អានតួអត្ថបទ
អារ៉ាប៊ី សាអូឌីត

អារ៉ាប៊ី សាអូឌីត​ទាមទារ​ឲ្យ​មាន​វិធានការ​ឆ្លើយតប​រហ័ស ទៅនឹង​ការគំរាមកំហែង​លើ​ប្រភពផ្គត់ផ្គង់​ថាមពល

២​ថ្ងៃ​ក្រោយ ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង នៅ​ឈូង​សមុទ្រ អូម៉ង់ ​ប្រទេស​​អេមីរ៉ាអារ៉ាប់រួម បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ ចូលរួម​ធានា​សន្តិសុខ​ដល់​ចរាចរណ៍​ដឹកជញ្ជូន ថាមពល ដែល​មាន​ប្រភព​ចេញមកពី​តំបន់​ឈូង​សមុទ្រ​ពែរ្ស។ មានជំហរ​ដូច អេមីរ៉ា អារ៉ាប់រួម រដ្ឋមន្រ្តី​ក្រសួង​ថាមពល​អារ៉ាប៊ី សាអូឌីត នៅក្នុង​អង្គប្រជុំ​របស់​រដ្ឋមន្រ្តី​ថាមពល​របស់​ក្រុមប្រទេស មហាឧស្សាហកម្ម G20 បានទាមទារ​ផងដែរ​ឲ្យ​មានការចាត់វិធានការ​រហ័សមួយ​ទៅនឹង​ការគំរាមកំហែង​លើ​ការផ្គត់ផ្គង់​ប្រភព​ថាមពល នៅ​ឈូង​សមុទ្រពែរ្ស។ 

កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​នរវែស​ឆេះសន្ធោសន្ធៅដោយសារ​ការវាយប្រហារ​របស់​ជនមិនស្គាល់មុខ នៅ​ឈូងសមុទ្រ អូម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី ១៣​មិថុនា​២០១៩
កប៉ាល់​ដឹកប្រេង​របស់​ប្រទេស​នរវែស​ឆេះសន្ធោសន្ធៅដោយសារ​ការវាយប្រហារ​របស់​ជនមិនស្គាល់មុខ នៅ​ឈូងសមុទ្រ អូម៉ង់ នៅថ្ងៃព្រហស្បតិ៍ទី ១៣​មិថុនា​២០១៩ ©ISNA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​កិច្ចប្រជុំ ថ្នាក់​រដ្ឋមន្រ្តី​ថាមពល​និង​បរិស្ថាន​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម G20 នៅ​ប្រទេស​ជប៉ុន រដ្ឋមន្រ្តី​អារ៉ាប៊ី សាអូឌីត​បាន​ទាមទារ​ឲ្យ​មាន​ចម្លើយ​ឆាប់​រហ័ស ទៅនឹង​ការគំរាមកំហែង ដែល​បង្កើតឡើង ថ្មីៗនេះ ដោយ​ក្រុមភេរវនិយម នៅក្នុង​ឈូងសមុទ្រ​អារ៉ាប់។ រដ្ឋមន្រ្តី​ថាមពល​អារ៉ាប៊ី សាអូឌីត​ចង់​សំដៅ​ដល់​ការវាយប្រហារ​ទៅលើ​កប៉ាល់​ដឹកប្រេង ២​គ្រឿង នៅ​ឈូង​សមុទ្រ​អូម៉ង់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ប្រេង​ឡើងថ្លៃ មួយ​កម្រិត​ទៀត នៅទីផ្សារ​អន្តរជាតិ។

សម្រាប់ រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ជប៉ុន ដែល​មាន​វត្តមាន​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រទេស​G20 ទាក់ទង​នឹង​សន្តិសុខ​ថាមពល​ពិភពលោក វា​មាន​សារៈសំខាន់ណាស់​ដែល​សហគមន៍​អន្តរជាតិ​ត្រូវ​ចូលរួម​សហការ​ទាំងអស់គ្នា​ដើម្បី គ្រប់គ្រង​ស្ថានការណ៍។

តាំង​ពី​ជំនួបកំពូល​នៅ ប្រទេស​បុលហ្គារី រដ្ឋមន្រ្តី​ការបរទេស​របស់​ប្រទេស​អេមីរ៉ា អារ៉ាប់រួម វិញ​បាន​អំពាវនាវ​ឲ្យសហគមន៍​អន្តរជាតិ​សហការ​គ្នា ដើម្បី ​ធានា​ការពារ​សុវត្ថិភាព​និង​សន្តិសុខ នៅ​ឈូង​សមុទ្រ អូម៉ង់ ដែល​ជា​ច្រកចេញ​ចូលសំខាន់​សម្រាប់​១ភាគបី​នៃ​ចរាចរណ៍​ដឹកប្រេង​តាមផ្លូវទឹក នៅក្នុង​ពិភពលោក។ “តំបន់​ដើមបូព៌ា​ស្មុគស្មាញ និង​សំបូរ​ដោយ​ប្រភពថាមពល មិនថា ប្រេង ឬ​ឧស្ម័ន​ដែល​សំខាន់​សម្រាប់​ពិភពលោក​ទាំងមូល។ យើង​ចង់​ឲ្យ​ការដឹកជញ្ជូន ផ្គត់ផ្គង់​ថាមពល​ទាំងនោះ នៅតែ​រលូន ដើម្បី​ធានា​ស្ថិរភាព​សេដ្ឋកិច្ច​សកល”។ នេះ​ជា​ប្រសាសន៍​របស់ប្រមុខការបរទេស​អេមីរ៉ា អារ៉ាប់រួម។

អេមីរ៉ា អារ៉ាប់​រួម ដែល​មាន​ព្រំដែន​ទឹក ជាមួយ​អ៊ីរ៉ង់ នៅ​ត្រង់​ឈូង​សមុទ្រ អូម៉ង់ បាន​អំពាវនាវ​ផងដែរ ភាគី​ជម្លោះ ទប់ចិត្ត ទប់កំហឹង​នៅក្នុងផ្ទៃ សង្រ្គាម​ពាក្យសំដី​រវាង​អាមេរិក និងអ៊ីរ៉ង់។

ដូចករណី​វាយប្រហារ​ទៅលើ​កប៉ាល់ ដឹកប្រេង ៤គ្រឿង កាលពី​១ខែ​មុន ប្រធានាធិបី​អាមេរិក លោកដូណាល់ ត្រាំ ដែល​ពឹងផ្អែក​លើរូបថត របស់​ចារកិច្ច​អាមេរិក បាន​ចោទប្រកាន់ អ៊ីរ៉ង់​ថា ជា​អ្នកវាយប្រហារ​ទៅ​កប៉ាល់​ដឹកប្រេង​ជប៉ុន និង​ន័រវែស​នៅ​ថ្ងៃ​ព្រហស្បតិ៍។ ការចោទប្រកាន់​ដែល​អ៊ីរ៉ង់​បាន​បដិសេធ​ទាត់ចោល​រហូតមក។

ប្រតិកម្ម​ទៅនឹង​ពាក្យ​គំរាម​របស់​អ៊ីរ៉ង់​ដែល​ថា នឹង​បិទ​ច្រក​សមុទ្ទ​យុទ្ធសាស្ត្រ​ Ormuz  ដែល​ភ្ជាប់​ទៅ​ឈូង​សមុទ្រ អូម៉ង់ ក្នុង​ករណី​មាន​ភាព​ប្រឈម​យោធា​ជាមួយ​នឹ​ងសហរដ្ឋអាមេរិក លោកប្រធានាធិបតី​ដូណាល់ ត្រាំ បានអះអាង កាលពី​ថ្ងៃ​សុក្រថា អ៊ីរ៉ង់ នឹង​មិនអាច​បិទ​ច្រកសមុទ្រ​បានទេ ហើយ​អ៊ីរ៉ង់​ដឹង​រឿងនេះ​ច្បាស់ណាស់។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ