អានតួអត្ថបទ

អង្កេតអន្តរជាតិ ៖ វិច្ឆេទកម្មប្រឆាំងនាវាដឹកប្រេង ជាស្នាដៃរបស់រដ្ឋមួយ តែគ្មានភស្តុតាងថា​ជា​អ៊ីរ៉ង់

​​​វិច្ឆេទកម្ម​ប្រឆាំ​ងនឹង​នាវា​ដឹក​ប្រេង​បួន​គ្រឿង​ កាលពី​ថ្ងៃទី ១២​ឧសភា នៅ​ក្នុង​សមុទ្ទ​អេមីរ៉ាត ទំនង​ជាស្នាដៃ​​​របស់​ប្រទេស​មួយ។ នេះ​បើ​តាម​​សេចក្តី​សន្និដ្ឋាន​បឋមរបស់​ក្រុម​អ្នក​​អង្កេត​ពហុជាតិ ដោយ​ពុំ​បាន​បញ្ជាក់​ថា​ជាឈ្មោះ​​ប្រទេស​ណាមួយ​ឡើយ។ តើ​អាច​ជា​ប្រទេសអ៊ីរ៉ង់​ឬ ? គ្មាន​​ភស្តុតាងណា​មួយ​អាច​​អនុញ្ញាត​ឱ្យ​គេចង្អុល​មុខ​​អ៊ីរ៉ង់​បាន​ឡើយ​ នៅ​ក្នុងដំណាក់កាល​នេះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​អេមីរ៉ាតអារ៉ាប់​រួម។

នាវា​ Andrea Victory ចូល​ផែ​​Fujairah របស់​អេមីរ៉ាតអារ៉ាប់​រួម ក្រោយ​រង​វិច្ឆេទកម្ម​ថ្ងៃទី ១២​ឧសភា ២០១៩
នាវា​ Andrea Victory ចូល​ផែ​​Fujairah របស់​អេមីរ៉ាតអារ៉ាប់​រួម ក្រោយ​រង​វិច្ឆេទកម្ម​ថ្ងៃទី ១២​ឧសភា ២០១៩ REUTERS/Satish Kumar
ផ្សាយពាណិជ្ជកម្ម

ក្រុម​​អង្កេត​ពហុជាតិ ដឹកនាំ​ដោយ​អេមីរ៉ាតអារ៉ាប់រួម និង​បាន​ការ​ចូល​រួម​ពី​​​អារ៉ាប៊ីអាអូឌីត និង​ប្រទេស​ន័រវែស។ លទ្ធផល​អង្កេត​បឋម​នឹង​ត្រូវ​បង្ហាញ​ជូនសមាជិក​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​នេះ ក្នុង​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រៀប​ចំ​ឡើង​ដោយ​បេសកជនអេមីរ៉ាត់អារ៉ាប់​រួមប្រចាំ​អង្គការ​សហប្រជាជាតិ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​ បី​ប្រទេសបាន​អះអាង​ថា “ថ្វីបើការអង្កេត​នៅ​មិន​ទាន់​បញ្ចប់​មែន ប៉ុន្តែ​មាន​សញ្ញា​ជា​ច្រើន​បញ្ជាក់​ថា ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​ទាំង​បួន ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌនៃ​ប្រតិបត្តិការ​ដ៏​ទំនើប​ និង​​ដឹកនាំ​ធ្វើ​ដោយ​ជន​ដែល​មាន​សមត្ថភាព​ខ្ពស់​ខ្លាំង ពោលគឺ​ទំនង​ជា​ស្នាដៃ​របស់​រដ្ឋ​មួយ”។ លទ្ធផល​នៃ​ការ​អង្កេត​បឋម​បានបង្ហាញ​ឱ្យ​ឃើញ​​​ថា ​ជា​វិច្ឆេទកម្ម ​​ដោយ​​ប្រើ​គ្រាប់​មីនដែក​ឆក់ ដែល​អ្នក​មុជ​ទឹក​យក​​ទៅ​បិទ​នឹងបាត​ទូក​​​។ ​ ទង្វើ​បែប​នេះ ត្រូវ​ការសមត្ថភាព​ផ្នែក​ចារកិច្ច​ខ្ពស់ ក្នុង​ការ​ជ្រើសរើស​ផ្ទាំង​ស៊ីប ព្រោះ​នាវា​ទាំង​បួន មិន​ស្ថិត​នៅ​កន្លែង​តែ​មួយ​ផង។ នេះ​ជា​ការ​យល់​ឃើញ​របស់​អេមីរ៉ាត។​

សូម​បញ្ជាក់​ថា កាលពី​​ថ្ងៃទី ១២​ឧសភា នាវា​បួន​គ្រឿង​ ពីរ​ជា​របស់​អារ៉ាប៊ីសាអូឌីត មួយ​ជា​ន័រវែស និង​មួយ​ទៀត​ពាក់​ផ្លាក​អេមីរ៉ាត បាន​រងការ​វាយប្រហារ នៅ​ក្នុង​ដែន​ទឹក​អេមីរ៉ាត មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កំពង់ផែ​Fujairah ​ដោយ​ជាតិ​ផ្ទុះ និង​ធ្វើ​ឱ្យ​ខូច​ខាត​ជា​ដំណំ។ ក្រោយ​ហេតុការណ៍​ភ្លាម សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​ដោយ​ចំៗ ថា​អ៊ីរ៉ង់​ទំនង​ជា​អ្នក​នៅ​ពីក្រោយ​ទង្វើ​វិច្ឆេទកម្ម​នេះ ដើម្បី​ដំឡើង​ថ្លៃ​ប្រេង ក្នុង​ខណៈ​ដែល​វ៉ាស៊ីនតោន​កំពុង​សាកល្បង​បិទ​ខ្ទប់​និង​ដាក់ទណ្ឌកម្ម​អ៊ីរ៉ង់​មិន​ឱ្យ​នាំ​ប្រេង​ចេញ។ ចំណែក​អារ៉ាប៊ីសាអូឌីត បាន​ទាមទារ​សេចក្តី​សម្រេច​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ព្រោះ​វិច្ឆេទកម្ម​បែប​នេះ​ប៉ះពាល់​ដល់​សន្តិសុខចរាចរណ៍​ផ្លូវ​ទឹក​អន្តរជាតិ​ផង និង​ដល់​ការ​ផ្គត់ផ្គង់​ប្រេង​ផង។​

តែ​អ៊ីរ៉ង់​បាន​បដិសេធ​។ ហើយ​បើ​តាម​អ្នក​ការទូតមួយ​ចំនួន​​ តួនាទី​របស់​អ៊ីរ៉ង់ជា​យថាហេតុ​ក្នុង​សកម្មភាព​ធ្វើ​វិច្ឆេទ​កម្ម​នេះ​ ​នឹង​មិន​ត្រូវ​បាន​លើក​មក​ជជែក​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ឡើយ។ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ី​​យល់​ថា​ គេ​មិន​ត្រូវ​ប្រញាប់​ប្រញាប់​ធ្វើ​សេចក្តី​សន្និដ្ឋាន​ពេក​ទេ។ ការ​អង្កេត​នៅ​កំពុង​បន្ត​ធ្វើ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ