rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

UNHCR៖មានចំនួនជនភៀសខ្លួន ជនបម្លាស់ទី និងជនសុំសិទ្ធិជ្រកកោនសរុបជាង ៧០លាននាក់លើលោក​ក្នុងឆ្នាំ ២០១៨

ដោយ គួច គន្ធារ៉ា

នៅ​ថ្ងៃ​ពុធ ទី១៩ មិថុនា ឧត្តមស្នងការដ្ឋាន​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ស្ថានភាព​ជនភៀសខ្លួន ជនបម្លាស់ទី និង​ជនសុំសិទ្ធិជ្រកកោន ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨។ របាយការណ៍​បាន​បង្ហាញ​ថា មាន​មនុស្ស​ជាង ៧០លាន​នាក់​បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស បាន​ប្តូរ​កន្លែង​រស់នៅ​ក្នុង​ប្រទេស និង​បាន​សុំសិទ្ធិជ្រកកោន។

បើ​ធៀប​នឹង​ឆ្នាំ ២០១៧ គឺ​មាន​ការ​កើន​ឡើង​ចំនួន ២លាន ៣សែន​នាក់។ តាម UNHCR ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​មាន​ចំនួន​ជនភៀសខ្លួន ជនបម្លាស់ទី និង​ជនសុំសិទ្ធិជ្រកកោន​ច្រើន​ជាង​គេ​មិន​ធ្លាប់​មាន គិត​តាំង​ពី​ថ្ងៃ​បង្កើត UNHCR ជិត ៧០ឆ្នាំ​កន្លង​ទៅ។ ខុស​ពី​ក្តី​រំពឹង​ទុក ក្រុម​ប្រទេស​ដែល​បាន​ទទួល​ជនភៀសខ្លួន​ឲ្យ​ជ្រកកោន​ច្រើន​ជាង​គេ​មិនមែន​ជា​ក្រុមប្រទេស​អភិវឌ្ឍ​ទេ តែ​ជា​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍ។

នៅ​ក្នុង​តួលេខ​ទាំង ៧០ ៨០០ ០០០នាក់​ត្រូវ​បាន UNHCR ចែកចេញ​ជា​៣ ក្រុម​មនុស្ស​ប្រុស ស្រី​ក្នុង​នោះ មាន​ជនភៀសខ្លួន​ចំនួន ២៥ ៩០០ ០០០នាក់ ជនបម្លាស់ទី​ចំនួន ៤១ ៣០០ ០០០នាក់ និង​ជនសុំសិទ្ធិជ្រកកោន​ចំនួន ៣ ៥០០ ០០០នាក់។ បើ​ធៀប​នឹង​ឆ្នាំ ២០១៧ គឺ​មាន​ការ​កើន​ឡើង​ចំនួន ២លាន ៣សែននាក់។ តាម UNHCR ឆ្នាំ ២០១៨ ជា​ឆ្នាំ​ដែល​ចំនួន​ជនភៀសខ្លួន ជនបម្លាស់ទី និង​ជន​សុំសិទ្ធិជ្រកកោន​មាន​អត្រា​ខ្ពស់​មិន​ធ្លាប់​មាន​គិត​តាំង​ថ្ងៃ​បង្កើត UNHCR ជិត ៧០ឆ្នាំ​កន្លង​ទៅ ហើយ​សន្ទុះ​កំណើន​ជា​បន្តបន្ទាប់​នេះ​បាន​ចាប់​ផ្តើម​តាំង​ពី​ឆ្នាំ ២០០៩។

លោក​ហ្វីលីបប៉ូ ហ្រ្គង់ឌី ឧត្តមស្នងការ UNHCR បាន​និយាយ​ដោយ​មិន​លាក់លៀម​ថា ពិភពលោក​កំពុង​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវ​ដ៏​អាក្រក់ និង​បាន​អំពាវនាវ​ដល់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​រួម​គ្នា​ជួយ​ទប់ស្កាត់។ ក៏​ដូច​ជា​ក្នុង​ឆ្នាំ ២០១៧ ដែរ ជនភៀសខ្លួន ជនបម្លាស់ទី និង​ជន​សុំសិទ្ធិជ្រកកោន​ភាគ​ច្រើន​ជា​ជនជាតិ​វ៉េណេស៊ុយអេឡា អេត្យូពី នីហ្សេរីយ៉ា ស៊ីរី និង​ពួក​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា។

ដើមចម​នៃ​កំណើន​ជនភៀសខ្លួន ជនបម្លាស់ទី និង​ជន​សុំសិទ្ធិជ្រកកោន​ក្នុង​លោក

មាន​ហេតុផល​ខុស​គ្នា​រវាង​ជនជនភៀសខ្លួន ជនបម្លាស់ទី និង​ជន​សុំសិទ្ធិជ្រកកោន។ គួរ​បញ្ជាក់​ថា ក្រុម​ជនភៀសខ្លួន​ជា​ក្រុម​មនុស្ស​ដែល​បាន​រត់ចេញ​ពី​ប្រទេស​របស់​ខ្លួន​ដោយសារ​ជម្លោះប្រដាប់អាវុធ សង្រ្គាម ឬ​មួយ​ការ​ធ្វើ​ទុកបុកម្នេញ។ ចំណែក​ក្រុម​ជនបម្លាស់ទី​ជា​ក្រុម​មនុស្ស​ដែល​បាន​រត់​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ទៀត​ក្នុង​ប្រទេស​ដោយ​ហេតុផល​នយោបាយ សាសនា សង្គម ជាតិពិន្ធុ មនុស្សធម៌ ឬ​មួយ​ក៏​អាកាសធាតុ។ រីឯ​ក្រុម​ជន​សុំសិទ្ធិជ្រកកោន​ជា​ក្រុម​មនុស្ស​ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ប្រទេស​កំណើត​របស់​ខ្លួន ហើយ​កំពុង​រង់ចាំ​ចម្លើយ​នៃ​ការ​សុំ​សិទ្ធិ​ជ្រកកោន​របស់​ខ្លួន។ ក្នុង​ពេល​រងចាំ​នេះ និង​តាម​ធម្មតា ពួក​គេ​ទទួល​បាន​ការ​គាំពារ​ពី​អន្តរជាតិ​ដូច​ជនភៀសខ្លួន។

ស៊ីរី​ដែល​បាន​ធ្លាក់​ក្នុង​វិបត្តិ​ហែកហួរ​ផ្ទៃក្នុង​ជិត ១០ឆ្នាំ​កំពុង​បន្ត​ជា​ប្រទេស​ទី១ ដែល​មាន​ពលរដ្ឋ​យ៉ាង​ច្រើន​សម្បើម​បង្ខំ​ចិត្ត​ភៀសខ្លួន​ចេញ​ពី​ប្រទេស។ នៅ​នីហ្សេរីយ៉ា ពលរដ្ឋ​ភាគច្រើន​បាន​ប្តូរ​កន្លែង​រស់នៅ​ពី​តំបន់​មួយ​ទៅ​កាន់​តំបន់​មួយ​ទៀត​ដើម្បី​គេច​ពី​អំពើហិង្សា។ ករណី​ស្រដៀង​គ្នា​នេះ​ក៏​កើត​មាន​នៅ​ក្នុង​ប្រទេស​អេត្យូពី​ដែល​ពលរដ្ឋ​បាន​ធ្វើ​បម្លាស់ទី​ក្នុង​ស្រុក​ដើម្បី​គេច​ពី​អំពើ​ហិង្សា​សហគមន៍។ ដោយឡែក​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា UNHCR ហាក់​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង ព្រោះ​ពលរដ្ឋ​ប្រមាណ​ជា ៤លាននាក់​ដែល​បាន​រត់​ភៀសខ្លួន​ដោយ​ហេតុផល​សេដ្ឋកិច្ច​ទៅ​ជ្រកកោន​នៅ​ប្រទេស​ជិត​ខាង និង​ដែល​ពួក​គេ​ត្រូវ​ទទួល​បាន​ការ​គាំពារ​ពី​អន្តរជាតិ​ដូច​ជនភៀសខ្លួន​ដែរ​នោះ មាន​មិន​ដល់​កន្លះ​លាននាក់​ផង​ដែល​បាន​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន។

តាម​របាយការណ៍​របស់ UNHCR ចំនួន​ជនភៀសខ្លួន​ទាំង ២៦លាននាក់​ក្នុង​ឆ្នាំ ២០១៨ មាន​ពាក់​កណ្តាល​ជា​កូន​កូនក្មេង ហើយ​ក្នុង​ចំណោម​កូនក្មេង​ទាំង​អស់​នោះ មាន ១១១ ០០០នាក់​គ្មាន​ឱពុក និង​គ្មាន​ម្តាយ​ទេ។

តួកគី​ជា​ប្រទេស​ដែល​បាន​ទទួល​ជនភៀសខ្លួន​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ៤ឆ្នាំ​ជាប់​គ្នា

តាម​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់ UNHCR មាន​ជនភៀសខ្លួន​ចំនួន ៤នាក់​ក្នុង​ចំណោម ៥នាក់​កំពុង​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ក្បែរ ហើយ​ជនភៀសខ្លួន​ភាគច្រើន​កំពុង​រស់​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨ ជនភៀសខ្លួន​ស៊ីរី​ភាគ​ច្រើន​បាន​ដាក់​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​តួកគី។ ចំណែក​កូឡុំប៊ី និង​ប៉េរូ​ជា​ប្រទេស​ដំបូង​គេ​​ដែល​បាន​ទទួល​ជនភៀសខ្លួន​វ៉េណេស៊ុយអេឡា​ឲ្យ​ជ្រកកោន។ ដោយឡែក ប្រទេស​ដែល​ទទួល​បាន​ពាក្យ​សុំសិទ្ធិ​ជ្រកកោន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ ២០១៨ មាន​អាមេរិក ប៉េរូ អាល្លឺម៉ង់ បារាំង និង​ប្រទេស​តួកគី។ តួកគី​ជា​ប្រទេស​ដែល​បាន​ទទួល​ជនភៀសខ្លួន​ច្រើន​ជាង​គេ​ក្នុង​លោក​ក្នុង​រយៈពេល ៤ឆ្នាំ​ជាប់​គ្នា។ ជាក់ស្តែង​ក្នុង​ឆ្នាំ ២០១៨ តួកគី​បាន​ទទួល​ជនភៀសខ្លួន​ចំនួន ៣ ៧០០ ០០០នាក់​ឲ្យ​ជ្រកកោន​លើ​ទឹកដី​របស់​ខ្លួន។ បន្ទាប់​មក​មាន​ប្រទេស​ប៉ាគីស្ថាន អ៊ូហ្កង់ដា ស៊ូដង់ និង​ប្រទេស​អាល្លឺម៉ង់។

ឧត្តមស្នងការ UNHCR លោក​ហ្វីលីបប៉ូ ហ្រ្គង់ឌី​បាន​បញ្ជាក់​ថា លោក​គ្មាន​ទម្លាប់​ឲ្យ​ពិន្ទុ​ប្រទេស​នេះ ឬ​ប្រទេស​នោះ​ក្នុង​រឿង​ទទួល​ជនភៀសខ្លួន​ឲ្យ​ជ្រកកោន​ទេ តែ​លោក​មិន​អាច​មិន​សរសើរ​អាល្លឺម៉ង់​បាន​ឡើយ ពិសេស​សេចក្តីក្លាហាន​របស់​នាយករដ្ឋមន្រ្តី​លោកស្រី​មែរកិល។ ទន្ទឹម​គ្នា​នេះ លោក​ហ្វីលីបប៉ូ​ក៏​ឆ្លៀត​អំពាវនាវ​ឲ្យ​អឺរ៉ុប​ស្វែង​រក​ដំណោះស្រាយ​មួយ​យូរ​អង្វែង​ក្នុង​ការ​ចែក​គ្នា​ទទួល​ជនអន្តោប្រវេសន៍​តាម​សមុទ្រ៕