rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង
ទស្សនៈព្រឹត្តិការណ៍ពិភពលោក
rss itunes

ស្ថានការណ៍នឹងអាក្រក់ ហើយមហន្តរាយខ្លាំងជាងនៅអ៊ីរ៉ាក់ បើអាមេរិកសម្រេចវាយប្រហារអ៊ីរ៉ង់

ដោយ គួច គន្ធារ៉ា

ស្ថានភាព​ហាក់​កំពុង​ឡើង​តានតឹង​ដល់​កំពូល​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីរ៉ង់។ បន្ទាប់​ពី​បាន​ដក​អាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ឡើង​វិញ​លើ​អ៊ីរ៉ង់ និង​បន្ទាប់​ពី​បាន​បញ្ជូន​នាវាចម្បាំង យន្តហោះ​ទម្លាក់គ្រាប់បែក​ទៅ​ក្នុង​តំបន់​ឈូងសមុទ្រពែក្ស​មក ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​បាន​ព្រមាន​ខ្លាំង​ថា បើ​អ៊ីរ៉ង់​ហ៊ាន​ប្រយុទ្ធ​ទល់​នឹង​អាមេរិក អ៊ីរ៉ង់​នឹង​ត្រូវ​រលាយ​ជា​ស្ថាពរ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​អាមេរិក​ហ៊ាន​សំពង​អ៊ីរ៉ង់​ដូច​ដែល​អាមេរិក​បាន​សំពង​អ៊ីរ៉ាក់​កាល​ពី​ឆ្នាំ ២០០៣ ឬ​អត់​ទេ។ តែ​បើ​អាមេរិក​សម្រេច​សំពង​អ៊ីរ៉ង់​មែន នោះ​ស្ថានការណ៍​នឹង​អាក្រក់ ហើយ​មហន្តរាយ​ខ្លាំង​ជាង​សំពង​អ៊ីរ៉ាក់​ទៅ​ទៀត។

បើ​ផ្អែក​លើ​ស្ថានការណ៍​វិវត្តន៍​ចុង​ក្រោយ​រវាង​អាមេរិក និង​អ៊ីរ៉ង់​នាំ​ឲ្យ​គេ​មើល​ឃើញ​ថា ហានិភ័យ​នៃ​ការ​ផ្ទុះសង្រ្គាម​រវាង​សត្រូវ​ទាំង​ពីរ​កំពុង​កើន​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​មើល​ពេល​នេះ​គឺ​ថា តើ​ភាគី​ណា​ជា​អ្នក​បញ្ឆេះ​សង្រ្គាម​មុន​គេ នោះ​បើ​ទោះ​បី​ជា​ខណៈ​នេះ វ៉ាស៊ីនតោន និង​តេហេរ៉ង់​សុទ្ធ​តែ​បាន​បញ្ជាក់​ពី​ការ​មិន​ចង់​មាន​សង្រ្គាម​ក៏​ដោយ។ គេ​ពិត​ជា​នៅ​ចាំ​បាន​មិន​ភ្លេច​កាល​ពី ១៦ឆ្នាំ​មុន ពោល​ក្នុង​ឆ្នាំ ២០០៣ អាមេរិក​ក្នុង​ជំនាន់​ប្រធានាធិបតី George W Bush បាន​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​អ៊ីរ៉ាក់​ដើម្បី​ផ្តួល​រំលំ​របប​ដឹកនាំ​របស់​ប្រធានាធិបតី​សាដាម ហ៊ូសេន។ កាល​ណោះ រដ្ឋបាល​របស់​លោក Bush កូន​បាន​ចុះ​អ៊ីរ៉ាក់​ទៅ​ក្នុង​បញ្ជី​ប្រទេស​សភាវៈអាក្រក់ និង​ចោទ​ពី​បទ​មាន​អាវុធប្រល័យលោក។

គេ​ត្រូវ​រង់ចាំ​ដល់​ឆ្នាំ ២០១១ ទើប​អាមេរិក​បិទ​បញ្ចប់​សង្រ្គាម​នៅ​អ៊ីរ៉ាក់​ជា​ផ្លូវការ​ដោយ​ទទួល​បាន​លទ្ធផល​អាក្រក់​ក្រៃលែង ព្រោះ​នៅ​ទីបំផុត អាមេរិក​មិន​បាន​រក​ឃើញ​អាវុធប្រល័យលោក​របស់​សាដាម ហ៊ូសេន​ទេ។ បន្ទាប់​មក និង​ក្រៅ​ពី​បាន​ចំណាយ​ជីវិត​ទាហាន និង​លុយកាក់​អាមេរិក​យ៉ាង​ច្រើន​សម្បើម លោក Bush ក៏​បាន​រុញ​ប្រទេស​ជង្រុក​ប្រេងឆៅ​នៅ​ដើមបូព៌ា​មួយ​នេះ​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ និង​សង្រ្គាម​ហែកហួរ​ផ្ទៃក្នុង​រវាង​និកាយ​សាសនា​ខុស​គ្នា​ទៀត​ផង។ ទាំង​នេះ​នៅ​មិន​ទាន់​និយាយ​ដល់​ការ​ជ្រៀត​ចូល​របស់​ពួក​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ទេ។ ផ្តើម​ចេញ​ពី​បទពិសោធន៍​ដ៏​ល្វីង​ជូរចត់​ទាំង​នេះ​នាំ​ឲ្យ​គេ​សម្លឹង​ឃើញ​ថា បើ​អាមេរិក​ហ៊ាន​វ៉ៃ​អ៊ីរ៉ង់ អាមេរិក​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​ជាង​សង្រ្គាម​នៅ​អ៊ីរ៉ាក់​កាល​ពី ១៦ឆ្នាំ​មុន​ទៅ​ទៀត។

ការ​ហ៊ាន​និយាយ​អះអាង​យ៉ាង​ដូច​នេះ​ដោយ​គេ​សំអាង​លើ​កត្តា​មួយ​ចំនួន រួម​មាន​កត្តា​យោធា ឬ​កត្តា​ភូមិសាស្រ្ត។ តាម​ការ​ប៉ាន់ប្រមាណ​ក្នុង​ឆ្នាំ ២០០៥ អ៊ីរ៉ាក់​មាន​កងទ័ព​មិន​ដល់ ៤៥០ ០០០នាក់​ផង​នៅ​មុន​អាមេរិក​ធ្វើ​សង្រ្គាម។ ចំណែក​នៅ​អ៊ីរ៉ង់​សព្វថ្ងៃ មាន​ទាហាន​សកម្ម​សរុប​ចំនួន ៥២៣ ០០០នាក់ និង​ទាហានបម្រុង​ចំនួន ២៥០ ០០០នាក់​ផ្សេង​ទៀត។ បើ​ធៀប​នឹង​ប្រទេស​ផ្សេង​នៅ​ក្នុង​តំបន់ អ៊ីរ៉ង់​មាន​ចំនួន​ទាហាន​ច្រើន​ជាង​គេ ហើយ​បើ​ផ្អែក​តាម​របាយការណ៍​ឆ្នាំ ២០១៨ របស់​ទស្សនាវដ្តី​អាមេរិក​ឈ្មោះ Forbes អ៊ីរ៉ង់​ជា​មហាអំណាច​យោធា​លំដាប់​ទី៤ នៅ​មជ្ឈិមបូព៌ា គិត​ទាំង​បរិមាណ និង​គុណភាព។ គុណភាព​ដែល​គេហទំព័រ​អាមេរិកាំង​ឈ្មោះ Global FirePower បាន​បញ្ជាក់​ថា ក្នុង​ចំណោម​កម្លាំងទ័ព​ប្រយុទ្ធ​ដ៏​មាន​ប្រសិទ្ធិភាព​ជាង​គេ​ទាំង ១០០ប្រទេស​ក្នុង​លោក កម្លាំងទ័ព​ប្រយុទ្ធ​អ៊ីរ៉ង់​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី២១។

តែ​បើ​និយាយ​ពី​ថវិកា​យោធា​វិញ អ៊ីរ៉ង់​ស្ថិត​នៅ​ដាច់​ឆ្ងាយ​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ពិសេស​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត។ អ៊ីរ៉ង់​មាន​ថវិកា​យោធា​ប្រចាំ​ឆ្នាំ​ត្រឹម ១៦ ០០០លានដុល្លារ ចំណែក​អារ៉ាប៊ីសាអូឌីត​មាន ៧ដង​ច្រើន​ជាង ពោល​មាន​ដល់​ទៅ ៧៦ ៧០០លានដុល្លារ។ គួរ​បញ្ជាក់​ថា​នៅ​អ៊ីរ៉ង់ កម្លាំងទ័ព​ត្រូវ​បាន​បែង​ចែក​ជា​ពីរ​ផ្នែក គឺ​កម្លាំងទ័ព​ស្ថិត​ក្រោម​ក្រសួង​ការពារជាតិ និង​កម្លាំងទ័ព​ស្ថិត​ក្រោម​រដ្ឋអំណាច​របស់​ប្រមុខ​សាសនា​អ៊ីស្លាម​អ៊ីរ៉ង់​លោក​អាលី ខាមេណី​ដែល​គេ​ហៅ​ថា កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ដែល​មាន​គ្នា​ចំនួន ១២៥ ០០០នាក់។ កម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ក៏​មាន​បំពាក់​ដោយ​កង​ឯកភាព​ប្រតិបត្តិការពិសេស​ហៅ Al-Qods ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់ និង​ស៊ីរី ហើយ​គឺ​កម្លាំង Al-Qods ដដែល​នេះ​ដែល​បាន​ផ្តល់​ថវិកា​ឲ្យ​ក្រុមប្រដាប់អាវុធ​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​ដូច​យ៉ាង​ចលនា​ហេស្បូឡាលីបង់​ជាដើម។

អ៊ីរ៉ង់​ធ្លាប់​បាន​ប្រើ​កម្លាំង Al-Qods ដើម្បី​ប្រឆាំង​នឹង​ពលរដ្ឋ​អាមេរិកាំង។ តួលេខ​ថ្មី​ទើប​ផ្តល់​ដោយ​ក្រសួង​ការពារជាតិ​អាមេរិក​ឲ្យ​ដឹង​ថា មាន​ទាហាន​អាមេរិក​យ៉ាង​តិច ៦០៨នាក់​ត្រូវ​បាន​កម្លាំង Al-Qods សម្លាប់​ក្នុង​ទឹកដី​អ៊ីរ៉ាក់​នៅ​ចន្លោះ​ឆ្នាំ ២០០៣ និង​ឆ្នាំ ២០១១។ ទាក់ទង​នឹង​គ្រឿង​សព្វាវុធ​វិញ ដោយសារ​តែ​អ៊ីរ៉ង់​បាន​រង​ទណ្ឌកម្មអន្តរជាតិ រដ្ឋអំណាច​ក្រុង​តេហេរ៉ង់​បាន​ពឹង​លើ​ខ្លួន​ឯង​ដោយ​ធ្វើ​ការ​អភិវឌ្ឍន៍​គ្រាប់មីស៊ីល​ថ្មីៗ​គ្រប់ប្រភេទ យន្តហោះ​ចម្បាំង ព្រម​ទាំង​អាវុធ​ជា​ច្រើន​ផ្សេង​ទៀត។ បើ​តាម​ក្រុម​អ្នក​វិភាគ អ៊ីរ៉ង់​បាន​ត្រៀម​ខ្លួន​តាំង​ពី​យូរ​មក​ហើយ​ដើម្បី​ប្រឈម​ទប់​នឹង​សង្រ្គាម​ជា​យថាហេតុ​ពី​ប្រទេស​សត្រូវ​ស៊ីសាច់ហុតឈាម មិន​ថា​អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត ឬ​ប្រទេស​ណា​ផ្សេង​ទេ។ នេះ​ជា​កត្តា​យោធា​ដែល​អ៊ីរ៉ង់​មាន​ខុស​ពី​អ៊ីរ៉ាក់។

ចំណែក​កត្តា​ភូមិសាស្រ្ត​ក៏​អ៊ីរ៉ង់​មាន​លក្ខណៈ​ពិសេស​ខុស​ពី​អ៊ីរ៉ាក់​ដែរ។ ខុស​ពី​អ៊ីរ៉ាក់ អ៊ីរ៉ង់​មាន​ព្រំដែន​សមុទ្រ​ជាប់​នឹង​សមុទ្រ​កាសព្យែន​ប៉ែកខាងជើង ហើយ​ឈូងសមុទ្រពែក្ស និង​ឈូងសមុទ្រអូម៉ង់​ប៉ែកខាងត្បូង។ រីឯ​ព្រំដែនគោក អ៊ីរ៉ង់​ជាប់​នឹង​ប្រទេស​សម្ព័ន្ធមិត្ត​ជា​ច្រើន​របស់​អាមេរិក ដូច​យ៉ាង​អាហ្វហ្កានីស្ថាន ប៉ាគីស្ថាន តួកគី និង​អ៊ីរ៉ាក់​ដែល​កំពុង​ប្រឈម​នឹង​ស្ថានភាព​ពិបាក។ ក្នុង​ផ្នែក​ពាណិជ្ជកម្ម​វិញ ទីតាំង​ស្ថិត​ចន្លោះ​អឺរ៉ុប និង​អាស៊ី​បាន​ផ្តល់​អំណាចផល​ល្អ​ណាស់​សម្រាប់​អ៊ីរ៉ង់។ បរិមាណ​ប្រេងឆៅ​ចំនួន ១ភាគ៣ ក្នុង​លោក​ត្រូវ​បាន​ដឹក​តាម​ច្រកសមុទ្រ Ormuz ហើយ​បើ​ច្រក​មួយ​នេះ​ត្រូវ​បិទ ការ​នាំ​ប្រេងឆៅ​ចេញ​ក្នុង​លោក​នឹង​ត្រូវ​ធ្លាក់​ចុះ​ចំនួន ៣០%។

គឺ​ផ្អែក​លើ​កត្តា និង​ហេតុផល​ទាំង​អស់​ខាង​នេះ​ហើយ​ដែល​មាន​ការ​លើក​ឡើង​ថា អាមេរិក​ហាក់​ពិបាក​សម្រេច​វាយប្រហារ​អ៊ីរ៉ង់​ងាយៗ​ដូច​ដែល​បាន​វាយប្រហារ​លើ​អ៊ីរ៉ាក់ ហើយ​បើ​សម្រេច​វាយប្រហារ​នោះ អាមេរិក​ប្រហែល​ជា​ត្រូវ​ពិចារណា​ច្រើន​ដង និង​អាច​ពិគ្រោះយោបល់​ជាមួយ​ប្រទេស​សម្ព័ន្ធមិត្ត​ផ្សេង​ដែរ។ តែ​ក្រុម​អ្នក​ជំនាញ​បាន​ព្រមាន​ទុក​ជា​មុន​រួច​ហើយ​ថា បើ​អាមេរិក​សម្រេច​វ៉ៃ​អ៊ីរ៉ង់ លទ្ធផល​ដែល​អាមេរិក​នឹង​ទទួល គឺ​អាក្រក់ខ្លាំង និង​មហន្តរាយ​ជាង​វ៉ៃ​អ៊ីរ៉ាក់​ទៅ​ទៀត៕

តើយន្តហោះ​ចម្បាំង​ថ្មី​​របស់​អឺរ៉ុប​មាន​ទម្រង់​យ៉ាង​ដូចម្តេច ?

អាប៉ូឡូ៖ ​៥០ឆ្នាំ​ក្រោយមក ​គេ​ចាប់ផ្តើម​ផ្តោតអារម្មណ៍​ខ្លាំង​ឡើងវិញ​លើ​ព្រះចន្ទ

ហេតុអ្វីបានជាច្រកសមុទ្រអកមូ (Ormuz) ក្លាយជាប្រធានបទក្តៅខ្លាំងម្ល៉េះនៅក្នុងតំបន់ដើមបូព៌ា?

បំណុល​ជាតិ​​ចំណាយ​​សាធារណៈ​​និង​​ការ​​ព្រមាន​​របស់​​មូលនិធិរូបិយវត្ថុ​អន្តរជាតិ​​លើ​​រដ្ឋាភិបាល​​បារាំង​​

Huawei​ សម្រុក​ពង្រីក​និង​ពង្រឹង​ការរកស៊ី​នៅអាហ្វ្រិក​ ក្រោយ​ពិបាក​វាយលុក​ទីផ្សារ​នៅ​លោកខាងលិច​

អាមេរិក-កូរ៉េ​ខាង​ជើង៖ ១​​ឆ្នាំ​ក្រោយ​ជំនួប​កំពូល​ តើ​ទំនាក់ទំនងត្រាំ-គីម​ដើរដល់ណា?

តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?

ចំនួន​និស្សិតចិន​សិក្សានៅ​អាមេរិក​ទំនងជាធ្លាក់ចុះ​​ ដោយសារ​ភាពតានតឹង​រវាង​ប្រទេស​ទាំងពីរ​

អាស៊ាន​អាច​ជា​ចំណុច​ក្តៅជាងគេ​បើ​មាន​សង្រ្គាមត្រជាក់​រវាង​ចិន​និង​អាមេរិក

តើអ្វី​ជា​មូលហេតុ​ចម្បង​នៅពីក្រោយ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ចចិន?

អឺរ៉ុប ៖ ក្រោយ​ការបោះឆ្នោត ដល់វេលាប្រជែង​​គ្នា​​យក​​តំណែង​ដឹកនាំ​អឺរ៉ុប

ចិន-អាមេរិក៖ ​សង្រ្គាមត្រជាក់ថ្មី​កំពុង​ចាប់ផ្តើម?

ហេតុអ្វីបានជាអ៊ីរ៉ាក់ទើសទាល់ចិត្តខ្លាំងម្ល៉េះនៅចំពោះមុខកំណើនតានតឹងខ្លាំងរវាងអ៊ីរ៉ង់ និងអាមេរិក?

ការ​បោះឆ្នោតសភា​អឺរ៉ុប​និង​​គម្រោង​លុយ​អឺរ៉ូ​នៅ​១០​ឆ្នាំ​ក្រោយ​​វិបត្តិហិរញ្ញវត្ថុ​សាកល​

តើ​សភា​អឺរ៉ុប​មាន​តួនាទី​យ៉ាងណា​ខ្លះ ?

ដំឡើងពន្ធ​ជា​រឿង​ដ៏​រសើប តែ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ជប៉ុន​ចាំបាច់ត្រូវតែ​ធ្វើ?

ពលរដ្ឋចំណាកស្រុកក្នុងប្រទេសជប៉ុនកើនឡើងក្នុងអត្រាកំណត់ត្រាថ្មី

កងកុម្មង់ដូ Hubert៖ កំពូលកម្មង់ដូ ពូកែបំផុតរបស់បារាំង

តើ​ចិន​នៅ​មាន​អាវុធអ្វីទៀត​សម្រាប់​ប្រើ​ក្នុង​សង្រ្គាមពាណិជ្ជកម្ម​ជាមួយ​អាមេរិក?