rfi

កំពុងផ្សាយ
  • ផ្សាយផ្ទាល់
  • នាទីព័ត៌មាន
  • RFI ជាភាសាបារាំង

វ៉េណេស៊ុយអេឡា រដ្ឋសភា ចារកិច្ច

ចុះផ្សាយ​នៅថ្ងៃ​ទី • កែប្រែ​នៅថ្ងៃទី

ចារកិច្ច​ចាប់ខ្លួន អនុប្រធាន​រដ្ឋសភា ដែល​ជា​ដៃស្តាំ​របស់​មេបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា

media
លោក​ហ័ន ហ្កាយដូ (ស្តាំ) ប្រធាន​រដ្ឋសភា និង​ជា​ប្រធាន​ក្រុមបក្ស​ប្រឆាំង ជាមួយ លោក Edgar Zambrano of Democratic Action party អនុប្រធាន​រដ្ឋសភា នៅ​វ៉េណេស៊ុយអេឡា ថ្ងៃទី ៥​មករា ២០១៩ ©REUTERS/Manaure Quintero

សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​ព្រហស្បតិ៍នេះ បាន​បរិហារ​ថ្កោលទោស របប​វ៉េណេស៊ុយអេឡា នៅ​បន្ទាប់​ពី ក្រុមភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ចាប់ឃុំ​ខ្លួន អនុប្រធាន​រដ្ឋសភា និង​ជា​មនុស្ស​ដៃស្តាំ​របស់​លោក ហ័ន ហ្កាយដូ មេបក្ស​ប្រឆាំង ដែល​ប្រទេស​ជាង ៥០​បាន​ប្រកាស​ទទួល​ស្គាល់​ជា​មេដឹកនាំ​ផ្លូវការ​របស់​វ៉េណេស៊ុយអេឡា។

 


លោក Edgar Zambrano អនុប្រធាន​រដ្ឋសភា និង​ជា​ដៃស្តាំ​របស់​មេបក្ស​ប្រឆាំង ត្រូវ​បាន​ក្រុម​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ វ៉េណេស៊ុយអេឡា ចាប់​ខ្លួន កាលពី​ថ្ងៃ​ពុធម្សិលមិញ នៅ​មុខ​ទីស្នាក់ការ​គណបក្ស​ប្រឆាំង នៅ​ទីក្រុង​ការ៉ាកាស។ នៅមុនត្រូវ​ចាប់ខ្លួន លោក​ Edgar Zambrano បាន​សរសេរ​រៀបរាប់ នៅក្នុង​សារ Twitters ថា ក្រុមប៉ូលិស​ចារកិច្ច​បាន​ឡោមព័ទ្ធ​រថយន្ត​របស់​លោក នៅ​មុខ​ទីស្នាក់ការ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ។ ប៉ុន្តែ ដោយ​ក្រុមលោក​បដិសេធ​មិន​ចុះចេញ​ពី​រថយន្ត គេ​បាន​ប្រើ​ឡានស្ទូច ដឹក​រថយន្ត​របស់លោក សំដៅ ទីស្នាក់ការ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​វ៉េណេស៊ុយអេឡា។

នៅក្នុងសារ​ Twitters ទៅ​កាន់​ប្រជាជន​វ៉េស៊ុយអេឡា ហើយ​និង​សហគមន៍ អន្តរជាតិ លោក​ហ័ន ហ្កាយដូ មេក្រុមប្រឆាំង និង​ជា​ប្រធាន​រដ្ឋសភា វ៉េណេស៊ុយអេឡា បាន​និយាយ​ថា អាជ្ញាធរ​កំពុង​ព្យាយាម បំបែកបំបាក់​អំណាច​របស់​អ្នកដែល​តំណាង​ប្រជាជន​វ៉េណេស៊ុយអេឡា។

យុទ្ធនាការ​ចាប់ខ្លួន មន្រ្តី​បក្ស​ប្រឆាំង ជាផ្នែក​មួយ នៃ​ការសងសឹក​របស់​របប​លោក​ម៉ាឌូរ៉ូ ដើម្បី បង្រ្កាប អ្នកដែល​ចូលរួម នៅក្នុង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​មិន​បាន​សម្រេច កាលពី​ថ្ងៃទី ៣០​មេសា​កន្លងទៅ។ នៅ​ថ្ងៃ​ពុធ​ម្សិលមិញ តុលាការ​កំពូល ដែល​ក្រុមបក្ស​ប្រឆាំង​ចោទប្រកាន់​ថា ជា​ឧបករណ៍​បម្រើ​នយោបាយ ឲ្យ​លោក​ប្រធានាធិបតី ម៉ាឌូរ៉ូ បាន​សម្រេច​ចោទប្រកាន់ មន្រ្តី​បក្ស​ប្រឆាំង បន្ថែម ៣នាក់ ពី​បទ ក្បត់ជាតិ និង​ការបះបោរ​ស៊ីវិល។ លោក​ Edgar Zambrano អនុប្រធាន​រដ្ឋសភា និង​ជា​ដៃស្តាំ​របស់​មេបក្ស​ប្រឆាំង ស្ថិតនៅ​ក្នុង​ចំណោម​មនុស្ស​១០​នាក់ ដែល​តុលាការ​កំពូល សម្រេច​ចោទប្រកាន់ នៅក្នុង​ហេតុផលថា ពួកគេ​បាន​ចូលរួម​គាំទ្រ ចលនា​ងើបបះបោរ ដឹកនាំ​មុខ លោក​ហ័ន ហ្កាយដូ។

នៅ​មុន​ប្រតិកម្ម​បរិហារ​ពី​សំណាក់ សហភាព​អឺរ៉ុប ទៅទៀត ស្ថានទូត អាមេរិក បាន​ថ្កោលទោស និង​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អនុប្រធាន​សភា ជាបន្ទាន់ បើសិន​មិន​ចង់​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ។ ចាប់តាំង​ពី​កើតមាន រដ្ឋប្រហារ​មិន​បាន​សម្រេច នៅ​វ៉េស៊ុយអេឡា លោក​ Edgar Zambrano​ជា​មន្រ្តី​បក្ស​ប្រឆាំង​លើក​ដំបូងគេ ដែល​ត្រូវ​បាន​អាជ្ញាធរ​វ៉េណេស៊ុយអេឡា​ចាប់ឃុំ​ខ្លួន។ សមាជិក​សភា របស់​បក្ស​ប្រឆាំង មួយចំនួន ដែល​កំពុង​ប្រឈម​នឹង​ការចាប់ខ្លួន នៅក្រោយ​ការសម្រេច​របស់​តុលាការ កំពុង​រត់ភៀសខ្លួន ទៅ​ជ្រកកោន​នៅ​តាម​ស្ថានទូត​បរទេស នៅ​ទីក្រុង​ការ៉ាកាស។

តាម​រដ្ឋអាជ្ញា​វ៉េណេស៊ុយអេឡា ការប្រឈមមុខ​ដាក់គ្នា រវាង​ក្រុមបះបោរ ហើយ​និង​ទាហាន​របស់​លោកប្រធានាធិបតី​ម៉ាឌូរ៉ូ កាលពី​ថ្ងៃទី ៣០​មេសា​កន្លងទៅ បាន​សម្លាប់​មនុស្ស​៦នាក់ និង​ឈាន​ទៅ​ចាប់ខ្លួន មនុស្ស​២០០​នាក់ ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ ដឹកនាំ​ដោយមេបក្ស​ប្រឆាំង។