អានតួអត្ថបទ
សហរដ្ឋអាមេរិក

ខ្មាន់កាំភ្លើង​ចូល​បាញ់​រះ​សម្លាប់​មនុស្ស នៅ​សាលាក្រុង ឆ្នេរសមុទ្រ Virginia

បុគ្គលិក​ម្នាក់ របស់​សាលាក្រុង ក្នុង​រដ្ឋ​Virginia ប៉ែក​ខាងកើត​សហរដ្ឋអាមេរិក បាន​ចូល​បាញ់រះ​សម្លាប់​មនុស្ស នៅ​ក្នុង​អគារ​ដែល​ខ្លួន​ធ្លាប់ធ្វើការ។ តាម​ប្រធាន​ប៉ូលិស​ក្រុងVirginia មនុស្ស​១២នាក់​ស្លាប់ និង​៤នាក់​ទៀត​រងរបួស នៅក្នុង​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស កាលពី​ថ្ងៃ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​នេះ។ 

ប៉ូលិស​ជម្លៀស​មនុស្ស​ចេញពី​អគារ​ដែល​ខ្មាន់កាំភ្លើង​ចូល​ទៅ​បាញ់រះសម្លាប់មនុស្ស​កាលពី​ថ្ងៃសុក្រទី ៣១​ឧសភា ២០១៩ នៅ​ទីក្រុង​ឆ្នេរសមុទ្រ Virginia
ប៉ូលិស​ជម្លៀស​មនុស្ស​ចេញពី​អគារ​ដែល​ខ្មាន់កាំភ្លើង​ចូល​ទៅ​បាញ់រះសម្លាប់មនុស្ស​កាលពី​ថ្ងៃសុក្រទី ៣១​ឧសភា ២០១៩ នៅ​ទីក្រុង​ឆ្នេរសមុទ្រ Virginia ©WAVY-TV/NBC/via REUTERS
ផ្សាយពាណិជ្ជកម្ម

តួលេខ​ជនរងគ្រោះ​ស្លាប់​ដោយសារ​ការបាញ់រះ​នៅ​ក្នុង​អគារ​សាលាក្រុង Virginia បាន​កើនឡើង​ដល់​១២​នាក់ បន្ទាប់​ពី អ្នករបួស​ម្នាក់​ដាច់ខ្យល់​ស្លាប់ នៅតាម​ផ្លូវ​ទៅ​មន្ទីរពេទ្យ។ តាម​​ប្រធាន​ប៉ូលិស​ទីក្រុង​ឆ្នេរសមុទ្រ Virginia លោក James Cervera ហេតុការណ៍​បាញ់រះ នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ បាន​ធ្វើ​ឲ្យ​មនុស្ស​៤នាក់​ផ្សេងទៀត​រងរបួស ចំណែក​ប៉ូលិស​ម្នាក់​អាច​រួចរស់​ជីវិត​ដោយសារ​អាវពាក់ការពារ​គ្រាប់។

សោកនាដកម្ម​បាញ់​សម្លាប់មនុស្ស កើត​មាន​ឡើង នៅក្នុង​អគាររដ្ឋបាល​របស់​សាលាក្រុង ឆ្នេរសមុទ្រ នៅពេល ខ្មាន់កាំភ្លើង ដែល​ជា​បុគ្គលិក​បម្រើការ​នៅទីនោះ ដ៏យូរឆ្នាំមកហើយ បាន​ចូល​ទៅ​បាញ់រះ សម្លាប់មនុស្ស ដោយ​មិន​រើសមុខ។ ជនដៃដល់​បាន​ស្លាប់ ដោយសារ​សារ​មុខរបួស នៅក្នុង​ពេល​បាញ់តបត​ជាមួយ​ប៉ូលិស ដែល​មាន​ជំនួយ​ពី​ប៉ូលិស​សហព័ន្ធ FBI។ នៅ​កន្លែង​កើតហេតុ ប៉ូលិស​រិបអូស​បាន​កាំភ្លើងដៃ​មួយដើម និង​កាំភ្លើង​បាញ់រះ​ស្វ័យប្រវត្តិ​មួយដើម ជាមួយ​នឹង​បង់​ដែល​បាញ់អស់​​គ្រាប់ ជា​ច្រើនបង់។

គេ​នៅ​មិនទាន់​ដឹង​ពី​មូលហេតុ ដែល​ជំរុញ​ឲ្យ​ជនដៃដល់​លើកដៃ បាញ់​សម្លាប់​មនុស្ស​នៅ​កន្លែង​ដែល​ខ្លួន​ធ្វើការនោះ នៅឡើយទេ ប៉ុន្តែ ប្រធាន​ប៉ូលិស​ក្រុង​បាន​តឹ្រម និយាយ​ថា ជនដៃដល់​មិន​សប្បាយចិត្ត ប៉ុន្តែ មិន​លម្អិត​ច្រើន​នោះទេ។

គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៩ នេះ​ជាលើក​ទី ១៥០​ហើយ ដែល​មាន​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស ក្នុង​ទឹកដី​អាមេរិក។ សោកនាដកម្ម បាញ់រះ​សម្លាប់​មនុស្ស នៅ​រដ្ឋ​Virginia រឹតតែ​ធ្វើ​ឲ្យគេ​ចោទខ្លាំង​លើ​បញ្ហា​ទិញ និង​គ្រប់គ្រង​ការប្រើប្រាស់ នៅ​អាមេរិក ព្រោះថា គឺ​នៅ​រដ្ឋ​ Virginia នេះ​ឯង ដែល​មានទីស្នាក់ការ​របស់​សមាគមអាវុធ​ជាតិ ដែល​ជា​សមាគម​ការពារ ជំរុញ ​ឲ្យ​មាន​ការប្រើប្រាស់​អាវុធ ក្នុង​ចំណោម​ប្រជាជនអាមេរិកាំង។

នៅ​រដ្ឋVirginia ដែល​សំបូរ​រស់នៅ​ដោយ​ប្រជាជន​អាមេរិកាំង អភិរក្សនិយម ធ្លាប់ កើតមាន​ហេតុការណ៍​បាញ់រះ​សម្លាប់មនុស្ស​ម្តងហើយ កាលពី​ឆ្នាំ ២០០៧ ដែល​កាលណោះ និស្សិត ធ្លាក់​បាក់ទឹកចិត្ត​ម្នាក់ ចូល​ទៅបាញ់រះ​សម្លាប់មនុស្ស ៣២​នាក់ នៅក្នុង​សកលវិទ្យាល័យ​បច្ចេកវិទ្យា។ រាល់​ការបាញ់រះ​សម្លាប់​មនុស្ស​តែង​បង្ក​ឲ្យ​ការពិភាក្សា ស្តីពី​ការគ្រប់គ្រង ប្រើប្រាស់​អាវុធ ប៉ុន្តែ យ៉ាងណាក៏ដោយ ទោះបី​ជា​មានការអំពាវនាវ​ឲ្យ​មានការកែប្រែ​ច្បាប់​ប្រើប្រាស់​អាវុធ ច្បាប់​សហព័ន្ធ​ស្តីពី​អាវុធ នៅតែ​ដដែល គ្មានប្រែប្រួល​អ្វីសោះ នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ