អានតួអត្ថបទ

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ អាមេរិក​សន្យា​បង្ហាញ​ផែនការ​សន្តិភាព​​លម្អិត តែ​ត្រូវ​រង់ចាំ​សិន

យោធា​អ៊ីស្រាអែល​ បាន​ប្រកាស​នៅ​ថ្ងៃ​សៅរ៍​នេះ អំពីការ​វាយប្រហារ​លើ​ទីតាំង​ជា​ច្រើន​របស់​ចលនា​ហាម៉ាស នៅ​តំបន់​ហ្កាហ្សា​ ដើម្បី​ជា​ចម្លើយ​តប​ទៅ​នឹង​ការ​បាញ់​រ៉ុកកែត​ចេញ​ដែន​ដី​ប៉ាឡេស្ទីន​មក​លើ​ទឹក​ដី​អ៊ីស្រាអែល កាលពីល្ងាច​ថ្ងៃ​សុក្រ។ សម្រាប់​ប៉ាឡេស្ទីន​ដើមហេតុ​ដំបូង​គឺ​បណ្តាល​មក​ពី​មាន​ការ​ប៉ះទង្គិច​នៅ​តាម​ព្រំដែន​ ដោយ​ទាហាន​អ៊ីស្រាអែល​បាន​បាញ់​លើ​បាតុករ​ស្លាប់ពលរដ្ឋ​ប៉ាឡេស្ទីន​ម្នាក់​និង​របួស​ជាង​៤០​នាក់។ ក្នុង​ខណៈ​ដែល​អំពើ​ហិង្សា​ចាប់​រង្គើ​ឡើង​វិញ​ដូច្នេះ វ៉ាស៊ីនតោន​បាន​សន្យា​ទៅ​កាន់​អង្គការ​សហប្រជាជាតិ​ថា​នឹង​បង្ហាញផែនការ​​​លម្អិត​ ស្តី​ពីការ​ស្វែងរក​សន្តិភាពឱ្យ​​តំបន់​ដើមបូព៌ា។

បាតុករ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា រងការ​បង្ក្រាប​ដោយ​គា្រប់​បែក​ផ្សែង​របស់​ទាហាន​​អ៊ីស្រាអែល
បាតុករ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា រងការ​បង្ក្រាប​ដោយ​គា្រប់​បែក​ផ្សែង​របស់​ទាហាន​​អ៊ីស្រាអែល REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ យោធា​អ៊ីស្រាអែល​បាន​អះអាង​ថា យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​បាញ់​ចំ​លើ​ទីតាំង​យោធា​ជា​មូលដ្ឋាន​របស់​ចលនា​ហាម៉ាស នៅភាគ​ខាង​ត្បូង​តំបន់​ហ្កាហ្សា​ផង និង​ចំ​លើ​រចនា​សម្ព័ន្ធ​ក្រោម​ដី​ នៅ​ភាគ​ខាង​ជើង​តំបន់​ហ្កាហ្សា​ផង។ ហើយ​មូលហេតុ​នៃ​ការធ្វើ​ប្រតិបត្តការ​នេះ ក៏​ដោយ​ហេតុ​តែ​ចលនា​អ៊ីស្លាម​កាន់​អំណាច​នៅ​តំបន់​ហ្កហ្សា ហាម៉ាស បាន​បាញ់​​គ្រាប់​រ៉ុកកែត​ ​កាលពី​ល្ងាច​ថ្ងៃសុក្រ និង​បាន​សាប​ព្រោះ​អំពើ​ហិង្សា​ជាប់​ជា​ប្រចាំ​ ដោយ​បង្ហោះ​ប៉េងប៉ោង​ដាក់​គ្រឿង​ផ្ទុះ​ឱ្យ​ធ្លាក់​ក្នុង​ដែនដី​អ៊ីស្រាអែល។​

បើ​តាម​ប្រភព​មក​ពី​តំបន់​ហ្កាហ្សា​វិញ ការវាយប្រហារ​តាម​ផ្លូវ​អាកាស​របស់​អ៊ីស្រាអែល មិន​បាន​បង្ក​ឱ្យ​មានការ​ខូច​ខាត និង​ជន​រង​របួស​ទេ។ ប៉ុន្តែ​មាន​ពលរដ្ឋ​ប៉ាឡេស្ទីន​ម្នាក់​បាន​ស្លាប់ និង​៤៥​នាក់​បាន​រង​របួស​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​ការ​បាញ់​របស់​ទាហាន​អ៊ីស្រាអែល​មក​លើ​បាតុករ​ប៉ាឡេស្ទីន។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន។

ហ្កាហ្សា​ជា​ដែនដី​ប៉ាឡេស្ទីន គ្រប់គ្រង​ដោយ​ចលនា​ហាម៉ាស និង​មាន​ទីតាំង​​ស្ថិត​នៅ​ចន្លោះ​អ៊ីស្រាអែល​ អេហ្ស៊ីប និង​សមុទ្ទ​មេឌីទែរ៉ាណេ។ តាំង​ពី​ថ្ងៃទី ៣០​មីនា ២០១៨​មក ជនជាតិ​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​បាន​នាំ​ធ្វើ​បាតុកម្ម​ជា​រៀង​រាល់​ថ្ងៃ​សុក្រ តាម​បណ្តោយ​ព្រំដែនហ្កាហ្សា​និង​អ៊ីស្រាអែល ប្រឆាំង​នឹងការ​បិទ​ខ្ទប់​របស់​​អ៊ីស្រាអែល។ គិត​ចាប់​តាំង​ពី​ចលនា​នេះ​បាន​កើត​ឡើង មាន​បាតុករ​ប៉ាឡេស្ទីន​យ៉ាង​ហោចណាស់ ២៥៣​នាក់​បាន​ស្លាប់​ក្រោម​គ្រាប់​កាំភ្លើង​របស់​អ៊ីស្រាអែល។ ឯ​ខាង​អ៊ីស្រាអែល​មាន​បាត់​បង់​ជីវិត​ទាហាន​ពីរ​នាក់។

កាលពី​សប្តាហ៍មុន គណៈកម្មការ​អង្កេត​របស់​អង្គការ​សហប្រជាជាតិ​ បាន​អះអាង​ថា​ប្រតិកម្ម​របស់អ៊ីស្រាអែល​ទៅ​បាតុករ​ប៉ាឡេស្ទីន អាច​ចាត់​ទុក​បាន​ថា​ឧក្រិដ្ឋកម្ម​សង្គ្រាម ឬ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ។

ការ​បាត់បង់ជីវិត​មាន​ស្ទើរ​រាល់​ថ្ងៃ ហើយ​ទស្សនវិស័យ​នៃ​ការ​ស្វែង​រក​សន្តិភាព​​ នៅ​តែងងឹត​ឈឹង​ដដែល។ នៅក្នុង​ជំនួប​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ វ៉ាស៊ីនតោន​ បានត្រឹម​​សន្យាថា​នឹង​អាមេរិក​នឹង​ស្នើ​ផែនការសន្តិភាព​​ដ៏​​លម្អិត ដែល​គ្រប​ទាំង​បញ្ហា​សេដ្ឋកិច្ច​និ​ងនយោបាយ​ផង​ ប៉ុន្តែ​តំណាង​អាមេរិក​​​មិន​បាន​បង្ហាញ​ថា​ជា​ផែនការ​អ្វី​ទេ។ គេ​ទំនងជា​ត្រូវ​រង់​ចាំ​រាប់​ខែ​ទៀតឯណោះ។ នេះ​បើ​តាម​ប្រភព​ការទូត​សុំ​មិន​បញ្ចេញ​ឈ្មោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ