ៊ីរ៉ង់ នៅ​ថ្ងៃ​ព្រហស្បតិ៍ទី ២០​មិថុនា បាន​ប្រកាស​ថា កងទ័ព​របស់ខ្លួន​របស់​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន គ្មាន​មនុស្ស​បើក មួយគ្រឿង​របស់​អាមេរិក ដែល​បានហោះ ចូល ដោយ​ខុសច្បាប់ ក្នុង​ដែនអាកាស​របស់​អ៊ីរ៉ង់។ មន្រ្តីយោធា​អាមេរិក បញ្ជាក់​បន្ថែម ដំណឹងនេះ ប៉ុន្តែ ទាំង​ភាគី​អ៊ីរ៉ង់ និង​អាមេរិក មាន​ព័ត៌មាន​មិន​ដូចគ្នា ត្រង់​ទីតាំង ហើយ​និង​ប្រភេទ​យន្តហោះ​ដ្រូន​ដែល​ត្រូវ​មីស៊ីល​អ៊ីរ៉ង់​បាញ់ទម្លាក់ នៅ ព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ។ 

យន្តហោះ​គ្មាន​មនុស្ស​បើក​របស់អាមេរិក ប្រភេទMQ-4C Triton ដែល​អាមេរិកបញ្ជាក់ថា ត្រូវ​បាន​បាញ់ទម្លាក់​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២០​មិថុនា ២០១៩
យន្តហោះ​គ្មាន​មនុស្ស​បើក​របស់អាមេរិក ប្រភេទMQ-4C Triton ដែល​អាមេរិកបញ្ជាក់ថា ត្រូវ​បាន​បាញ់ទម្លាក់​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់ កាលពីថ្ងៃ​ព្រហស្បតិ៍ទី ២០​មិថុនា ២០១៩ ©U.S. Navy/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ ឆ្មាំបដិវត្តន៍​អ៊ីស្លាម​របស់​អ៊ីរ៉ង់​បាន​អះអាង​ថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន យកការណ៍ របស់​អាមេរិក នៅ​ក្នុង​ខេត្ត​ជាប់​ឆ្នេរសមុទ្រ។ តាមឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ កងកម្លាំង​ការពារ​ទ័ព​អាកាស​បាន​ប្រើ​មីស៊ីល បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អាមេរិក ប្រភេទ RQ-4 Global Hawk នៅ​ពេល​វា​ហោះ​ចូល​ក្នុង​ដែន​អាកាស​របស់​អ៊ីរ៉ង់។

សម្រាប់ អគ្គមេបញ្ជាការ​ឆ្មាំបដិវត្ត​អ៊ីរ៉ង់ លោក Hossein Salami ព្រំដែន​អ៊ីរ៉ង់ គឺ​ជា​ខ្សែបន្ទាត់ក្រហម ហើយ​ការបាញ់​ទម្លាក់​យន្តហោះ​ដ្រូន គឺ​ជា​សារ​យ៉ាង​ច្បាស់​មួយ​ពី​ខាង​អ្នកការពារ​ព្រំដែន​អ៊ីរ៉ង់។

នៅក្រោយ​ការប្រកាស​របស់​អ៊ីរ៉ង់ អ្នកទទួល​ខុសត្រូវ​អាមេរិក​ម្នាក់ បាន​បញ្ជាក់​ព័ត៌មាន​នេះ ទៅ​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស Reuters ថា យន្តហោះ​ដ្រូន​របស់​អាមេរិក ត្រូវ​បាន​បាញ់​ទម្លាក់ នៅពេល​វា​កំពុង​ហោះ​នៅក្នុង​ដែនអាកាស​អន្តរជាតិ នៅពីលើ​ច្រកសមុទ្រ Ormuz។ ចំណែក​យន្តហោះ​ដ្រូន​ដែល ត្រូវ​មីស៊ីល បាញ់ទម្លាក់​នោះ ជា​ប្រភេទ​យន្តហោះ​MQ-4C Triton​របស់​កងទ័ព​ជើងទឹក​អាមេរិក។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បាន​ចុះផ្សាយ​ថា តំបន់​ដែល​មីស៊ីល​របស់​ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​បាញ់​ទម្លាក់​យន្តហោះ​ដ្រូន​អាមេរិក ស្ថិតនៅ​ក្បែរ​ច្រកសមុទ្រ​Ormuz ប៉ុន្តែ មិន​បាន​បង្ហាញ​រូបភាព​យន្តហោះ​ដ្រូន​ដែល​ត្រូវបាន​បាញ់​ទម្លាក់​នោះទេ។

ថ្មីៗនេះ កងទ័ព​អាមេរិក ធ្លាប់​បាន​ចោទប្រកាន់​អ៊ីរ៉ង់ ថា ធ្លាប់​បាន​ប៉ុនប៉ង​បាញ់ទម្លាក់​យន្តហោះ​ដ្រូន​របស់​អាមេរិក និង​ថា យន្តហោះ​ដ្រូន​មួយគ្រឿង​របស់ខ្លួន ត្រូវ​បាន​ពួកឧទ្ទាម​ហ៊ូទី នៅ​យេម៉ែន ដែល​គាំទ្រ​ដោយ​កងទ័ព​អ៊ីរ៉ង់ បាន​បាញ់​ទម្លាក់​ផងដែរ កាលពី​ថ្ងៃ​ទី ៦​មិថុនា​កន្លងទៅ។

ហេតុការណ៍​បាញ់​ទម្លាក់​យន្តហោះ​ដ្រូនអាមេរិក កើតជួន​ចំពេល​ដែល​អាមេរិក និង​អ៊ីរ៉ង់ កំពុង​តានតឹង​ខ្លាំង​នឹង​គ្នា ពោល គឺ​ចាប់តាំង​អាមេរិក ដកខ្លួន​ចេញ​ពីកិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​បាន​ត្រលប់​ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់។

ទោះបី​ជា​ភាគី​អាមេរិក និងអ៊ីរ៉ង់​បាន​ប្រកាស​ថា ខ្លួន​មិន​ចង់​បង្កសង្រ្គាម ប៉ុន្តែ ហេតុការណ៍​អាក្រក់ៗ ផ្ទួនៗ​គ្នា នៅឈូង​សមុទ្រ ពែរ្ស នៅ​មួយខែមកនេះ ធ្វើ​ឲ្យ​គេ​ខ្លាច​ថា អំបែងភ្លើង តូចមួយ នឹង​អាច​ធ្វើ​ឲ្យ​ផ្ទុះ កើត​មាន​ភ្លើង​សង្រ្គាម សាជាថ្មី នៅ​តំបន់​ឈូង​សមុទ្រ។

នៅ​ថ្ងៃ​ចន្ទ រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​បានប្រកាស​បញ្ជូន​បន្ថែម កងទ័ព​អាមេរិក ១ពាន់​នាក់ទៀត ទៅ​តំបន់​ដើមបូព៌ា នៅក្រោយ ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង ដែល​អាមេរិក​បាន​ចោទប្រកាន់ ទម្លាក់​កំហុស​ទៅលើ​អ៊ីរ៉ង់ ថា ជាអ្នក​ប្រព្រឹត្ត។ អ៊ីរ៉ង់​វិញ​បាន​បដិសេធ​ទាត់ចោល​ការចោទប្រកាន់​របស់អាមេរិក និង​វាយបក​ទៅវិញ ថា ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង​ជប៉ុន និង​ន័រវែស អាច​ជា​រឿង​រៀបចំ​ឡើង ដោយភាគី​អាមេរិក ដើម្បី​យកលេស ប្រើ​កម្លាំង​យោធា​វាយប្រហារ​ទៅលើអ៊ីរ៉ង់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ