អានតួអត្ថបទ

វ៉េណេស៊ុយអេឡា ៖ រដ្ឋាភិបាលពិភាក្សាជាមួយបក្សប្រឆាំងប្រជាធិបតេយ្យ

រដ្ឋាភិបាល​វ៉េណេស៊ុយអេឡា របស់​លោក​​ប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ កំពុង​ស្វះស្វែង​ ​ផ្តើម​ភ្ជាប់​កិច្ច​ពិភាក្សា​ជាមួយ​នឹង​ “បក្ស​ប្រជាធិបតេយ្យ” បក្សប្រឆាំង​ ដែល​មិន​បាន​ទទួល​ការ​គាំទ្រ​ពី​សហរដ្ឋ​អាមេរិក ដូច​បក្ស​របស់​លោក​ ហ័ន ហ្កាយដូ​។ តំណាង​ភាគី​ទាំង​សង​ខាង​បាន​ធ្វើ​ដំណើរ​ទៅ​រក​អន្តរការី​ដល់​ន័រវែស។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ឯកអគ្គរដ្ឋ​ទូត​វ៉េណេស៊ុយអេឡា ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ហ្សឺណែវ។

ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ REUTERS
ផ្សាយពាណិជ្ជកម្ម

"មាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គំរូ​ប្រជាធិបតេយ្យ និង​បក្ស​ប្រឆាំង​មួយ​ទៀត​ជា​អាយ៉ង​របស់​អាមេរិក” ! នេះ​បើតាម​ការ​អះអាង​​របស់ឯកអគ្គរដ្ឋ​ទូត​វ៉េណេស៊ុយអេឡា ទៅ​កាន់​អ្នកកាសែត​ ដោយ​បញ្ជាក់​ព័ត៌មាន​​ថា ពិត​ជា​មានការ​​ចរចា​មួយ ប៉ុន្តែ​លោក​មិន​អាច​លម្អិត​ឱ្យ​​​បាន​ស៊ីជម្រៅ​ឡើយ។ ប្រមុខ​ការ​ទូត​វ៉េណេស៊ុយអេឡា​រូប​នេះ ថែម​ទាំង​បាន​ប្រកាស​ចាត់​ទុក​លោក​ដូណាល់​ត្រាំ ថា​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ទៀត​ផង។

បើ​តាម​ប្រភព​បួន ​ស្និទ្ធ​នឹង​ក្រុម​​ប្រឆាំង ​តំណាងរដ្ឋាភិបាល និង​បក្ស​ប្រឆាំង​ប្រជាធិបតេយ្យ​​ ​ បាននាំ​គ្នា​​​ធ្វើ​ដំណើរ​ទៅក្រុង​អូស្លូ​ ​ ដើម្បី​ជួប​ជជែក​​ជា​មួយ​តំណាង​ន័រវែស​ អំពី​លទ្ធភាព​សុំ​ប្រទេស​នេះ​ឱ្យ​ធ្វើ​ជា​អន្តរការី ព្រោះន័រវែស​​ធ្លាប់​បាន​សម្រួលឱ្យ​មាន​​​ការ​ចរចា​សន្តិភាព​រវាង​រដ្ឋាភិបាល​កូឡុំប៊ី​និង​ពួក​ឧទ្ទាមហ្វាក។

ខាង​រដ្ឋាភិបាលវ៉េណេស៊ុយអេឡា តំណាង​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានលោក Jorge Rodriguez និង​អភិបាល​រដ្ឋ​ម៉ីរ៉ានដាលោក Hector Rodriguez ​ដែល​ទាំង​ពីរ​នាក់​សុទ្ធ​ជា​សមាជិក​បក្ស​សង្គមនិយម។ នៅក្នុង​សុន្ទរកថា​​តាម​កញ្ចក់​ទូរទស្សន៍​​ នាយ​ប់​ថ្ងៃ​ពុធ​ ​លោកប្រធានាធិបតី​​នីកូឡា ម៉ាឌូរ៉ូ បាន​​ព្រលយ​ឱ្យ​ដឹង​ដែរ​ថា​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​កំពុង​បំពេញ​បេសកកម្ម​ ដ៏​សំខាន់​មួយ​នៅ​បរទេស។ ចំណែក​ខាង​បក្ស​ប្រឆាំង មាន​រូប​សមាជិក​​សភា លោក Stalin Gonzalez និង​​ទីប្រឹក្សា​នយោបាយ​​​ពីរ​រូប គឺ​លោក Gérado Blyde និង​លោក Fernando Martineez។

ពេល​នេះ​ បើតាម​ប្រភព​មួយ​ក្នុង​ចំណោម​ប្រភព​ទាំង​បួន គ្មាន​ជំនួប​ប្រជុំ​ណា​មួយ​ត្រូវ​បាន​ចាប់​ផ្តើម​នៅ​ឡើយ​ទេ ប៉ុន្តែ​តាម​គម្រោង​ភាគី​រដ្ឋាភិបាល​ និង​បក្ស​ប្រឆាំង​នឹង​​ជួប​ជជែក​ជាមួយ​អ្នក​ការទូត​ន័រវែស​ ដាច់​ដោយ​ឡែក​ពី​គ្នា​។

ការ​ធ្វើ​បំលាស់​ទី​រហូត​ដល់​ន័រវែស សបញ្ជាក់​ឱ្យ​ឃើញថា​បក្ស​ប្រឆាំង​និង​រដ្ឋាភិបាល​​វ៉េណេស៊ុយអេឡា​កំពុង​ស្វែង​រក​​ដំណោះស្រាយ​ថ្មី​ ដោយ​មិន​រាប់​បញ្ជូលប្រមុខ​បក្ស​ប្រឆាំង​ដ៏​ល្បីល្បាញ​គាំទ្រ​និង​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ប្រមាណ​ជាង​៥០​ប្រទេស​ទេ។ ប្រមុខ​បក្ស​ប្រឆាំង​​ លោក ហ័ន ហ្កាយ​ដូ ​ដែល​បានប្រកាស​​តាំង​ខ្លួន​ឯងជា​ប្រធានាធិបតី​ស្តីទី តាំ​ងពី​ខែ​មករាមក ​បានជំរុញ​​ឱ្យ​យោធា​ងើប​ឡើងប្រឆាំង​នឹង​​លោក ម៉ាឌូរ៉ូ កាលពី​ថ្ងៃទី ៣០​មេសា​ តែ​ពុំ​បាន​សម្រេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ