អានតួអត្ថបទ
អ៊ីរ៉ង់-អាមេរិក

អ្នកជំនាញ៖គេត្រូវប្រយ័ត្នប្រយែង មុននឹងទម្លាក់កំហុសលើអ្នកណាម្នាក់ទាក់ទង​នឹងការវាយប្រហារលើកប៉ាល់ដឹកប្រេងនៅសមុទ្រអូម៉ង់

២ថ្ងៃ​ក្រោយ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ចំនួន ២គ្រឿង​នៅ​សមុទ្រ​អូម៉ង់​មក សង្រ្គាមពាក្យ​សម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​អ៊ីរ៉ង់ និង​អាមេរិក។ នៅ​ថ្ងៃ​សុក្រ ទី១៤ មិថុនា ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ចង្អុល​ចំ​មុខ​អ៊ីរ៉ង់​ថា​ជា​អ្នក​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង ២គ្រឿង​នោះ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​លោក​ត្រាំ​បាន​សំអាង​លើ​វីដែអូ​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក។ តែ​អ៊ីរ៉ង់​បាន​បដិសេធ​លើ​ការ​ចោទ​ប្រកាន់​នេះ និង​បាន​វាយ​បក​ដាក់​អាមេរិក​វិញ​ដោយ​ចោទ​ពី​បទ​ធ្វើ​វិច្ឆេទកម្ម​ការទូត។ ទន្ទឹម​គ្នា​នេះ ប្រធានាធិបតី​អ៊ីរ៉ង់​លោក​រ៉ូហានី​ដែល​កំពុង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​នៃ​អង្គការ​កិច្ចសហប្រតិបត្តិការ​ក្រុង​សៀងហៃ​រៀបចំ​ក្នុង​ប្រទេស​កៀហ្ស៊ីស៊ីស្ថាន​នា​ថ្ងៃ​សុក្រ ទី១៤ មិថុនា​បាន​យល់​ឃើញ​ថា ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា​បច្ចុប្បន្ន​ទាមទារ​ឲ្យ​មាន​ការ​រំកិល​ជិត​គ្នា​រវាង​អ៊ីរ៉ង់ និង​ប្រទេស​រុស្ស៊ី។ តើ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង ២គ្រឿង​នៅ​ឈូងសមុទ្រ​អូម៉ង់​ជា​ស្នាដៃ​របស់​អ្នក​ណា?។ លោក​ដាវីដ រីហ្គូឡេ រ៉ូស្ស អ្នកជំនាញ​នៅ​វិទ្យាសា្ថន​បារាំង​នៃ​ការ​វិភាគ​យុទ្ធសាស្រ្ត​បាន​យល់​ឃើញ​ថា រឿងរ៉ាវ​មួយ​នេះ​ពិត​ជា​ស្មុគស្មាញ​ដែល​គេ​ពិបាក​វែក​មុខ​រក​អ្នក​ទទួល​ខុស​ត្រូវ។ តាម​អ្នក​ជំនាញ​បារាំង​រូប​នេះ​ដដែល គេ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ឈូងសមុទ្រ​អូម៉ង់។

កប៉ាល់​ដឹកប្រេង​ដែល​រង​ការ​វាយប្រហារ​នៅ​ឈូងសមុទ្រ​អូម៉ង់ក្នុង​ថ្ងៃទី១៣ មិថុនា
កប៉ាល់​ដឹកប្រេង​ដែល​រង​ការ​វាយប្រហារ​នៅ​ឈូងសមុទ្រ​អូម៉ង់ក្នុង​ថ្ងៃទី១៣ មិថុនា ISNA/Handout via REUTERS
ផ្សាយពាណិជ្ជកម្ម

« វា​ពិត​ជា​មាន​រឿងរ៉ាវ​កើត​ឡើង​នៅ​ក្នុង​ឈូងសមុទ្រ​អូម៉ង់​មែន តែ​ទាក់ទង​ដំណើរ​ហេតុ​នៃ​ការ​វាយប្រហារ​លើ​កប៉ាល់​ដឹកប្រេង​ទាំង ២គ្រឿង​នោះ​វិញ គេ​នៅ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់ និង​លំអិត​ដើម្បី​ទម្លាក់កំហុស​លើ​អ្នក​នេះ ឬ​លើ​អ្នក​នោះ​នៅ​ឡើយ​ទេ។ ប្រាកដ​ណាស់ អាមេរិក​បាន​ផ្សព្វផ្សាយ​នូវ​វីដេអូ​មួយ តែ​គេ​ត្រូវ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្លាំង​ចំពោះ​វីដេអូ​នោះ ព្រោះ​ជា​រូបភាព​វីដេអូ​ខ្មៅ ស​ដែល​ទីបញ្ជាការដ្ឋាន​កណ្តាល​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​មជ្ឈិមបូព៌ា​នៅ​ក្នុង​ប្រទេស​កាតា​ជា​អ្នក​បញ្ជូន​ឲ្យ។

តាម​រយៈ​វីដេអូ​មួយ​នេះ​ត្រូវ​បាន​អាមេរិក​ចោទ​អ៊ីរ៉ង់​ថា​ជា​អ្នក​នៅ​ពី​ក្រោយ​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​ទាំង ២គ្រឿង​នោះ។ តែ​អ៊ីរ៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​បដិសេធ​ភ្លាមៗ។ ឃើញ​ថា អាមេរិក និង​អ៊ីរ៉ង់​កំពុង​ស្ថិត​ក្នុង​ល្បែង​នៃ​ការ​ឆ្លើយឆ្លង​ពាក្យ​សម្តី​ដែល​បង្កប់​ដោយ​​ការ​ចោទ និង​ការ​បដិសេធ​រវាង​គ្នា​ទៅ​វិញ ទៅ​មក។ កន្លង​មក គេ​ធ្លាប់​បាន​ឮ​សេចក្តីថ្លែងការណ៍​ដែល​មាន​បង្កប់​ដោយ​ន័យ​ពីរ ពិសេស​សេចក្តីថ្លែងការណ៍​របស់​អ៊ីរ៉ង់​ក្នុង​ថ្ងៃទី១០ មិថុនា​ដែល​បរិហារ​លើ​សង្រ្គាម​សេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍​របស់​អ៊ីរ៉ង់​ដដែល​នេះ​ក៏​បាន​បញ្ជាក់​ច្បាស់ៗ​ថា អ្នក​ដែល​បាន​គាំទ្រ​សង្រ្គាមសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់ និង​អ្នក​បញ្ឆេះ​សង្រ្គាម​មួយ​នេះ​ដែល​អ៊ីរ៉ង់​ចង់​និយាយ​សំដៅ​អាមេរិក​នឹង​ទទួល​រង​ការ​សងសឹក​ពី​អ៊ីរ៉ង់​វិញ​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រពែក្ស។ អ៊ីចឹង​នៅ​ពេល​ដែល​មាន​រឿងរ៉ាវ​កើត​ឡើង ដូច​ករណី​ការ​វាយប្រហារ​លើ​កប៉ាល់ដឹកប្រេង​នៅ​ឈូងសមុទ្រ​អូម៉ង់​ពេល​នេះ គេ​ពិត​ជា​នាំ​គ្នា​ចាត់​ទុក​ភ្លាម​ថា​វា​ស្រប​នឹង​ការ​ព្រមាន​បង្ក​អសន្តិសុខ​ផ្លូវសមុទ្រ​នៅ​ក្នុង​ឈូងសមុទ្រពែក្ស។ ដូច្នេះ​វា​ពិត​ជា​រឿង​ស្មុគស្មាញ ពិបាក​ខ្លាំង​ណាស់ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ