អានតួអត្ថបទ

អ៊ីរ៉ង់​ថានៅ​តែ​អាច​បន្ត​លក់​ប្រេង​បាន ទោះបី​ជាប់​​ទណ្ឌកម្ម​អាមេរិក

ទោះ​បី​ជាជាប់​ទណ្ឌកម្ម​​អាមេរិក​យ៉ាងណា​ក៏​ដោយ ក៏អ៊ីរ៉ង់​​នៅ​តែ​អាច​បន្ត​នាំ​ប្រេង​ចេញ​បាន​​ដដែល​ ! គឺ​នាំ​ចេញ​​ទៅ​លក់​តាម​រយៈ​​​ទី​ផ្សារ​ក្រៅ​ផ្លូវការ ឬទីផ្សារ​ងងឹត។ នេះ​បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រី​ក្រសួង​ប្រេងកាត​អ៊ីរ៉ង់ នៅ​ក្នុង​បទ​សម្ភាសន៍មួយ​ ក្រោយ​ពី​អ៊ីរ៉ង់​បាន​ច្រាន​ចោល​សំណើ​របស់​បារាំង​ចង់​រៀចំ​ឱ្យ​មាន​ការ​​ចរចា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឡើង​វិញ​។

ទង់ជាតិ​អ៊ីរ៉ង់​បក់​រវិចៗ នៅ​មណ្ឌលប្រេង Soroush ក្នុង​ឈូង​សមុទ្ទ​ពែក្ស
ទង់ជាតិ​អ៊ីរ៉ង់​បក់​រវិចៗ នៅ​មណ្ឌលប្រេង Soroush ក្នុង​ឈូង​សមុទ្ទ​ពែក្ស REUTERS/Raheb Homavandi
ផ្សាយពាណិជ្ជកម្ម

អ៊ីរ៉ង់​បាន​នាំ​ចេញ​ប្រេង​ឆៅ​ទៅ​លក់ នៅ​តាម​ទីផ្សារ​ក្រៅ​ផ្លូវការ ឬក្រៅ​ផ្លូវ​ច្បាប់ ដែល​សុទ្ធ​សឹង​ជាទីផ្សារ​សម្ងាត់​។ អ៊ីរ៉ង់​មិន​អាច​ប្រាប់​ថា​ជា​ទីផ្សារ​អ្វី​បាន​ឡើយ ព្រោះ​បើ​ពុំ​នោះ​ទី​អាមេរិក​នឹង​ទៅ​បិទ​បញ្ឈប់​ភ្លាម​ជា​មិន​ខាន។ នេះ​ការ​បង្ហើប​ឱ្យ​ដឹង​របស់​លោក​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​ប្រេងឥន្ធនៈ​​ ដែល​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិត​អ្វី​បន្ថែម​ទាក់ទង​នឹង​ការ​លក់​ដូរ​នេះ​ទេ។ សម្រាប់​លោក​រដ្ឋមន្ត្រី អ៊ីរ៉ង់​នឹង​អាច​ផ្តល់​តួលេខ​ស្តី​អំពី​ការ​លក់​​ប្រេង​ឆៅ​ដោយ​សម្ងាត់​នេះ​បាន ដរាប​ណា​តែ​អាមេរិក​លើក​​ទណ្ឌកម្ម​ចេញ​ពី​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ។

ទណ្ឌកម្ម​អាមេរិក​ដាក់​លើ​អ៊ីរ៉ង់​នៅ​ពេល​នេះ ជា​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ទេ​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​អាមេរិក​​​គ្មាន​អ្វី​អាច​ដាក់​បន្ថែម​ឱ្យ​លើស​ពីនេះ​ទៀត​ទេ ! នេះ​ជាការ​យល់​ឃើញ​របស់​លោក​រដ្ឋមន្ត្រី​ដដែល ដែល​ធ្លាប់​អះអាង​ជា​ញយ​ដង​មក​ហើយថា ចេតនា​អាមេរិក​ចង់​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​អ៊ីរ៉ង់​ឱ្យដល់​កំរិត​សូន្យ ជា​​គំនិតរវើរវាយ។

សូម​បញ្ជាក់​ថា​ក្រោយ​ពី​សម្រេច​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ជា​ឯកតោ​ភាគី​មក អាមេរិក​របស់លោក​ត្រាំ បាន​អនុវត្ត​នយោបាយគាប​សង្កត់​​ដាក់​ទណ្ឌកម្ម​មួយហើយ​មួយ​ទៀត ក្នុង​កំរិត​ជា​អតិបរិមា ដើម្បី​បង្ខំ​ឱ្យ​អ៊ីរ៉ង់​ចរចា​ឡើង​វិញ​។

ប៉ុន្តែអ៊ីរ៉ង់​មិន​ញញើត និង​បដិសេធ​​មិនសើរើ​​​ជាដាច់​ខាត​ កិច្ចព្រមព្រៀម​ក្រុង​វីយ៉ែន​ដែល​សម្រេច​បាន​កាលពី​ឆ្នាំ​២០១៥​​ និង​ដែល​អាល្លឺម៉ង់ បារាំង ចិន​ អង់គ្លេស​ និង​រុស្ស៊ី នៅ​បន្ត​គាំទ្រ​និង​ការពារ​។ គំនិត​ផ្តួចផ្តើម​របស់​ប្រធានាធិបតី​បារាំង​ ក្រោយ​មាន​ជំនួប​មួយ​ទល់​នឹង​មួយ​ជាមួយ​លោកដូណាល់ ត្រាំ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ចង់​​មាន​កិច្ចចរចា​ថ្មី​ស្តី​ពី​នុយក្លេអ៊ែរ​ ក៏​ត្រូវ​បាន​អ៊ីរ៉ង់​ច្រាន​ចោល​ទៀត។

អ៊ីរ៉ង់​ធ្លាប់​ទាំង​បាន​គំរាម កាលពី​ខែ​ឧសភា ចង់​ដើរ​ចេញ​ពី​កិច្ចព្រមព្រៀង​អន្តរជាតិតែ​ម្តង។​ រហូត​មកទល់​ពេល​នេះ អ៊ីរ៉ង​បាន​ដាក់​លក្ខខណ្ឌ​ច្បាស់​លាស់​មួយ​​ថា​អាច​នឹង​ព្រម​និយាយ​រក​អាមេរិក​វិញ ដរាប​ណា​តែ​វ៉ាស៊ីនតោន​លើក​ទណ្ឌកម្ម​ចេញ​ និង​​ត្រលប់មក​ចរចា​ក្នុង​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​អន្តរជាតិ​ក្រុង​វីយ៉ែន​តែ​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ