rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ
rss itunes

លោកដូណាល់ ត្រាំ​គំរាមដំឡើង​ពន្ធ បើសិន​ម៉ិចស៊ិក​មិន​ជួយ​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍

ដោយ ឈាង បុប្ផា

ខឹង​ក្តៅក្រហាយ​ខ្លាំង​នឹង​លំហូរ​ជនអន្តោប្រវេសន៍​ខុសច្បាប់ កាន់តែច្រើន នៅ​ព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៣១​ឧសភា បាន​ប្រកាស គំរាម​ដំឡើង បាន​គំរាម​ដំឡើង​ពន្ធ​ ពី ៥% រហូត​ដល់​២៥% លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក ចាប់​ពី​ថ្ងៃទី ១០​មិថុនា បើសិន រដ្ឋាភិបាល​ម៉ិចស៊ិក​មិន​ចាត់វិធានការ​ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ ដែល​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​អាមេរិក។ តើ​មធ្យោបាយ​គំរាម​ដំឡើង​ពន្ធ​លើទំនិញ​ម៉ិចស៊ិក នឹង​អាច​មាន​ប្រសិទ្ធិភាព ដើម្បី​ទប់ស្កាត់ កុំ​ឲ្យ​ជនអន្តោប្រវេសន៍ ឆ្លងដែន​ខុសច្បាប់​ចូលទៅ​ទឹកដី​អាមេរិក​ដែរឬទេ?

 

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​ប្រកាស គំរាម​ដំឡើងពន្ធ​លើ​ផលិតផល​នាំចូល​ពី​ម៉ិចស៊ិក បើសិន រដ្ឋាភិបាល​ម៉ិចស៊ិក មិន​ចាត់វិធានការ​ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ ដែល​កំពុងប្រើប្រាស់​ទឹកដីម៉ិចស៊ិក ដើម្បី ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​អាមេរិក។ តាម​សេចក្តីថ្លែងការណ៍​របស់សេតវិមាន ចាប់ពីថ្ងៃទី ១០​មិថុនា​តទៅ អាមេរិក​នឹង​ដំឡើងពន្ធ ពី ៥% ដល់​២៥% លើទំនិញ នាំចូល​ពី​ម៉ិចស៊ីក បើសិន​រដ្ឋាភិបាល​ម៉ិចស៊ិក​មិន​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​ជនអន្តោប្រវេសន៍។

រហូតមកដល់​សព្វថ្ងៃនេះ ទំនិញ​ម៉ិចស៊ិក ត្រូវ​នាំចូល​ទៅ​អាមេរិក ដោយសេរី ដោយ​គ្មាន​បង់ពន្ធអ្វី​នោះទេ។ ប៉ុន្តែ ចាប់ពី​ថ្ងៃ ទី ១០​មិថុនា​ខាងមុខ កម្រិត​ដំឡើង​ពន្ធ លើ​ទំនិញនាំចូល​ពីម៉ិចស៊ិក ទៅ​អាមេរិក នឹង​កើន​ឡើងប្រមាណ ៥% ក្នុង​មួយខែៗ។ ចាប់ពី​ខែ តុលា ឆ្នាំនេះ អាមេរិក​នឹង​ដំឡើងពន្ធ​ដល់​២៥%​លើទំនិញ​នាំចូល​ពីម៉ិចស៊ិក បើសិន អាមេរិក​វាយតម្លៃថា រដ្ឋាភិបាល​ម៉ិចស៊ិក​គ្មាន​ចាត់វិធានការ​គ្រប់គ្រាន់ ដើម្បី​ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ ទៅ​ក្នុង​ទឹកដី​អាមេរិក។

សេតវិមាន​អះអាង​ថា ការដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូលពី​ម៉ិចស៊ិក នឹង​មិន​ទៅ​បំផ្លាញ កិច្ចព្រមព្រៀង អាមេរិក កាណាដា និង​ម៉ិចស៊ិក

នៅ​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋបាល​លោកដូណាល់ ត្រាំ បាន​បញ្ជូន កិច្ចព្រមព្រៀង អាមេរិក ម៉ិចស៊ិក និង​កាណាដា មាន​ចែង​ពី​ការដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី ការលុបចោល​របាំងពន្ធគយ​រវាង​ប្រទេស​ទាំងបី ទៅ​ឲ្យ​សភា​ផ្តល់​សច្ចាប័ន។ នៅ​ថ្ងៃ​ដដែល លោកដូណាល់ ត្រាំ បាន​ប្រកាស​គំរាម​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក។ លោកដូណាល់ ត្រាំ ​កំពុងតែ​ដើរបញ្ច្រាស​ផ្ទុយ ពី​អត្ថន័យ របស់​កិច្ចព្រមព្រៀង​អាមេរិក-ម៉ិចស៊ិក-កាណាដា (USMCA) ដែល​លោក​ផ្ទាល់ បាន​ចុះត្ថលេខា កាលពី​ចុងឆ្នាំ ២០១៨។ តាមរយៈ​កិច្ចព្រមព្រៀង កាណាដា និង​ម៉ិចស៊ិក​បាន​ចរចា​ឲ្យ​អាមេរិក​លុប​ចោល​ទៅវិញ ពន្ធ​លើ​ដែកថែប និង​អាលុយមីញ៉ូម នាំចូល​ពី កាណាដា និង​ម៉ិចស៊ិក ដែល​លោកដូណាល់ ត្រាំបាន​ប្រកាស ដំឡើង នៅ​ឆ្នាំ ២០១៧។ លើកនេះ ដោយ​ប្រកាស ដំឡើង​ពន្ធ​លើ​ផលិតផល​នាំចូល​ពី​ម៉ិចស៊ិក ដោយ​គ្មាន​បញ្ជាក់​មុខទំនិញ​អ្វីសោះ អាមេរិក​នឹង​អាច​ត្រូវ​គេ​ចោទ​ថា រំលោភ​លើ​កិច្ចព្រមព្រៀង។

ប៉ុន្តែ សម្រាប់​ប្រធាន​ខុទ្ទកាល័យ​របស់​សេតវិមាន រឿងដំឡើងពន្ធ​លើ​ទំនិញ នាំចូល​ពី ម៉ិចស៊ិក ហើយ​និង​កិច្ចព្រមព្រៀង កាណាដា ម៉ិចស៊ិក និងអាមេរិក ជា​រឿង​ពីរ ចែក​ដាច់​ពីគ្នា។ មួយ​ជា​រឿង​តម្លៃពន្ធ សម្រាប់​ករណី​មាន​ជម្លោះ​ពាណិជ្ជកម្ម និង​មួយទៀត ជា​រឿងដំឡើង​ពន្ធ នៅពេល​មាន​បញ្ហា​ជនអន្តោប្រវេសន៍។ នេះ​ជា​ការបកស្រាយ​បែបការពារ​ខ្លួន​របស់​សេតវិមាន ប៉ុន្តែ ភាគី​ម៉ិចស៊ិក​វិញ​បាន​ប្រតិកម្ម​រួចហើយ​ថា នឹង​ចាត់វិធានការ​តបវិញ បើសិន​អាមេរិក​ដំឡើងពន្ធ​លើទំនិញ នាំចូល​ពី​ម៉ិចស៊ិក​មែន។

ប្រធានាធិបតី ម៉ិចស៊ិក លោក Andres Manuel Lopez Obrador បាន​ទូរស័ព្ទ​ទៅ​លោក​ដូណាល់ ត្រាំ ដោយ​ថា ម៉ិចស៊ិក ហើយ​និង​មន្រ្តី​ពាណិជ្ជកម្ម​អាមេរិកផ្ទាល់​សង្ឃឹមថា ភាគី​ទាំងពីរ នឹង​អាច​ដោះស្រាយ បញ្ហា​ខ្វែងគំនិត​គ្នា​ឲ្យ​បាន​កាន់តែឆាប់ ដើម្បី​ជៀសវាង មហន្តរាយ​សេដ្ឋកិច្ច ព្រោះថា ការដំឡើង​ពន្ធ​មិនត្រឹមតែ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់ម៉ិចស៊ិក​តែប៉ុណ្ណោះទេ ប៉ុន្តែ វា​ប៉ះពាល់​ផងដែរ ដល់​អ្នកប្រើប្រាស់​ក្នុង​ទឹកដី​អាមេរិក ដែល​ពឹងផ្អែក​ច្រើន​លើទំនិញ ប្រើប្រាស់ ដែល​មាន​តម្លៃថោក នាំចូល​ពី​ម៉ិចស៊ិក៕

 

ចំនួន​ជនអន្តោប្រវេសន៍​ខុសច្បាប់ បានកើនឡើង​ដល់​កម្រិត​កំពូល មិនធ្លាប់ នៅអាមេរិក

អាជ្ញាធរ​ការពារ​ព្រំដែន​អាមេរិក ដែល​ប្រចាំការ​នៅ​ព្រំដែន ជាមួយ​ម៉ិចស៊ិក លែង​អាច​គ្រប់គ្រង​បញ្ហា​ជនអន្តោប្រវេសន៍​ ។ ចំនួន ជនអន្តោប្រវេសន៍​ខុសច្បាប់ ដែល​អាជ្ញាធរ​អាមេរិក ចាប់ឃាត់ខ្លួន នៅព្រំដែន​ជាមួយ​ម៉ិចស៊ិក បាន​កើនឡើង​ជា​រៀងរាល់​ថ្ងៃ ប្រមាណ ៤៥០០​នាក់ ក្នុង​មួយថ្ងៃៗ។ តាម​ទីភ្នាក់ងារ​ការពារ​ព្រំដែន​អាមេរិក ចាប់តាំង​ពីខែ​តុលា ឆ្នាំមុន រហូត​ដល់​ខែ​មេសាឆ្នាំ​នេះ ចំនួន​ជនអន្តោប្រវេសន៍ ដែល​ឆ្លងដែន​ខុសច្បាប់ ទៅ​ក្នុង​ទឹកដី​អាមេរិក​បាន​កើនឡើង​ដល់​ចំនួន​បំបែក​ឯតទគ្គកម្ម ជិត ៥សែននាក់។

នៅពេល​ដែល​អាជ្ញាធរ ឆ្មាំព្រំដែន​អាមេរិក អស់​សមត្ថភាព លែង​អាច​គ្រប់គ្រង ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ ដែល​មាន​កាន់តែច្រើន លោកដូណាល់ ត្រាំ ដែល​មិន​អាច​បិទព្រំដែន​ជាមួយ​ប្រទេស​ម៉ិចស៊ិក ដោយសារ​ខ្លាច​មាន​គ្រោះមហន្តរាយ​សេដ្ឋកិច្ច របស់​ប្រទេស​ទាំងពីរ គឺ​មាន​តែ​ដើរជម្រើស​ចុងក្រោយ​គឺ ដំឡើង​ពន្ធ ដើម្បី ដាក់​សម្ពាធ​លើ​ភាគី​ម៉ិចស៊ិក។

ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍ ខុសច្បាប់ ទៅក្នុង​ទឹកដី​អាមេរិក គឺ​ជា​នយោបាយ​អាទិភាព របស់​លោក​ដូណាល់ ត្រាំ តាំង​ពីក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។ ដើម្បី ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​ចាត់វិធានការ​កណ្តាប់ដៃដែក ជាច្រើន ដូចជា ផ្តាច់ជំនួយ ដល់​ប្រទេស​អាមេរិក​កណ្តាល​ចំនួន ៣ ដូចជា​ក្វាតេម៉ាឡា សាល់វ៉ាដ័រ និង​ហុងឌុយរ៉ាស ដែល​ជា​ប្រភព​ចាកចេញ​ភាគច្រើន របស់​ជនអន្តោប្រវេសន៍។ លោកដូណាល់​ត្រាំ ធ្លាប់​បាន​ទាមទារ​ថវិកា​សាងសង់​ជញ្ជាំង នៅ​ព្រំដែនជាមួយ​ប្រទេស​ម៉ិចស៊ិក ដែល​ជា​ច្រកចូលសំខាន់​របស់​ជនអន្តោប្រវេសន៍​ខុសច្បាប់ ប៉ុន្តែ មិនបាន​សំរេច ដោយសារ​សភា​មិន​យល់ស្រប​តាម។ លោកដូណាល់ ត្រាំ ធ្លាប់​បាន​បញ្ជា​ឲ្យ​ចាប់ឃុំខ្លួន ជនអន្តោប្រវេសន៍ ទាំង​គ្រួសារៗ ប៉ុន្តែ តុលាការ​សហព័ន្ធ​អាមេរិក បាន​សម្រេច​ចាត់ទុក ការបញ្ជា​របស់​ប្រធានាធិបតី ជាមោឃៈ ក្នុង​ហេតុផលថា ​វិធានការ​របស់​ប្រធានាធិបតី មាន​លក្ខណៈអមនុស្សធម៌ បំបែក​កូនៗ​ពី​ឪពុកម្តាយ។

នយោបាយ​ដំឡើងពន្ធ ជា​អាវុធ​ពិសេស លោកដូណាល់ ត្រាំ ចូលចិត្ត​ប្រើ​ជាមួយ​ដៃគូចរចា

លោកដូណាល់ ត្រាំ ធ្លាប់​ប្រកាស​កាត់ផ្តាច់​ជំនួយ ដល់​ប្រទេស​ក្វាតេម៉ាឡា អេលសាល់វ៉ាឌ័រ និង​ហុងឌូរ៉ាស ដែល​ជា​ប្រភព​ចាកចេញ​របស់​ជនអន្តោប្រវេសន៍ ក្នុង​ហេតុផល​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​នោះ គ្មាន​ចាត់វិធានការ​អ្វី ដើម្បី​ទប់ស្កាត់​ប្រជាជន​របស់ខ្លួន ដើម្បី ចាកចេញ​ពី​ប្រទេស។ ប៉ុន្តែ នយោបាយ​របស់​លោកដូណាល់ ត្រាំ បរាជ័យ​ធ្លាក់ទឹក ព្រោះ ជនអន្តោប្រវេសន៍​នៅតែ បន្ត​ចាកចេញ​ពីប្រទេស ធ្វើដំណើរសំដៅ​ទឹកដី​អាមេរិក​ដដែល។

សម្រាប់​អ្នកជំនាញ​ខាងអន្តោប្រវេសន៍ ដែល​កាសែត​អាមេរិក Washington Post បាន​ជួប​សំភាសន៍ នយោបាយ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំចូល​ពី​ម៉ិចស៊ិក នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​សេដ្ឋកិច្ច​ម៉ិចស៊ិក។ សេដ្ឋកិច្ច​ចុះ​ខ្សោយ​របស់​ម៉ិចស៊ិក នឹង​ធ្វើ​ឲ្យ​ប្រជាជន​របស់​ប្រទេស​នេះ ធ្វើ​ចំណាកស្រុក ឆ្លងដែន ចូលទៅ​រក​ការងារ​ធ្វើ នៅ​អាមេរិក។ អាច​និយាយ​ម្យ៉ាងថា វិធានការ​ដំឡើងពន្ធ​របស់​លោកដូណាល់ ត្រាំ មិនត្រឹម​តែ​មិនទៅ​ជួយ​ទប់ស្កាត់ លំហូរ​ជនអន្តោប្រវេសន៍ ពី តំបន់​អាមេរិក​កណ្តាល​តែ​ប៉ុណ្ណោះទេ ប៉ុន្តែ ផ្ទុយទៅវិញ វារឹតតែ​ជំរុញ ឲ្យ​ប្រជាជន​ម៉ិចស៊ិក ដែល​គ្មាន​ការងារ​ធ្វើ ដោយសារ​តែ​នយោបាយ ដំឡើងពន្ធ​នោះ ធ្លាក់​ខ្លួន ជា​ជន​អន្តោប្រវេសន៍ សម្រុក​ចូល​ទៅ​ទឹកដី​អាមេរិក បន្ថែម​មួយកម្រិត​ទៀត៕

Brexit៖សហភាពអឺរ៉ុប និងអង់គ្លេសចាត់ទុកកិច្ចព្រមព្រៀងថ្មីមានយុត្តិធម៌ និងមានតុល្យភាព

ប្រមុខ​ដឹកនាំហុងកុង ខកខាន​មិន​បាន​ថ្លែង​គោលនយោបាយ​ប្រចាំឆ្នាំ ​នៅ​ចំពោះ​មុខ​សភា​

Unicef៖មានកូនក្មេងម្នាក់ក្នុងចំណោម ៣នាក់ជួបបញ្ហាកង្វះអាហារូបត្ថម្ភ

ក្រុម​យុទ្ធជន​​គួឌីស្ថាន​ស៊ីរី​​ចុះកិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​ដាម៉ាស ដើម្បី​ទប់ទល់​នឹង​តួកគី

អេក្វាទ័រ៖ក្រោយផ្ទុះវិបត្តិសង្គមអស់ ១១ថ្ងៃ ប្រធានាធិបតី និងសហគមន៍ជនជាតិដើមម្ចាស់ស្រុកយល់ព្រមចូលតុចរចា

តួកគី​បន្ត​ការ​វាយលុក​នៅស៊ីរី​ ទោះបី​រង​សម្ពាធ​ទណ្ឌកម្ម​ច្រើនឡើង​​ពី​អាមេរិក​

នាយករដ្ឋ​មន្ត្រី​អេត្យូពី Abiy Ahmed ជាជ័យ​លាភី​ណូបែល​សន្តិភាព​២០១៩

តួកគី​រង​ការ​រិះគន់​ជុំទិស ទាក់ទង​នឹង​ការវាយប្រហារ​ទៅលើ​ទីតាំង​គួឌីស្ថាន​នៅ​ស៊ីរី

ស្វែង​រក​លុយ​ចំនួន ១៤ ០០០លានដុល្លារ​ដើម្បី​បន្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំងនឹងជំងឺស៊ីដា ជំងឺរបេង និងជំងឺគ្រុនចាញ់

សង្គ្រាម​ពាណិជ្ជកម្ម៖ លោក ត្រាំ ថាចង់​បាន​កិច្ចព្រមព្រៀង​រួម​គ្រប់​វិស័យ​ជាមួយចិន ​

ការវាយប្រហារ​នៅ​ទីស្នាក់ការ​ប៉ូលិស​ក្រុង​ប៉ារីស រំលេច​ឱ្យ​ឃើញ​ពីចន្លោះប្រហោង​នៃចារកិច្ចបារាំង

បាតុកម្ម ៥ថ្ងៃ ដែល​សម្លាប់​ជនជាតិ​អ៊ីរ៉ាក់ ជិត​១០០នាក់ និង​របួស ជាង ៤ពាន់នាក់

ហុងកុង៖ បាតុកម្ម​កាន់តែ​ហិង្សា​ឡើង ក្រោយ​អាជ្ញាធរ​ហុងកុង​ចេញ​ច្បាប់​ថ្មី ហាម​​មិន​ឱ្យ​ពាក់​ម៉ាស់​បិទមុខ​ធ្វើ​បាតុកម្ម​

លោកដូណាល់ ត្រាំ​ស្នើសុំ​ជាចំហ ឲ្យ​ចិន​ស៊ើបអង្កេត​កូនប្រុស​​លោក Joe Biden

អ៊ីរ៉ាក់៖មូលហេតុដែលបានបញ្ឆេះកំហឹងប្រជាជនឲ្យចុះផ្លូវធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល

Brexit: នាយករដ្ឋមន្ត្រី​អង់គ្លេស ចង់ដាក់​សំណើ​ថ្មីបែង​ចែក​«ព្រំដែនពីរ»​រវាង​អង់គ្លេស​និង​អៀរឡង់​

ចិនបានបង្ហាញមហិទ្ធិឫទ្ធិប្រាប់ពិភពលោកនៅក្នុងខួប ៧០ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

មរណភាព​របស់លោកហ្សាក់ ស្ហៀរ៉ាក់៖ ហេតុអ្វី​អាមេរិក​យឺតយ៉ាវ​ចេញសេចក្តីថ្លែងការ​រំលែកទុក្ខ?

បារាំង ៖ អគ្គីភ័យ​នៅរោងចក្រ​គីមី​កំពុង​បំផុស​ក្តី​បារម្ភ​ចំពោះ​សុខភាព​និង​បរិស្ថាន

អាហ្វហ្កានីស្ថាន៖ការរៀបចំបោះឆ្នោតប្រធានាធិបតីពោរពេញដោយហានិភ័យ និងការភ័យខ្លាច