អានតួអត្ថបទ

៧៣៧Max បានធ្វើឱ្យ​ប៊ូអ៊ីង​ថយ​ប្រាក់​ចំណេញ​និង​ប្រាក់​ចំណូល

ក្រុមហ៊ុន​យន្តហោះអាមេរិក​​ប៊ូអ៊ីង បាន​ប្រកាស​នៅ​ថ្ងៃពុធ​ទី ២៤​មេសា ២០១៩ អំពីការ​ចុះ​ថយ​ប្រាក់​ចំណូល​និង​ប្រាក់​ចំណេញ របស់​ខ្លួន ​​ប្រចាំ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៩។ មូល​ហេតុ​គឺ​បណ្តាល​មក​ពី​​យន្តហោះ​ប៊ូអ៊ីង​ប្រភេទ​ ៧៣៧Max ដែល​ជា​ផលិតផលពេញ​និយម​ជាង​គេ​របស់​ក្រុមហ៊ុន មាន​បញ្ហា​បច្ចេកទេស បង្ក​ឱ្យ​ធា្លក់​អស់​ពីរ​គ្រឿង​ក្នុង​រវាង​តែ​៥​ខែ។

យន្តហោះ​ 737 Max នៅ​រោងជាង​Boeing ក្រុង​ Renton វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក
យន្តហោះ​ 737 Max នៅ​រោងជាង​Boeing ក្រុង​ Renton វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក REUTERS/Lindsey Wasson
ផ្សាយពាណិជ្ជកម្ម

ប្រាក់​ចំណេញ​បាន​ធ្លាក់​ចុះ អស់ ១៣,២% នៅ​ក្នុង​ត្រីមាស​ដំបូង​ដើម​ឆ្នាំ​២០១៩។ ឯ​ប្រាក់​ចំណូល​របស់​​ក្រុមហ៊ុនធ្លាក់​ចុះ​អស់​ ៨,៦%​ មក​នៅ​ត្រឹម​១១,៨​ពាន់​លាន​ដុល្លារ ទល់​នឹង​១០,៩%​ កាលពីត្រីមាស​ទី​មួយ​ឆ្នាំ​២០១៨។ នេះ​បើ​តាមការ​គូស​បញ្ជាក់​របស់​ក្រុមហ៊ុន​ដែល​ប្រកា​សលុប​ចោល​ការ​កំណត់​កម្មវត្ថុ​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ខ្លួន​ កាលពី​ដើម​ឆ្នាំ ព្រោះ​ការ​ព្យាករ​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៩ មិន​បានគិត​ដល់​​​អំពី​ផលប៉ះពាល់​​បង្ក​ឡើងដោយ​យន្តហោះ​៧៣៧Max ទេ។ ក្រុមហ៊ុន​​ត្រូវ​ធ្វើ​ការ​ព្យាករ​ថ្មី ដែល​ផ្តល់​ជូន​នៅ​ពេល​ក្រោយ។

ក្រុមហ៊ុន​ប៊ូអ៊ីង ​​បាននិង​កំពុង​ជួប​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​មិន​ធ្លាប់​មាន​ ទាក់ទង​នឹង​លក់​យន្តហោះ​ប្រភេទ​៧៣៧Max តាំងពី​យន្តហោះ​របស់​ក្រុមហ៊ុន​អេត្យូពី​អ៊ែរឡាញ បាន​ធ្លាក់​​ស្លាប់​មនុស្ស​អស់​១៥៧​នាក់ កាលពី​ថ្ងៃទី ១០​មីនា ក្រោយ​ពី​ហោះ​ឡើង​បាន​តែ​ប៉ុន្មាន​នាទី​មក។ គ្រោះថ្នាក់​នេះ​ កើត​ឡើង​តែ​៥​ខែ​ក្រោយ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី ដែល​ប្រើ​ប្រភេទ​យន្តហោះ​៧៣៧Maxដែរ​។ គ្រោះ​ថ្នាក់​​ពីរ​ ក្នុង​ចន្លោះ​ពេល​ដ៏​ខ្លី និង​ក្នុង​លក្ខខណ្ឌ​ដូច​គ្នា បាន​ជំរុញ​ឱ្យ​ពិភពលោកផ្អាក​​ការ​ហោះហើរ​យន្តហោះ​ប្រភេទ​៧៣៧Max និង​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​តេស្ត​សុវត្ថិភាព​ឡើង​វិញ មុននឹង​​អាច​​ផ្តល់​អាជ្ញាបណ្ណ​ឱ្យធ្វើ​ចរាចរណ៍​​ហោះហើរ​ជា​ថ្មី។ នៅ​សហរដ្ឋ​អាមេរិក ក្រសួង​យុត្តិធម៌​បាន​បើក​អង្កេត ចំណែក​ក្រសួង​ដឹកជញ្ជូន​កំពុង​ត្រួត​ពិនិត្យ​សំណុំបែប​បទ​សុំ​សិទ្ធិ​ហោះហើរ។

ក្រុមហ៊ុន​ប៊ូអ៊ីង បានបញ្ជាក់​នៅ​ថ្ងៃពុធ​នេះ ថា​​ធ្វើ​ការ​កែប្រែ​ ពង្រឹង​សុវត្ថិភាព​ហោះហើរ​ ព្រមទាំង​ធ្វើការ​សាកល្បង​ជាង​១៣៥​លើក​ដោយ​ជោគជ័យ ដោយ​សហការ​យ៉ាង​ស្អិត​ល្មួត​ជាមួយ​នឹង​ក្រុមជំនាញ​អាកាសចរណ៍​អន្តរជាតិ​ និង​ដោយ​សង្ឃឹម​ថា​យន្តហោះ​នឹង​មាន​សិទ្ធិ​ហោះហើរ​ឡើង​វិញ​នៅ​រវាង​បីបួន​ខែ​ទៀត​ខាង​មុខ។

ប៉ុន្តែ​ផលប៉ះពាល់​ហិរញ្ញវត្ថុ​មាន​ទំហំ​ធំ​ខ្លាំង​។ ក្នុង​រយៈ​ពេល​​បី​ខែ​ដំបូង​នេះ ប៊ូអ៊ីង​បាន​ប្រគល់​យន្តហោះ​ទៅ​ឱ្យ​អតិថិជន តែ​១៤៩​គ្រឿង​ប៉ុណ្ណោះ ពោល​គឺ​ជា​ការ​ធ្លាក់​ចុះ​អស់​១៩%​ បើគិត​ជា​អត្រា​ប្រចាំ​ឆ្នាំ។ ការ​ប្រគល់​យន្តហោះ​ គឺ​ជា​សញ្ញា​បញ្ជាក់​អំពី​ដំណើរការ​ល្អ​របស់​ក្រុមហ៊ុន ព្រោះតាម​ទម្លាប់​ប៊ូអ៊ីង​គិត​គូរ​វិក័យបណ្ណ​នៅ​ពេល​ប្រគល់​ទំនិញ​។

គិត​ត្រឹម​ចុង​ខែមីនា ក្រុមហ៊ុន​មាន​ប្រាក់​ចំណូល​ក្នុង​ហិប តែ​២,៨ពាន់​លាន​ដុល្លារ ទល់​នឹង​៣,១​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំទៅ តែ​គ្រាន់​បើ​ជាងក្តី​រំពឹង​​របស់​ទីផ្សារ​ភាគ​ហ៊ុន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ